តុលាការខេត្តកោះកុងកោះហៅតំណាងពលរដ្ឋមានវិវាទដីធ្លីម្នាក់ទៀតចូលបំភ្លឺ តាមបណ្តឹងឧកញ៉ា

រូបថត សមកិច្ចយកដីកាកោះហៅឱ្យតំណាងពលរដ្ឋ១៩៧គ្រួសារអ្នកស្រី ដេត ហ៊ួរ កាលពីថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២១(រូបភាពផ្តល់ឱ្យ)

សាលាដំបូងខេត្តកោះកុង បាន​កោះហៅតំ​ណាង​ពលរដ្ឋមានជម្លោះដីធ្លីម្នាក់ ឱ្យចូលបំភ្លឺទៅតាមបណ្តឹងរបស់ឧកញ៉ា​ លើសំណុំរឿងមួយករណីទៀត ខណៈបណ្តឹងចាស់មិនទាន់បានជំនុំជម្រះ​ចប់នៅឡើយ។

កាលពីថ្ងៃទី​២៤ ខែ​វិច្ឆិកា ឆ្នាំ២០២១ ព្រះរាជអាជ្ញារង នៃអធ្យការអមសាលាដំបូងខេត្តកោះកុង លោក ឃុន ភឿន បានកោះហៅតំណាងពលរដ្ឋ១៩៧គ្រួសារ អ្នកស្រី ដេត ហ៊ួរ ឱ្យចូលបំភ្លឺចំពោះ​មុខ​តុលាការ​នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ក្រោមបទចោទ «បរិហារបង្កាច់កេរ្តិ៍ និងបរិហារជាសាធារណៈ» ទៅតាមបណ្តឹងរបស់ឧកញ៉ា ហេង ហ៊ុយ និងជាមន្ត្រីនគរបាលជាន់ខ្ពស់នៅខេត្តកោះកុង។

បើតាមដីកាដដែលនេះ គឺ លោក ហេង ហ៊ុយ បានប្តឹងអ្នកស្រី ដេត ហ៊ួរ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ជាករណីថ្មីមួយ​ទៀត បន្ទាប់ពីបណ្តឹងចាស់។

អ្នកស្រី ដេត ហ៊ួរ ជាតំណាងពលរដ្ឋ១៩៧គ្រួសារ និយាយនៅថ្ងៃព្រហស្បតិ៍នេះ​ថា ករណី​តុលាការ​កោះហៅអ្នកស្រី​ឱ្យឆ្លើយបំភ្លឺមួយករណីទៀតតាមបណ្តឹងរបស់លោក​ឧកញ៉ា ហេង ហ៊ុយ នេះជារឿង​​មិនត្រឹមត្រូវ និងអយុត្តិ​ធម៌សម្រាប់​អ្នកស្រី ដោយ​ថា អ្នកស្រីមិនបានប្រព្រឹត្តដូចការប្រកាន់ឡើយ។

យ៉ាងណា ពាក់ព័ន្ធករណីនេះ អ្នកស្រី​មិនទាន់អាចបញ្ជាក់បានថា ត្រូវចូលទៅបំភ្លឺតាមការកោះហៅរបស់តុលាការឬយ៉ាងណានោះទេ​ ដោយសារករណីនេះអ្នកមិនទាន់ត្រៀមខ្លួន និងរកមេធាវីមកការពារក្តីបាននៅ​ឡើយ។

កាលពីថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បាន​បើក​សវនាការ​លើសំណុំរឿងតំណាង​​ពលរដ្ឋ៩នាក់ នៅសហគមន៍​១៩៧គ្រួសារ​ រួម​មាន អ្នកស្រី អិប តឹង, អ្នកស្រី ដេត ហួរ, អ្នកស្រី កើត នៅ, អ្នកស្រី អ៊ិន ធូ, លោក គង់ មែន ​និងតំណាងពលរដ្ឋផ្សេងទៀត ដើម្បីឆ្លើយបំភ្លឺក្រោមបទចោទ «បរិហារកេរ្តិ៍ និងញុះញង់​ឱ្យប្រ​ព្រឹត្តអំពើ​បង្ក​ឱ្យមានភាពវឹកវរធ្ងន់​ធ្ងរដល់សន្តិសុខសង្គម» ទៅតាមបណ្ដឹងរបស់លោក ហេង ហ៊ុយ ប្រធានក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍។

សវនការនេះ​មិន​ទាន់​បាន​បញ្ចប់​នៅឡើយ​ទេ ដោយ​តុលាការ​សាក​សួរ​បាន​តែតំណាងពលរដ្ឋ​៧នាក់ ខណៈ​តំណាង​ពលរដ្ឋ​ ២នាក់ទៀត មិនទាន់​បាន​សាក​សួរ ហើយ​តុលាការសម្រេចផ្អាកការសាកសួរបណ្តោះអាសន្ន ដោយ​ឱ្យតំ​ណាងពលរដ្ឋទាំងនោះ មកលំនៅឋានវិញ​ រងចាំការកោះហៅជាថ្មី។

ចាប់តាំងពី​ពាក់កណ្ដាល​​ឆ្នាំ២០១៩មក ពលរដ្ឋចំនួន ១៩៧គ្រួសារ​ មក​ពី​ឃុំ​ជីខលើ និង​ជីខក្រោម បាន​ឡើង​​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ជាបន្តបន្ទាប់ ដើម្បី​រក​អន្តរាគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី ជួយ​ដោះស្រាយ​វិវាទ​​ដីធ្លី​របស់​​ពួក​​គាត់ ដោយ​ចោទ​ថា ក្រុមហ៊ុន ហេង ហ៊ុយ រំលោភ​យក​តាំងពី​ឆ្នាំ២០០៧។ ប៉ុន្តែត្រូវ​បាន​ក្រសួង​រៀបចំ​ដែនដី​ បដិសេធ​​ដោះស្រាយ​ឱ្យ​ពលរដ្ឋ​ទាំងនោះ​ចំនួន៣ដង​ហើយ និង​ស្នើ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធឱ្យ​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក ​ដែល​ក្រសួង​ថា បាន​ញុះញង់​ឱ្យ​ពលរដ្ឋ១៩៧គ្រួសារ​នោះ​ឡើង​មក​តវ៉ា​ទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ