តុលាការខេត្តឧត្តរមានជ័យ កោះហៅពលរដ្ឋ១០នាក់ ឱ្យចូលបំភ្លឺរឿងដីធ្លី

អាជ្ញាធរចុះសម្របសម្រួលប្រឈមមុខដាក់គ្នារវាងតំណាងក្រុមហ៊ុននិងពលរដ្ឋដែលអះអាងជាម្ចាស់ដីនៅទីតាំងមួយកន្លែងក្នុងស្រុកសំរោង ខេត្តឧត្ដរមានជ័យ កាលពីដើមខែឧសភា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

សាលាដំបូងខេត្តឧត្តរមានជ័យ ​កោះហៅពលរដ្ឋចំនួន ១០នាក់ ឱ្យឆ្លើយបំភ្លឺលើកទី៣ ក្រោម​ការ​ចោទប្រកាន់​ថា បាន​រំលោភយកដីព្រៃរបស់រដ្ឋធ្វើកម្មសិទ្ធិ ស្ថិតនៅភូមិតាម៉ាន សង្កាត់កូនក្រៀល ក្រុងសំរោង។

ចៅក្រមស៊ើបសួរ​សាលាដំបូងខេត្តឧត្ដរមានជ័យ លោក យិន វិសិដ្ឋ បានចេញដីកាលើកទី៣ កាលពីថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២១ បង្គាប់ឱ្យពលរដ្ឋមួយក្រុ​ម​មាន​គ្នា១០នាក់ រួម​​មាន លោក ប្រម រី, លោក ឡាត ភូត, លោក ឡា ខន, លោក ឡុញ សុភាព, លោក​​ឡោក ឆោម​រ៉ា, លោក ឡា ដាង និងពលរដ្ឋផ្សេងទៀត រស់នៅសង្កាត់កូវក្រៀល ចូល​ទៅបំភ្លឺ​​នៅតុលាការ នៅថ្ងៃ​ទី​២៨ ខែ​ធ្នូនេះ ដើម្បីសាក​សួរ​ពី​ដំណើរ​រឿង «កាប់​រាន​ដី​ព្រៃ ឈូសឆាយ​ដី​ព្រៃ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃគ្មានលិខិតអនុញាត» ដែលប្រព្រឹត្ត​កាលពីដើម​ឆ្នាំ២​០២១ ស្ថិត​នៅ​ភូមិ​តាម៉ាន សង្កាត់​កូនក្រៀល។

ក្នុងដីកាដដែល ព្រមានថា ប្រសិនបើពួកគេមិនចូលខ្លួនតាមកាលកំណត់ទេ តុលាការនឹងចេញដីកាបង្គាប់ឱ្យនាំខ្លួន។

លោក ឡុញ សុភាព រស់នៅភូមិតាម៉ាន សង្កាត់កូនក្រៀល ប្រាប់​វីអូឌី​​នៅថ្ងៃព្រហស្បតិ៍​​​នេះ​​ថា ពួកគាត់​ទាំង១០​នាក់ មិនទាន់បញ្ជាក់បានថា ត្រូវចូលបំភ្លឺតាមការកោះហៅ ឬយ៉ាងណានោះទេ ដោយរងចាំការពិភាក្សា​គ្នា និងស្វែងរកមេធាវីមកជួយការពារក្តីសិន។

ពលរដ្ឋរូបនេះ ចាត់ទុកករណី​នេះថា​ជារឿង​អយុត្តិធម៌ ដោយថា ពួកគាត់មិនបានប្រព្រឹត្តកំហុស​ដូចការចោទ​ប្រកាន់​ឡើយ។ លោកថា ដីស្រែ និងដីចម្ការនោះ គឺគ្រួសារលោក​បានចូលទៅអាស្រ័យផលតាំងពីឆ្នាំ១៩៩៨ រហូតមកទល់បច្ចុប្បន្ននេះ។

លោកបន្ថែមថា៖ «ខ្ញុំហួសចិត្តនូវអ្វីដែលគេបានចោទប្រកាន់ខ្ញុំនេះណាស់។ ដីដែលខ្ញុំកំពុងអាស្រ័យផលនោះ ខ្ញុំបានធ្វើបន្តពីដូនតាខ្ញុំតាំងពីដើមមកហើយ ហើយមកចោទប្រកាន់ខ្ញុំថា ទៅកាប់បំផ្លាញព្រៃឈើ ខ្ញុំមិនដែលបានទៅកាប់បំផ្លាញដូចការ​ចោទ​ប្រកាន់​ផង។ ដីនេះនៅក្នុងភូមិដែលខ្ញុំរស់នៅរាល់ថ្ងៃមានព្រៃមកណា ដីខ្ញុំអាស្រ័យផល​រាល់តែ​ឆ្នាំ»

ពលរដ្ឋម្នាក់ទៀត​​ដែលជាប់បណ្តឹងនៅតុលាការដែរនោះ លោក ឡា ខន ដែលមានដីទំហំ ៥ហិកតា សម្រាប់បង្កបង្កើនផល​ចិញ្ចឹមសមាជិកគ្រួសារ១០នាក់ បាន​និយាយថា ចាប់តាំងពីជាប់បណ្តឹងនៅតុលាការ​មក រូបលោកមានការព្រួយបារម្ភ និង​​ភ័យខ្លាច​រឿង​​ឃុំខ្លួន​​ ទាំងដែលខ្លួន​មិន​បានធ្វើខុសដូចការចោទ​ប្រកាន់។

លោកបន្ត​ថា៖ «ខ្ញុំសូមអំពាវនាវដល់តុលាការទម្លាក់ចោលការចោទប្រកាន់លើពួកយើង ហើយអំពាវនាវដល់រដ្ឋាភិបាលជួយដោះស្រាយដីធ្លីនេះដោយវាស់វែង និងចេញប័ណ្ណកម្មសិទ្ធិជូនពួកខ្ញុំ កុំពួកខ្ញុំបន្តរងទុក្ខលំបាក។ ដីរបស់ខ្លួនឯងធ្វើទាំងភិតទាំងភ័យ។ បើឱ្យខ្ញុំចេញមិនដឹងចេញទៅណា បើយើងមានដីតែប៉ុណ្ណឹង ផ្ទះនៅហ្នឹង អីចឹង​សុំឱ្យរដ្ឋាភិបាលជួយសម្រួលឱ្យបានចប់ និង​ដកពាក្យបណ្តឹងប្រឆាំងពួកយើងវិញទៅ»

បើតាម​លោក ឡា ខន ដីដែលពួកគាត់កំពុងអាស្រ័យផល និងរងការចោទប្រកាន់ថា បានកាប់រានដីព្រៃ ឈូសឆាយដីព្រៃ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃដោយខុសច្បាប់នោះ គឺកំពុងមានជម្លោះជាមួយក្រុមហ៊ុន សាន ហ៊ាង ដែលទើបទទួលបានសិទ្ធិវិនិយោគកាលពីដើមឆ្នាំ២០២១នេះ។

វីអូឌី មិនអាចរកការឆ្លើយតបពីភាគីក្រុមហ៊ុន សាន ហ៊ាង និងអភិបាលខេត្តឧត្ដរមានជ័យ លោក ប៉ែន កុសល បានទេពាក់ព័ន្ធករណីនេះ។

ប៉ុន្តែលោក ប៉ែន កុសល បាន​ប្រាប់វីអូឌីកាលពីខែសីហា​ឆ្នាំ២០២១នេះថា ករណីពលរដ្ឋទាំង​នោះ ជាប់បណ្តឹងនៅតុលាការ គឺលោកមិនអាចលូកដៃបានឡើយ។ ចំណែក បញ្ហាជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន សាន ហ៊ាង វិញ លោកបានបង្កើតគណៈកម្មការមួយចុះស្រាវជ្រាវ និងស៊ើបអង្កេតរកឯកសារពាក់ព័ន្ធ ដើម្បីឈានទៅរកការដោះស្រាយបញ្ចប់។

មន្រ្តីការពារសិទ្ធិមនុស្សសមាគមអាដហុកប្រចាំខេត្តឧត្ដរមានជ័យ លោក ស្រី ណារ៉េន បានឱ្យដឹងថា ពលរដ្ឋ​​ទាំង​​១០​នាក់ បាន​មកពឹងពាក់រកមេធាវីពី​ខាងសមាគមអាដហុក ​ឱ្យជួយការពារក្តីដល់ពួកគេ។លោក​​ថា មេធាវី​បានទទួលសំណើនោះហើយដែរ ប៉ុន្តែត្រូវពន្យាទៀត ឬយ៉ាងណានោះ នៅ​មិនទាន់ដឹង​នៅឡើយ​។

ពាក់ព័ន្ធករណីនេះ លោក​បានស្នើដល់អាជ្ញាធរពាក់ព័ន្ធឱ្យដោះស្រាយដីធ្លីជូនពលរដ្ឋដោយ​​សន្តិវិធី ជាជាងការ​គំរាម​កំហែង និងប្តឹងពលរដ្ឋទៅតុលាការ​ ដែលធ្វើឱ្យពលរដ្ឋកាន់តែជួបផលលំបាក ខណៈដីនៅក្នុងខេត្ត​ឧត្តរ​មាន​ជ័យ​ នៅសល់ទំនេរច្រើននៅ​ឡើយ។

លោកបន្ថែមថា៖ «ប្រជាពលរដ្ឋគាត់បានធ្វើ គាត់បានបង្កបង្កើនផលហើយ អ៊ីចឹង​ផ្តល់ឱកាស​ឱ្យពួក​គាត់​បានទទួល​ផល​ហ្នឹងសិនទៅ ហើយធ្វើការដោះស្រាយគ្នាតាមសន្តិវិធី ដោយអហិង្សា ហើយអញ្ជើញ​ពួកគាត់មកដោះស្រាយទៅជាការល្អ»។

កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុន «សាន ហ៊ាង (កម្ពុជា) អាហរ័ណ នីហរ័ណ ឯ.ក» ធ្វើការឈូសឆាយ និងប្រមូលផលអនុផលព្រៃឈើក្នុងអនុតំបន់២ និងឈូសឆាយផ្ទៃដីទំហំ១ ៥០០ហិកតា ស្ថិតក្នុងស្រុកសំរោង ខេត្តឧត្ដរមានជ័យ។

មន្ត្រីសិទ្ធិមនុស្សអាដហុក លោក ស្រី ណារ៉េន ឱ្យដឹងថា គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន សាន ហ៊ាង នេះបានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន​២​ស្រុក នៃខេត្តឧត្ដរមានជ័យ ហើយ​​តាមការប៉ាន់ប្រមាណរបស់លោក ​គឺ​មាន​ប្រជាពលរដ្ឋ​ខ្ទង់​ពាន់​គ្រួសារ ដែល​បានរងផលប៉ះពាល់ពីគម្រោងមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ