ភរិយាមន្ត្រីអតីតបក្សប្រឆាំងថា សមត្ថកិច្ចចាប់ខ្លួនស្វាមីគាត់បញ្ជូនទៅពន្ធនាគារខេត្តឧត្តរមានជ័យពាក់ព័ន្ធបទរួមគំនិតក្បត់

រថយន្តពន្ធនាគារដែលដឹកអ្នកជាប់ចោទមកចូលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

ភរិយាមន្ត្រីអតីតគណបក្សសង្គ្រោះជាតិនៅខេត្តឧត្តរមានជ័យ បាន​ឱ្យដឹង​ថា សមត្ថកិច្ច​​បាន​ចាប់​ខ្លួន​ស្វាមីគាត់​ដោយ​មិនមាន​ដីកា​ និង​បាន​បញ្ជូន​ទៅឃុំខ្លួន​នៅ​​ពន្ធនាគារ ពីបទ រួមគំនិតក្បត់ ​កាល​ពី​ចុង​ឆ្នាំ​២០១៩ ពាក់​ព័ន្ធ​នឹងជួបជុំគ្នាគាំទ្រ​​គម្រោង​​​ដំណើរ​មាតុភូមិ​និវត្តន៍​របស់ ​លោក សម រង្ស៊ី ។

អ្នកស្រី ​​ភន សុភឿន ដែលអះអាងថា ជាភរិយារបស់លោក សុខ វិល អនុ​ប្រធាន​ប្រតិបត្តិអតីត​​គណបក្ស​សង្គ្រោះ​​ជាតិ​ស្រុក​ចុងកាល់​ ខេត្តឧត្តរមានជ័យ បានប្រាប់វីអូឌីនៅថ្ងៃនេះថា សមត្ថកិច្ច​បាន​ចាប់​​​វាយ​ខ្នោះស្វាមីគាត់​ដោយមិនមានដីកា នៅ​ម៉ោង​​ប្រមាណជា៨​ព្រឹក ​ថ្ងៃ​ទី​១៥ ខែធ្នូ ចោទប្រកាន់ពីបទ រួមគំនិតក្បត់  ខណៈស្វាមីគាត់កំពុង​ជិះ​ម៉ូតូ​ដឹក​រូបគាត់​ និង​​ចៅ​​ត្រឡប់​​​មក​ពី​​ផ្សារ​វិញ​។ អ្នកស្រី​បន្ត​ថា ដើម​ចម​ដែលធ្វើឱ្យសមត្ថកិច្ចឈានដល់ការចាប់ខ្លួន​ស្វាមី​គាត់ ដោយសារតែគាត់​ត្រៀម​​​​ចូល​​រួម​​​នយោ​បាយ​​ឡើង​វិញ​ ជាមួយ​គណបក្ស​ភ្លើង​ទៀន។ អ្នកស្រីបន្តថា ក្រោយការចាប់​ខ្លួន​ កម្លាំងសមត្ថកិច្ច បានបញ្ជូន​ស្វាមីទៅឃុំខ្លួន នៅពន្ធនាគារខេត្ត កាលពីល្ងាចថ្ងៃម្សិលមិញ។

អ្នកស្រី សុភឿន ចាត់ទុកការចាប់ខ្លួនស្វាមីគាត់ជារឿងអយុត្តិធម៌ ពីព្រោះស្វាមីគាត់មិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ ។  ករណីនេះ អ្នកស្រីអំពាវនាវទៅតុលាការទម្លាក់ការចោទប្រកាន់លើស្វាមីគាត់ និងដោះលែងឱ្យមានសេរីភាពវិញ ។

អ្នកស្រីអំពាវនាវដូចនេះថា៖ «កុំឱ្យចោទប្រកាន់ [ស្វាមីគាត់] ចង់ឱ្យដោះលែងមកវិញ ដើម្បីបានជួបជុំគ្រួសារវិញ ពិបាកសូម្បីតែកូនអត់មានរៀនទេ អត់ឪពុក ចៅខ្លះ ម៉ែ​ឃ្លាតទៅធ្វើការនៅថៃតាំងពីចៅអាយុ៥ឆ្នាំ គ្នាបាត់តា ដេកយំ…ខ្ញុំស្រណោះចៅប៉ុណ្ណា ធ្វើបាបចៅខ្ញុំ សូម្បីបែកម៉ែ បែកឪ ឥឡូវបែកតាទៀត»។

​ប្រធាន​ប្រតិបត្តិ​បណ្តោះអាសន្នរបស់គណបក្សភ្លើងទៀន នៅខេត្ត​ឧត្តរ​មានជ័យ លោក ស៊ិន វុត្ថា អះអាងថា​ មុននឹងចាប់ខ្លួនលោក សុខ វិល អាជ្ញាធរតែងតែមកបញ្ចុះបញ្ចូល​ឱ្យគាត់​ចូល​រួម​ជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច ប៉ុន្តែលោកសុខ វិល បដិសេធជាច្រើនដង។ លោក​បន្តថា ក្រោយមកសមត្ថកិច្ចទទួលបានព័ត៌មានថា លោក សុខ វិល គៀគរអ្នកគាំទ្រ និងខ្លួនគាត់ត្រៀមចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីម្សិលមិញ ហើយចោទប្រកាន់ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ចាស់ ​រួម​គំនិត​ក្បត់​ ទាក់ទិននឹង​​គម្រោង​​​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ប្រធាន​ស្ដីទី​អតីតគណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩ ទៅវិញ ។

​លោក ស៊ិន វុត្ថា មានប្រសាសន៍បន្តថា បើទោះបីជាមានការចាប់ខ្លួន លោក សុខ វិល ក៏ពួកគាត់មិនមានភ័យខ្លាច ឬឈប់ចូលរួមនយោបាយជាមួយនឹងគណបក្សភ្លើងទៀននោះទេ ព្រោះពួកគាត់ធ្វើការងារស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងមិនជេរប្រមាថថ្នាក់ដឹកនាំគណបក្សណាមួយនោះទេ ។

លោកមានប្រសាសន៍ថា៖ «យើងធ្វើតែអំពើល្អ សេចក្តីល្អ យើងកុំទៅប៉ះពាល់គេ ហើយគោលការណ៍របស់គណបក្សគឺគាត់អប់រំអីចឹង​ គាត់​ចង់​ឱ្យមាន​សុវត្ថិភាព អត់ចង់ឱ្យបងប្អូនណាធ្វើអ្វីដោយឯកតោភាគីទេ គឺ​ធ្វើការងារជារួម ហើយនិយាយសារនយោបាយណាដែលរីកចំរើន ធ្វើការផ្លាស់ប្តូរដោយវិជ្ជមាន»។

ប្រធាន​ស្ដីទី​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា​ ចាត់ទុកការ​ចាប់​​ខ្លួន​​នេះ​​ថា ជា​​រូប​ភាព​គំរាម​កំហែង​មក​លើ​​មក​លើ​​សកម្មភាព​នយោបាយ​របស់​​​​​គណបក្ស​ភ្លើង​ទៀន។ 

លោកបន្ត​ថា៖ «សកម្មជនដទៃទៀត ដូចជាមិនមានការភិតភ័យ ឬមានការភ័យខ្លាចទេ ពីព្រោះយើងធ្វើសកម្មភាពស្របច្បាប់ ហើយពួកគាត់បានប្តេជ្ញាបន្តការងារ បេសកកម្មជាតិតទៅទៀត ដូចយើងបានមើលឃើញនៅគ្រប់ខេត្តដែលគាត់សស្រាក់សស្រាំក្នុងការរៀបចំរចនាសម្ព័ន្ធក្នុងការលើកផ្លាកជាដើម»។

​​​ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោក ហួត សុធី សុំមិនធ្វើការបកស្រាយជុំវិញករណីនេះ ដោយថា ក្រុមការងាររបស់លោក មិនបានចាប់ខ្លួនលោក សុខ វិល នោះទេ ខណៈអធិការ​ស្រុក​ចុងកាល់ លោក រិន ធារិទ្ធ អះ​អាង​ថា មន្ត្រីអាវុធហត្ថ​ជាអ្នកធ្វើការ​លើរឿងនេះ។

 វីអូឌី មិនអាចសុំការបញ្ជាក់​ពីអ្នក​នាំ​ពាក្យ​​តំណាង​​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​​ឧត្តរមានជ័យ លោក សោ សុភ័គ្គ បាន​ទេនៅថ្ងៃនេះ ខណៈមន្ត្រីអាវុធហត្ថខេត្ត មិនអាចទាក់ទងបាន។

នាយកប្រតិបត្តិអង្គការ​និចហ្វិច លោក សំ គន្ធាមី យល់ថា ការចាប់ខ្លួនសកម្មជន ឬអ្នកគាំទ្រគណបក្សប្រឆាំង ជាការគំរាមកំហែង និង​បំភិតបំភ័យអ្នកដែលចូលរួមគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្ត ហើយផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញជាដើម។

លោកមានប្រសាសន៍ថា៖ «សកម្មជនគាត់មានសិទ្ធិចូលរួមក្នុងវិស័យនយោបាយ រដ្ឋាភិបាលគួរតែឈប់គំរាមកំហែង ឈប់បំភិតបំភ័យ ព្រោះលទ្ធផលបោះឆ្នោត បើការបោះឆ្នោតមានការគំរាមកំហែង បំភិតបំភ័យវាប៉ះពាល់ដល់ដំណើរការបោះឆ្នោត លទ្ធផលបោះឆ្នោត»។

ទាក់ទិននឹងបញ្ហានេះដែរ កាលពីថ្ងៃទី១៤ ខែធ្នូនេះ សាលាដំបូងរាជធានីភ្នំពេញ បានបន្តបើកសវនាការសួរដេញ​ដោល​អតីតសកម្ម​ជន និងមេដឹកនាំបក្សប្រឆាំងជាង៤០​នាក់ ក្នុងសំណុំរឿង «ញុះញង់ និងរួមគំនិតក្បត់»។ ក្រោយពីសវនាការសួរដេញដោលរួចហើយ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក រស់ ពិសិដ្ឋ ប្រកាសបិទសវនាការ ដោយនឹងបន្តសាកសួរអតីតសកម្មជនផ្សេងទៀតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ខាងមុខថែមទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ