អាជ្ញាធរខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មកាស៊ីណូ ទីងស៊ីង ជាបណ្ដោះអាសន្ន ក្រោយរកឃើញថា មានករណីបង្ខាំងមនុស្សធ្វើទារុណកម្មនិងជំរិតទារប្រាក់ ក្នុងនោះ សមត្ថកិច្ចបានរំដោះជនរងគ្រោះជាជនបរទេស២នាក់។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ ថ្លែងប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះថា ក្នុងប្រតិបត្តិការបង្ក្រាបករណីបង្ខាំងមនុសុ្សធ្វើទារុណកម្មនិងជំរិតទារប្រាក់នៅកាស៊ីណូ ទីងស៊ីង នោះ សមត្ថកិច្ចខេត្តបានរំដោះជនរងគ្រោះជាជនបរទេស២នាក់។
យ៉ាងណា លោកថា មិនទាន់អាចផ្ដល់ព័ត៌មានពាក់ព័ន្ធវិធានការរបស់អាជ្ញាធរទៅលើជនប្រព្រឹត្តឬម្ចាស់កាស៊ីណូនៅឡើយទេ ដោយសារករណីនេះកំពុងស្ថិតក្នុងនីតិវិធីរបស់សមត្ថកិច្ច។
លោក ឃាង ភារម្យ បានគូសបញ្ជាក់ថា៖ «ចំពោះករណីម្សិលមិញនេះ គឺមានជនរងគ្រោះ២នាក់ជាជនបរទេស។ ហើយដោយឡែក អ្នកប្រព្រឹត្តហ្នឹងគឺកំពុង [ស្ថិតនៅក្នុង] នីតិវិធីរបស់សមត្ថកិច្ចនៅឡើយទេ គេហៅទៅសួរនាំ! អ៊ីចឹងយើងអត់ទាន់កំណត់ចំនួន [អ្នកពាក់ព័ន្ធបាន] ទេ ព្រោះនៅក្នុងនីតិវិធីរបស់សមត្ថកិច្ច។ ដោយឡែក ចំពោះទីតាំងកាស៊ីណូខាងលើនេះ ម្សិលមិញ គឺក្រុមការងារចម្រុះបានចុះទៅបិទផ្អាកអាជីវកម្មជាបណ្ដោះអាសន្នហើយ»។
រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ ខែធ្នូ ម្សិលមិញ បានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកថា ការផ្អាកអាជីវកម្មកាស៊ីណូ ទីងស៊ីង នៅសង្កាត់លេខ២ ក្រុងព្រះសីហនុ ជាបណ្ដោះអាសន្ននេះ បន្ទាប់ពីរកឃើញកាស៊ីណូនេះមិនបានអនុវត្តត្រឹមត្រូវតាមសេចក្ដីជូនដំណឹងលេខ៩០៧/២១ សជណ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត និងលិខិតបទដ្ឋានគតិយុត្តនានា។
រដ្ឋបាលខេត្តបន្តថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ មានករណីចាប់បង្ខាំងមនុស្សធ្វើទារុណកម្មនិងជំរិតទារប្រាក់នៅក្នុងទីតាំងកាស៊ីណូ ទីងស៊ីង ហើយត្រូវបានកម្លាំងមានសមត្ថកិច្ចបង្ក្រាបតាមបណ្ដឹងរបស់ភាគីជនរងគ្រោះ។
រដ្ឋបាលខេត្តបានគូសបញ្ជាក់ថា៖ «ក្នុងអំឡុងពេលនេះ ស្នងការនគរបាលខេត្តត្រូវចាត់តាំងកម្លាំងប្រចាំការគ្រប់គ្រងទីតាំងនោះ ដើម្បីអនុវត្តនីតិវិធីនិងទប់ស្កាត់បទល្មើស រង់ចាំក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តចុះអង្កេតស្រាវជ្រាវករណីនេះបានចប់សព្វគ្រប់ និងមិនអនុញ្ញាតឱ្យមានការផ្ទេរសិទ្ធិ ឬការលក់ ឬការជួល ឬការបញ្ចាំ ឬការធ្វើអំណោយទីតាំងនោះទៅជាឱ្យអ្នកដទៃជាដាច់ខាត ដោយត្រូវរង់ចាំការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិតរួចរាល់សិន។ ករណីមិនអនុវត្តតាមការសម្រេចខាងលើ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការច្បាប់ជាធរមាន»។
ប្រធានសហព័ន្ធវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី ថ្លែងថា លោកធ្លាប់ទទួលបានព័ត៌មានច្រើនករណីពាក់ព័ន្ធការចាប់បង្ខាំងមនុស្ស ធ្វើទារុណកម្ម និងជំរិតទារប្រាក់នៅកាស៊ីណូមួយចំនួននៅខេត្តព្រះសីហនុ។ យ៉ាងណា លោកថា អាជ្ញាធរគួរបង្កើនការស៊ើបអង្កេតឱ្យបានស៊ីជម្រៅបន្ថែមទៀត ខណៈមកទល់ពេលនេះ ករណីទាំងនេះនៅតែបន្តកើតមានដោយសារកាស៊ីណូមួយចំនួនធ្វើមិនបានត្រឹមត្រូវ។
លោក ម៉ម រិទ្ធី បន្តថា៖ «ដើម្បីបញ្ឈប់ភាពអសកម្មទាំងអស់ហ្នឹង អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ទីរការងារ គាត់ត្រូវចុះធ្វើអធិការកិច្ចគ្រប់កាស៊ីណូនិងគ្រប់ក្រុមហ៊ុនទាំងអស់ដែលពាក់ព័ន្ធ ហើយត្រូវធ្វើការផាកពិន័យ [បើរកឃើញបទល្មើស]។ ក្នុងករណីបើរកឃើញថាថៅកែឬអ្នកគ្រប់គ្រងបុគ្គលិកឬកាស៊ីណូហ្នឹង គាត់បង្កបញ្ហាឬបទល្មើស អាហ្នឹងត្រូវតែចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ឬបញ្ជូនទៅតុលាការ»៕












