កសិករ​ចិញ្ចឹមត្រី​មួយចំនួន​សម្រេច​ផ្អាក​លក់​ត្រី​ជា​បណ្ដោះ​អាសន្ន​ដោយសារ​តម្លៃថោក

ប្រជាពលរដ្ឋខ្មែរនិងអ៊ីស្លាមប្រមូលទិន្នផលនេសាទត្រី សម្រាប់យកទៅធ្វើផ្អកប្រហុកទុកប្រើប្រាស់ក្នុងគ្រួសារនិងសម្រាប់លក់ដូរ ស្ថិតនៅគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ម្ចាស់កសិដ្ឋាននិងកសិករចិញ្ចឹមត្រី​ក្នុង​ស្រុ​កមួយចំនួនបាន​សម្រេចចិត្តផ្អាកលក់ត្រីឬចាប់ត្រីក្នុងស្រះលក់​ជាបណ្ដោះអាសន្ន​ ដោយសារ​​តម្លៃ​ត្រីលក់ចេញទាបពេក ខណៈដើមទុនចំណាយលើការចិញ្ចឹមខ្ពស់​​។

ការសម្រេចផ្អាកបញ្ចេញត្រីក្នុងស្រះដោយសារតម្លៃថោកនេះ ​ក្រោយពីក្រសួង​កសិកម្ម​ រក្ខាប្រមាញ់ និងនេសាទ បាន​សម្រេច​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំ​ចូល​ត្រី​សារ​​ជា​ថ្មី​កាលពី​ខែ​​កុម្ភៈ​ ឆ្នាំ២០២១នេះ និងស្រប​ពេល​ដែល​រដូវប្រមូលផលត្រីធម្មជាតិ​ ឬរដូវត្រីត្រូវចាប់ផ្ដើមឡើង​​​។

ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមត្រីមួយរូបនៅស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ​​​ លោក ខាន់ ជិន​សេង​ បានលើកឡើងនៅថ្ងៃទី១៦ ខែធ្នូនេះថា ​បច្ចុប្បន្ន​ តម្លៃត្រីមាន​ធ្លាក់ចុះជាខ្លាំង ដោយសារមានការនាំចូលពីប្រទេសវៀតណាម ខណៈ​ចំណីត្រី​​ភាគច្រើន​សុទ្ធតែនាំចូល​ពីប្រទេសវៀតណាមដូចគ្នា​។ លោកបន្ត​ថា ​បច្ចុប្បន្ន ​ត្រី​ប្រា ត្រីពោ កសិករលក់ចេញបាន៤ ​៥០០រៀលក្នុងមួយគីឡូ។ លោកថា ​​ប្រសិនបើ​កសិករ​អាចលក់ត្រីបា្រ ត្រីពោ ត្រីអណ្ដែង តម្លៃចាប់ពី​​​៥ ​៥០០រៀល ទៅ៦ ០០០​រៀល ឬលើសពីនេះ នោះពួកគេអាចចំណេញបានខ្លះ​។

លោកលើកឡើងថា​៖ «​បើត្រី​ប្រា យើងអាចបាន​៥៥ ទៅ៦០ [៥៥០០ – ៦០០០រៀល] អី!​ អាចបានទឹកមាត់លេបខ្លះ​។ បើត្រីអណ្ដែងយើងបាន៥៥ ទៅ៦០​ដូចគ្នាដែរ។​ ត្រីពោ យើងបាន៦ ០០០រៀល ទៅ៦ ៥០០រៀល អាហ្នឹងក៏គ្រាន់​ដែរ​»។​

បញ្ហា​តម្លៃត្រីចិញ្ចឹមចុះថោកនេះ លោកស្នើ​​ឱ្យ​រដ្ឋាភិបាលពិចារណា​ដំឡើងពន្ធលើការនាំចូលត្រីមក​ពីប្រទេស​ជិតខាង ដើម្បីឱ្យប្រជាពលរដ្ឋ​ក្នុងស្រុកមានលទ្ធភាព​​ប្រកបមុខរបរចិញ្ចឹមត្រីបន្តទៀត។

កសិករចិញ្ចឹមត្រីអណ្ដែងមួយរូបនៅ​ស្រុកកោះអណ្ដែត ខេត្តតាកែវ លោក មាន មាសជ័យ​សុវណ្ណ​ បានឱ្យ​ដឹង​​ដែរ​ថា​​ ដោយសារតែឆ្នាំនេះ ត្រីអណ្ដែង​ធ្លាក់​ថ្លៃពេក ដូច្នេះលោកនិងកសិករផ្សេងទៀតមិនចិញ្ចឹមនោះ​ទេ ព្រោះមិនរួចថ្លៃ​ដើមចំណាយ។ លោកថា ជាទូទៅ ​​ត្រីដែលកសិករខ្មែរចិញ្ចឹមត្រូវការចំណាយពេលយូរជាងត្រីដែលនាំចូលពីប្រទេសវៀតណាម។

លោកលើកឡើងថា៖ «​ក្នុងឆ្នាំនេះ ខ្ញុំអត់ដាក់ថែម​ដោយសារអត់រួចថ្ងៃដើម។ ហើយខ្ញុំធ្លាប់ពិសោធន៍លមើល​ ត្រីមកពីយួន គេចិញ្ចឹមតែមួយ​ខែ គេមកលក់​ គេសុទ្ធតែប្រើអរម៉ូន ប្រើថ្នាំ ប្រើអ៊ីចឹងហ្នឹង។ ចំណែកឯយើងចិញ្ចឹមយ៉ាងតិចណាស់ក៏ពីរខែទៅពីរខែកន្លះដែរ»។

​អ្នកលក់​ត្រីនៅ​ផ្សារតាកែវ កញ្ញា សុម៉ាលី បាន​បញ្ជាក់​​ថា ​ចំ​ពោះត្រី​ភាគច្រើនដែល​យក​មកលក់​បន្ត ​​​គឺលក្ខណៈ​ចម្រុះឬ​លាយចូល​គ្នា ទាំងត្រីដែល​នាំចូល​ពី​វៀតណាម​និងត្រី​ដែល​ចិញ្ចឹមនៅ​ក្នុង​ស្រុក។ ប៉ុន្តែកញ្ញាថា ភាគច្រើន​ត្រីនាំចូល​ពីវៀតណាម​មានតម្លៃថោកជាងត្រីដែលចិញ្ចឹមក្នុង​ស្រុកប្រាកដមែន។

កញ្ញាលើកឡើងថា៖ «​រឿង​ហ្នឹង​យើងអត់ដឹងដែរ ព្រោះ​អី​ត្រីហ្នឹង​វា​យក​មក​ ពីណាពីណា​មក ​ទាំង​ស្រុក​យើង​​​ ស្រុក​យួន​ មក​ចូល​គ្នា​​ ដល់ពេលដល់​យើង ទើបគេ​ចែកចាយ​មកយើង​។ អ៊ីចឹង​យើង​អត់​ដឹង​ថាត្រី​ហ្នឹង​យក​មកពី​ប្រភព​ណា​ខ្លះ​ទេ ត្រី​ក្នុង​ស្រុក​ឬក្រៅស្រុក​ទេ»។

កញ្ញាបន្តថា៖​ «ត្រី​អណ្ដែង​ជួន​យក​មក៥០ ​​[៥​​ ០០០] ៤៥ [៤ ៥០០រៀល] ត្រី​ប្រា ជួន​យក​មក​៥៥ [៥ ៥០០រៀល] ៦០ [៦ ០០០រៀល] ត្រីផ្ទក់ ​ជួន​៧៥ [៧៥០០រៀល] ឬ​ ៦៥ [៦៥០០រៀល]។ ហើយ​បើត្រីពោ​ យើង​មិនដឹងថា​ប៉ុន្មាន​ទេ ​ព្រោះយើង​មិន​សូវ​យក​មក​ យកតែ​ត្រីដែល​គេ​ត្រូវ​រក​រាល់​ថ្ងៃ»។

ប្រធានសមាគម​វារី​វប្បករនៅកម្ពុជា​ លោក សុខ រ៉ាដែន​ មានប្រសាសន៍ថា ​ដោយសារតែត្រីធម្មជាតិ​ទទួលបានទិន្នផលល្អ ស្របពេល​ត្រីនាំចូលពីប្រទេសជិតខាងក៏​ច្រើនទៀត ដែលធ្វើឱ្យ​កសិករចិញ្ចឹមត្រីមួយចំនួនសម្រេចចិត្តផ្អាកចាប់ត្រីលក់​ជាបណ្ដោះអាសន្ន ​រហូតទាល់តែមានតម្លៃប្រសើរជាងបច្ចុប្បន្ន។

លោកលើកឡើង​ថា​៖ «៤ ២០០រៀល ទៅ ៤ ៥០០! អ៊ីចឹងសម្រាប់ត្រីប្រា​​ ត្រីអណ្ដែង ត្រីផ្សេងៗ​មានតម្លៃដដែលហ្នឹង ដូចពីមុនមក»។

ប្រធាន​សមាគម​សម្ព័ន្ធសហគមន៍​កសិករ​កម្ពុជា​ លោក​ ថេង សាវឿន មានប្រសាសន៍​ថា ​​សម្រាប់តម្លៃត្រីចិញ្ចឹម​នៅមិនទាន់មានភាពប្រសើរនោះទេ ដែលបណ្ដាលមកពី​​រដ្ឋាភិបាលអនុញ្ញាតឱ្យមាន​ការនាំ​ចូលត្រីពីប្រទេសជិតខាងឡើងវិញ​។ លើសពីនេះ លោកថា ការគាំទ្រផលិតផលក្នុងស្រុកនៅមានកម្រិត ​ស្របពេលត្រីនាំចូលពីវៀតណាម​មានតម្លៃទាបជាងត្រីចិញ្ចឹម​ក្នុងស្រុកជាដើម​។

លោកលើកឡើងថា​៖ «មួយរយៈមុន រដ្ឋាភិបាលបានផ្អាក ប៉ុន្តែក្រោយមកក៏បានបើកឱកាស​ឱ្យមានការនាំចូលវិញ។​ ត្រីដែលនាំចូលពីប្រទេសជិតខាង ពិសេស​ធ្វើឱ្យប៉ះពាល់​ដល់ត្រីចិញ្ចឹមរបស់បងប្អូននៅក្នុងស្រុក​ ដោយសាររដ្ឋាភិបាលយល់ថា នេះជាទីផ្សារសេរី​ មិនអាចហាមឃាត់បាននោះទេ​»។

លោកបន្ថែមថា ​ដើម្បីឱ្យ​​​តម្លៃ​ត្រីចិញ្ចឹមក្នុងស្រុកមានភាពប្រសើរ​ឡើង ទាមទារឱ្យ​​​រដ្ឋត្រូវតែផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បី​ឱ្យប្រជាពលរដ្ឋជួយគាំទ្រផលិតផលក្នុងស្រុក។ បន្ថែមពីនេះ លោកថា រដ្ឋត្រូវ​​ត្រួត​ពិនិត្យ​អំពីគុណភាព​នៃការនាំចូលត្រីពីក្រៅប្រទេសផងដែរ​។

វីអូឌី មិនអាចសុំការ​ឆ្លើយតប​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ ​និងនេសាទ លោក វេង សាខុន និងលោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បាននៅឡើយទេ នៅ​ថ្ងៃ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ