UPDATED៖ ពលរដ្ឋ​នៅ​ខេត្តកណ្ដាល​នាំគ្នា​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ទាមទារ​ឱ្យ​មាន​សំណង​សមរម្យ​រឿង​ដីធ្លី

ប្រជាពលរដ្ឋ​​ប្រមាណ១០០នាក់ ​​មកពីឃុំ​ចំនួន៤ ក្នុងខេត្តកណ្ដាល និងតាកែវ ​ដែល​មាន​បញ្ហា​ដីធ្លី​​ក្រោម​គម្រោង​​អភិវឌ្ឍន៍​​​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី (OCIC) បាននាំ​គ្នាប្រមូល​ផ្ដុំនៅ​មុខ​រដ្ឋ​សភារកកិច្ចអន្តរាគមន៍ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។ (ឃុត សុគន្ធ)

ពលរដ្ឋ​​ប្រមាណ១០០នាក់ មកពីឃុំ​ចំនួន៤ ក្នុងខេត្តកណ្ដាល និងតាកែវ ​ដែល​មាន​បញ្ហា​ដីធ្លី​​ក្រោម​គម្រោង​​អភិវឌ្ឍន៍​​​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី (OCIC) បាននាំ​គ្នាប្រមូល​ផ្ដុំនៅ​មុខ​រដ្ឋ​សភា នៅ​​ថ្ងៃ​​សុក្រ​​នេះ ដើម្បី​ស្នើ​ឱ្យស្ថាប័នមួយនេះជួយអន្តរាគមន៍ទៅរដ្ឋាភិបាលដោះ​ស្រាយ​សំណង​សម​​រម្យ​​ដល់​​ពួក​គាត់។

ក្នុងញត្តិដាក់នៅភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ​នៅថ្ងៃទី​១៦ ខែវិច្ឆិកានេះ បានលើក​ឡើង​ថា ចាប់​តាំងពីក្រុមហ៊ុនធ្វើការសាងសង់​ព្រលាន​យន្តហោះថ្មី​ រហូត​មក​ដល់ពេលនេះ ខាង​អាជ្ញាធរ​ពាក់​ព័ន្ធ​នៅ​តែ​កំណត់​តម្លៃត្រឹមតែ​ «៨ដុល្លារ ក្នុងមួយម៉ែត្រការ៉េ» សម្រាប់ការផ្ដល់​សំណងជូន​ពលរដ្ឋ ដែល​សំណង​នេះ អ្នកភូមិមិនអាចទទួលយកបានទេ។ ញត្តិដដែល​បន្ត​ថា ដីធ្លី​​របស់​​ពួកគាត់​​ដែល​​រង​ផល​​ប៉ះពាល់ជាដី​​មាន​​បណ្ណ​កម្ម​សិទ្ធិ និង​បច្ចុប្បន្នដីនៅតំបន់ពួកគាត់រស់នៅមានតម្លៃចន្លោះពី «៨០ដុល្លារ ទៅ​១០០​ដុល្លារ ​ក្នុងមួយម៉ែត្រការ៉េ»

អ្នកស្រី អៀង សារី ដែលអះអាងថាជាតំណាង​ពលរដ្ឋ​​មកពីឃុំព្រែកស្លែង បាន​លើកឡើង​ថា ការ​​ដែល​​ពួក​គាត់​​​​នាំ​គ្នា​មកតវ៉ានិងដាក់ញត្តិសុំអន្តរាគមន៍ពីរដ្ឋសភានេះ ដោយសារពួកគាត់អស់​ជំនឿលើអាជ្ញាធរខេត្តនិង​រដ្ឋាភិបាលដែលមិនបានផ្ដល់ដំណោះស្រាយសមរម្យដល់​ពួក​គាត់។ អ្នកស្រីបន្តថា ពលរដ្ឋ​ដែល​រងផល​ប៉ះពាល់ស្នើឱ្យរដ្ឋសភាជួយ​អន្តរាគមន៍​​ទៅ​រដ្ឋាភិ​បាលដោយធ្វើយ៉ាងណា ​ដោះស្រាយសំណង​ដីធ្លី​ទៅតាម​តម្លៃទីផ្សារ។

អ្នកស្រីបន្ថែមថា៖ «អ៊ីចឹង​បាន​ជាពួកយើង​ទាម​ទារ​ទៅប្រមុខ​ដឹកនាំ​ជួយអន្តរាគមន៍​ដោះស្រាយ​យ៉ាង​ម៉េចឱ្យពួក​ខ្ញុំ​លក់ដី​ដែល​ប៉ះពាល់នេះបាន ហើយអាចទិញ​កន្លែងផ្សេងបានដែរ ពីព្រោះអី៨ដុល្លារហ្នឹង​ បើយើងនិយាយឱ្យអស់ទៅ យកទៅទិញដីព្រៃអាចម៍គេនៅជិតៗហ្នឹង ​ក៏ទិញមិនបានដែរ។ អ៊ីចឹង​ពួក​ខ្ញុំ​សុំ​ថា គាត់ត្រូវគិតតម្លៃ​ណាមួយ​ឱ្យសមរម្យ ដែល​យើង​អាច​ទៅទិញដី​នៅក្នុងខេត្តកណ្ដាល​បានវិញ។ ដូចពួកខ្ញុំមាន​ដីតែប៉ុណ្ណឹង បើអស់ បានអីធ្វើស្រែ?»

លោក ទួន វណ្ណៈ ជាតំណាងពលរដ្ឋនៅឃុំបឹង​ខ្យាង ដែល​អះអាង​ថាបាន​ប៉ះពាល់​ដីធ្លី២,៥​ហិកតា និយាយ​​ថា ដីស្រែរបស់អ្នកភូមិដែលរងផលប៉ះពាល់​​មិន​ទាន់​បាន​ដោះស្រាយចប់ផង ពេលនេះ​អាជ្ញាធរ​ចាប់​​ផ្ដើម​ដើរ​វាស់ដី​លំនៅឋាននិងផ្ទះរបស់ពលរដ្ឋថែមទៀត ដែលធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភពីការបាត់បង់​ផលប្រយោជន៍ ខណៈអាជ្ញាធរមិនបានដោះស្រាយសំណងសមរម្យជូនពួកគេ។

តំណាងពលរដ្ឋរូបនេះបន្តថា ក្រុមពលរដ្ឋដែលតវ៉ាទាមទារ​សំណង​តាមតម្លៃទីផ្សារ ជាប្រជាពលរដ្ឋដែលមានបណ្ណកម្មសិទ្ធិដីធ្លី​ត្រឹមត្រូវស្របតាមច្បាប់។

លោកបន្ថែមថា៖ «ឥលូវ​នេះ​ ក្រៅពីប៉ះពាល់ដីស្រែ មកប៉ះដីលំនៅឋានទៀត ហើយដីលំនៅឋាននេះអាជ្ញាធរ​ថា បើយើងមិនដូរ ក៏លក់ក្នុងតម្លៃ៨ដុល្លារដែរ។ បើសិនឱ្យខ្ញុំត្រឹមតម្លៃ៨ដុល្លារ ខ្ញុំមានតែនាំប្រពន្ធកូនដើរសុំទានគេ ពីព្រោះអត់រស់កើតទេ ដោយដីនៅទីនោះឡើងថ្លៃខ្លាំងណាស់។ ជុំវិញ​រឿងនេះ ​ខ្ញុំ​សូមអំពាវនាវ​ដល់តំណាង​ក្រុមហ៊ុននិងរដ្ឋាភិបាលចូលមកដោះស្រាយជាមួយពលរដ្ឋឱ្យសមរម្យផង»

ពលរដ្ឋម្នាក់មកពីឃុំពត់ស ស្រុកបាទី ខេត្តតាកែវ អ្នកស្រី ជា សុគន្ធ អះអាងថា នៅខាងខេត្តតាកែវមានពលរដ្ឋប្រហែល២០០គ្រួសារដែលបានរងផលប៉ះពាល់ដីធ្លីពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងមិនទាន់បានដោះស្រាយចប់នៅឡើយ។

អ្នកស្រី ជា សុគន្ធ បន្តថា អ្នកភូមិមិនជំទាស់នឹងគម្រោង​អភិវឌ្ឍន៍​របស់រដ្ឋាភិបាលនោះទេ ប៉ុន្តែពួក​គាត់ទាម​ទារ​ឱ្យមានការដោះស្រាយសំណងសមរម្យសម្រាប់ពួកគេ។

អ្នកស្រីបន្ថែមថា៖ «យើងមិនទាមទារដល់រាប់រយទេ តែសុំត្រឹមតែ៥០ទៅ៦០ដុល្លារក៏បាន។ ចុះបើឱ្យត្រឹម៨ដុល្លារ​អ៊ីចឹង ​ទៅរកទិញនៅណាបាន? មិនស្លាប់ទេ? កូនចៅបានអីហូប? បានអីរស់? បើតម្លៃត្រឹមប៉ុណ្ណឹង»

ការតវ៉ានៅមុខរដ្ឋសភានៅព្រឹកថ្ងៃសុក្រនេះ ក៏មានក្រុមពលរដ្ឋមកពីឃុំអំពៅព្រៃ ដែលទាមទារសំណងគោល​នយោបាយលើដី៨៣ហិកតា ដែលពួកគេអះអាងថាជាដីសាមគ្គីដែលរដ្ឋបានចែកឱ្យតាំងពីឆ្នាំ១៩៨៤ផងដែរ។

ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីរដ្ឋសភាបានឱ្យតំណាងពលរដ្ឋ៥នាក់​ចូលទៅជួបនិងដាក់ញត្តិជូនផ្ទាល់ដល់ក្នុងរដ្ឋសភា។ បើតាមពលរដ្ឋ គឺខាង​រដ្ឋសភា​បាន​​សន្យា​ថានឹង​ចាត់​មន្ត្រី​ចុះទៅពិនិត្យនិង​​សម្របសម្រួល​ស្វែង​រកដំណោះស្រាយ​ជូនពល​រដ្ឋ។

យ៉ាងណា​ អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង មាន​ប្រសាសន៍​ថា លោកមិនទាន់ទទួលបានព័ត៌​មាន​នេះ​នៅ​ឡើយ​ទេ។

កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ អង្គការសង្គមស៊ីវិលចំនួន៣១ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍មួយ​ស្នើដល់​ស្ថាប័នពាក់ព័ន្ធ​ផ្ដល់សំណងឱ្យ​បាន​សមស្រប​តាម​តម្លៃ​ទីផ្សារ​​ជូន​ប្រជា​ពលរដ្ឋ ដែល​កំពុ​​ង​​រងផល​ប៉ះពាល់ដីធ្លីពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី​នេះ និងចៀសវាងនូវកិច្ចព្រមព្រៀង​ដោយ​មានការបង្ខិត​បង្ខំ ដើម្បីរក្សានូវការគោរពសិទ្ធិមនុស្សដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញកម្ពុជា។

សេចក្ដីថ្លែងការណ៍នោះ​បន្ត​ថា វិវាទដីធ្លីរវាង​ក្រុម​ហ៊ុន OCIC និង​ប្រជាពលរដ្ឋម្ចាស់ដី​នៅព្រលាន​យន្ត​ហោះអន្តរជាតិភ្នំពេញ​ថ្មី​ ក្នុង​​ខេត្តកណ្ដាល មានស​ភា​ព​ធ្ងន់ធ្ងរ​​ទៅៗ ដោយ​ពុំ​មាន​ការដោះស្រាយសមស្របជូនពលរដ្ឋឡើយ ហើយបានឈានដល់មានការប៉ះទង្គិចគ្នាដោយហិង្សាទ្រង់​ទ្រាយ​ធំ​រវាង​​សមត្ថកិច្ចនិងប្រជាពលរដ្ឋម្ចាស់ដីនាពេលកន្លង​មក រហូតពលរដ្ឋម្នាក់របួសធ្ងន់ថែមទៀត។

ក្រុមអង្គការទាំងនេះក៏បាន​ស្នើដល់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាល ត្រូវដោះស្រាយបញ្ហា​ជម្លោះ​​ដីធ្លី​នេះតាម​នីតិវិធី​ ដោយ​កោះ​ហៅ​ភាគីទំនាស់​មក​ចរចា​គ្នា ដោយ​ឈរ​លើ​ផល​ប្រយោជន៍និង​សេចក្ដីត្រូវកា​រ​របស់​គ្រប់​​ភាគី ហើយ​ភាគី​ទំនាស់និងអាជ្ញាធរគួររក្សាឱ្យបាននូវភាពអហិង្សា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ