សាលាក្តី​ខ្មែរ​ក្រហម​ បដិសេធ​សំណើ​សុំ​បញ្ជូន​រឿង​លោក មាស មុត ទៅ​ជំនុំ​ជម្រះ​

អតីតកម្មាភិបាលខ្មែរក្រហម លោក មាស មុត។ (សាលាក្ដីខ្មែរក្រហម – ECCC)

តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​ក្រហម​បាន​បដិសេធ​សំណើ​សុំ​បញ្ជូន​សំណុំ​រឿង ០០៣ របស់​លោក មាស មុត អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ជាន់ខ្ពស់​ទៅ​ជំនុំ​ជម្រះ ក្រោម​ហេតុផលថា សំណុំរឿង ០០៣ ត្រូវ​បាន​បញ្ចប់ ដោយ​សារ​គ្មាន​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំ​ជម្រះ​ស្ថាពរ និង​ដែល​អាច​អនុវត្ត​បាន។

យោងតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា កាល​ពីថ្ងៃទី​១៧ ធ្នូ ម្សិលមិញ​បាន​ឱ្យដឹង​ថា អង្គជំនុំជម្រះ​តុលាការ​កំពូល​នៃ​អង្គជំនុំ​ជម្រះ​វិសាមញ្ញក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) បាន​បដិសេធ​សំណើ​របស់​សហព្រះរាជ​អាជ្ញា​អន្តរជាតិ លោកស្រី Brenda J. Hollis សុំបញ្ជូន​សំណុំ​រឿង ០០៣ ប្រឆាំង​នឹង​លោក មាស មុត ទៅ​ជំនុំជម្រះ។

សេចក្តី​សម្រេច​របស់​ចៅក្រម​នៃ​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​នេះ បាន​សម្រេច​ដោយសំឡេង​ជា​ឯកច្ឆ័ន្ទ​ថា បណ្តឹង​សាទុក្ខ​របស់​សហព្រះរាជ​អាជ្ញា​អន្តរជាតិ ស្តីពី​ការ​ខកខានរបស់​អង្គបុរេជំនុំជម្រះ ក្នុងការ​បញ្ជូន​សំណុំរឿង ០០៣ ទៅ​ជំនុំជម្រះ ដូច​បាន​តម្រូវ​ដោយក្រប​ខណ្ឌ​គតិយុត្ត​របស់ អ.វ.ត.ក គឺ​មិន​អាច​ទទួល​យក​បាន​ទេ។

លោកស្រីចៅក្រម Maureen Harding Clark បាន​ធ្វើការ​សន្និដ្ឋាន​នៅក្នុង​ការ​យល់ឃើញរបស់​លោកស្រី​ថា៖ «សេចក្តី​សម្រេច​របស់​អង្គបុរេ​ជំនុំជម្រះ​ត្រូវតែ​បដិសេធ​ចោល ហើយសំណុំ​រឿង ០០៣ ប្រឆាំង​នឹង មាស មុត គប្បី​ត្រូវ​បញ្ចប់»

កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ចៅក្រម​អង្គបុរេ​ជំនុំជម្រះ​នៃ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុងតុលាការ​កម្ពុជា មិន​អាច​ស្វែង​រក​សំឡេង​ជា​ឯកច្ឆ័ន្ទ ដើម្បី​សម្រេច​បញ្ជូន​សំណុំរឿង​របស់អតីត​កម្មាភិបាល​ខ្មែរក្រហម​លោក មាស មុត ទៅ​ជំនុំជម្រះ​បាន​នោះ​ឡើយ។ ជំនួស​ឱ្យ​ការចេញ​សេចក្តីសម្រេច​ពេល​នោះ ចៅក្រម​អង្គបុរេ​ជំនុំជម្រះ​ជាតិ​និង​អន្តរជាតិ​បាន​ចេញ​សេចក្តី​ពិចារណា​រៀងៗ​ខ្លួន ដោយ​ភាគី​ចៅក្រម​ជាតិ​៣​រូប បាន​បញ្ជា​ឲ្យតម្កល់​សំណុំ​រឿង​០០៣ របស់​លោកមាស មុត នៅក្នុង​បណ្ណសារ ដែល​មាន​ន័យ​ថា ឥត​ចាត់​ការ។

លោក មាស មុត អតីត​កម្មាភិបាល​ជាន់ខ្ពស់​នៃ​របប​ខ្មែរក្រហម ដែល​បច្ចុប្បន្ន​មាន​អាយុ ៨៣ ឆ្នាំ មាន​ស្រុក​កំណើត​នៅស្រុក​ឈូក ខេត្តកំពត ត្រូវបាន​គេដឹង​ថា លោក​ធ្លាប់​មាន​តួនាទីជា​សមាជិក​គណៈមជ្ឈិមបក្ស និង​ជា​មេបញ្ជាការ​កងទ័ពជើងទឹក​១៦៤ ប្រចាំការ​នៅខេត្តព្រះសីហនុ។ លោកត្រូវ​បាន​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ចោទ​ប្រកាន់​នៅ​ថ្ងៃទី ៣ ខែមីនា ឆ្នាំ២០១៥ ពី​បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ការរំលោភបំពាន​ធ្ងន់ធ្ងរលើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ និង​ការរំលោភបំពាន​ក្រមព្រហ្មទណ្ឌ​ឆ្នាំ១៩៥៦។ នៅចុង​ឆ្នាំ ២០១៨ សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ បាន​សម្រេច​បញ្ជូន​សំណុំរឿង​របស់​លោក មាស មុត ទៅ​ជំនុំជម្រះ​ដោយ​អះអាង​ថា មាន​ភ័ស្តុតាង​គ្រប់គ្រា​ន់បញ្ជាក់​ថា លោក មាស មុត ស្ថិត​ក្នុងចំណោម​ជន​ដែល​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត ក្នុង​របបខ្មែរក្រហម។ ប៉ុន្តែ សហសហចៅក្រមស៊ើបអង្កេតជាតិ​វិញ​បាន​ជំទាស់ ដោយ​យល់​ថា លោក មាស មុត មិន​ស្ថិត​នៅក្នុង​ចំណោមជន​ត្រូវ​ចោទ និង​អ្នកទទួលខុសត្រូវ​ខ្ពស់​បំផុត​នៃ​របបខ្មែរក្រហម​នោះ​ទេ។

គិតត្រឹម​ថ្ងៃសៅរិ៍នេះ នៅមិនទាន់​ឃើញមាន​ប្រតិកម្ម​ពី​សហព្រះរាជអាជ្ញាអន្តរជាតិនៃសាលាក្តី​ខ្មែរក្រហម​លោកស្រី Brenda J. Hollis នៅ​ឡើយ​ទេ ជុំវិញ​សេចក្តី​សម្រេច​របស់ចៅក្រម​តុលាការ​កំពូល​នៃសាលាក្តី​ខ្មែរក្រហម​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ