អាជ្ញាធរ​​​ត​រារាំង​បុគ្គលិក​ណា​ហ្គា​វើលដ៍​ជាង​១​ពាន់​នាក់ ​​​ខណៈ​ពួកគេ​តវ៉ា​ឱ្យ​ក្រុម​ហ៊ុន​គោរព​លក្ខខណ្ឌ​ការងារ

កម្លាំងអាជ្ញាធរ ដាក់ពង្រាយជាច្រើននិងបានបិទផ្លូវមិនអោយក្រុមអ្នកតវ៉ាធ្វើដំណើរទៅកាន់សួរច្បារសម្តេចហ៊ុន សែន ដែលស្ថិតនៅពីមុខក្រុមហ៊ុនណាហ្គាវើលដ៍នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។ (ហ្វេសប៊ុក សង់ត្រាល់)

អាជ្ញាធរ​រារាំងបុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (Naga World) ជាង ១៣០០នាក់ មិនឱ្យជួបជុំនិងប្រមូលផ្តុំគ្នានៅមុខក្រុមហ៊ុន  ដើម្បីធ្វើកូដកម្ម​ទាមទារ​ឱ្យក្រុមហ៊ុនល្បែងមួយនេះ​ឈប់រើសអើង​សហជីព និង​ទទួល​យក​បុគ្គលិក ៣៦៥នាក់ ​ឱ្យចូល​ធ្វើការងារ​ឡើង​វិញ។

តំណាងកម្មករក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ អ្នកស្រី រី សុវ៉ាន់ឌី  ប្រាប់វីអូឌីនៅថ្ងៃអាទិត្យនេះថា តាមគម្រោង ពួកគេប្រមាណ១៣០០នាក់ នាំគ្នាប្រមូលផ្តុំធ្វើកូដកម្មនៅមុខ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (Naga World) ដើម្បី​ទាមទារ​ឱ្យក្រុមហ៊ុន​ឈប់រើសអើង​សហជីព និង​ទទួល​យក​បុគ្គលិក ៣៦៥នាក់ ​ឱ្យចូល​ធ្វើការងារ​ឡើង​វិញ។ ប៉ុន្តែអ្នកស្រីថា នៅពេលពួកគេទៅជួបជុំគ្នានៅមុខក្រុមហ៊ុន ត្រូវបានកម្លាំងសមត្ថកិច្ច និងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ ចេញមករារាំងមិនឱ្យពួកគេជួបជុំនៅមុខក្រុមហ៊ុននោះទេ ដោយអះអាងថា កុំឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។

ទោះជាបែបនេះក្តី អ្នកស្រី រី សុវ៉ាន់ឌី  អះអាងថា ពួកគេមិនមានការព្រួយបារម្ភពីសុវត្ថិភាពនោះទេ ដោយសារពួកគេធ្វើកូដកម្មដោយសន្តិវិធី និងអហិង្សា ដើម្បីទាមទារឱ្យគោរពច្បាប់ការងារតែប៉ុណ្ណោះ។

អ្នកស្រីអះអាងដូចនេះថា៖ «កម្មករទាំងអស់សុទ្ធតែយល់ដឹងពីផ្លូវច្បាប់ហើយ អញ្ចឹងពួកគាត់នៅតែបន្តធ្វើកូដកម្ម បើមិនមានភាពអយុត្តិធម៌ទេ ក៏ពួកគាត់រាប់ពាន់នាក់មិនចេញមកតវ៉ា ដើម្បីទាមទារឱ្យក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដោះស្រាយឱ្យដែរ»។

តំណាងកម្មករក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ម្នាក់ទៀត លោក ប៉េង សុភា ថ្លែងថា អាជ្ញាធរបានរារាំងពួកគាត់មិនឱ្យទៅជួបជុំគ្នានៅមុខក្រុមហ៊ុននោះទេ ប៉ុន្តែពួកគេបានទៅជួបជុំគ្នានៅក្បែរច្រកចូលដអរិយក្សត្រ ខ្លះទៀតនៅម្តុំអគាកូរ៉េ ជិតសកលវិទ្យាល័យបៀលប្រាយ និងក្បែរក្រុមហ៊ុនកាស៊ីណូហ្គាវើលដ៍ជាដើម ។

លោក ប៉េង សុភា បញ្ជាក់ថា ការជួបជុំធ្វើកូដកម្មរយៈពេល២ថ្ងៃនេះ ខាងតំណាងក្រុមហ៊ុនមិនបានចេញមកដោះស្រាយជូនពួកគេនោះឡើយ។ ករណីនេះលោកព្រមានថា បើក្រុមហ៊ុននៅតែមិនអើពើ ឬមិនដោះស្រាយបញ្ហាតាមការស្នើសុំរបស់កម្មករទេ នោះពួកគាត់និងបន្តធ្វើកូដកម្មជារៀងរាល់ថ្ងៃរហូតមានដំណោះស្រាយ ។

លោកព្រមានដូចនេះថា៖ «ពួកខ្ញុំធ្វើកូដកម្មដោយសន្តិវីធី តាមផ្លូវច្បាប់។ អញ្ចឹងពួកខ្ញុំនៅតែបន្តធ្វើរហូត រហូតតែមានដំណោះស្រាយ»។

តំណាងកម្មករអះអាងប្រហាក់ប្រហែលគ្នាថា កូដកម្មនេះធ្វើឡើងបន្ទាប់​ពី​វិវាទ​ការងារ​នៅក្នុង​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ បាន​កើតឡើង​អស់រយៈ​ពេល៨ខែមក​ហើយ ក្រោយពី​ក្រុមហ៊ុន​នេះ បាន​ប្រកាសបញ្ឈប់​បុគ្គលិក ១ ៣២៩​នាក់  ក្នុង​ចំណោម​បុគ្គលិក​សរុប​ជាង​ ៨ ០០០​នាក់ ដោយ​លើកហេតុផល​ថា ក្រុមហ៊ុន​ជួប​វិបត្តិ​ហិរញ្ញវត្ថុដោយ​សារ​តែ​វិបត្តិ​ជំងឺ​កូវីដ-១៩​។​

ក៏ប៉ុន្តែ​តំណាង​សហជីព​ប្រចាំនៅក្នុង​ក្រុមហ៊ុនកាស៊ីណូមួយនេះ​យល់​ថា ផែនការ​បញ្ឈប់​បុគ្គលិក​ទ្រង់ទ្រាយ​ធំ​នេះ គឺជាការ​គាស់​រំលើង​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ ចេញពី​ក្រុមហ៊ុន​នេះ ដោយថា​បុគ្គលិក​ដែល​បញ្ឈប់​ភាគ​ច្រើន គឺ​ជា​សមាជិក និង​ថ្នាក់ដឹកនាំ​សហជីព។

កូដកម្មនេះទាមទារ​ចំណុច​សំខាន់ៗ​ចំនួន៩ ក្នុង​នោះ រួមមាន ទាមទារ​ឱ្យក្រុម​ហ៊ុន​ទទួល​យក​ថ្នាក់ដឹកនាំ​សហជីព សមាជិក​ប្រតិភូបុគ្គលិក និង​កម្មករ​និយោជិត​ចំនួន ៣៦៥នាក់​ ដែលមិន​ព្រមទទួល​យក​សំណង​បញ្ចប់​កិច្ចសន្យា​ការងារ ចូល​បម្រើ​ការងារ​ឡើងវិញ។ លើសពីនេះ ទាមទារ​ឱ្យក្រុមហ៊ុន គិត​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​បង្គ្រប់​បន្ថែម​ឱ្យបាន​ត្រឹមត្រូវ​សម្រាប់​កម្មករ​និយោជិត ​ដែល​ត្រូវ​បាន​កាត់​ចេញតាម​គម្រោង​កាត់​បន្ថយ​បុគ្គលិក។

កូដកម្មក៏ទាមទារ​ឱ្យក្រុមហ៊ុន​អនុវត្ត​សេចក្តី​បង្គាប់​របស់​ក្រុម​ប្រឹក្សាអាជ្ញាកណ្តាល​កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចទី៣ ដោយ​គិត​ប្រាក់​បញ្ចប់កិច្ចសន្យា​ការងារ​បង្គ្រប់​បន្ថែម​ឱ្យបាន​ត្រឹមត្រូវ៊។ បន្ថែមពីនេះ ទាមទារ​ឱ្យក្រុមហ៊ុន​ផ្តល់ប្រាក់​បំណាច់អតីត​ភាព​ការងារ និង​ប្រាក់​រំលឹក​អតីត​ភាព​ការងារ​ឱ្យបាន​ត្រឹមត្រូវ​តាម​ច្បាប់​សម្រាប់​ឆ្នាំ២០២០ និង ២០២១ ​ រួម​និង​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ទៀត។

ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងបុគ្គលិរបស់ក្រុមហ៊ុន កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) អ្នកនាង ឌី សីហា សុំមិនធ្វើការបកស្រាយជុំវិញករណីនេះ ដោយអះអាងថា ជាប់រវល់ប្រជុំ។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ លើកឡើងលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៩ ខែធ្នូថា នៅក្នុងលោកនេះមិនមានច្បាប់ ឬអនុសញ្ញាណាមួយ ដែលចែងថា ធ្វើការនៅកន្លែងណាមួយ គឺត្រូវធ្វើមួយជីវិតនោះទេ ឬហាមក្រុមហ៊ុន សហគ្រាសមិនឲ្យកាត់បន្ថយបុគ្គលិកនោះដែរ។ លោកបន្តថា សិទ្ធិទទួលបានការងារក៏ត្រូវអនុវត្តស្របជាមួយនឹងស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុន។

លោកថា ក្នុងករណីមានវិបត្តិសេដ្ឋកិច្ច ឬការថយចុះនៃតម្រូវការ ឬការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុន ឬសង្វាក់ផលិតកម្មឡើងវិញ ឬករណីប្រធានស័ក្ត គឺក្រុមហ៊ុន សហគ្រាសអាចកាត់បន្ថយបុគ្គលិកបាន គ្រាន់តែការកាត់បន្ថយគឺត្រូវធ្វើឡើងឲ្យស្របតាមនីតិវិធី ដូចជាត្រូវជូនដំណឹងមុន ត្រូវទូទាត់សំណង និងអត្ថប្រយោជន៍ឲ្យបានត្រឹមត្រូវតាមច្បាប់។

លោក ហេង សួរ សរសេរថា៖ «កន្លងទៅ ក្រសួងបានបញ្ជាក់រួចហើយថា ក្រសួងប្តេជ្ញាការពារឲ្យបានជាដាច់ខាតនូវអ្វីដែលជាផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដែលជាអកុសលត្រូវមានឈ្មោះក្នុងការកាត់បន្ថយបុគ្គលិក ដោយសារតែការធ្លាក់ចុះជាគំហុកនៃភ្ញៀវ និងការសើរើ ឬកាត់បន្ថយប្រតិបត្តិការរបស់ក្រុមហ៊ុន»។

យ៉ាងណា លោក ហេង សួរ អះអាងថា ក្រសួងនឹងបន្តពន្យល់ និងបន្តបង្ហាញអំពីរបៀបនៃការគណនាសំណងប្រសិនជាភាគីពាក់ព័ន្ធនៅមានចម្ងល់។ ប៉ុន្តែក្រសួង ក៏ដូចជាសហជីព ឬអង្គការមិនមានសិទ្ធិអំណាច ហាមឃាត់ក្រុមហ៊ុនមិនឲ្យកាត់បន្ថយបុគ្គលិក ដោយមូលហេតុសមរម្យនោះទេ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពី​​ម្សិលមិញ​ បានចេញសេចក្តីជូនដំណឹងដល់កម្មករនិយោជិត នៃក្រុមហ៊ុនណាហ្គាវើលដ៍ ផ្អាកការធ្វើកូដកម្ម បាតុកម្ម ដើម្បីចូលរួមរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសរដ្ឋបាលរាជធានីភ្នំពេញនឹងបន្តធ្វើការដោះស្រាយតាមនីតិវិធី ច្បាប់ជាធរមាន និងផ្អែកតាមសមភាព សមធម៌ ដើម្បីធានាថា បងប្អូនកម្មករនិយោជិតដែលកំពុងតវ៉ាទទួលបាននូវ ដំណោះស្រាយមួយសមស្រប និងអាចទទួលយកបានទាំងអស់គ្នាទាំងអស់គ្នាផងដែរ។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានស្នើដល់កម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ និងសាធារណជន រក្សាភាពនឹងនរក្នុងចិត្ត ចៀសវាងចាញ់បោកជនខិលខូចមួយចំនួនដែលមានបំណងញុះញង់ បង្កអស្ថិរភាពដល់ក្រុមហ៊ុន និងសណ្តាប់ធ្នាប់សាធារណៈ ដែលអាចបង្កផលប៉ះពាល់ដល់ការងាររបស់បងប្អូនកម្មករ និយោជិតដទៃទៀតដែលកំពុងបំពេញការងារនិងទទួលបានប្រាក់ឈ្នួលពីក្រុមហ៊ុនណាហ្គាវើលដ៍។

អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស សង់ត្រាល់ លោក ឃុន ថារ៉ូ ចាត់ទុកការរារាំងរបស់សមត្ថកិច្ចមកលើកម្មករដែលធ្វើកូដកម្មដោយអហិង្សាថា ជាទង្វើផ្ទុយពីច្បាប់ជាតិ និងច្បាប់អន្តរជាតិ ។

លោកបន្តថា បើសិនជាក្រសួងពាក់ព័ន្ធមិនចាត់វិធានការច្បាប់លើក្រុមហ៊ុនទេ ជាគំរូអាក្រក់ ហើយអាចធ្វើឱ្យថៅកែក្រុមហ៊ុនផ្សេងទៀតរំលោភសិទ្ធិកម្មករ ហើយអ្នកដែលរងគ្រោះធ្ងន់ធ្ងរ គឺកម្មករ ។

លោកមានប្រសាសន៍ថា«បើសិនជាក្រុមហ៊ុនណាហ្គានេះអាចបញ្ឈប់កម្មករបាន វាឱ្យក្រុមហ៊ុនផ្សេងទៀតបញ្ឈប់បានដូចគ្នា គឺគាត់អាចប្រើប្រាស់ទម្រង់អាក្រក់ហ្នឹង ដោយបញ្ឈប់ថ្នាក់ដឹកនាំសហជីពដោយសេរី  តាមតែចិត្តរបស់គាត់»។

លោកមានប្រសាសន៍បន្ថែមថា« ធម្មតាកម្មករ ពេលថៅកែបញ្ឈប់ពីការងារ គាត់ទទួលរងផលប៉ះពាល់សេដ្ឋកិច្ច មួយទៀតបើការអនុវត្តច្បាប់ដោយមិនស្មើភាព ហើយនិយោជករំលោភច្បាប់បានវាមិនល្អទេ ព្រោះប្រទេសកម្ពុជាជាប្រទេសមួយប្រកាន់របបលទ្ធិប្រជាធិបតេយ្យ អនុវត្តសិទ្ធិមនុស្ស សិទ្ធិការងារត្រឹមត្រូវ  អញ្ចឹងវាមិនល្អសម្រាប់កម្ពុជាលើឆាកអន្តរជាតិទេ»។

កាលពីដើម​ខែធ្នូ ឆ្នាំ២០២១នេះ អង្គការ សមាគម និង​សហជីព​ចំនួន ២៥ បាន​ចេញសេចក្តីថ្លែងការណ៍​មួយ​សំដែង​ការ​ខក​ចិត្ត​ ចំពោះការ​បញ្ឈប់​បុគ្គលិក​កាស៊ីណូ​ណាហ្គាវើលដ៍​។ សេចក្តី​ថ្លែង​ការណ៍​បាន​ចាត់​ទុក​ថា ក្រុមហ៊ុន​មាន​ចេតនា​រំលាយរចនា​សម្ព័ន្ធ​​ថ្នាក់​ដឹក​នាំ​សហជីព ដោយ​ថា ​ការ​ធ្វើ​បែបនេះ​មិន​សម​ហេតុ​ផល និង​មិន​អាច​ទទួល​យក​បានឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ