តុលាការកំពូល​បើក​សវនាការ​លើ​បណ្ដឹង​គណបក្ស​បេះដូងជាតិ​ដែល​សុំ​ចុះឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ

ស្ត្រីម្នាក់ដើរកាន់អីវ៉ាន់កាត់មុខតុលាការកំពូល រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ (ពៅ មេត្តា)

តុលាការកំពូល នៅថ្ងៃសុក្រនេះ បាន​បើកសវនាការ​លើ​បណ្ដឹង​របស់ «គណបក្សបេះដូងជាតិ» ដែលប្ដឹង​សុំឱ្យ​តុលាការ​ចេញ​ដីកា​សម្រេចឱ្យ​ក្រសួងមហាផ្ទៃចុះបញ្ជីគណបក្សនយោបាយ​ជូនគណបក្ស​បេះ​ដូង​ជាតិ។

ការបើកសវនាការនេះធ្វើឡើង​បន្ទាប់ពីមេធាវីការពារក្ដីឱ្យ​គណ​បក្ស​​បេះដូង​ជាតិ ​លោក សំ សុគង់ ​បានដាក់​ពាក្យ​បណ្ដឹងទៅតុលាការ​កំពូល ​កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ដើម្បីសុំឱ្យតុលាការកំពូលទម្លាក់​ចោល​ការចោទ​ប្រកាន់​របស់ក្រសួងមហាផ្ទៃ ហើយបើកផ្លូវឱ្យកូនក្ដីបាន​ចុះ​បញ្ជី​គណបក្សបេះដូងជាតិ​​របស់ខ្លួន​ឡើង​​វិញ​ ដើម្បី​​​បាន​ចូល​រួមបោះ​ឆ្នោត​នៅ​ឆ្នាំ​២០២២​និង២០២៣ខាងមុខ តាមលក្ខខណ្ឌច្បាប់។

គណបក្សបេះដូងជាតិ នាពេលថ្មីៗនេះ ត្រូវបានក្រសួងមហាផ្ទៃគំរាមប្ដឹងទៅតុលាការដើម្បីចាត់វិធាន​ការ​ផ្លូវ​ច្បាប់ និងបដិសេធការសុំចុះបញ្ជីគណបក្សនយោបាយ។ វិធានរបស់​ក្រសួង​មហាផ្ទៃ បាន​សម្អាងហេ​​តុ​​ថា ស្ថាបនិក​គណបក្សបេះ​ដូង​ជាតិ មានចេតនា «ទុច្ចរិត» ក្លែងស្នាមមេដៃសមាជិក ក្នុងការ​បំពេញ​បែប​បទ​សុំចុះបញ្ជីគណបក្សនយោបាយ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បាន​លើកឡើងក្នុ​ងលិខិតមួយ​ដាក់ជូនលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន កាលពីពេលថ្មីៗនេះ​ថា តាមការធ្វើកោសលវិច័យ​ទៅលើស្នាមមេដៃចំនួន៤ ៧៨១មេដៃ ​​ដែលគណបក្សបេះដូងជាតិផ្ញើទៅក្រសួងដើម្បីសុំចុះបញ្ជី​គណបក្ស បានរកឃើញ​មានភាពមិនប្រក្រតីមួយចំនួនដូច​ជា ស្នាម​មេដៃខ្លះខុស​ទៅ​នឹង​ស្នាម​​មេដៃ​ក្នុង​អត្ត​សញ្ញាណ​បណ្ណ និងស្នាមមេដៃមួយចំនួនទៀតខូចគុណភាពមិ​នអាចធ្វើកោសលវិច័យ​បានជាដើម។

ពាក់ព័ន្ធនឹងករណីនេះ គណបក្សបេះដូងជាតិ ធ្លាប់បានលើកឡើង​ក្នុងសេចក្ដីថ្លែងការណ៍​​ចុះថ្ងៃ​​ទី​​២២ ខែវិច្ឆិកា ​​​​ថាខ្លួនមាន​ការ​សោក​ស្ដាយ​ដែលក្រសួងមហាផ្ទៃបដិសេធការសុំចុះបញ្ជីគណបក្ស​របស់ខ្លួន ហើយថែមទាំងចោទប្រកាន់យ៉ាង​អ​យុ​​ត្តិ​ធម៌។ គណបក្សនេះអះអាង​ថា ស្នាមមេដៃដែល​ខ្លួន​បាន​ដាក់​ជូន​ទៅ​ក្រសួង​មហា​ផ្ទៃ មាន​ចំនួន​តែ៤ ៦១៨​នាក់ មិន​មែន​ចំនួន៤ ៧៨១​នា​ក់ ដូចការអះអាងរបស់ក្រសួងមហាផ្ទៃនោះទេ។ មួ​យវិញទៀត គណបក្សនេះថា ការរកឃើញភាពមិនប្រ​ក្រតីនៃស្នាមមេដៃ គួរតែក្រសួងណែ​នាំ​ពីកំហុសឆ្គង ដើម្បីកែសម្រួលទៅ​តាម​លក្ខន្តិកៈ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ