លោក ទៀ បាញ់ និងលោកស្រី ម៉ែន សំអន ក្លាយ​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា

លោក ទៀ បាញ់ និងលោកស្រី ម៉ែន សំអន។

អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា បាន​បោះឆ្នោត​ជ្រើសតាំងលោក ទៀ បាញ់ និង​លោក​ស្រី ម៉ែន សំអន ជា​អ​នុប្រធាន​គណបក្ស។

ការជ្រើសតាំង​មន្ត្រីទាំងពីររូបនេះបានធ្វើឡើងនៅក្នុងអង្គសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។

យោងតាមគេហទំព័រគណបក្សប្រជាជនកម្ពុជា បានឱ្យ​ដឹងថា លោក ទៀ បាញ់ និង​លោកស្រី ម៉ែន សំអន ដែល​ជា​សមាជិកអចិន្រ្តៃយ៍​នៃគណបក្សប្រជាជនកម្ពុជា និងមានតំណែងជាឧបនាយក​រដ្ឋមន្រ្តីក្នុងជួរ​រដ្ឋាភិបាល​ ត្រូវ​បាន​អង្គ​សន្និបាតបក្ស​បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។

រហូតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជាមាន​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​​ប្រធាន​គណបក្ស, លោក ហេង សំរិន ប្រធានកិត្តិយស និង​អនុ​​ប្រធាន​​ចំនួន៤រូប ក្នុង​នោះ​មានលោក សាយ ឈុំ ប្រធានព្រឹទ្ធ​សភា, លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, លោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកស្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

គណបក្សប្រជាជនកម្ពុជា ជាគណបក្សធំជាងគេនៅកម្ពុជា ដែលបានកាន់អំណាច៦អាណត្តិ​មកនេះ មាន​សមាជិកគណៈកម្មាធិការកណ្ដាលចំនួន៨៣៧នាក់ ក្នុងនោះមានសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ចំនួន៣៧នាក់ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ