អតីត​សមាជិក​បក្សប្រឆាំង​ម្នាក់​នៅ​ខេត្ត​ត្បូងឃ្មុំ​ត្រូវ​បាន​ដោះលែង ក្រោយ​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ

ទិដ្ឋភាពនៅពីមុខសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អតីតសមាជិកគណបក្សប្រឆាំងនៅខេត្តត្បូងឃ្មុំ លោក អ៊ុំ យ៉េត ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពវិញ នៅល្ងាចថ្ងៃទី២៨ ខែធ្នូនេះ ខណៈមន្ត្រីសិទ្ធិមនុស្សបានស្វាគមន៍ ប៉ុន្តែសោកស្ដាយចំពោះការជាប់ពន្ធនាគាររយៈពេលមួយឆ្នាំមកនេះ។

លោក អ៊ុំ យ៉េត សមាជិកប្រតិបត្តិអតីតគណបក្សសង្គ្រោះជាតិក្រុងសួង ខេត្តត្បូងឃ្មុំ ត្រូវបានដោះលែងចេញពីពន្ធនាគារនៅវេលាម៉ោង៣និង៤០នាទី ថ្ងៃទី២៨ ខែធ្នូនេះ បន្ទាប់ពីលោកបានអនុវត្តទោសជាប់ពន្ធនាគារអស់រយៈពេលមួយឆ្នាំ។ លោកត្រូវបានអាជ្ញាធរខេត្តនេះចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធនឹង «ការជួបជុំគ្នាហូបនំបញ្ចុក» ត្រៀមទទួលដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។

លោក អ៊ុំ យ៉េត បានប្រាប់ វីអូឌី ក្រោយការដោះលែងបន្តិចថា លោករីករាយដែលបានវិលត្រលប់មកជួបជុំក្រុមគ្រួសារឡើងវិញ។ ក៏ប៉ុន្តែលោកសោកស្ដាយដែលត្រូវបានជាប់ពន្ធនាគារដោយអយុត្តិធម៌អស់រយៈពេលមួយឆ្នាំកន្លងទៅនេះ។ លោកនៅតែចាត់ទុកថា លោកមិនមានកំហុសនោះទេ។

លោក អ៊ុំ យ៉េត បន្ថែមថា៖ «អារម្មណ៍របស់ខ្ញុំគ្រាន់តែថាមិនអស់ចិត្ត ត្រង់ថាយើងអត់មានកំហុស ហើយគេដាក់ទោស យើងកំពុងតែមិនអស់ចិត្តហ្នឹង។ ពីរថ្ងៃហើយ ដេកអត់លក់ទេ តើយើងមានកំហុសអ្វីបានជាគេយកយើងមកដាក់គុកហ្នឹង?»

លោក អ៊ុំ យ៉េត និង​សមាជិក​បក្ស​ប្រឆាំង ព្រម​ទាំង​សកម្មជន​ដីធ្លី សរុប​ចំនួន​១៤​នាក់​ នៅ​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​សាលា​​​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំតម្កល់​សាលក្រម​សាលា​ដំបូង ​ដោយ​កាត់​ទោស​ឱ្យជាប់​ពន្ធនាគារ​ចាប់​ពី​១ឆ្នាំដល់៧ឆ្នាំ ក្នុង​បទ​​ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»។ ក្រៅពីលោក អ៊ុំ យ៉េត នៅមានសមាជិកអតីតគណបក្សប្រឆាំងខេត្តត្បូងឃ្មុំចំនួន៣នាក់ទៀតដែលនឹងត្រូវដោះលែងជាបន្តបន្ទាប់ចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ ដោយក្នុងនោះរួមមាន លោក ម៉ក់ សំអាន លោក​ ព្រៅ ចាន់ធឿន និង​អ្នកស្រី ខន ទន​ ជាដើម។

នាយក​រង​អង្គការឃ្លាំ​មើលសិទ្ធិមនុស្សលីកាដូ ​លោក អំ សំអាត បានស្វាគមន៍ចំពោះការដោះលែងសមាជិកអតីតគណបក្សប្រឆាំងនៅខេត្តត្បូងឃ្មុំ លោក អ៊ុំ យ៉េត។ ក៏ប៉ុន្តែលោកសោកស្ដាយចំពោះការកាត់ទោសលោក អ៊ុំ យ៉េត និងសមាជិកអតីតគណបក្សប្រឆាំងផ្សេងទៀតឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំកន្លងទៅនេះ ដោយសារករណីនេះត្រូវបានគេចាត់ទុកថា គឺជារឿងនយោបាយ។ លោក អំ សំអាត បានអំពាវនាវឱ្យអាជ្ញាធរកម្ពុជាបន្តដោះលែង​អតីតអ្នកនយោបាយបក្សប្រឆាំងនិងសកម្មជនដីធ្លីឱ្យមានសេរីភាពវិញ ដើម្បីស្ដារសិទ្ធិមនុស្សនៅកម្ពុជា​។

លោក អំ សំអាត ថ្លែងថា៖ «បាទ! ទី១ យើងអបអរចំពោះគាត់ដែលបានមានសេរីភាពជួបជុំគ្រួសារឡើងវិញ តែយ៉ាងណាក៏ដោយ យើងយល់ថា គាត់ត្រូវបានចាប់ខ្លួ និងចោទប្រកាន់ ហើយនិងដាក់ទោសគាត់ឱ្យជាប់ពន្ធនាគាររួចទៅហើយ។ អ៊ីចឹងបើយើងមើលទៅ សេរីភាពនៅក្នុងការចូលរួមក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញមាត្រា៣៥ ដែលនិយាយអំពីពលរដ្ឋគ្រប់រូបមានភាពយ៉ាងសកម្មក្នុងការចូលរួមជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ គឺវាអាចមានការប៉ះពាល់ដល់ការអនុវត្តសិទ្ធិរបស់គាត់កន្លងមក»។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ដោយអំពាវនាវឱ្យអាជ្ញាធរកម្ពុជាដោះលែងអ្នកទោសនយោបាយប្រមាណ​៦០នាក់ទៀតដែលកំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសកម្ពុជា។

ការអំពាវនាវនោះធ្វើឡើងបន្ទាប់ពីអាជ្ញាធរកម្ពុជាបានដោះលែងសកម្មជនសង្គម នយោបាយ មេដឹកនាំសហជីព និងយុវជនបរិស្ថាន ​ជិត៣០នាក់ រួមទាំងលោក រ៉ុង ឈុន នៅមុនពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ កាលពីចុងខែវិច្ឆិកា កន្លងទៅ និងស្របពេលដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ