អត្ថបទ​ទស្សនៈ៖ សារៈសំខាន់​នៃ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​របប​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

នយោបាយក្នុងកម្រិតខ្ពស់ ជាសកម្មភាពស៊ីវិល័យដែលនាំមកនូវសន្តិភាព វិបុលភាព សុខុមាលភាពសង្គមសេដ្ឋកិច្ច ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងអភិបាលកិច្ចប្រជាធិបតេយ្យ។ ក្នុងន័យនេះ នយោបាយក្នុងសង្គមប្រជាធិបតេយ្យ មិនអាចខ្វះបាននូវគណបក្សនយោបាយដែលមានគុណភាពក្នុងការប្រកួតប្រជែងក្នុងទីលានអំណាចនយោបាយបែបប្រជាធិបតេយ្យនោះទេ។

អត្ថបទនេះបកស្រាយពីសារៈសំខាន់​នៃ «គណបក្សប្រឆាំង» នៅក្នុងរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។

នៅក្នុងការសិក្សាវិទ្យាសាស្ត្រនយោបាយ មុខងារនៃនយោបាយគណបក្សដែលប្រកួតប្រជែងនៅក្នុងដំណើរការប្រជាធិបតេយ្យ បានក្លាយជាប្រធានបទនៃការជជែកដេញដោលយ៉ាងរស់រវើក។ យោងតាមទស្សនទានស្ថាប័ននិយម «គណបក្សនយោបាយ» គឺជាស្ថាប័នស្នូលមួយនៃលទ្ធិប្រជាធិបតេយ្យក្នុងសម័យទំនើប។ ជាការពិត​ នៅក្នុងសង្គមប្រជាធិបតេយ្យ គណបក្សនយោបាយគឺជាសសរស្ដម្ភមួយនៃអភិបាលកិច្ចល្អ នីតិរដ្ឋ ការគោរពសិទ្ធិមនុស្ស។

អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក វីលហេល ហូហ្វមៃស្ទ័រ (Wilhelm Hofmeister) និងលោក ក្រាសស្ទេន ក្រាបូ (Karsten Grabow)​ អះអាងថា បើ​គ្មាន​គណបក្ស​នយោបាយ​ទេ ប្រជាធិបតេយ្យ​បែបតំណាង​ទំនើប​ក៏​មិនអាចកើត​មាន​ដែរ។ ប៉ុន្តែអ្វីដែលគួរលើកយកមកជជែកវែកញែកនោះ គឺតួនាទី​របស់​គណបក្ស​ប្រឆាំង​ក្នុង​ការ​ពង្រីក​លំហ​សម្រាប់​នីតិរដ្ឋ ការគោរព​សិទ្ធិ​មនុស្ស និង​អភិបាលកិច្ច​ល្អ​ក្នុង​ការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។

រដ្ឋធម្មនុញ្ញ​កម្ពុជា ឆ្នាំ១៩៩៣ មាត្រា១ និង ៥១ បានចែងថា​ ព្រះរាជាណាចក្រកម្ពុជា​អនុវត្តរបបនយោបាយ​ប្រជាធិបតេយ្យ​សេរីពហុបក្ស។ នៅក្នុងរបប​ប្រជាធិបតេយ្យ​សេរីពហុបក្ស​បែប​សភា​និយម​ដូច​កម្ពុជា គណបក្សប្រឆាំងសំដៅលើគណបក្សឬសម្ព័ន្ធគណបក្សដែល​មិនមែនជា​គណបក្ស​កាន់អំណាច​ដឹកនាំរដ្ឋាភិបាល ហើយ​មាន​ចំនួនសមាជិកសភាតំណាងរាស្រ្តច្រើនជាងគេបន្ទាប់​ពី​គណបក្សកាន់អំណាច។

គណបក្សប្រឆាំង គឺជាធាតុផ្សំដ៏សំខាន់នៅក្នុងរចនាសម្ព័ន្ធនៃសភា ហើយត្រូវបានគេចាត់ទុកជាធាតុដ៏មានសារៈសំខាន់មិនអាចខ្វះបាន សម្រាប់ធានា​ការងារត្រឹមត្រូវនៃរដ្ឋាភិបាលប្រជាធិបតេយ្យ និងដំណើរការរបស់សភានៅក្នុងប្រព័ន្ធសភានិយម។​ នៅក្នុងប្រទេសដែល​អនុវត្តប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរីពហុបក្ស​បែបសភានិយម ដូចជា ប្រទេសអូស្ត្រាលី អង់គ្លេស និង​កាណាដា ជាដើម គណបក្សប្រឆាំងមាន​តួនាទីចម្បង​ក្នុង​ការត្រួតពិនិត្យ​និងរិះគន់​បែបស្ថាបនាសកម្ម​ភាព​របស់រដ្ឋាភិបាល។

ជាទូទៅ​ គេមើលឃើញថា គណបក្សប្រឆាំងដើរតួនាទីកាន់តែសំខាន់ក្នុងការដាក់ចេញកម្មវិធីនយោបាយឬរបៀបវារៈគោលនយោបាយដែលទាក់ទាញ ធ្វើការអប់រំបណ្ដុះបណ្ដាលប្រជាពលរដ្ឋ និងលើកឡើងពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយចងសម្ព័ន្ធភាពជាមួយប្រព័ន្ធផ្សព្វផ្សាយជាអាំភ្លី (amply) សម្រាប់ប្រកួតប្រជែងជាមួយបក្សកាន់អំណាច ដើម្បីទទួលបាននីត្យានុកូលភាពនយោបាយអំណាចរដ្ឋ។ ប៉ុន្តែពួកគេនៅតែបន្តប្រឈមមុខនឹងបញ្ហាដែលរារាំងដល់ដំណើរការប្រជាធិបតេយ្យ។ 

ឧបសគ្គចម្បងមួយ គឺវប្បធម៌នៃការមិនទុកចិត្តគ្នារវាងគូបដិបក្ខនៅក្នុងគណបក្សនយោបាយខ្មែរ។ វប្បធម៌នយោបាយមិនទុកចិត្តគ្នាចាក់ឫសដ៏ជ្រៅក្នុងសង្គមខ្មែរ ដែលនាំដល់ការប្រកួតប្រជែងនយោបាយអំណាចដ៏ស្រួចស្រាវ ស៊ីសាច់ហុតឈាម វាយប្រហារបុគ្គល ជាជាងទិតៀនឬប្រកួតប្រជែងគំនិតដោយផ្អែកលើគោលនយោបាយឬកម្មវិធីនយោបាយ។ បញ្ហាប្រឈមចម្បងមួយទៀតរបស់គណបក្សនយោបាយ គឺកង្វះខាតប្រជាធិបតេយ្យផ្ទៃក្នុងបក្ស ដែលចរិតដោយវប្បធម៌នយោបាយបុគ្គលនិយម និងការបង្កើតក្រុមបក្ខពួករបស់ក្រុមបិតាស្ថាបនិក។

នៅក្នុងសង្គមប្រជាធិបតេយ្យ គណបក្សប្រឆាំង មានតួនាទីសំខាន់ក្នុងការរិះគន់គោលនយោបាយរដ្ឋាភិបាល តស៊ូមតិ គំនិត និងផ្ដល់នូវជម្រើស ព្រមទាំងដំណោះស្រាយផ្សេងដែលខ្លួនគិតថាល្អជាងកម្មវិធីនិងដំណោះស្រាយរបស់បក្សកាន់អំណាច។ ដំណើរការប្រជាធិបតេយ្យបែបនេះមិនអាចកើតឡើងបានទេ បើគណបក្សនយោបាយគ្មានវប្បធម៌នយោបាយប្រជាធិបតេយ្យ ដូចទស្សនៈរបស់នយោបាយវិទូអាមេរិក លោក រ៉ូប៊ើត ដាលហ៍ (Robert Dalh) ដែលបានលើកឡើងថា សង្គមប្រជាធិបតេយ្យប្រកាប់ខ្ជាប់នូវគុណតម្លៃអហិង្សា សហប្រតិបត្តិការ និងការសម្របសម្រួល។

ជាការពិត នយោបាយនិយាយអំពីជម្លោះនិងដំណោះស្រាយជម្លោះ ពោលគឺការប្រកួតប្រជែងនិងការសម្របសម្រួលដែលជាសញ្ញាណនៃប្រជាធិបតេយ្យ​មានសុខភាពល្អ (healthy democracy)។ បន្ថែមពីលើនេះទៅទៀត ការធ្វើប្រជាធិបតេយ្យ ​ជាការធ្វើរួមគ្នា ពោលគឺការប្រកួតប្រជែងនិងការសម្របសម្រួលនយោបាយរវាងបក្សនយោបាយកាន់អំណាចនិងបក្សប្រឆាំង។ ជារឿងធម្មតា នៅក្នុងសង្គមប្រជាធិបតេយ្យ តោងប្រកាន់យកការអត់ឱន ការយោគយល់អធ្យាស្រ័យ និងការសម្របសម្រួលនយោបាយ។

នៅកម្ពុជា កង្វះខាតការយល់ដឹងបែបនេះក្នុងចំណោមមហាជន សកម្មជន និងអ្នកនយោបាយ ជាផលបច្ច័យនាំមកនូវការបែកបាក់ក្នុងសង្គមជាតិ ការចងកំហឹង និងគំនុំបុគ្គល ដូចដែលមហាត្មះ គន្ធី បានលើកឡើងថា កង្វះការអត់ឱន គឺជាទម្រង់នៃអំពើហិង្សា ហើយវាជាឧបសគ្គនៃការរីកធំធាត់នៃស្មារតីប្រជាធិបតេយ្យពិតប្រាកដ៕

រៀបរៀងដោយលោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា
សូមបញ្ជាក់ថា រាល់ខ្លឹមសារអត្ថបទទាំងស្រុងមិនឆ្លុះបញ្ចាំងពីគោលជំហរឬទស្សនរបស់វីអូឌីឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ