លោក​នាយក​រដ្ឋមន្ត្រី​ឱ្យ​អគ្គិសនី​កម្ពុជា​ពិនិត្យ​លទ្ធភាព​លុប​បំណុល​ក្រសួង​ការពារជាតិ​ជំពាក់​ជាង​២លាន​ដុល្លារ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅខេត្តកំពង់ចាម ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ស្នើអគ្គិសនីកម្ពុជាឱ្យពិនិត្យលទ្ធភាពលុបបំណុលដែលក្រសួងការពារជាតិជំពាក់ថ្លៃប្រើប្រាស់អគ្គិសនីជាង២លានដុល្លារ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលនិងសាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មីនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ លោក ហ៊ុន សែន ថ្លែងថា អគ្គិសនីកម្ពុជាអាចមានលទ្ធភាពលុបចោលបំណុលជាង៩ពាន់លានរៀល ស្មើនឹងជាង២លានដុល្លារសហរដ្ឋអាមេរិក ដែលក្រសួងការពារជាតិជំពាក់ទាំងស្រុងបានឬយ៉ាងណា។​ លើសពីនេះ លោកថា បើសិនមិនអាចលុបទាំងស្រុងនោះ លោកថា អគ្គិសនីកម្ពុជាក៏អាចជួយលុបពាក់កណ្ដាល ឬ៧០ភាគរយ ផងដែរ។

លោកថា៖ «តើអគ្គិសនីកម្ពុជាអាចបំពេញនិងលុបបំណុលបានប៉ុន្មាន? ហើយក្រៅពីហ្នឹង ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ អាចចេញប៉ុន្មាន? មានន័យថា​អាចចែកគ្នាចេញ ម្ខាងក្រុមហ៊ុនអគ្គិសនីកម្ពុជាដែលជាម្ចាស់បំណុល ហើយយើងជាកូនបំណុលអគ្គិសនីកម្ពុជា។ តើអគ្គិសនីកម្ពុជាមានលទ្ធភាពលុបបំណុលជាង៩ពាន់លានរៀល ស្មើនឹងជាង២លានដុល្លារនេះទាំងស្រុង ឬក៏អាចជួយលុបពាក់កណ្ដាល ឬ៧០ភាគរយ? ហើយក្រៅពីនោះ បំពេញដោយក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ»។

ការប្រកាសឱ្យអគ្គិសនីកម្ពុជាពិនិត្យលុបបំណុលនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ដ្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានស្នើទៅកាន់លោក ហ៊ុន សែន ឱ្យលុបបំណុលថ្លៃអគ្គិសនីដែលក្រសួងនេះ បានជំពាក់ចំនួន៩ពាន់លានរៀល ស្មើនឹងជាង២លានដុល្លារ។ ការស្នើរបស់លោក ទៀ បាញ់ ក្រោមហេតុផលថា ការប្រើប្រាស់អគ្គិសនីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែក្រសួងមានតម្រូវការច្រើន ស្របទៅតាមការអភិវឌ្ឍនិងទំនើបកម្មរបស់កងកម្លាំងយោធា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ