តុលាការ​កំពូល​សាលាក្ដី​ខ្មែរក្រហម​​បដិសេធ​សំណើ​បញ្ជូន​រឿង​លោក យឹម ទិត្យ ទៅ​ជំនុំជម្រះ

លោក យឹម ទិត្យ មន្ត្រីជាន់ខ្ពស់មួយរូបនៅក្នុងសម័យខ្មែរក្រហម។ (ECCC)

អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបដិសេធសំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិក្នុងការបញ្ជូនសំណុំរឿង០០៤ ដែលមានជនជាប់ចោទ លោក យឹម ទិត្យ ទៅជំនុំជម្រះ ក្រោមមូលហេតុគ្មានដីកាបញ្ជូនរឿងទៅជំនុំជម្រះដែលអាចអនុវត្តបាន។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាក្ដីខ្មែរក្រហមនៅថ្ងៃទី២៨ ខែធ្នូ បានឱ្យដឹងថា សេចក្ដីសម្រេចនេះ គឺទទួលបានសំឡេងគាំទ្រជាឯកច្ឆន្ទ ដោយបានបដិសេធការយល់ឃើញរបស់សហព្រះរាជអាជ្ញាអន្តរជាតិ ដែលថា សំណុំរឿង០០៤ គួរត្រូវបញ្ជូនទៅជំនុំជម្រះ ដោយកត់សម្គាល់ថា សហចៅក្រមស៊ើបអង្កេត និងអង្គបុរេជំនុំជម្រះ មិនបានចេញដីកាបញ្ជូនរឿងទៅជំនុំជម្រះប្រឆាំងនឹងលោក យឹម ទិត្យ អនុលោមតាមវិធាន ៧៩ (១) នៃវិធានផ្ទៃក្នុង។

ប្រភពដដែលបានបញ្ជាក់ថា អង្គបុរេជំនុំជម្រះបានបញ្ចប់សំណុំរឿង០០៤ នៅពេលអង្គជំនុំជម្រះនេះបានចេញសេចក្ដីពិចារណារបស់ខ្លួន និងបានបញ្ជាក់បំភ្លឺថា សំណុំរឿង០០៤ ត្រូវបានបញ្ចប់ដោយសារគ្មានដីកាបញ្ជូនរឿងទៅជំនុំជម្រះស្ថាពរ និងដែលអាចអនុវត្តបាន។

នៅក្នុងយោបល់ទំទាស់ដោយឡែករបស់ខ្លួន លោកស្រីចៅក្រម Maureen Harding Clark បានសន្និដ្ឋានថា «សេចក្ដីសម្រេចរបស់អង្គបុរេជំនុំជម្រះពុំមានសុពលភាព និងគួរត្រូវបានច្រានចោលដោយសារវាពុំមានសនិទានភាព» ហើយគួរបញ្ចប់កិច្ចដំណើរការនីតិវិធីប្រឆាំងនឹងលោក យឹម ទិត្យ។

អតីតតំបន់១៣ នៃភូមិភាគនិរតី លោក យឹម ទិត្យ កើតនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៣៦ នៅស្រុកត្រាំកក់ ខេត្តតាកែវ។ លោកគឺជាសមាជិកស្រុក​គិរីវង់ ជាលេខា​ និង​អនុលេខាស្រុក​គិរីវង់ និងជាសមាជិក​គណៈ​កម្មាធិការ​តំបន់​១៣។

កាលពីថ្ងៃទី១៧ ខែធ្នូ តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម ក៏បានបដិសេធសំណើសុំរបស់សហព្រះរាជអាជ្ញាអន្តរជាតិក្នុងការបញ្ជូនសំណុំរឿង០០៣ របស់លោក មាស មុត អតីតកម្មាភិបាលខ្មែរក្រហមជាន់ខ្ពស់ទៅជំនុំជម្រះផងដែរ ដោយមូលហេតុគ្មានដីកាបញ្ជូនរឿងទៅជំនុំជម្រះដែលអាចអនុវត្តបាន។

សេចក្ដីសម្រេចរបស់តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម គឺជាសេចក្ដីសម្រេចបិទផ្លូវតវ៉ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ