អ្នកភូមិ​មាន​វិវាទ​ដីធ្លី​ប្រមូលផ្ដុំ​មុខ​សាលាដំបូង​ខេត្តឧត្ដរមានជ័យ ខណៈ​តំណាង​៥នាក់​ចូល​បំភ្លឺ

អាជ្ញាធរចុះសម្របសម្រួលប្រឈមមុខដាក់គ្នារវាងតំណាងក្រុមហ៊ុននិងពលរដ្ឋដែលអះអាងជាម្ចាស់ដីនៅទីតាំងមួយកន្លែងក្នុងស្រុកសំរោង ខេត្តឧត្ដរមានជ័យ កាលពីដើមខែឧសភា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

ពលរដ្ឋមានជម្លោះដីធ្លី អះអាងថា អ្នកភូមិជាង៣០នាក់ នៅសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្តនៅព្រឹកថ្ងៃពុធនេះ ខណៈ​តុលាការ​​​បានកោះ​ហៅ​តំណាង​​ពលរដ្ឋ៥នាក់ឱ្យចូលបំភ្លឺ។

កាលពីថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២១ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តឧត្ដរមានជ័យ លោក យិន វិសិដ្ឋ បានចេញដីកាលើកទី៣ បង្គាប់ឱ្យតំណាងពលរដ្ឋមួយក្រុ​ម​មាន​គ្នា១០នាក់ រស់នៅសង្កាត់កូនក្រៀល ចូល​ទៅបំភ្លឺ​​នៅតុលាការ នៅថ្ងៃ​ទី​២៨ និងទី២៩ ខែ​ធ្នូនេះ ដើម្បីសាក​សួរ​ពី​ដំណើរ​រឿង «កាប់​រាន​ដី​ព្រៃ ឈូសឆាយ​ដី​ព្រៃ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃគ្មានលិខិតអនុញ្ញាត» ដែលប្រព្រឹត្ត​កាលពីដើម​ឆ្នាំ២​០២១ ស្ថិត​នៅ​ភូមិ​តាម៉ាន សង្កាត់​កូនក្រៀល។

លោក ឃ្លិប ឡុញ ដែលបានចូលរួមប្រមូលផ្ដុំគ្នានិងគាំទ្រតំណាងរបស់ខ្លួន ប្រាប់ វីអូឌី ថាកាលពីម្សិលមិញ​ តុលាការបានសាកសួរលើតំណាងពលរដ្ឋ៥នាក់ ហើយនៅថ្ងៃពុធនេះ តុលាការបន្តសាកសួរលើតំណាង៥នាក់ទៀត។ លោកឱ្យដឹងថា ក្រោយសាកសួរលើតំណាង៥នាក់កាលពីម្សិលមិញនោះ តុលាការបានសម្រេចឱ្យមកផ្ទះវិញដោយមិនមានការឃុំខ្លួននោះទេ។

ពលរដ្ឋរូបនេះនិយាយថា អ្នកភូមិនាំគ្នាមកគាំទ្រតំណាង ដោយសារពួកគាត់យល់ឃើញថា តំណាងពលរដ្ឋទាំង១០នាក់នោះពុំមានកំហុសដូចការចោទប្រកាន់ឡើយ។ លោកបន្តថា ដីធ្លីដែលពួកគាត់កំពុងរស់នៅនិងអាស្រ័យផលនោះ គឺពួកគាត់បានចូលទៅកាន់កាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន។ ហើយអ្នកភូមិបានរងបណ្ដឹងថា បានឈូសឆាយដីព្រៃនិងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃគ្មានលិខិតអនុញ្ញាត ដើមឆ្នាំ២០២១នេះ ក្រោយពីក្រុមហ៊ុនមួយឈ្មោះ សាន ហ៊ាង ចូលមកវិនិយោគនៅតំបន់នោះ។

កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុន «សាន ហ៊ាង (កម្ពុជា) អាហរ័ណ នីហរ័ណ ឯ.ក» ធ្វើការឈូសឆាយ និងប្រមូលផលអនុផលព្រៃឈើក្នុងអនុតំបន់២ និងឈូសឆាយផ្ទៃដីទំហំ១ ៥០០ហិកតា ស្ថិតក្នុងស្រុកសំរោង ខេត្តឧត្ដរមានជ័យ។

ប៉ុន្តែគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន សាន ហ៊ាង នេះត្រូវបានសង្គមស៊ីវិលប៉ាន់ប្រមាណថា បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន​២​ស្រុកនៃខេត្តឧត្ដរមានជ័យ ហើយមាន​ប្រជាពលរដ្ឋ​ខ្ទង់​ពាន់​គ្រួសារ ដែល​បានរងផលប៉ះពាល់ពីគម្រោងមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ