បទយកការណ៍​៖ យុវជន​១ក្រុម​រើស​សំរាម​នៅ​ត្រើយម្ខាង​នៃ​ទន្លេ​រាល់​សប្ដាហ៍ ដើម្បី​បញ្ជ្រាប​ការ​យល់ដឹង​របស់​ពលរដ្ឋ

សកម្មភាពរើសសំរាមរបស់ក្រុម «យុវជនសំរាម» តាមបណ្ដោយច្រាំងមាត់ទន្លេត្រើយខាងកើត ឆ្នាំ២០២១។ (យុវជនសំរាម)

ជារៀងរាល់ថ្ងៃអាទិត្យ យុវជនមួយក្រុមមានគ្នាជិត២០នាក់ ដោយមានទាំងកាន់បាវ ដង្កៀបចាប់សំរាម និងមានពាក់ស្រោមដៃផងនោះ តែងតែមកជុំគ្នាដើរប្រមូលសំរាមដែលចោលរាយប៉ាយនៅតាមបណ្ដោយច្រាំងទន្លេមេគង្គត្រើយខាងកើត ទល់មុខព្រះបរមរាជវាំង នៅក្បែរសណ្ឋាគារសុខា ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ចាប់ពីចំណុចគល់ស្ពានជ្រោយចង្វារ រហូតដល់សណ្ឋាគារសុខា ដែលមានប្រវែងជិត២គីឡូម៉ែត្រ មនុស្សម្នាជាច្រើនតែងតែមកលំហែ មានខ្លះដើរ និងអង្គុយជាក្រុម ជារៀងរាល់ល្ងាច ដោយសារតែទីនោះមានបរិយាកាសល្អ អមដោយទឹកទន្លេ និងកន្លែងលក់អាហារច្រើនប្រភេទតម្រៀបជួរគ្នានៅតាមបណ្ដោយច្រាំងទន្លេនេះ។

អ្នកមកកម្សាន្តភាគច្រើនជាយុវជន អង្គុយញ៉ាំអាហារជុំគ្នា និងសេពគ្រឿងស្រវឹងផង ប៉ុន្តែពួកគេមួយចំនួនហាក់មិនបានខ្វល់ខ្វាយពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនោះទេ ធ្វើឱ្យមានថង់ប្លាស្ទិក និងសំបកកំប៉ុង កាកសំណល់អាហារ រាយប៉ាយនៅតាមសួនច្បារ និងហើរធ្លាក់ចូលទៅក្នុងច្រាំងទន្លេ។

លោក ​​សាន ដារ៉ាវីត មានវ័យ៣០ឆ្នាំ ជាអ្នកកៀរគរយុវជនឱ្យមករើសសំរាមរាល់សប្ដាហ៍នៅតំបន់នោះ ឱ្យដឹងថា សកម្មភាពនេះមានរយៈពេលជាង២ខែមកហើយ ដោយលោកបានប្រមូលយុវជន តាមរយៈការផ្សព្វផ្សាយនៅលើបណ្ដាញទំនាក់ទំនងសង្គម។

សកម្មភាពរើសសំរាមរបស់ក្រុម «យុវជនសំរាម» តាមបណ្ដោយច្រាំងមាត់ទន្លេត្រើយខាងកើត ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។
សកម្មភាពរើសសំរាមរបស់ក្រុម «យុវជនសំរាម» តាមបណ្ដោយច្រាំងមាត់ទន្លេត្រើយខាងកើត ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។ (យុវជនសំរាម)

លោកបន្តថា ការកៀរគរនោះ ដើម្បីឱ្យពួកគេអាចចូលរួមសម្អាតបរិស្ថានជារៀងរាល់ចុងសប្ដាហ៍ ពោលគឺចំថ្ងៃអាទិត្យដែលជាថ្ងៃទំនេរពីការងារនិងការសិក្សា។ លោកថា ក្នុងមួយសប្ដាហ៍មានយុវជនចន្លោះពី១៥ទៅ២០នាក់បានមកចួលរួមការងារស្ម័គ្រចិត្តមួយនេះ។

ការជ្រើសរើសយកច្រាំងទន្លេមេគង្គត្រើយខាងកើត ដើម្បីសម្អាតជារៀងរាល់សប្ដាហ៍នោះ ដោយសារយុវជនរូបនេះយល់ឃើញថា តំបន់នេះមានមនុស្សតែងតែមកក្រាលកន្ទេលអង្គុយលេងនិងបរិភោគអាហារជុំគ្នាច្រើន ហើយបន្សល់ទុកសំរាមក៏ច្រើន​ដែរ។

លោក ​សាន ដារ៉ាវីត និយាយថា៖ «ខ្ញុំឃើញមានឥរិយាបថមួយចំនួន អ្នកខ្លះគាត់ក្រាលកន្ទេល គាត់អង្គុយលេង ហើយគាត់រលាស់តែកន្ទេល គាត់ដើរចេញ។ អ្នកខ្លះទៀតគាត់យកកំប៉ុងជ័រអីហ្នឹង គាត់អង្គុយកន្លែងច្រាំងទន្លេជ្រាលទៅក្រោមហ្នឹង! ពេលគាត់ទៅ គាត់ទុក[សំរាម]ចោល គាត់បោះចោលទៅខាងក្រោមក៏មាន។ យើងចង់កែឥរិយាបថកន្លែងហ្នឹង បានយើងចាប់ផ្ដើមធ្វើកន្លែងហ្នឹង»

លោកបង្ហាញក្ដីបារម្ភថា ទឹកទន្លេមេគង្គនឹងរងផលប៉ះពាល់ពីកាកសំណល់ប្លាស្ទិកដែលនឹងហើរពីលើសួនធ្លាក់ចូលទៅក្នុងទឹក។

លោកថា៖ «កន្លែងនេះ ទឹកវាឡើងចុះ ដល់ពេលវាឡើងអត់ទាន់ ឃើញ[សំរាម]ទេ? វានៅលឹមៗ ដល់ពេល[ទឹកស្រក]ចុះវិញ បានឃើញសំរាមអណ្ដែតឡើងពេញ បានដឹងថាសំរាមឡើងពេញច្រាំង»។

បើតាមលោក សាន ដារ៉ាវីត បានប្រាប់ថា ក្នុងមួយសប្ដាហ៍ លោកបានចំណាយថវិកា ប្រមាណ១០០ដុល្លារ ដើម្បីទិញសម្ភារផ្សេងៗដូចជា បាវ ស្រោមដៃ ដង្កៀបទុកចាប់សំរាម និងការហូបចុកផ្សេងៗ។ លោកបញ្ជាក់ថា ថវិកាទាំងនោះគឺទទួលមកពីសប្បុរសជននានា ប៉ុន្តែថវិកា​នោះមិនទាន់អាចធានាការទ្រទ្រង់សកម្មភាពស្ម័គ្រចិត្តនេះបាន​នោះទេ។

នៅពេលដើរប្រមូលសំរាម ក្រុមយុវជនទាំងនោះក៏បាននិយាយទៅកាន់អ្នកដែលមកអង្គុយលេងកម្សាន្ត និងអ្នកលក់ដូរនៅតំបន់ច្រាំងទន្លេត្រើយខាងកើតនេះនូវសារខ្លីៗដោយឱ្យចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

និស្សិតផ្នែកវេជ្ជសាស្រ្ត នៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ យុវជន សាវឿន គឹមចាន់ថារ៉ូ បានប្រាប់ថា លោកបានចូលរួមរើសសំរាមនេះរយៈពេល២ដងមកហើយ បន្ទាប់ពីលោកបានឃើញសកម្មភាពក្រុម «យុវជនសំរាម» បានផ្សព្វផ្សាយលើបណ្ដាញ​សង្គមហ្វេសប៊ុក។ ​​លោកចង់ចូលរួមការងារសង្គមនៅពេលទំនេរពីការសិក្សា តាមរយៈយុទ្ធនាការសម្អាតបរិស្ថានមួយនេះ។

យុវជនវ័យ២៥ឆ្នាំរូបនេះបន្តថា៖ «យើងបានសួរយោបល់អ្នកលក់ទាក់ទងការចោលសំរាម។ អ្នកនៅអង្គុយញ៉ាំអី យើងប្រាប់គាត់ យើងពន្យល់គាត់ ហើយនិយាយប្រាប់គាត់ […] ប្រសិនជាគាត់មានសំរាម យើងអាចសួរគាត់ “បង! បងឯងអាចចោលសំរាមនៅក្នុងនេះ [ធុងសំរាម] បានអត់? បងឯងមានសំរាមផ្ញើខ្ញុំអត់? ហើយបងអាចទុកដាក់សំរាម ហើយយកទៅចោលបានអត់?”»។

របាយការណ៍របស់ក្រសួងបរិស្ថានបានបង្ហាញថា កម្ពុជា​មានសំរាមជាង១ម៉ឺនតោនក្នុងមួយថ្ងៃៗ ដោយក្នុងរាជធានីភ្នំពេញមានសំរាមជិត៣ពាន់តោន។ ចំណែកការប្រើប្រាស់ប្លាស្ទិកមានជាង១០លានថង់ក្នុងមួយថ្ងៃៗ ហើយបរិមាណសំរាមនៅទូទាំងប្រទេសវិញមានជិត៤លានតោនក្នុងមួយឆ្នាំ។​

សកម្មភាពរើសសំរាមរបស់ក្រុម «យុវជនសំរាម» តាមបណ្ដោយច្រាំងមាត់ទន្លេត្រើយខាងកើត ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។
សកម្មភាពរើសសំរាមរបស់ក្រុម «យុវជនសំរាម» តាមបណ្ដោយច្រាំងមាត់ទន្លេត្រើយខាងកើត ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។ (យុវជនសំរាម)

រដ្ឋាភិបាលកម្ពុជាកាលពីដើម​ឆ្នាំ២០២១ បានបញ្ចូលបញ្ហាបរិស្ថានក្នុងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព» ដើម្បីគ្រប់គ្រងសំរាម ក្នុងគោលបំណងថែរក្សាអនាម័យ បរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋ។ តាមរយៈគោលនយោបាយថ្មីនេះ រដ្ឋាភិបាលកម្ពុជាសង្ឃឹមថា នឹងជំរុញឱ្យមានការដោះស្រាយបញ្ហាកាកសំណល់គ្រប់ប្រភេទនៅទូទាំងប្រទេស។

សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ក៏បានចេញសេចក្ដីជូនដំណឹងមួយប្រាប់ដល់ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ ត្រូវរៀបចំវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងបែងចែងទៅតាមប្រភេទរបស់វា។

ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា សំរាមប្រភេទសើមដូចជា សំណល់ម្ហូបអាហារ សំណល់សរីរាង្គផ្លែឈើ ផ្កា ជាដើម ត្រូវដាក់នៅក្នុងថង់ពណ៌ខ្មៅ។ ចំណែកសំរាមស្ងួតដូចជា ក្រដាស ឡាំង គ្រឿងដែក កំប៉ុង និងដប ជាដើម ត្រូវដាក់នៅក្នុថង់ពណ៌ស។ 

ដោយឡែក កាកសំណល់ដែលបង្កគ្រោះថ្នាក់ ដូចជា របស់មុតស្រួច អំបែងកញ្ចក់ផ្សេងៗ ត្រូវវេចខ្ចប់ដាក់ដោយឡែក ហើយតម្រូវឱ្យម្ចាស់អាជីវកម្មនានានិងស្ថាប័នរដ្ឋត្រូវមានធុងសំរាមរៀងៗខ្លួន។

ប្រសិនបើពលរដ្ឋមិនបានបែងចែកសំរាមឱ្យបានត្រឹមត្រូវនោះទេ នឹងត្រូវរងការផាកពិន័យទៅតាមច្បាប់និងរងនូវវិធានការរដ្ឋបាល។

កំពុងឈរក្បែររទេះលក់ភេសជ្ជៈរបស់ខ្លួន អ្នកស្រី ថោង សុខន ដែលបានប្រកបរបរនេះនៅតាមច្រាំងទន្លេមេគង្គរយៈពេល៤ឆ្នាំមកហើយនោះ បានលើកឡើងថា អ្នកស្រីតែងតែវេចខ្ចប់សំរាមដាក់ក្នុងថង់រួចបោះចោលក្នុងធុងសំរាមដែលអាជ្ញាធរបានរៀបចំនៅតំបន់ដែលអ្នកស្រីលក់ដូរ។

ស្ត្រីវ័យ៤៨ឆ្នាំរូបនេះសង្កេតឃើញថា នៅពេល​ក្រុមយុវជនបានមកប្រមូលផ្ដុំគ្នារើសសំរាមនៅទីនេះ ធ្វើឱ្យមានការផ្លាស់ប្ដូរឥរិយាបថពលរដ្ឋច្រើន ដោយថាមិនសូវមានសំរាមច្រើនដូចមុន។

អ្នកស្រី ថោង សុខន និយាយថា៖ «មើលឃើញថាល្អ តាំងពីគាត់រើសសំរាមមក អត់សូវមានសំរាមដូចមុន។ មុន ពង្រាយឡើងណែន»។

ចៅសង្កាត់ជ្រោយចង្វារ លោក ម៉ៅ ប៊ុនថា បង្ហាញការសាទរចំពោះសកម្មភាពក្រុមយុវជនដែលបានចូលរួមស្ម័គ្រចិត្តសម្អាតបរិសា្ថននេះ ដោយថា​ជាផ្នែកមួយនៃការសហការជាមួយអាជ្ញាធរ ដើម្បីជំរុញឱ្យពលរដ្ឋមានការយល់ដឹងពីបញ្ហាថែរក្សាបរិស្ថាន។

លោក ម៉ៅ ប៊ុនថា បន្តថា៖ «ល្អ! កិច្ចការសង្គម យើងដឹងហើយ ការចូលរួមរបស់គាត់នៅក្នុងនេះ ចំសាច់រឿងហើយ។ ឥលូវនេះ យើងចាំបាច់ណាស់ យុវជនយើង ដើម្បីបណ្ដុះមនសិការ។ ការចូលរួមបរិស្ថានសង្គមនេះគឺល្អណាស់ យុវជនគាត់ធ្វើ បានបង្ហាញពីភាពគំរូ។ គាត់បានចូលរួមទៅ គឺយើងបានជោគជ័យច្រើនដែរ»

លោកបន្ថែមថា នាពេលកន្លងមក អាជ្ញាធរបានចុះអប់រំអ្នកភូមិនៅតំបន់របស់លោកស្ទើររៀងរាល់ថ្ងៃ ហើយក្នុងនោះក៏បានចុះអប់រំអ្នកលក់ដូរតាមបណ្ដោយច្រាំងទន្លេត្រើយខាងកើត និងអ្នកមកលេងកម្សាន្តនៅតំបន់នេះផងដែរ ដើម្បីឱ្យពួកគាត់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ លោកថា បើតាមការវាយតម្លៃរបស់អាជ្ញាធរ បន្ទាប់ពីបានផ្សព្វផ្សាយអប់រំពួកគាត់មក គឺមានការចូលរួមនិងយល់ដឹងរបស់ពលរដ្ឋ​ប្រមាណ៤០ទៅ៥០ភាគរយពីការទុកដាក់សំរាម។

លោក ម៉ៅ ប៊ុនថា មានប្រសាសន៍ថា៖ «ទី១ យើងផ្សព្វផ្សាយរាល់ថ្ងៃដោយផ្ទាល់ ប៉ុន្តែបងប្អូនដែលច្រើនមកលក់ហ្នឹងចល័ត ជាការលំបាករបស់យើង។ ភ្នាក់ងារយើងតែ២នាក់ ឥលូវយើងកំពុងតែគិតគូរថា ក្រោយការផ្សព្វផ្សាយហ្នឹង គឺយើងរៀបចំសមត្ថកិច្ច ដើម្បីធ្វើការរៀបចំផាក[ពិន័យ] មានកំណត់ហេតុអ៊ីចឹងទៅ។ ប៉ុន្តែការផ្សព្វផ្សាយជាមួយគាត់ដោយផ្ទាល់ គឺស្ទើរជារៀងរាល់ថ្ងៃ»។

ទោះជាយ៉ាងណាក្ដី សម្រាប់លោក សាន ដារ៉ាវីត យល់ឃើញថា ទម្លាប់នៃការចោលសំរាមពាសវាលពាសកាលរបស់ពលរដ្ឋមួយចំនួននៅមិនទាន់បានផ្លាស់ប្ដូរបាននៅឡើយ ​ធ្វើឱ្យសំរាមនៅតែជាបញ្ហាចោទ ដែល​ទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀត។

លោកថា បេសកកម្មប្រមូលសំរាមនេះនឹងបន្តរហូតដល់មានការផ្លាស់ប្ដូរឈានទៅរកភាពល្អប្រសើរ និងជំរុញឱ្យមានការចូលរួមដោយយកចិត្តទុកដាក់ពីភាគីពាក់ព័ន្ធផងដែរ។

លោកបញ្ជាក់ថា៖ «យើងព្យាយាមជជែកជាមួយអ្នកលក់នៅម្ដុំហ្នឹង ឱ្យគាត់ជួយសហការយើង ព្យាយាមផ្សព្វផ្សាយតាមច្រាំងម្ដងហើយម្ដងទៀត។ យើងសង្ឃឹមថា បើសិនជា៩[សប្ដាហ៍]អត់គ្រប់ យើងធ្វើថែមទៀត យើងធ្វើរហូតដល់មានការផ្លាស់ប្ដូរ និងមានការចូលរួមពីអ្នកដទៃផ្សេងៗ»។

យុវជន​​ សាន ដារ៉ាវីត បានចាប់ផ្ដើមបង្កើតក្រុមយុវជនស្ម័គ្រចិត្តសម្អាតបរិស្ថាន​រយៈពេលជាង៣ឆ្នាំមកហើយ ក្រោមឈ្មោះថា «យុវជនសំរាម» ហើយបានធ្វើយុទ្ធនាការសម្អាតប្រឡាយបឹងត្របែកក្នុងរាជធានីភ្នំពេញ រើសសំរាមនៅតាមតំបន់ឆ្នេរនិងកោះក្នុងខេត្តព្រះសីហនុនិងខេត្តកោះកុងជាដើម។

ក្រៅពីតំបន់ត្រើយខាងកើតនៃទន្លេនៅមុខព្រះបរមរាជវាំងនោះ ក្រុមលោក សាន ដារ៉ាវីត ក៏មានគម្រោងពង្រីកសកម្មភាពសម្អាតសំរាមប្រចាំសប្ដាហ៍នេះទៅតំបន់ផ្សេងៗទៀតក្នុងរាជធានីភ្នំពេញផងដែរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ