អ្នកជំនាញ​៖ ជប៉ុន​អញ្ជើញ​លោក ហ៊ុន ម៉ាណែត ទៅ​ទស្សនកិច្ច​បង្ហាញ​ពី​កា​រ​ទទួល​ស្គាល់​អ្នកស្នង​តំណែង​នាយក​រដ្ឋមន្ត្រី​បន្តវេន

លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្ស គ.២៧ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Hun Manet)

អ្នកជំនាញនយោបាយ និងទំនាក់ទំនងអន្តរជាតិមួយចំនួន យល់ឃើញស្រដៀងគ្នារឿងដែលរដ្ឋាភិបាលជប៉ុនអញ្ជើញកូនប្រុសច្បងរបស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅទស្សនកិច្ចផ្លូវការនៅ​ប្រទេសខ្លួន ​អាច​បង្ហាញ​ពីការទទួលស្គាល់​បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចរូបនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែធ្នូ កន្លងទៅ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក​ថា រដ្ឋាភិបាលជប៉ុននឹងត្រៀមបញ្ជូននាវាស្វ័យការពារជើងទឹកមកចុះចតនៅកម្ពុជា។ លើសពីនេះ ជប៉ុនបានអញ្ជើញលោក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសរបស់ខ្លួននាពេលខាងមុខ ប៉ុន្តែលោកមិនបានបញ្ជាក់ពីការបរិច្ឆេទជាក់លាក់នោះឡើយ។

ការអះអាងរបស់លោក ហ៊ុន សែន ​នេះ​ ត្រូវបានលើក​ឡើងក្រោយជំនួបរវាងលោកជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក Masahiro Mikami កាលពីថ្ងៃទី២៨ ខែធ្នូនោះ។

ជាការឆ្លើយតប លោក ហ៊ុន សែន បង្ហាញការស្វាគមន៍ទាំងការអញ្ជើញកូនប្រុសច្បង​របស់លោក​ទៅ​ជប៉ុន និងការចូលចតនូវនាវាស្វ័យការពារជើងទឹកនៅកម្ពុជា។

លោក ហ៊ុន សែន បន្ថែមថា៖ «ក្នុងខួប៣០ឆ្នាំនៃប្រតិបត្តិការរក្សាសន្តិភាព [PKO] នៅឆ្នាំ២០២២ ខាងមុខនេះ យើងគប្បីណាធ្វើខួបនេះឱ្យក្លាយទៅជាការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការពារជាតិ»។

អ្នកសង្កេតការណ៍នយោបាយកម្ពុជា និងជាសាស្ត្រាចារ្យផ្នែកកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ Arizona State University សហរដ្ឋអាមេរិក លោក អៀ សុផល មានប្រសាសន៍ប្រាប់ វីអូឌី តាមប្រព័ន្ធ​សារអេឡិចត្រូនិច​​អ៊ីម៉ែលនៅថ្ងៃទី២៩ ខែធ្នូ​ ថាការអញ្ជើញលោក ហ៊ុន ម៉ាណែត ពីសំណាក់​រដ្ឋាភិបាល​ជប៉ុន​ បង្ហាញពីឆន្ទៈរបស់​ជប៉ុនក្នុងការទទួលស្គាល់ការស្នងតំណែង និង​ភាពស្របច្បាប់ជូនលោក ហ៊ុន ម៉ាណែត ផងដែរ។ ​

លោកលើកឡើងថា៖ «ការអញ្ជើញនេះបង្ហាញពីឆន្ទៈរបស់ប្រទេសជប៉ុនក្នុងការទទួលស្គាល់ការស្នងតំណែង និងនាំមកនូវភាពស្របច្បាប់ជូនលោក ហ៊ុន ម៉ាណែត បន្តទៅមុខ។ ពេលវេលានេះ គឺស័ក្តិសមល្អឥតខ្ចោះណាស់សម្រាប់ការប្រកាសលោកជាបេក្ខភាពស្នងតំណែង»។

លោក អៀ សុផល ​បន្ថែមថា ការជួបលោក ហ៊ុន ម៉ាណែត គឺប្រៀបដូចជាការគោរព​ចំពោះឪពុករបស់លោក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងដូច្នេះដែរ ពោលគឺបង្ហាញពីជំនឿលើការសម្រេចចិត្តនាពេលថ្មីៗនេះ។

លោក អៀ សុផល ថ្លែងថា៖ «ដំណើរទស្សនកិច្ចនេះនឹងក្លាយជានិមិត្តរូបមួយ ប៉ុន្តែដំណើរ​នេះ​ទទួលស្គាល់ផងដែរថា លោក ហ៊ុន ម៉ាណែត នៅពេលនេះ អាចទាក់ទាញចំណាប់អារម្មណ៍ពីនាយករដ្ឋមន្ត្រីនៃប្រទេស​ដែល​មាន​សេដ្ឋកិច្ចធំបំផុតលំដាប់ទី៣នៅក្នុងពិភពលោក និងជាសម្ព័ន្ធមិត្តមួយរបស់កម្ពុជានៅអាស៊ី។ ជាការ​ពិតណាស់ ប្រទេសចិនគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់កម្ពុជា ប៉ុន្តែប្រទេសជប៉ុនដែលជាគូប្រជែង​របស់ប្រទេសចិន គឺមានសារៈសំខាន់ខ្លាំងណាស់»។

ចំណែកនាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ លើកឡើងថា ការអញ្ជើញលោក ហ៊ុន ម៉ាណែត ទៅជប៉ុននេះ សំដៅរូបភាព​បែបការទូតក្នុងនាមទំនាក់ទំនងទ្វេភាគី ដើម្បីរឹតចំណងមិត្តភាព។

លោកបន្ថែមថា ក្រៅពីនោះ ការអញ្ជើញនេះអាចដោយសារលោក ហ៊ុន ម៉ាណែត មានតួនាទី​ជាមេ​បញ្ជាការកងទ័ពជើងគោកកម្ពុជា ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមានតួនាទីធំដុំច្រើនទៀតក្នុងវិស័យកងទ័ពកម្ពុជា ខណៈលោកក៏ជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់​គណបក្ស​កាន់​អំណាច សម្រាប់ការបោះឆ្នោតនាអាណត្តិក្រោយៗ​ដែរ។

យ៉ាងណា លោកថា កម្ពុជាបច្ចុប្បន្នមានវិបត្តិនយោបាយធ្ងន់ធ្ងរ ដោយពុំទាន់មានវិធីដោះស្រាយ និងគ្មាន​ភាព​ច្បាស់​លាស់នៅឡើយ។ លោកថា សូម្បីតែអន្តរជាតិក៏ពិបាកលូកដៃចូលជួយដែរ ខណៈភាគីទំនាស់នៃបក្សនយោបាយនីមួយៗកំពុងកេងចំណេញប្រយោជន៍​នយោបាយរៀងៗខ្លួនជាងគិតពីផលប្រយោជន៍ជាតិ។

លោក សេក សុជាតិ ថា៖ «អ្នកនយោបាយជំនាន់ថ្មីគួរតែផ្លាស់ប្ដូរឥរិយាបថ ឬក៏ផ្លាស់ប្ដូរនូវផ្នត់គំនិតរបស់ខ្លួន ហើយគួរដើរលើវិថីនយោបាយអហិង្សា ក្រោមប្រធានបទវប្បធម៌ខ្មែរនិយមជាធំ។ ហើយធ្វើការប្រកួតប្រជែងគ្នាតាមរយៈការបោះឆ្នោត ដោយគ្មានការបន្លំ គ្មានការគំរាម ហើយនិង​មិនប្រើប្រាស់មធ្យោបាយកខ្វក់ដើម្បីយកឈ្នះគូប្រជែងនយោបាយរបស់ខ្លួន។ បើសិនជាពួកគាត់នៅតែ​បន្តប្រើប្រាស់ឧបាយកលឬល្បិចក្នុងការប្រជែងយកអំណាច បញ្ហាទាំងអស់ហ្នឹងនៅតែមិន​អាច​ដោះ​ស្រាយបាន»។

ចំណែកអ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា មើលឃើញថា ការអញ្ជើញលោក ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចផ្លូវការនៅជប៉ុននាពេលខាងមុខនោះ ជាសញ្ញាថ្មីមួយទៀតដែលជប៉ុនចាប់ផ្ដើមគិតគូរពីសារៈសំខាន់​នៃ​ទំនាក់ទំនងជាមួយកម្ពុជា។ លោកថា ជប៉ុនក៏ចង់ស្វែងយល់ពីទស្សនៈនយោបាយនិងផ្នត់គំនិតរបស់អ្នកបន្តវេនដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សកាន់អំណាចនាពេលអនាគត។

អ្នកស្រាវជ្រាវរូបនេះបន្ថែមថា លោក ហ៊ុន ម៉ាណែត ទទួលបានការអប់រំនៅប្រទេសប្រជាធិបតេយ្យនិងសេរី ហើយជប៉ុនចង់ស្វែងយល់ថាតើលោក ម៉ាណែត នឹងមានផ្នត់គំនិតនៃការដឹកនាំប្រទេសបែបណា? ហើយមាន​គោលការណ៍​ដឹកនាំដូចឪពុករបស់លោកឬទេ?

លោក វណ្ណ ប៊ុនណា ថា៖ «អ្វីដែលសំខាន់ ជប៉ុនចង់បានមួយទៀត គឺការដឹកនាំប្រទេសកម្ពុជាក្រោយ​ពេល​ដែលសម្ដេច ហ៊ុន សែន លាលែងពីតំណែង ហើយឯកឧត្ដម ហ៊ុន ម៉ាណែត ចូលដឹកនាំ​ប្រទេស​វិញហ្នឹង។ គេចង់ឱ្យកម្ពុជាដើរតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ អ៊ីចឹងហើយបានជា​ជប៉ុនដែលជាប្រទេសសេរីមួយ តែងតែព្យាយាមចូលរួមទំនាក់ទំនងជាមួយកម្ពុជា ទោះបីស្ថិត​នៅ​ក្នុង​ស្ថានការណ៍ណាក៏ដោយ»។

លោកបន្តថា អ្វីដែលលោក ហ៊ុន ម៉ាណែត និងអ្នកនយោបាយជំនាន់ក្រោយត្រូវធ្វើ គឺផ្ដោត​សំខាន់​លើ​ការ​កសាងស្ថាប័ននយោបាយក្នុងស្រុក ពង្រឹងសន្តិភាពបែបវិជ្ជមាន ផ្ដល់យុត្តិធម៌ដល់ពលរដ្ឋគ្រប់រូបនិង​អ្នកនយោបាយ ហើយអ្នកមានអំណាចក៏ដោយត្រូវស្ថិតក្រោមច្បាប់និងក្រោមអំណាចរបស់តុលាការដែល​មានអព្យាក្រឹត្យភាព។

មន្ត្រីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ឈ្មោះ KOUBUNHAN បដិសេធការឆ្លើយតប​សំណួររបស់ VOD តាមប្រព័ន្ធសារ​អេឡិច​ត្រូនិចអ៊ីម៉ែលកាលពីម្សិលមិញ ដោយថានឹងឆ្លើយតបពេលត្រលប់ចូលធ្វើការវិញ។

មន្ត្រីខាងលើសរសេរថា៖ «ស្ថានទូតត្រូវបានបិទចាប់ពីថ្ងៃទី២៩ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា ដោយសារជាថ្ងៃឈប់សម្រាកឆ្លងឆ្នាំ និងចូលឆ្នាំសកលរបស់ជប៉ុន។ ពួកយើងនឹងឆ្លើយតបបន្ទាប់ពីថ្ងៃឈប់សម្រាក»។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ លោក កុយ គួង ​​សុំមិនធ្វើអត្ថាធិប្បាយជុំវិញរបៀបវារៈនិងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅប្រទេសជប៉ុន ថាតើទៅក្នុងនាមជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាថ្ងៃអនាគត ឬក៏ទៅក្នុងនាមតួនាទីណាមួយនោះ។

លោកតបយ៉ាងខ្លីមក វីអូឌី ថា៖ «អត់ទាន់ដឹងទេ»

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ក្រោយឆ្នាំ២០២៣ទៅ លោកនឹងក្លាយជាឪនាយករដ្ឋមន្ត្រីវិញម្ដង ហើយក្រោយឆ្នាំ២០៤០ លោកនឹងក្លាយជាជីតានាយករដ្ឋមន្ត្រីទៀតផង។  

ទោះបីជាយ៉ាងនេះក្ដី អតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងរស់នៅក្រៅប្រទេស លោក សម រង្ស៊ី តាមរយៈសារដែលបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃទី២៩ ខែធ្នូ ថាលោក ហ៊ុន សែន នឹងចុះចេញពីតំណែងនាយករដ្ឋមន្ត្រីនៅឆ្នាំ២០២៣ខាងមុខនេះ។ ប៉ុន្តែលោកថា ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី​នោះ គឺបញ្ជាក់ពីចេតនាបង្កើតរាជវង្សនយោបាយនៅកម្ពុជា។

នៅក្នុងជួរបក្ស លោក ហ៊ុន ម៉ាណែត បច្ចុប្បន្នជាសមាជិកអចិន្ត្រៃយ៍ និងជា​អនុ​ប្រធាន​គណៈ​ចលនា​មហាជន​ ព្រមទាំងជាប្រធានចលនាយុវជនគណបក្សប្រជាជនកម្ពុជា​។

ក្នុងមហាសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៣របស់គណបក្សកាន់អំណាច កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១​ លោក ហ៊ុន ម៉ាណែត ត្រូវបានសមាជិកគណៈកម្មាធិការកណ្ដាលបក្ស​បោះឆ្នោតគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត។ ​

ក្រៅពីតួនាទីក្នុងជួរបក្ស លោក ហ៊ុន ម៉ាណែត ដែលបញ្ចប់​ការ​សិក្សា​នៅសាលា​បណ្ឌិត្យ​សភា​យោធា​អាមេរិក West Point បច្ចុប្បន្ន លោក​ជា​ឧ​ត្ដ​ម​សេនីយ៍ឯក​ផ្កាយមាស​៣ មាន​តួនាទី​ជា​អគ្គមេបញ្ជាការ​រង​កង​យោពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កងទ័ពជើងគោក ជា​មេបញ្ជាការ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​មេបញ្ជាការរង​កង​អង្គរក្ស​របស់ឪពុកដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្នផងដែរ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ