ឆ្នាំ២០២១ ជាឆ្នាំនៃក្ដីរំពឹងនិងអស់សង្ឃឹម

កុមារ ២​នាក់​ដើរ​នៅ​តាម​មាត់​ទន្លេ​ នាខណ្ឌជ្រោយចង្វារ ទល់​មុខ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ​ កាលពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២០។ (បញ្ញា ឆពណ្ណ)

វិបត្តិនៃជំងឺកូវីដ-១៩ បានទាញទម្លាក់អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២០ ឱ្យធ្លាក់ចុះក្រោមសូន្យ (-៣,១%) ជាលើកដំបូងនិងមិនធ្លាប់មាន និងបានធ្វើឱ្យប៉ះពាល់ដល់ប្រក្រតីភាពនៃសង្គមកម្ពុជាអស់រយៈពេលពេញមួយឆ្នាំ។ ហើយវិបត្តិនៃជំងឺកូវីដ-១៩នេះ ក៏បានធ្វើឱ្យមានអត្រានៃភាពក្រីក្រនៅកម្ពុជាបានកើនឡើងវិញប្រមាណជា ១៧,៨% ដោយសារតែការបាត់បង់ការងាររបស់ពលរដ្ឋកម្ពុជា។

វិបត្តិនៃជំងឺកូវីដ-១៩ដដែលនេះ ក៏បានបន្តពង្រីកឥទ្ធិពលរបស់ខ្លួននិងបានធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា បញ្ហាសង្គម នយោបាយ និងសិទ្ធិមនុស្សថែមទៀតនៅឆ្នាំ២០២១នេះ។

នៅដើមឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជារំពឹងថា អត្រានៃកំណើន​សេដ្ឋកិច្ច​កម្ពុជា​​នឹង​ងើបឡើង​វិញ​ក្នុង​អត្រា​៤​%។ ក៏ប៉ុន្តែតាមរយៈ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» (ការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ជាលើកដំបូង) បានធ្វើឱ្យប៉ះពាល់ដល់ក្ដីរំពឹងនិងក្ដីសង្ឃឹមរបស់រដ្ឋាភិបាលនិងប្រជាជនកម្ពុជាទៅវិញ។

ពលរដ្ឋរស់នៅរាជធានីភ្នំពេញ មកទទួលការចាក់វ៉ាក់សាំងប្រភេទ អាស្ត្រាហ្សេណិកា នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញ មកទទួលការចាក់វ៉ាក់សាំងប្រភេទ អាស្ត្រាហ្សេណិកា នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

កម្ពុជា ដែលពេញមួយឆ្នាំ២០២០ មិនមានសេចក្ដីរាយការណ៍ពីអ្នកស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩នោះទេ។ ក៏ប៉ុន្តែនៅថ្ងៃទី១១ ខែ​មីនា ​ឆ្នាំ២០២១ បុរស​ជនជាតិ​ខ្មែរម្នាក់ អាយុ​៥០ ឆ្នាំ មានមុខរបរជាអ្នកបើកបររថយន្តឱ្យថៅកែជនជាតិចិននៅ​ខេត្ត​ព្រះសីហនុ ដែលមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ត្រូវបានរាយការណ៍ថាស្លាប់។ ការស្លាប់នេះ គឺជា​ករណី​ទី​១​ហើយ​នៅ​ប្រទេស​កម្ពុជា​ ក្នុងចំណោម​អ្នកជំងឺ​កូវីដ-១៩ កាលនោះសរុបមាន​ចំនួន​១ ១៦៣នាក់។

មេរោគកូវីដ-១៩ ដែលចេះតែងតែបំប្លែងខ្លួនជាបន្តបន្ទាប់ (ពីកូវីដធម្មតា ទៅ Delta, Omicron) បានធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅកម្ពុជាបានកើនឡើងដល់ជាង៣ពាន់នាក់ (៣ ០១២នាក់) នៅចុងឆ្នាំ២០២១នេះ និងអ្នកឆ្លងពី១ ១៦៣​នាក់ នៅឆ្នាំ២០២០ ដល់១២០ ៤៩៣នាក់ គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ។

ជំងឺកូវីដ-១៩ ក៏បានធ្វើឱ្យអត្រាកំណើនសេដ្ឋកិច្ចកម្ពុជាដែលរដ្ឋាភិបាលរំពឹងថាមានកំណើនឡើងវិញក្នុងអត្រា ៤% នោះ សម្រេចបានតែជាង២% (២,៤%) ប៉ុណ្ណោះ (របាយការណ៍ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣)។

នៅមុនឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជារំពឹងថា តាមរយៈ «យុទ្ធសាស្ត្រផ្ការីក» នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់មនុស្សពេញវ័យឱ្យបាន១០លាននាក់នៅចុងឆ្នាំ២០២១នោះ រំពឹងថា នឹងអាចជួយស្ដារកំណើនសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ។ ក៏ប៉ុន្តែ ទោះបីជាការចាក់វ៉ាក់សាំងសម្រេចលើសផែនការដល់១៦លាននាក់ គិតត្រឹមថ្ងៃទី៦ ខែធ្នូនេះក្ដី ក៏ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១នេះ បានត្រឹមតែជាង ២% ប៉ុណ្ណោះ។

លើវិស័យសិទ្ធិមនុស្សវិញ ស្ថានភាពសិទ្ធិមនុស្សនៅឆ្នាំ២០២១ ក៏អាចវាយតម្លៃជាបឋមថា មានភាពធូរស្រាលបន្តិចនៅចុងឆ្នាំ២០២១នេះ បន្ទាប់ពីមានការដោះលែងសកម្មជនសង្គម អ្នកនយោបាយ និងយុវជនបរិស្ថានជាបន្តបន្ទាប់ និងបន្ទាប់ពីការបើកឱ្យជួបជុំគ្នាឡើងវិញ ពិសេសនៅក្នុងការប្រារព្ធទិវា «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា» និងការប្រារព្ធ «ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ» ជាដើម។ ការណ៍នេះ គឺក្រោយពីស្ថានភាពជំងឺកូវីដ-១៩បានធូរស្រាលបន្តិច និងស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ និងការទទួលញញួរត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ខាងមុខនេះ។

បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍រាប់រយនាក់ធ្វើការតវ៉ាទាមទារដំណោះស្រាយការងារ នៅពីមុខទីតាំងកាស៊ីណូ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។
បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍រាប់រយនាក់ធ្វើការតវ៉ាទាមទារដំណោះស្រាយការងារ នៅពីមុខទីតាំងកាស៊ីណូ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

យ៉ាងណាក្ដី លោក អំ សំអាត នាយករងនៃអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា ស្ថានភាពសិទ្ធិមនុស្សកម្ពុជានៅឆ្នាំ២០២១ នៅមិនទាន់ល្អប្រសើរនៅឡើយទេ បើទោះបីជានៅចុងឆ្នាំ២០២១នេះ មានការដោះលែងយុវជនសង្គម បរិស្ថាន អ្នកនយោបាយ និងមេដឹកនាំសហជីពក្ដី។

លោកថ្លែងថា៖ «បាទ! តាមការសង្កេតរបស់អង្គការលីកាដូ យើងមើលឃើញឆ្នាំ២០២១នេះ ស្ថានភាពសិទ្ធិមនុស្សហ្នឹង វាហាក់ដូចជាមិនទាន់មានភាពល្អប្រសើរឡើងមកវិញទេ។ ផ្ទុយទៅវិញ នៅតែមានការធ្លាក់ចុះ ហើយមានការរិះគន់ជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិ ក៏ដូចជាក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។ ហើយស្ថានភាពធ្លាក់ចុះនេះ វាយើងមើលទៅ កត្តាដែលជំរុញឱ្យមិនទាន់មានភាពល្អប្រសើរនេះ គឺដោយសារការអូសបន្លាយនៃវិបត្តិនយោបាយ បានន័យថា ភាពបរាជ័យនៃកិច្ចសន្ទនាផ្នែកនយោបាយចាប់តាំងពីមុនឆ្នាំ២០១៧ រហូតដល់មានការរំលាយអតីតគណបក្សប្រឆាំង។ រហូតមកដល់ពេលនេះ វប្បធម៌សន្ទនាផ្នែកនយោបាយហ្នឹង ត្រូវបានបរាជ័យ អ៊ីចឹងស្ថានភាពនយោបាយអូសបន្លាយ ស្ថានភាពសិទ្ធិមនុស្សក៏មានការធ្លាក់ចុះហ្នឹងក៏វាអូសបន្លាយពីមួយឆ្នាំទៅមួយឆ្នាំមកដល់ឆ្នាំ២០២១ផងដែរ»

លោកបន្តថា៖ «បាទ! យើងឃើញថា សិទ្ធិមនុស្សជាមូលដ្ឋានចំនួនប្រាំ គឺសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គម និងវប្បធម៌ នៅកម្ពុជាយើង យើងឃើញថា សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌មានការរីកចម្រើននិងមានការកែលម្អមួយចំនួន អាហ្នឹងយើងទទួលស្គាល់។ ប៉ុន្តែភាពចម្រូងចម្រាសខ្លាំង គឺសិទ្ធិពលរដ្ឋ និងនយោបាយ គឺជាភាពចម្រូងចម្រាសនៃការបកស្រាយខ្វែងគំនិតគ្នារវាងកម្ពុជាហើយនិងសហគមន៍អន្តរជាតិ ក៏ដូចជាក្រុមប្រឹក្សាសិទ្ធិមនុស្សហ្នឹង។ ក៏ប៉ុន្តែអាបញ្ហាសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ក៏នៅមានបញ្ហាខ្លះដែរ ដូចខ្ញុំលើកឡើង ដូចខ្ញុំលើកឡើងពីបញ្ហាសិទ្ធិដីធ្លី បញ្ហាសិទ្ធិកម្មករ និងបញ្ហាផ្សេងៗទៀតដែលកើតឡើងនោះ»

លើស្ថានភាពនយោបាយនៅឆ្នាំ២០២១ឯណេះវិញ ក៏នៅមិនទាន់ល្អប្រសើរនោះឡើយ បើទោះបីជាមានការបើកឱ្យមានការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញពីសំណាក់អតីតមន្ត្រីបក្សប្រឆាំង និងការរះឡើងព្រោងព្រាតនៃគណបក្សនយោបាយថ្មីៗក្ដី ក៏ប៉ុន្តែអតីតគណបក្សប្រឆាំងនៅតែមិនអាចបើកឱ្យដំណើរការឡើងវិញ ខណៈប្រធានអតីតគណបក្សប្រឆាំង លោក កឹម សុខា នៅតែរងការចោទប្រកាន់តាមផ្លូវតុលាការ ចំណែកឯលោក សម រង្ស៊ី នៅតែរស់នៅដោយនិរទេសខ្លួននៅក្រៅប្រទេស។

ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ក្រុមស្ត្រីថ្ងៃសុក្រ ប៉ះទង្គិចជាមួយក្រុមសន្តិសុខខណ្ឌដូនពេញ ពេលពួកគេនាំគ្នាយកញត្តិទៅដាក់នៅស្ថានទូតបារាំង ស្នើឱ្យ​បារាំង​កោះ​ហៅប្រទេស​ជា​ហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ​ដោយថា​ប្រទេសកម្ពុជាបានប្រាសចាកពីកិច្ចព្រមព្រៀងមួយនេះ។
ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ក្រុមស្ត្រីថ្ងៃសុក្រ ប៉ះទង្គិចជាមួយក្រុមសន្តិសុខខណ្ឌដូនពេញ ពេលពួកគេនាំគ្នាយកញត្តិទៅដាក់នៅស្ថានទូតបារាំង ស្នើឱ្យ​បារាំង​កោះ​ហៅប្រទេស​ជា​ហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ​ដោយថា​ប្រទេសកម្ពុជាបានប្រាសចាកពីកិច្ចព្រមព្រៀងមួយនេះ។ (គួយ ឡង់ឌី)
កញ្ញា សេង ធារី និងអ្នកគាំទ្រមួយចំនួនឈរលើកដៃនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃកញ្ញាចូលសវនាការនៅសាលាដំបូង សំណុំរឿង«ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។
កញ្ញា សេង ធារី និងអ្នកគាំទ្រមួយចំនួនឈរលើកដៃនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃកញ្ញាចូលសវនាការនៅសាលាដំបូង សំណុំរឿង«ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ (គួយ ឡង់ឌី)

លោក អំ សំអាត យល់ថា ដើម្បីស្ដារស្ថានភាពសិទ្ធិមនុស្ស និងបរិយាកាសនយោបាយនៅកម្ពុជាឱ្យប្រសើរឡើងវិញ នៅឆ្នាំ២០២២ខាងមុខនេះ លុះត្រាតែមានការចរចានយោបាយមួយរវាងគណបក្សកាន់អំណាច និងអតីតគណបក្សប្រឆាំងនៅកម្ពុជា និងការគោរពតាមអនុសាសន៍របស់អ្នកជំនាញសិទ្ធិមនុស្សជាតិនិងអន្តរជាតិនាពេលកន្លងមក។

លោកមានប្រសាសន៍ថា៖ «អ្វីដែលសំខាន់ ដើម្បីកែប្រែនូវស្ថានភាពឬក៏លើកកម្ពស់នៃសិទ្ធិមនុស្សមានភាពល្អប្រសើរមកវិញ យើងមានការផ្ដល់អនុសាសន៍ច្រើនណាស់សម្រាប់កម្ពុជា ទី១ ពីអ្នកជំនាញសិទ្ធិមនុស្សទាំងជាតិ ទាំងអន្តរជាតិ ក៏ដូចជាអ្នកជំនាញសិទ្ធិមនុស្សរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិផ្ទាល់តែម្ដង ដែលគេបានផ្ដល់អនុសាសន៍។ អ៊ីចឹងកម្ពុជាយើងគួរតែពិនិត្យពិចារណានៅក្នុងការកែលម្អអ្វីដែលជាអនុសាសន៍របស់គេ ហើយសំខាន់ហ្នឹង គឺអនុសាសន៍ដែលមាននៅក្នុងការផ្ដល់នៃការធ្វើការត្រួតពិនិត្យនៃរបាយការណ៍ឡើងវិញ នៃរបាយការណ៍ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជាកាលពីឆ្នាំ២០២០ហ្នឹង។ អាហ្នឹង គឺជារឿងដែលធ្វើឱ្យកម្ពុជាយើងអាចនឹងធ្វើការកែលម្អនៃស្ថានភាពសិទ្ធិមនុស្សបាន។ ហើយមួយទៀត ក្នុងនាមជារដ្ឋ ជាភាគីកម្ពុជាបានផ្ដល់សច្ចាប័នទៅលើអនុសញ្ញា កតិកាសញ្ញាផ្សេងៗស្ដីពីសិទ្ធិមនុស្សមានចែងក្នុងរដ្ឋធម្មនុញ្ញ។ អ៊ីចឹងរដ្ឋដែលជាភាគីហ្នឹងត្រូវតែមានកាតព្វកិច្ចនៅក្នុងការអនុវត្តនិងធ្វើយ៉ាងណាផ្ដល់កិច្ចការពារនិងលើកកម្ពស់ទៅដល់ការអនុវត្តសិទ្ធិនៅកម្ពុជា បាទ»

ផ្ទុយស្រឡះពីស្ថានភាពរបស់អតីតគណបក្សប្រឆាំង គណបក្សកាន់អំណាចឯណេះវិញបានធ្វើរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅចុងឆ្នាំ២០២១នេះ។ តាមរយៈពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធនិងសមិទ្ធផលនានានៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានប្រកាសគាំទ្របេក្ខភាពកូនប្រុសច្បងរបស់លោកឱ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាបន្តពីលោក។ ប៉ុន្មានថ្ងៃក្រោយមក ពោលគឺនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ សន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ក៏បានសម្រេចបោះឆ្នោតជាឯកច្ឆន្ទជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្ស គ.២៧ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។
លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្ស គ.២៧ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Hun Manet)
ព្រះសពរបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ បានយាងដង្ហែតាមព្រះទីនាំងយន្តហោះពិសេសពីប្រទេសបារាំង មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១។
ព្រះសពរបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ បានយាងដង្ហែតាមព្រះទីនាំងយន្តហោះពិសេសពីប្រទេសបារាំង មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុយ ឧស្សាហ៍)

យ៉ាងណាក្ដី ឆ្នាំ២០២១ នៅតែជាឆ្នាំដ៏សោកសៅនិងអស់សង្ឃឹមផងដែរសម្រាប់គ្រួសាររាជវង្សកម្ពុជា និងគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច បន្ទាប់ពីសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ បានចូលទិវង្គត នៅថ្ងៃទី២៨ ខែវិច្ឆិកា ក្នុងព្រះជន្ម៧៧ព្រះវស្សា ដោយសារព្រះរោគាពាធ នៅឯប្រទេសបារាំង។ ព្រះសពរបស់ព្រះអង្គត្រូវបានយាងដង្ហែពីប្រទេសបារាំងមកប្រារព្ធពិធីបុណ្យនៅកម្ពុជា នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ និងបានធ្វើពិធីថ្វាយព្រះភ្លើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ។ ព្រះអង្គ គឺជាអតីតនាយករដ្ឋមន្ត្រីទី១របស់កម្ពុជា នៅឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ និងជាប្រធានរដ្ឋសភាផងដែរ។ ការយាងចូលទិវង្គតរបស់ព្រះអង្គ គឺជាការបាត់បង់ឥស្សរជននយោបាយដ៏សំខាន់របស់កម្ពុជា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ