អាជ្ញាធរ​ប្តេជ្ញា​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​នៅ​ឆ្នាំ​ថ្មី​ឱ្យ​ថយ​ចុះ​ជាង​ឆ្នាំ​មុនៗ​ដើម្បី​សុវត្ថិភាពប្រជា​​ពលរដ្ឋ

សកម្មភាពដុតកម្ទេចគ្រឿងញៀនដែលរឹបអូសបាន ក្នុង​ទិវាអន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនប្តេជ្ញាថា នៅ​ឆ្នាំ២០២២នេះ នឹងទប់ស្កាត់បទល្មើសគ្រឿងញៀនឱ្យបានថមថយជាងឆ្នាំមុនៗ ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋកុំឱ្យមានការភ័យខ្លាច ខណៈកម្ពុជាជាប្រទេសដែលងាយរងគ្រោះ ដោយសារជនល្មើសលួចនាំគ្រឿងញៀនចូលឆ្លងកាត់ទៅលក់នៅ​ក្រៅប្រទេស។

អគ្គស្នងការរងនគរបាលជាតិទទួលផែនប្រឆាំងគ្រឿងញៀន លោក ម៉ក់ ជីតូ បានអះអាងថា ការបង្ក្រាបទល្មើសគ្រឿងញៀនកាលពីឆ្នាំ២០២១ សមត្ថកិច្ចចាប់ជនល្មើសបាន១២ ០០០នាក់ ក្នុងនោះ៣០%ជាអ្នកប្រើប្រាស់ និង៧០%ជាអ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀនដូចជា ជួញដូរ រក្សាទុក និងដាំដុះ ខណៈគ្រឿងញៀនសមត្ថកិច្ចរឹបអូសបានប្រហែលជា ៤តោនកន្លះ។ ចំនួនគ្រឿងញៀនដែលបង្ក្រាបបាននៅឆ្នាំ២០២១ បើធៀបកាលពីឆ្នាំ២០២០ មានការកើនឡើងប្រហែល​៣០%។

លោក ម៉ក់ ជីតូ ​មានប្រសាសន៍ថា​ អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនប្តេជ្ញាថា សមត្ថកិច្ចជំនាញនិងសហការគ្នា ពង្រឹងការអនុវត្តច្បាប់លើជនល្មើស  ដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀនឱ្យបានការថយចុះជាងឆ្នាំមុនៗ​។

លោកមានប្រសាសន៍ថា៖ «យើងជាប្រទេសរងគ្រោះ ដោយសារជាប្រទេសដែលគេនាំចូលឆ្លងកាត់ ហើយជាតំបន់ត្រីកោណមាសផង ឆ្លងកាត់យើងហើយបានជនល្មើសដឹកយកទៅលក់នៅប្រទេសទីបី »។

លោកមានប្រសាសន៍បន្ថែមថា៖ «ឆ្នាំ២០២២នេះ យើងនឹងបង្ក្រាបមិនឱ្យមានការនាំចូល និងទី២បើនាំចូលមក យើងនិងបង្ក្រាបនៅលើផ្ទៃប្រទេស និងទីបីយើងទាក់ទងទៅបណ្តាប្រទេសផ្សេងៗដូចជា ខាងប៉ូលិស អាំងទែប៉ូល និងបណ្តាប្រទេសជាមិត្ត ដើម្បីតាមចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ទើបលុបបំបាត់បទល្មើសនេះបាន »។

ប្រធាន​សមាគមសង្រ្គោះជនរងគ្រោះដោយគ្រឿងញៀន​កម្ពុជា DARAC លោក មាស សុវណ្ណ ឱ្យដឹងថា ការបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់បាន លុះត្រាតែអាជ្ញាធរពាក់ព័ន្ធអាចចាប់មេខ្លោងធំៗយកមកផ្តន្ទាទោសតាមច្បាប់ ដោយមិនប្រកាន់បក្ខពួកជាដើម ។

លោកមានប្រសាសន៍ថា៖ «បើយើងមានវិធានការតឹងរឹងទៅលើជនល្មើស បើសិនជាស្វែងរកចាប់មេខ្លោងឱ្យបានកាន់តែច្រើន វាអាចថយចុះបាន។ បើថាចាប់បានតែអ្នកប្រើប្រាស់តូចតាចទេ ហើយមេខ្លោងចាប់មិនបាន អានឹងវាមិនអាចថយចុះបានទេ»។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ លោក ​ប៉ិច ពិសី​ សង្កេតឃើញថា បទល្មើសគ្រឿងញៀននៅតែមានការកើនឡើងជារៀងរាល់ឆ្នាំ អាចដោយសារអាជ្ញាធរពាក់ព័ន្ធគប់គិតគ្នាប្រព្រឹត្តអំពើពុករលួយ។ ករណីនេះលោកថា បើអាជ្ញាធរពាក់ព័ន្ធមិនលុបបំបាត់អំពើពុករលួយ និងពង្រឹងការអនុវត្តច្បាប់ឱ្យមានតម្លាភាពទេ នោះបទល្មើសគ្រឿងញៀននៅតែបន្តកើតមាន ហើយមិនមានការថមថយនោះទេ ។

លោកមានប្រសាសន៍ថា៖ «បើចាប់បានជនល្មើស កុំឱ្យសូកលុយហើយរួចខ្លួន ហើយយើងដោះស្រាយបញ្ហាទាំងនោះជាប្រព័ន្ធជាពិសេសធ្វើការប្រទាក់ក្រឡាគ្នារវាងអន្តរក្រសួង អន្តរស្ថាប័ន ដើម្បីឈានដល់ការលុបបំបាត់អំពើពុករលួយរឿងគ្រឿងញៀនក្នុងទ្រង់ទ្រាយធំនោះបាន»។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មណ្ឌលនីតិសម្បទានៅក្នុងខេត្តកណ្ដាល កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង សម្ដែង​ការព្រួយបារម្ភចំពោះស្ថានភាពកុមារដែលកាន់តែ​មានចំនួន​ច្រើនកំពុង​ពាក់​ព័ន្ធ​គ្រឿង​ញៀន។​

នៅក្នុងពិធីសម្ពោធមណ្ឌលនីតិសម្បទានោះ លោក ស ខេង បង្ហាញរបាយការណ៍ថា ចំនួន​អនីតិជ​ន​ដែលកំពុងជាប់ពន្ធនាគារនៅទូទាំងប្រទេសមានចំនួន១ ៤២២នាក់ ក្នុងនោះ អនីតិជនដែល​ពាក់ព័ន្ធនឹងគ្រឿងញៀនមានចំនួន៤៥២នាក់ ដែលស្មើនឹង៣៨,៨ភាគ​រយ។

លោកស ខេង បញ្ជាក់ថា ចំនួននេះ គឺជាក្ដីបារម្ភធំមួយរបស់​កម្ពុជា ​ហើយចំនួនអ្នកប្រើប្រាស់គ្រឿងញៀនជាក់ស្ដែងច្រើនជាងរបាយការណ៍នេះទៅទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ