រដ្ឋាភិបាល​ឱ្យ​ក្រសួង​រក​លទ្ធភាព​ចាក់​វ៉ាក់សាំង​អ្នក​មាន​បញ្ហា​សុខភាព

ពលរដ្ឋជាច្រើនមកទទួលការចាក់វ៉ាក់សាំងប្រភេទ អាស្ត្រាហ្សេណិកា នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបញ្ជាផ្ទាល់មាត់ទៅក្រសួងសុខាភិបាលឱ្យពិនិត្យឡើងវិញពីការបដិសេធ​ចាក់វ៉ាក់​សាំង​ដល់​មនុស្ស​ជាង៧ម៉ឺន​នាក់ដែល​មាន​បញ្ហាសុខភាពនាពេលកន្លង​មក​ ដោយថា សំណើនេះដើម្បីទប់​ស្កាត់​ជំងឺ​កូវីដ-១៩។

ក្នុងពិធីបើកគម្រោង​ជួសជុលផ្លូវមួយកន្លែងនៅខេត្តកោះកុង នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា អ្នកមានជំងឺប្រចាំកាយខ្លះអាចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះបាន ដែលបញ្ហានេះ លោកបញ្ជាទៅក្រសួងសុខាភិបាលត្រូវពិនិត្យឡើងវិញ ដើម្បីជម្នះនឹងរលកចម្លងជំងឺ​កូវីដ-១៩។

លោកថា៖ «អ៊ីចឹងសូមលោកជំទាវ ឱ វណ្ណឌីន បញ្ជាទៅគ្រប់ទីកន្លែងឱ្យពិនិត្យឡើងវិញ។ ពួកគាត់អាចត្រលប់មករកការចាក់ [វ៉ាក់សាំង] ជំងឺ​ខ្លះអាចចាក់បាន […] ពេលខ្លះ​គ្រូពេទ្យយើងអាចមានការខ្វះចន្លោះអំពីកន្លែង​ហ្នឹង អ៊ីចឹងសូមអំពាវនាវ»។

យ៉ាងណា នៅថ្ងៃចន្ទនេះដែរ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអំពាវនាវលើបណ្ដាញសង្គមតាមបញ្ជារបស់នាយករដ្ឋមន្ត្រីនេះ។

លោកស្រីថា៖ «សូមអញ្ជើញពូ អ៊ុំ បងប្អូន មកចាក់វ៉ាក់សាំងកូវីដ-១៩! អ្នកដែលមិនបានមកចាក់ដូសទី១ សូមមកចាក់ អ្នកដែលមិនទាន់ចាក់ដូសទី២ សូមអញ្ជើញ​មក​ចាក់ ពិសេសអ្នកត្រូវចាក់ដូសទី៣ សូមអញ្ជើញ​មកចាក់ឱ្យបានគ្រប់ៗគ្នា […] បន្ថែមលើនេះទៀត បងប្អូនដែលមានជំងឺប្រចាំកាយ ក៏ដូចជាស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលបំបៅដោះកូននឹងទឹកដោះ សុំអញ្ជើញ​មកទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ពីព្រោះក្រុមនេះរឹត​តែត្រូវការទទួលយកវ៉ាក់សាំងកូវីដ-១៩ ជាពិសេសការទទួលយក​នូវដូសទី៣ ឬដូស​ជំរុញ​របស់យើង​នេះ» ។

បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២ ខែមករា ឆ្នាំ២០២២នេះ អត្រាចាក់វ៉ាក់សាំងជូនប្រជាជន​អាយុពី១៨ឆ្នាំឡើង មាន១០១,៥១% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ អ្នកឆ្លងសរុបមាន១២០ ៥១៦នាក់ ព្យាបាលជាសះស្បើយ​ចំនួន១១៦ ៩៥២នាក់ និង​​​ស្លាប់៣ ០១៤នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ