សមត្ថកិច្ចបានបញ្ជូនកញ្ញា ឈឹម ស៊ីថរ និងថ្នាក់ដឹកនាំសហជីពពីរនាក់ទៀត ទៅតុលាការក្រុងភ្នំពេញជាថ្មីម្តងទៀត នៅវេលាម៉ោង ៩ និង ៨នាទី ព្រឹកថ្ងៃទី៥ ខែមករានេះ ដើម្បីបន្តនីតិវិធី។
កញ្ញា ឈឹម ស៊ីថរ និងថ្នាក់ដឹកនាំសហជីពពីរនាក់ទៀត គឺលោក សុខ ណារិទ្ធ និងលោក សុខ គង្គា ដែលតុលាការចេញដីកាចាប់ខ្លួននោះ ត្រូវបានបញ្ជូនទៅសាកសួរនៅតុលាការក្រុងភ្នំពេញរហូតដល់ម៉ោង ៨ យប់ម្សិលមិញ បន្ទាប់ពីអាជ្ញាធរបានចាប់ខ្លួនកាលពីម៉ោងជាង ៤រសៀលថ្ងៃទី៤ ខែមករា។
រីឯបរិយាកាសនៅមុខតុលាការក្រុងភ្នំពេញនៅព្រឹកនេះវិញ មានសភាពស្ងប់ស្ងាត់ ដោយគេមិនសង្កេតឃើញមានការប្រមូលផ្តុំមនុស្សតវ៉ាពីសំណាក់ក្រុមកូដករមកគាំទ្រច្រើនកុះករនោះទេ។
អាជ្ញាធររាជធានីភ្នំពេញ បានចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ និងសហការី២នាក់ទៀត ពាក់ព័ន្ធនឹងការចោទប្រកាន់ «ការញុះញង់ និងរៀបចំការតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍»។
អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា មានប្រសាសន៍ថា ដើមចមដែលនាំឱ្យសមត្ថកិច្ចចុះចាប់ខ្លួន កញ្ញា ឈឹម ស៊ីថរ និងថ្នាក់ដឹកនាំសហជីពពីរនាក់ទៀត ដោយសារពួកគេត្រូវបានចោទប្រកាន់ថា ជាមេដឹកនាំក្រុមកម្មករធ្វើបាតុកម្មតវ៉ាទាមទារលក្ខខណ្ឌការងារពីក្រុមហ៊ុនណាហ្គាវើលដ៍ទាំងបំពានច្បាប់។
លោកមានប្រសាសន៍ថា៖ «ដោយសារមានដីកានាំខ្លួនស្រាប់ អ៊ីចឹងយើងចាប់ខ្លួនតាមដីកា ហើយយើងបញ្ជូនទៅតុលាការ ព្រោះយើងអនុវត្តតាមដីកា យើងបញ្ជូនឱ្យតុលាការអនុវត្តបន្ត»។
យ៉ាងណាក្តី ក្រោយការចាប់ខ្លួននេះ ក្រុមអង្គការសង្គមស៊ីវិល សហភាពសហជីព សហព័ន្ធសហជីព និងសមាគមជាង ១០០ (១១៩) ស្ថាប័នបានអំពាវនាវឱ្យដោះលែងថ្នាក់ដឹកនាំ កញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីពណាហ្គាវើលដ៍ដែលត្រូវបានចាប់ខ្លួនជាបន្ទាន់ និងឥតលក្ខខណ្ឌ។
តាមរយៈសេចក្តីថ្លែងការណ៍កម្រាស់៥ទំព័រចេញផ្សាយនៅល្ងាចថ្ងៃទី៤ ខែមករា ក្រុមអង្គការសង្គមស៊ីវិលសរុប ១១៩ ស្ថាប័ន បានសំដែងការខកចិត្តជាខ្លាំង ចំពោះវិធានការរបស់សមត្ថកិច្ចដែលដឹកនាំដោយស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានឃាត់ខ្លួនថ្នាក់ដឹកនាំសហជីព ប្រតិភូចរចារ និងសកម្មជនសហជីពទ្រទ្រង់សិទិ្ធការងារ បុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU) ជិត២០នាក់ រួមទាំងការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។
ចំណែកស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃម្សិលមិញនេះថា ស្ថានទូតប្រទេសមហាអំណាចមួយនេះកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់នូវការចាប់ខ្លួនសមាជិកសហជីពនៃបុគ្គលិកកម្មករក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដោយសារតែការបញ្ចេញមតិដោយសន្តិវិធី និងបានអំពាវនាវឱ្យអាជ្ញាធរកម្ពុជាស្ដាប់សំឡេងរបស់ពលរដ្ឋ៕