សាលាឧទ្ធរណ៍​ខេត្តត្បូងឃ្មុំ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នកកាសែត​ឌឹខេមបូឌាដេលី​២នាក់

លោក​ Peter​ Zsombor និងលោក​ អូន​ ភាព អ្នក​កាសែត​ The​ Cambodia​ Daily​។ (Ben Woods)

តុលាការ​សាលាឧទ្ធរណ៍​ខេត្តត្បូង​ឃ្មុំ បាន​សម្រេច​ទម្លាក់​ចោល​កា​រចោទ​ប្រកាន់​លើអតីត​អ្នក​​កា​សែត ឌឹ ខេម​​បូ​ឌា​​ដេលី ចំនួន២រូប។

លោក អូន ភាព និង​លោក Zsombor Peter អតីត​អ្នកកាសែត ឌឹ ខេម​បូ​ឌាដេលី ត្រូវ​បាន​តុលាការខេត្ត​រតនគិរី ចោទប្រកាន់​ពី​បទ «ញុះ​ញង់​ឱ្យ​ប្រព្រឹត្តបទឧក្រិដ្ឋ​ជា​អាទិ៍» កាលពី​ចុងឆ្នាំ២០១៧ ប៉ុន្តែ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០២០ តុលាការ​ថ្នាក់​ក្រោម​មួយ​នេះបាន​សម្រេច​​ទម្លាក់​​ចោ​ល​​បទ​ចោទ​ប្រកាន់​​​ទៅ​លើ​ពួក​​គេ​​វិញ បន្ទាប់​ពី​​ភាគី​​ដើម​​បណ្ដឹង​​​ដក​​ពាក្យ​បណ្ដឹងវិញ។ ប៉ុន្តែព្រះរាជអាជ្ញា​ខេត្ត​នេះបាន​ប្ដឹង​ជំទាស់​លើ​សេចក្ដីស​ម្រេច​របស់​តុលាការខេត្តទៅ​សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំបន្តទៀត។

មេធាវីការពារក្ដីឱ្យលោក អូន ភាព និងលោក Zsombor Peter គឺ​លោក សេក សុភ័ណ្ឌ ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា កាលពីថ្ងៃទី​៤ ខែមករា​នេះ សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ បានប្រកាសសាលដីកាសំណុំរឿងលើអតីតអ្នក​កាសែត ឌឹ ខេមបូឌាដេលី ចំនួន២រូបនេះ ដោយ​បានរក្សាសេចក្ដីសម្រេចរបស់តុលាការខេត្តរតនគិរីទុក​ជា​បាន​ការ​ដដែល។

លោកបន្ថែមថា៖ «បើនិយាយពីរឿងក្ដី គឺយើងឈ្នះហើយ។ កូនក្ដីយើងទទួលបានយុត្តិធម៌ត្រឹមត្រូវ ហើយខ្ញុំ​ក៏សប្បាយចិត្តដែរ»។

អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី លោក កែវ ភក្ដី មានប្រសាសន៍ថា តាម​នីតិវិធី​ គឺព្រះរាជអាជ្ញា​នៅ​ខេត្តរតនគិរី អត់មាន​សិទ្ធិឬ​សមត្ថកិច្ច​ប្ដឹង​សារទុក្ខទៅតុលាការកំពូលទៀតទេ។ លោកថា អ្នកដែលមានសមត្ថកិច្ច​ប្ដឹងទាស់​ទៅតុលាការកំពូលទៀត មានអគ្គព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ។

លោកបន្ថែមថា៖ «វាជាសិទ្ធិអំណាចរបស់គាត់ ប្រសិនបើគាត់មើលឃើញថា គាត់អាចប្ដឹង គាត់​អាច​ប្ដឹងទៅ ប៉ុន្តែ​បើសិនអត់​ទេ អាហ្នឹងគាត់ជាអ្នកសម្រេចខ្លួនគាត់ ពីព្រោះករណីនេះ វាផុតពីដៃរបស់សាលាដំបូងខេត្តរតនគិរីហើយ»

ពាក់ព័ន្ធករណីនេះ វីអូឌី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ លោក កុល បុន បាន​ទេ នៅរសៀលថ្ងៃពុធនេះ។

កាលពីថ្ងៃទី២៥ ខែកុម្ភៈ អង្គការ​-សមាគម​​អ្នក​សារព័ត៌មាន​​ចំនួន​៣ បាន​​អំពាវ​នាវ​​​ឱ្យ​​ព្រះរាជអាជ្ញា​ខេត្តរតនគិរី ពិចារណា​ក្នុង​ការ​ទម្លាក់​ចោល​បទ​ចោទ​ទៅលើ​អតីតអ្នក​កា​សែត ឌឹ ខេម​បូ​ឌា​ដេលី លោក អូន ភាព និង​លោក Zsombor Peter ក្រោយពី​តុលាការខេត្ត​រតនគីរី​ចោទប្រកាន់​ពី​បទ «ញុះ​ញ​ង់​ឱ្យ​ប្រព្រឹត្តបទឧក្រិដ្ឋ​ជា​អាទិ៍» បន្ទាប់ពី​ពួក​គេ​បាន​សម្ភាសជាមួយ​ពលរដ្ឋ​អំពី​ការបោះឆ្នោត​នៅ​ឆ្នាំ២០១៧។ ការចោទប្រកាន់​នេះត្រូវ​បាន​អង្គការ​-សមាគម​ទាំង៣នោះចាត់ទុកថា ជា​ការវាយប្រហារ​ទៅលើ​អ្នកកាសែត​ដែល​បាន​ឈ្នះ​ពានរង្វាន់​ទាំង២​នាក់នេះ និង​​ទៅ​លើ​វិជ្ជាជីវៈ​​របស់​​អ្នក​កាសែត ក៏​ដូចជា​​សេរីភាព​​សារព័ត៌មាន​​នៅ​​កម្ពុជា ក្រោម​​ការ​អះអាង​ថាជា​ការអនុវត្ត​ច្បាប់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ