រដ្ឋសភា​មិនទាន់​មាន​គម្រោង​សួរ​អ្នកពាក់ព័ន្ធ​ជុំវិញ​វិវាទ​ការងារ​នៅ​កាស៊ីណូ​ណាហ្គាវើលដ៍

កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

រដ្ឋសភាមិនទាន់មានគម្រោង​​កោះហៅមន្ត្រី​អនុវ​ត្តច្បា​ប់ ដើម្បីសួរជុំវិញ​វិវាទ​ការ​ងារ​នៅក្រុមហ៊ុនកា​ស៊ីណូណា​ហ្គាវើលដ៍​នៅ​ឡើយ​ទេ បើទោះបី​ជា​ការ​តវ៉ា​បាន​អូស​បន្លាយ​ជិត២០ថ្ងៃ និង​មាន​ការ​ចាប់ខ្លួនស្ត្រី​ជាង២០​នាក់ ដែលក្នុងនោះមានទាំងប្រធានសហជីពក៏ដោយ។

បុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ បានប្រមូលផ្ដុំគ្នាតវ៉ាមុខក្រុមហ៊ុននៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ​២០២១​មក ដោយ​សម្អាងថា ពួកគេជាង១ ៣០០នាក់ត្រូវ​បាន​ថៅកែ​បញ្ឈប់​ពី​ការងារ​ទាំង​អយុត្តិ​ធម៌ ទាំង​មិន​បានទូទាត់ប្រាក់អត្ថប្រយោជន៍ឱ្យបានគ្រប់ចំនួនតាមច្បាប់ស្ដីពីការងារ។ ប៉ុន្តែអាជ្ញាធរបានចោទប្រកាន់អ្នកតវ៉ាទាំងនោះថាបាន​ធ្វើបាតុកម្មខុសច្បាប់ ហើយ​បានចាប់ឃាត់ខ្លួនអ្នកតវ៉ាជាង២០​នាក់ ក្នុង​នោះមា​ន​ទាំងតំណាងសហជីព កញ្ញា ឈឹម ស៊ីថរ ផងដែរ និងមានការដោះលែងវិញជាង១០នាក់ ​គិតត្រឹមថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ។

បញ្ហានេះ អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់ VOD នៅថ្ងៃព្រហស្បតិ៍នេះថា សភាមិន​ទាន់មាន​​គម្រោង​កោះហៅរដ្ឋមន្ត្រីនៅក្រសួងពាក់ព័​ន្ធ រួមទាំងស្ថាប័នអនុវត្តច្បាប់មកសួរដេញដោលក្នុងសភា ដើម្បីស្វែងរកដំណោះស្រាយនៅឡើយទេ ។

លោកថា៖ «យើងមិនទាន់ទទួលបានពាក្យបណ្ដឹងឬសំណូមពរអ្វីទេ​ចំពោះ​បញ្ហា​ហ្នឹង អត់ទាន់មាន​ទេ! ហើយ​តំណាង​រាស្ត្រក៏មិនដឹងថាគាត់កំពុងធ្វើអ្វីទេ​ឥលូវហ្នឹង ព្រោះថា ជួនកាលគាត់​ធ្វើការស្ងាត់ៗ ខ្ញុំក៏មិនដឹង! ប៉ុន្តែគាត់អត់បានរាយការណ៍មកទេ»។

នៅពេលសួរថា តើសភា​នឹងណែនាំទៅគណៈកម្មកា​រ​ជំនាញ ដើម្បី​កោះហៅអ្នកពាក់​ព័ន្ធ​មក​សួ​​រនាំ​​ជុំវិញ​វិវាទ​នេះ​ទេ ខណៈ​ការអនវុត្តច្បាប់​បានរងការរិះគន់ថាបានគំរាមកំហែងដល់សេរីភាពបញ្ចេ​ញ​​មតិដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនិងច្បាប់អន្តរជាតិមួយចំនួននោះ? អ្នកនាំពាក្យរូបនេះឆ្លើ​យថា សភាមិនមានទម្លាប់​បែបនេះទេ។

បទបញ្ជាផ្ទៃក្នុង​​សភាប្រការ៣៤ថ្មី ចែង​ថា «គណៈកម្មការទាំងឡាយ​របស់រដ្ឋសភាអា​​ចអញ្ជើញ​រដ្ឋ​មន្ត្រីណា​មួយ​មកបំភ្លឺអំពីបញ្ហាអ្វីមួយដែលពាក់ព័ន្ធនឹង​វិស័យ​ទទួល​ខុសត្រូវរបស់ខ្លួ​ន​»

ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី លោកស្រី ឡោក ខេង មិនអាចសុំការ​អត្ថាធិប្បាយបានទេ។

លោកស្រីថា៖ «ខាងណាហ្នឹង? ខ្ញុំនៅតាមផ្លូវ កំពុងទៅខេត្ត រវល់តែដាច់សេវាទេ»។

ប៉ុន្តែបើតាមតួនាទី និងភារកិច្ច ត្រង់ប្រការ៣ គណៈកម្មការនេះមានភារកិច្ច ពិនិត្យ សិក្សាសេចក្ដីព្រាងច្បាប់ និង​សេចក្ដីស្នើ​ច្បាប់ រួមទាំងត្រួតពិនិត្យការអនុវត្តច្បាប់​លើវិស័យដែលពាក់ព័ន្ធផ្អែកតាមរដ្ឋធម្មនុញ្ញនិង​ច្បាប់ រួមទាំង​អញ្ជើញរដ្ឋមន្ត្រីឬវរជនមក​​បំភ្លឺអំពីបញ្ហាអ្វីមួយ ដើម្បីស្វែងយល់ពីប្រសិទ្ធភាពនៃ​​ការអនុវត្តច្បាប់ សំដៅដល់ការឆ្លើយតបទៅនឹ​ងសំ​ណូមពរ ព្រមទាំងប្រយោជន៍ស្របច្បាប់របស់ប្រ​​ជាពលរដ្ឋ។

មន្ត្រីតស៊ូមតិ និងអង្កេតនៅអង្គការឃ្លាំមើលការបោះឆ្នោត និងឃ្លាំមើលសភាផងនោះ លោក កន​ សាវាង្ស លើកឡើ​ងថា តំណាងរាស្ត្រគួរតែមានការទទួលខុសត្រូវក្នុងនាមខ្លួនជាស្ថាប័នឃ្លាំមើលការអនវុត្តច្បាប់ និងទទួលប្រាក់ខែពីពលរដ្ឋ តាមរយៈការ​បង់ពន្ធគ្រប់ប្រភេទនោះ។

លោក សាវាង្ស បារម្ភថា បើស្ថាប័នឃ្លាំមើល​ការអនុវត្តច្បាប់នៃ​រដ្ឋសភានេះគ្មានឥទ្ធិពលកោះហៅ​ស្ថាប័នអនុវត្ត​ច្បាប់ និងអ្នកពាក់ព័ន្ធមកសួរដេញដោល​ក្នុង​សភា ដើម្បីស្វែងរកដំណោះស្រាយដោយតម្លាភាពទេ វានឹងប៉ះពាល់ដល់​មុខមាត់រដ្ឋាភិបាលទាំងនៅក្នុងតំបន់និងលើឆាកអន្តរជាតិ។

លោកថា៖ «កាលណាបើគ្មានការដោះស្រាយពីសភាទេ វាអាចធ្វើឱ្យការអនុវត្តច្បាប់ ពិសេសអង្គនីតិប្រតិបត្តិហ្នឹង គាត់​អាចធ្វើកិច្ចការអ្វីមួយមិនបានពិនិត្យឱ្យបានត្រឹមត្រូវ។ អ៊ីចឹងទៅ បញ្ហាហ្នឹង ភាពរងទុក្ខនិងការ​ស្រែករកយុត្តិធម៌របស់ប្រជាពលរដ្ឋនឹងកើតឡើងហើយ»។

គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ មានមនុស្ស៩នាក់ ក្នុង​នោះស្រ្តី៧នាក់ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ «ញុះ​ញង់ឱ្យ​ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ​កម្ពុជា ហើយ​កំពុងស្ថិតក្នុងការឃុំខ្លួន ខណៈអ្នកផ្សេងទៀតត្រូវបានដោះលែង។

យ៉ាងណា ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានលើកឡើង​​ក្នុង​សេចក្ដី​ថ្លែង​ការណ៍ចុះ​ថ្ងៃទី​៥ ខែមករា ឆ្នាំ២០២២នេះថា ការចាប់និងឃុំខ្លួនអ្នកដឹកនាំនិងសកម្មជនសហជីពកាស៊ីណូណាហ្គា​វើលដ៍ ជាការ​រំលោភ​បំពានលើច្បាប់សិទ្ធិមនុស្ស។ ពួកគេ​ចាត់ទុកចំណាត់ការនេះថា ជាការបញ្ចូន​សារដ៏គួរឱ្យ​​ភ័យខ្លាចដល់ប្រជាពលរដ្ឋ​កម្ពុជា​អំពីលំហ​ក្នុងការប្រមូលផ្ដុំដោយសេរី។

ជាការផ្ដល់អនុសាសន៍ ក្រុមអ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ ស្នើ​រដ្ឋាភិបាលកម្ពុជាអនុវត្តនូវអនុសាសន៍ដែល​កម្ពុជា​បានទទួលយកក្នុងអំឡុងពេលនៃការត្រួតពិនិត្យឡើងវិញ​ជាសកល តាម​កាល​កំណត់​នាឆ្នាំ២០១៩ ដែលរួមបញ្ចូលទាំងការសន្យា ដើម្បីបង្កើតលក្ខខណ្ឌដែលសង្គមស៊ីវិល រួមទាំងអ្នកការពារសិទ្ធិមនុស្ស អាចបំពេញការងារដោយសេរី និងគ្មានការជ្រៀតជ្រែកឬរារាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ