មានការប៉ាន់ប្រមាណថា ស្ត្រីដែលបម្រើនៅក្នុងវិស័យសេវាកម្សាន្តប្រមាណ៨០ភាគរយបានក្លាយជាជនរងគ្រោះ តាមរយៈការធ្លាក់ចុះចំណូលនិងវិបត្តិការងារនៅអំឡុងពេលជំងឺកូវីដ-១៩រីករាលដាលនៅដើមឆ្នាំ២០២០។
ក្រសួងទេសចរណ៍ កាលពីខែមីនា ឆ្នាំ២០២០ បានបង្ហាញថា ស្រ្តីដែលកំពុងបម្រើការនៅក្នុងវិស័យ សេវាកម្សាន្តសព្វថ្ងៃនេះ មានប្រមាណ៨ម៉ឺននាក់នៅទូទាំងប្រទេស។ ចំណែកក្រុមសហជីពដែលគាំពារផ្នែកវិស័យសេវាកម្សាន្តនេះវិញ សង្កេតឃើញថា ប្រហែល៨០ភាគរយ ភាគច្រើនជាស្រ្តី ដែលកំពុងបម្រើការនៅក្នុងវិស័យមួយនេះ ត្រូវជួបឧបសគ្គ ក្រោយពេលក្លឹបកម្សាន្តនិងហាងម៉ាស្សាជាដើមត្រូវផ្អាកដំណើរការអាជីវកម្មបណ្ដោះអាសន្នក្នុងរយៈពេលវែងនៅទូទាំងប្រទេស។
អ្នកស្រី ឡេង សុខរឿន អាយុ៥៨ឆ្នាំ ធ្លាប់ធ្វើការផ្នែកអនាម័យក្នុងក្លឹបកម្សាន្តមួយនៅក្នុងទីក្រុងភ្នំពេញ។ គាត់ទទួលបានប្រាក់កម្រៃគោលប្រមាណ៤០ម៉ឺនរៀលក្នុងមួយខែ ហើយបើខែណាមានសំណាង គាត់ប្រមូលបានលុយធីបប្រហែល១២ម៉ឺនរៀលបន្ថែមទៀតពីភ្ញៀវដែលចូលប្រើប្រាស់បន្ទប់ទឹក។ ដូច្នេះ សរុបទៅ គាត់រកចំណូលបានជាង៥០ម៉ឺនរៀលក្នុងមួយខែដែរ។

អ្នកស្រីពោលដូច្នេះថា៖ «ប្រាក់ខែហ្នឹងសម្រាប់ថ្លៃផ្ទះ។ ដល់ពេលខ្ញុំរកក្រៅហ្នឹងសម្រាប់ម្ហូប វាអស់តិចដែរទេ។ ម្ហូបពេលខ្លះទៅ ថៅកែគាត់ឱ្យទៅ ថ្ងៃខ្លះក៏រួចមួយគ្រាអ៊ីចឹងដែរទៅ តែថ្ងៃខ្លះក៏ត្រូវចំណាយអស់ជាង១ម៉ឺនរៀលអ៊ីចឹងទៅ វាមិនទៀងទាត់ទេ។ ហើយលុយដែលសល់បន្តិចបន្តួចគឺទុកសម្រាប់តែឈឺស្កាត់យប់ព្រលប់អ៊ីចឹងទៅ »។
អស់រយៈពេលជាច្រើនឆ្នាំដែលអ្នកស្រី ឡេង សុខរឿន ជាកម្មករក្រៅប្រព័ន្ធមួយរូបបានប្រឹងត្រដររស់ក្នុងជីវភាពអត្តខាត់។ មិនយូរប៉ុន្មាន ស្ថានភាពខ្វះមុខខ្វះក្រោយរបស់គាត់ត្រូវធ្លាក់យ៉ាប់យ៉ឺនខ្លាំងថែមទៀត ក្រោយពីប្រទេសត្រូវបានដាក់ឱ្យនៅក្រោមវិធានការបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ តាំងពីដើមឆ្នាំ២០២០។
ពេលនេះ ប្រទេសកម្ពុជាកំពុងបើកសេដ្ឋកិច្ចឱ្យមានសកម្មភាពពេញទំហឹងឡើងវិញ ក្រោយពីមានភាពរអាក់រអួលនៅស្ទើរតែគ្រប់វិស័យអស់រយៈពេលជិតពីរឆ្នាំ។ ទន្ទឹមគ្នានេះ កម្មករក្រៅប្រព័ន្ធដូចអ្នកស្រី ឡេង សុខរឿន និងមេដឹកនាំសហជីព បានអំពាវនាវឱ្យរដ្ឋាភិបាលបញ្ចូលពួកគេទៅក្រោមប្រព័ន្ធសំណាញ់សេវាគាំពារសង្គមផង ដើម្បីសម្រាលទុក្ខលំបាករបស់ពួកគេក្នុងស្ថានភាពប្រទេសជួបវិបត្តិផ្សេងទៀតនាពេលអនាគត។
អ្នកនាង កូ ម៉ៅ អាយុ២០ឆ្នាំ មានប្រសាសន៍ដូច្នេះ៖ «ខ្ញុំយល់ថាល្អ ប្រសិនបើរដ្ឋមានសេវាគាំពារសង្គមចំពោះការងារដូចជារូបគេ។ ម្យ៉ាងបើមានសេវានេះ វារឹតតែល្អ អាចជួយការពារដល់ស្រ្តីដែលធ្វើការងារយប់ដូចជារូបគេជាដើម»។
ជាអ្នកមានស្រុកកំណើតនៅជិតស្ពានអ្នកលឿង ក្នុងខេត្តកណ្ដាល នាង កូ ម៉ៅ ធ្លាប់ធ្វើការនៅក្លឹបកម្សាន្តមួយក្នុងទីក្រុងភ្នំពេញដែរ ដោយរកបានចំណូលពី៥ទៅ១០ដុល្លារក្នុងមួយយប់។ នៅពេលជំងឺកូវីដ-១៩ ចាប់ផ្ដើមរាតត្បាតក្នុងប្រទេស រូបនាងក៏ដូចជាកម្មករច្រើនសែននាក់នៅតាមវិស័យនានាត្រូវបាត់បង់ការងារ។ នាងនិងកូនម្នាក់បានក្លាយជាបន្ទុកទាំងស្រុងលើប្ដីដែលជាកម្មករសំណង់ ដែលជាវិស័យមួយនៅមានសកម្មភាពខ្លះៗក្នុងអំឡុងពេលនៃការបិទខ្ទប់។
រដ្ឋាភិបាល ចាប់តាំងពីខែមិថុនា ឆ្នាំ២០២០មក បានធ្វើអន្តរាគមន៍តាមរយៈកម្មវិធីផ្ដល់សាច់ប្រាក់ សម្រាប់ឧបត្ថម្ភជនក្រីក្រនិងងាយរងគ្រោះដោយសារវិបត្តិកូវីដ-១៩ ដើម្បីជួយដល់គ្រួសារក្រីក្រកាន់បណ្ណសមធម៌ប្រភេទក្រ-១ និង ក្រ-២។ កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបទេសចរណ៍ ព្រមទាំងកម្មករនៃផ្នែកមួយចំនួនទៀតក្នុងវិស័យទេសចរណ៍ ក៏ទទួលបានការឧបត្ថម្ភតាមរយៈវិធានការអន្តរាគមន៍របស់រដ្ឋាភិបាលដែរ។
ការសម្ភាសជាមួយកម្មករជាច្រើននាក់នៅតាមសេវាកម្សាន្ត ដូចជា ក្លឹបម៉ាស្សា និងក្លឹបខារ៉ាអូខេ បានឱ្យដឹងថា ពួកគេគ្មានសំណាងដូចកម្មករនៅក្នុងវិស័យដទៃ អំឡុងពេលមានការរាតត្បាតជំងឺកូវីដ-១៩ទេ។ មូលហេតុមានបី។ ទីមួយ ក្រុមកម្មករសេវាកម្សាន្តនេះ ដែលត្រូវបានចាត់ទុកថាជាក្រុមងាយរងគ្រោះមួយដែរ ត្រូវបានគេផាត់ចេញឱ្យនៅក្រៅការគ្របដណ្ដប់ទូលំទូលាយរបស់ច្បាប់។ ទីពីរ និយោជកឬម្ចាស់សេវាកម្មកម្សាន្តព្យាយាមមិនចុះបញ្ជីជាសមាជិករបស់បេឡាជាតិរបបសន្តិសុខសង្គម។ ទីបី ការចុះបញ្ជីដើម្បីទទួលបានបណ្ណមូលនិធិសមធម៌សុខាភិបាលនិងប្រាក់ឧបត្ថម្ភផ្សេងៗពីកម្មវិធីរបស់រដ្ឋ មានភាពស្មុគស្មាញនិងចង្អៀត។
បទសម្ភាសន៍បានឱ្យដឹងទៀតថា ខុសពីវិស័យរោងចក្រកាត់ដេរ និងវិស័យឯកជនដទៃទៀត អ្នកបម្រើការផ្នែកសេវាកម្មកម្សាន្តនិងវិស័យសំណង់ដែលជាមុខរបរងាយរងគ្រោះជាងគេបំផុត ទោះមានច្បាប់ស្ដីពីការងារក្ដីឬយន្តការដែលកំណត់ពីការទទួលបានសេវាគាំពារសង្គមក្ដី ពុំមាននីតិវិធីផ្លូវច្បាប់គ្របដណ្ដប់ឱ្យបានពេញលេញទេ។
អ្នកបម្រើការនៅតាមវិស័យសេវាកម្មកម្សាន្ត ទទួលបានប្រាក់ឈ្នួលតាមម៉ោងធ្វើឬទទួលបានប្រាក់ឈ្នួលតាមថ្ងៃក៏មានដែរ ហើយពេលខ្លះទៀតសឹងមិនដឹងថាអ្នកណាជាថៅកែរបស់ពួកគេថែមទៀតផង នេះបើនិយាយពីវិស័យសំណង់វិញ។ លើសពីនេះ ប្រសិនបើនិយោជករបស់ពួកគេមិនបានចុះបញ្ជីជាសមាជិកនៃបេឡាជាតិរបបសន្តិសង្គម ឬហៅថា ប.ប.ស ទេ នោះមានន័យថា កម្មករឬអ្នកបម្រើការងារនៅតាមវិស័យទាំងនោះ នឹងមិនទទួលបានការការពារស្របតាមច្បាប់ ដូច្នេះពួកគេត្រូវបាត់បង់អត្ថប្រយោជន៍ដទៃទៀត ដូចជា លទ្ធភាពទទួលបានសាច់ប្រាក់ដែលរដ្ឋត្រូវឧបត្ថម្ភដូចក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩ ជាដើម។
ច្បាប់ស្ដីពី «របបសន្តិសុខសង្គម» បានចែងថា ដើម្បីអាចទទួលបានបណ្ណមូលនិធិសមធម៌សុខាភិបាលបាន និយោជិតឬអ្នកធ្វើការនៅតាមសេវាកម្មកម្សាន្ត ត្រូវបង្កើតសហជីពមូលដ្ឋានជាមុនសិន។ បន្ទាប់មកទៀត សហជីពនោះត្រូវចូលជាសមាជិកជាមួយសហព័ន្ធណាមួយសិន ទើបអាចទទួលបានបណ្ណមូលនិធិសមធម៌សុខាភិបាលពីកម្មវិធីរដ្ឋ តាមរយៈសហព័ន្ធជាអ្នកនាំយកទៅចុះបញ្ជីនៅសាលាខេត្តឬសាលាក្រុង ដើម្បីបញ្ជាក់ពីមុខរបរនិងការងារ។ ប្រសិនបើមិនបំពេញបានតាមការកំណត់ខាងលើនេះទេ កម្មករបម្រើការនៅតាមវិស័យសេវាកម្មកម្សាន្តនឹងមិនទទួលបានអត្ថប្រយោជន៍ពីកម្មវិធីឧបត្ថម្ភផ្សេងៗរបស់រដ្ឋដូចមានក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ឡើយ។
ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ត្រូវបានរដ្ឋាភិបាលដាក់ចេញនៅខែមីនា ឆ្នាំ២០១៧ ហើយតាមរយៈនោះ ក្រុមប្រឹក្សាជាតិគាំពារសង្គមត្រូវបានបង្កើតឡើងដោយមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានកិត្តិយស និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន អមដោយក្រសួងស្ថាប័នពាក់ព័ន្ធចំនួន១១ផ្សេងទៀត ក្នុងនោះមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាដើម ជាសមាជិក។
ក្របខណ្ឌគោលនយោបាយនេះមានគោលដៅជួយផ្លាស់ប្ដូរជាវិជ្ជមានជាលំដាប់នូវកម្រិតជីវភាពនិងគុណភាពនៃជីវិតរបស់ប្រជាជនកម្ពុជាគ្រប់រូប ដោយបម្រើឱ្យសេចក្ដីត្រូវការយ៉ាងសំខាន់ក្នុងការបង្កើនលទ្ធភាពទទួលបានសេវាជំនួយសង្គមនិងសន្តិសុខសង្គម សម្រាប់មន្រ្តីសាធារណៈនិងវិស័យឯកជន ព្រមទាំងពលរដ្ឋដែលមកពីវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធថែមទៀតផង។
ទោះបីជាពួកគេត្រូវបានចាត់ទុកថាជាអ្នកធ្វើការនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធក្ដី ប្រកាសចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីខែសីហា ឆ្នាំ២០១៤ បានចាត់ទុកកម្មករនិយោជិតទាំងនេះជាអ្នកដែលធ្វើការនៅក្នុងប្រព័ន្ធ។ មាត្រា២នៃប្រកាសនេះ បានឱ្យនិយមន័យថា សហគ្រាសសេវាកម្មកម្សាន្តនិងក្រុមហ៊ុន សំដៅលើសហគ្រាសគ្រឹះស្ថាននិងក្រុមហ៊ុនដែលបោះដុំឬលក់រាយ រួមមាន លក់ភេសជ្ជៈគ្រប់ប្រភេទ សណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាក់ ខារ៉ាអូខេ ឌីស្កូថេក ហាងស្រាបៀរ កាស៊ីណូ ហាងម៉ាស្សា រួមទាំងមជ្ឈមណ្ឌលកម្សាន្តវប្បធម៌ ឬអេកូទេសចរណ៍ ជាដើម។
មាត្រា៥នៃប្រកាសនេះដដែលបានបញ្ញតិ្តអំពីម៉ោងធ្វើការនិងការងារបន្ថែមម៉ោង ដោយតម្រូវឱ្យនិយោជកឬអ្នកតំណាងនិយោជកនៅក្នុងឧស្សាហកម្មសេវាកម្មកម្សាន្ត ត្រូវកំណត់ម៉ោងធ្វើការអតិបរមារបស់កម្មករសេវាកម្សាន្តត្រឹម៨ (ប្រាំបី) ម៉ោងក្នុងមួយថ្ងៃ ឬ ៤៨ (សែសិបប្រាំបី) ម៉ោងក្នុងមួយសប្តាហ៍។
ស្មារតីច្បាប់ល្អ តែស្រ្តីបម្រើការងារក្នុងសេវាកម្មកម្សាន្តនៅតែមិនទទួលបានការគាំពារដដែល
ការអនុវត្តជាក់ស្ដែងរបស់ច្បាប់ហាក់ដូចជាគ្មានភាពជ្រះស្រឡះ ជាពិសេសពាក់ព័ន្ធស្រ្តីបម្រើការនៅក្នុងសេវាកម្សាន្ត ដែលត្រូវបានផាត់ចេញពីការគ្របដណ្ដប់នៃវិធានការអន្តរាគមន៍សាច់ប្រាក់របស់រដ្ឋាភិបាល ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩។
អ្នកនាង កូ ម៉ៅ ដែលជាអតីតកម្មករសេវាកម្សាន្តមួយរូប និយាយថា គាត់ពិតជាមិនដែលធ្លាប់បានឮឬដឹងទាល់តែសោះថា រដ្ឋាភិបាលផ្ដល់សេវាគាំពារសង្គមដល់អ្នកដែលជួបវិបត្តិផ្នែកការងារឬមានហានិភ័យការងារកើតឡើង។ មិនតែប៉ុណ្ណោះ នៅកន្លែងគាត់ធ្លាប់ធ្វើការ និយោជកក៏ពុំដែលបានប្រាប់អំពីគោលការណ៍នានារបស់រដ្ឋាភិបាលនោះដែរ។
អ្នកចាត់ការទូទៅនៃក្លឹបកម្សាន្តដែលមានឈ្មោះថា «រ៉េន» ដែលមានទីតាំងស្ថិតនៅចាក់អង្រែក្រោម ក្រុងភ្នំពេញ បាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ជាការពិត ក្លឹបមិនដែលបានផ្ដល់ព័ត៌មានអំពីអត្ថប្រយោជន៍នានាដែលកម្មករបម្រើការនៅក្នុងវិស័យសេវាកម្មកម្សាន្តត្រូវទទួលបាននោះទេ ប្រសិនបើជួបហានិភ័យផ្នែកការងារ។ មិនតែប៉ុណ្ណោះ សហគ្រាសនេះក៏មិនបានចុះបញ្ជីជាផ្លូវការណាមួយនៅក្នុងបេឡាជាតិរបបសន្តិសុខសង្គមដែរ។ អ្នកចាត់ការរូបនេះនិយាយថា មូលហេតុសំខាន់នៅពីក្រោយការមិនចុះបញ្ជីនេះ គឺចំណូលដែលបានមកពីមុខរបរនេះមិនទៀងទាត់ ហើយវាល្មមគ្រាន់តែចំណាយទៅលើសេវាផ្សេងៗ រួមមាន ថ្លៃទឹក និងថ្លៃភ្លើង តែប៉ុណ្ណោះ។
លោកនិយាយថា៖ «អត់ដែលមានទេ! ក្លឹបនេះនិយាយពីប្រាក់ខែ វាអត់មានទេ មានតែរកបានក្រៅ។ បើដូច្នេះ យើងអត់មានបណ្ណ ប.ស.ស អីណាទេ! បន្ថែមពីលើនេះ យើងវាមិនសូវមានចំណូលផង»។
អ្នកស្រី ដួង សាវូន អាយុ៣០ឆ្នាំ ដែលធ្លាប់បម្រើការផ្នែកម៉ាស្សានៅក្លឹបកម្សាន្តមួយក្នុងទីក្រុងសៀមរាប ក៏មិនដែលបានដឹងអំពីគោលនយោបាយគាំពារសង្គមរបស់រដ្ឋាភិបាលដែរ។

អ្នកស្រីពោលដូច្នេះថា៖ «វាល្អណាស់ បើសិនជាមានវាមែន [សេវាគាំពារសង្គម] ឧបមាថាយើងអត់មានការងារធ្វើអញ្ចេះ ប្រសិនបើជាមានសេវាគាំពារសង្គម អាចជួយយើងបាន ហើយថៅកែៗក៏ដូចគ្នាដែរ»។
កាលនៅមុនផ្ទុះកូវីដ-១៩ អ្នកស្រីអាចរកចំណូលបានចំនួន១៧០ដុល្លារអាមេរិកក្នុងមួយខែ។ សព្វថ្ងៃនេះ អ្នកស្រីលែងមានចំណូលអ្វីទាំងអស់ក្រោយពីការងារត្រូវផ្អាក ហើយរស់បានទាំងត្រដាបត្រដួសដោយពឹងលើកម្រៃដែលរកបានពីការដាំបន្លែជាមួយប្ដីរបស់គាត់យកមកផ្គត់ផ្គង់គ្រួសារ។
ស្រី មុំ អាយុ៣៦ឆ្នាំ ធ្លាប់ធ្វើជាមេការនៅក្លឹបកម្សាន្តមួយអស់រយៈពេលប្រមាណ១៤ឆ្នាំកន្លងមកហើយ ចាប់តាំងពីឆ្នាំ២០០៧មក។ គាត់ជាស្រ្តីមេម៉ាយ និងមានកូនប្រុសម្នាក់នៅក្នុងបន្ទុក។ ក្នុងអំឡុងពេលដែលក្លឹបកម្សាន្តត្រូវបានបិទជិតពីរឆ្នាំមកនេះ រូបគាត់និងស្រ្តីដទៃទៀតធ្លាប់ស្វែងរកសុំជំនួយពីរដ្ឋាភិបាលដែរ ប៉ុន្តែមិនដែលទទួលបានការឆ្លើយតបជាវិជ្ជមានណាមួយឡើយ។

ស្រី មុំ ពោលដូច្នេះថា៖ «ពេលដែលខ្ញុំដាក់ញាតិ្តទៅ គឺខ្ញុំសូមឱ្យរដ្ឋាភិបាលជួយអំឡុងពេលកូវីដហ្នឹង មានអង្ករ និងមានលុយ៤០ដុល្លារ ហើយសំណូមពរសូមឱ្យមានបណ្ណ ប.ស.ស និងបណ្ណសមធម៌ដល់ស្រ្តីសេវាកម្សាន្តដូចនារីខាងរោងចក្រដែរ។ អ្នកធ្វើការផ្នែកសេវាកម្សាន្ត តាមពិតទៅសុទ្ធតែធ្វើការបង់ពន្ធជូនរដ្ឋដូចគ្នា។ ដូច្នេះ ខាងរោងចក្រហេតុអីបានគេមាន ហេតុអីបានជាខាងសេវាកម្សាន្តម៉េចក៏អត់មាន? ហើយខាងសេវាកម្សាន្តជួបប្រឈមបញ្ហាខ្លាំងនឹងសុខភាព»។
ក្រោយពីផ្នែកសេវាកម្សាន្តត្រូវបានបិទ គាត់បាត់បង់ចំណូលទាំងស្រុង ហើយសព្វថ្ងៃពឹងលើកម្រៃបានមកពីការដើរកោសខ្យល់ឱ្យអ្នកដទៃ មើលកូន និងបោកខោអាវឱ្យគេ គ្រាន់យកមកដោះស្រាយការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។
រដ្ឋាភិបាលជួយ តែមិនបានគ្រប់គ្នាទេ
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា គិតត្រឹមខែឧសភា ឆ្នាំ២០២១ រដ្ឋាភិបាលបានធ្វើអន្តរាគមន៍ជំនួយសាច់ប្រាក់ដល់អ្នកក្រីក្របាន៥ជុំហើយ ដោយចំណាយថវិកាអស់ជាង២៩១លានដុល្លារអាមេរិក ទៅលើពលរដ្ឋជាង៦៩ម៉ឺនគ្រួសារនៅទូទាំងប្រទេស។ នៅក្នុងនោះ កម្មករក្នុងវិស័យវាយនភណ្ឌរោងចក្រកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូប ព្រមទាំងវិស័យទេសចរណ៍ និងអាហារដ្ឋាន សុទ្ធតែទទួលបានការការពារ និងឧបត្ថម្ភសាច់ប្រាក់ចំនួន៤០ដុល្លារម្នាក់ ក្នុងមួយខែ។ ការចំណាយទៅលើវិស័យទាំងនេះត្រូវបានរដ្ឋាភិបាលចាត់ទុកថា ជាការឆ្លើយតបចំពោះអ្នកដែលជួបហានិភ័យផ្នែកការងារឬការងារត្រូវបានព្យួរការងារនៅអំឡុងពេលមានវិបត្តិកូវីដ-១៩ផ្ទុះឡើង។
តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឱ្យដឹងថា ការផ្ដល់សាច់ប្រាក់សម្រាប់គ្រួសារក្រីក្រនិងជនងាយរងគ្រោះអំឡុងពេលជំងឺកូវីដ-១៩ សម្រាប់ជុំទី៧ លើកទី២ ដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ តាមរយៈកាលបរិច្ឆេទដែលក្រសួងសង្គមកិច្ចមិនទាន់បញ្ជាក់លម្អិតអំពីទំហំសាច់ប្រាក់និងចំនួនគ្រួសារដែលនឹងត្រូវទទួលនេះ នឹងត្រូវប្រើពេលប្រមាណ៣០ថ្ងៃ ក្នុងការផ្ដល់ប្រាក់ឧបត្ថម្ភសម្រាប់ជុំទី៧នេះ។
អ្នកបម្រើការក្នុងវិស័យសេវាកម្មកម្សាន្ត មិនមែនជាអាទិភាព
កាលពីខែកក្កដា ឆ្នាំ២០២០ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា គោលការណ៍ផ្ដល់ជំនួយសាច់ប្រាក់៤០ដុល្លារម្នាក់ក្នុងមួយខែ គឺមានសម្រាប់តែវិស័យអាទិភាពដែលត្រូវសង្គ្រោះជាបន្ទាន់ រួមមាន វិស័យទេសចរណ៍, អាកាសចរណ៍, សណ្ឋាគារ, អាហារដ្ឋាន និងវិស័យវាយនភណ្ឌរោងចក្រកាត់ដេរ។
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើកឡើងនៅក្នុងសេចក្ដីជូនដំណឹងនេះថា ទាំងនេះជាវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុត។ ដោយឡែក វិស័យសេវាកម្មកម្សាន្ត និងចំណីអាហារ រួមទាំងវិស័យសំណង់ផងនោះ មិនត្រូវបានដាក់បញ្ចូលទៅក្នុងវិធានការផ្ដល់ប្រាក់ឧបត្ថម្ភនេះនៅឡើយទេ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ ទទួលស្គាល់ថា សេវាគាំពារសង្គមដែលរដ្ឋាភិបាលបានដាក់ចេញ មិនទាន់មានវិសាលភាពគ្របដណ្ដប់ទៅលើមនុស្សទូទៅឱ្យបានពេញលេញនៅឡើយទេ ជាពិសេសសម្រាប់វិស័យសេវាកម្មកម្សាន្ត។
លោកមានប្រសាសន៍ថា៖ «ជារួម គឺយើងបានដាក់នូវវិធានការមួយដែលមិនអាចក្ដោបគ្រប់មុខសញ្ញាបានទេ។ យើងក្ដោបតែទៅលើមុខសញ្ញាវិស័យការងារ និងវិស័យទេសចរណ៍ ដែលរួមមានភោជនីយដ្ឋាន ហើយសណ្ឋាគារ។ ដោយឡែក អ្នកដទៃផ្សេងទៀតដែលយល់ថាខ្លួនមានបញ្ហា គឺយើងបានស្នើសុំឱ្យគាត់ទៅធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពគ្រួសារនៅនឹងមូលដ្ឋានឃុំ-សង្កាត់។ ដូច្នេះ មកដល់ម៉ោងនេះ មិនមានអ្វីថ្មីទេ ពីព្រោះយន្តការដែលយើងផ្ដល់ការឧបត្ថម្ភនេះ គឺយើងបានអំពាវនាវ ហើយនិងបានផ្សព្វផ្សាយជាសាធារណៈតាំងពីដើមឆ្នាំ២០២០រួចមកហើយ។ រីឯការដែលគាត់ខកខានទៅ វាជារឿងដោយឡែក ពីព្រោះការធ្វើជំរឿនកន្លងទៅ គឺយើងទុកពេលរហូតដល់ទៅ២ខែ សម្រាប់ធ្វើគ្រួសារ “ក្រ១” “ក្រ២” ថ្មីនេះ»។
អ្នកនាំពាក្យរូបនេះបន្ថែមទៀតថា បើតាមការធ្វើជំរឿនចុងក្រោយ គ្រួសារក្រីក្រដែលទទួលបានសេវាកម្មគាំពារសង្គមពីរដ្ឋាភិបាល មានចំនួនជិត៨០ម៉ឺនគ្រួសារហើយនៅទូទាំងប្រទេស ដោយមិនទាន់គិតដល់វិស័យផ្សេងទៀត រួមមាន វិស័យរោងចក្រកាត់ដេរ និងវិស័យទេសចរណ៍ ដែលជាគោលការណ៍ដាច់ដោយឡែកមួយផ្សេងទៀតពី «ក្រ១» ទៅ «ក្រ២»។
អង្គការសង្គមស៊ីវិលចង់ឃើញការគាំពារសង្គមទៅដល់សេវាកម្មកម្សាន្តដែរ
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន និយាយថា អ្នកបម្រើការនៅតាមវិស័យសេវាកម្មកម្សាន្ត ជាប្រភេទមុខរបរដែលមិនមានប្រាក់ឈ្នួលគោលដូចទៅនឹងវិស័យដទៃទៀតទេ។ ក្នុងន័យនេះ ពួកគេធ្វើការដោយទទួលបានប្រាក់កម្រៃតាមម៉ោងការងារ ឬបានលុយធីបពីភ្ញៀវតែប៉ុណ្ណោះ ដែលធ្វើឱ្យពួកគេជាក្រុមងាយរងគ្រោះប្រឈមនឹងភាពក្រីក្រខ្លាំង។ អាស្រ័យហេតុនេះ អ្នកស្រីអំពាវនាវឱ្យរដ្ឋាភិបាលដាក់បញ្ចូលវិស័យសេវាកម្មកម្សាន្តនិងម៉ាស្សាចូលទៅក្នុងគោលនយោបាយគាំពារសង្គមដូចវិស័យដទៃទៀតដែរ។
អ្នកស្រីបន្តថា៖ «នៅពេលដែលយើងធ្វើការជាមួយនឹងកម្មករនិយោជិតនៅក្នុងវិស័យម៉ាស្សាឬក៏ខារ៉ាអូខេហ្នឹង ភាគច្រើនវាអាចមានជម្រើស ដោយសារតែមានបញ្ហានៅត្រង់ថា ថៅកែអាចថាគាត់ចុះបញ្ជី ប៉ុន្តែគាត់អត់ដាក់បញ្ចូលឈ្មោះពួកគាត់។ ហើយវាអាចទី២ ដោយសារកម្មករនិយោជិតសេវាកម្មកម្សាន្តហ្នឹង ការងាររបស់ពួកគាត់ហ្នឹងមានភាពស្មុគស្មាញអញ្ចេះ គាត់ធ្វើការដោយអត់មានប្រាក់ខែគោលទេ។ ពួកគាត់ធ្វើការអាស្រ័យលើកុម្មិស្យុង ឬលុយធីប ឬក៏អាស្រ័យទៅលើរឿងពេលដែលភ្ញៀវត្រូវការគាត់ គាត់ទៅអ៊ីចឹងទៅ។ ហេតុដូច្នេះបានជានិយោជកកន្លែងហ្នឹងអត់ចុះបញ្ជីដាក់ថាពួកគាត់ជាកម្មករនិយោជិតក្នុងកន្លែងខារ៉ាអូខេ ឬសេវាកម្មកម្សាន្តរបស់គាត់ទេ»។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាជាតិគាំពារសង្គម ភាគីខាងសហជីព អំពាវនាវឱ្យរដ្ឋាភិបាលរៀបចំបទប្បញ្ញត្តិច្បាប់ឡើងវិញដោយបញ្ចូលផ្នែកសេវាកម្មកម្សាន្តទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចរៀបរយដែរ ហើយគ្របដណ្ដប់លើគ្រប់ភាគី រាប់ចាប់តាំងពីកម្មករ មន្រ្តីរាជការ និងវិស័យឯកជន ឱ្យខុសពីច្បាប់ចាស់ដែលគ្របដណ្ដប់ទៅលើតែកម្មកររោងចក្រកាត់ដេរតែប៉ុណ្ណោះ។
លោកមានប្រសាសន៍ដូច្នេះថា៖ «បញ្ចូលទៅក្នុងប្រព័ន្ធ មានន័យថា ក្រោមដែនអនុវត្តនៃច្បាប់ស្ដីពីការងារ។ ដូច្នេះ មានន័យថា វាមានម៉ោង វាមានរបបសន្តិសុខសង្គម វាមានការឈប់សម្រាក និងច្បាប់ឈឺ ជាដើម ដូចកម្មករសណ្ឋាគារ និងកម្មករកាត់ដេរ មានសិទ្ធិដូចគ្នាទាំងអស់ឱ្យតែនៅក្នុងប្រព័ន្ធ។ ហើយបើថារុញពួកគាត់ឱ្យនៅក្រៅប្រព័ន្ធ អត់មានអីទាំងអស់ រួមទាំងអត់មានច្បាប់អីការពារ ទទេសុទ្ធតែម្ដង»៕