កូដករ​កាស៊ីណូ​ណាហ្គាវើលដ៍​ទាមទារ​ដោះលែង​ថ្នាក់ដឹកនាំ​សហជីព​មុន​ជួបចរចា​រក​ដំណោះស្រាយ

កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូណាហ្គាវើលដ៍ (Naga World) មួយចំនួនដែលកំពុងធ្វើ​កូដកម្ម​ បានទាម​ទារ​ឱ្យ​មាន​ការ​ដោះលែង​ថ្នាក់ដឹកនាំស​ហជីព មុនហៅពួកគេជួបប្រជុំដើម្បីផ្ទៀងផ្ទាត់ការទូទាត់ប្រាក់បំណាច់បញ្ចប់​កិច្ច​សន្យា​ការ​ងារ។

កាលពីថ្ងៃ​ទី​៦ ខែមករានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ បាន​ចេញ​លិខិត​ជា​ថ្មី​ទៀតឱ្យ​តំណាងឬ​បុគ្គលិក​របស់​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ ចូល​រួម​ប្រជុំ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឡើងវិញនូវការទូទាត់​ប្រាក់បំណាច់​បញ្ចប់កិច្ចសន្យាការងារ ចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ដើម្បីដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុន​ល្បែងមួយនេះ ប៉ុន្តែកូដករមួយចំនួនប្រកាន់ជំហរថា ពួកគេមិនជួបប្រជុំជាមួយក្រសួងនោះទេ ប្រសិនបើថ្នាក់ដឹកនាំសហជីពមិនត្រូវបានដោះលែង។

កូដករ​កាស៊ីណូណាហ្គាវើលដ៍ម្នាក់ អ្នកស្រី ឡុច រំដួល ប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះថា ក្រុមកូដករមិនអាចចូល​ទៅជួបចរចា​តាមការអំពាវនាវរបស់ក្រសួងការងារបានទេ ដរាបណាថ្នាក់ដឹកនាំសហជីព៨នាក់មិនត្រូវ​បាន​ដោះលែងឱ្យមានសេរីភាព​វិញ។

អ្នកស្រី​បន្តថា ពួកគេបានផ្ដល់សិទ្ធិឱ្យ​តំណាង​សហជីព​ជាអ្នកទទួលខុសត្រូវ និងចរចា​លើការដោះស្រាយរឿង​វិវាទការងារនៅកាស៊ីណូណាហ្គាវើលដ៍នេះរួចទៅហើយ។ អ្នកស្រី​ថា តំណាងសហជីពមានតួនាទីសំខាន់ណាស់ ដោយសារពួកគេយល់ដឹងច្បាស់ពីនីតិវិធីនិងផ្លូវច្បាប់​ក្នុងការចរចា​រក​ដំណោះ​ស្រាយដែលអាច​ទទួល​បាន​យុត្តិធម៌។

អ្នកស្រីបន្ថែមថា៖ «យើងមានតំណាងសហជីពរបស់យើងសម្រេចការចរចារកដំណោះស្រាយ។ ឥលូវគេចាប់​តំណាងពួកខ្ញុំទៅដាក់គុកអស់ហើយ អ៊ីចឹងឱ្យពួកខ្ញុំទៅជួបចរចាហ្នឹងជួបរបៀបយ៉ាងម៉េច? អ៊ីចឹង​បើចង់មានការអី ត្រូវដោះលែងតំណាងខ្ញុំមកវិញ ដើម្បីឱ្យពួកគាត់មកចរចា ហើយ​ហៅភាគី​ក្រុមហ៊ុន​មក​ចរចាដោះ​ស្រាយឱ្យ​វាមានតម្លាភាព។ បើក្រសួងការងារនៅតែហៅឱ្យចរចា មានតែឱ្យគាត់ទៅចរចា​ជាមួយតំណាង​ខ្ញុំ​នៅ​ព្រៃស»

កូដករកាស៊ីណូណាហ្គាវើលដ៍ម្នាក់ទៀត អ្នកស្រី ហ៊ន ភារ៉ា និយាយថា រហូតមកដល់ពេលនេះ ពួកគេបានតវ៉ា​ទាម​ទារ​លក្ខខណ្ឌ​​បន្ថែមទៀត គឺ​ទាមទារឱ្យមានការដោះលែងតំណាងសហជីពដែលឃុំខ្លួន បុគ្គលិកជាង៣០០នាក់ ត្រលប់ចូលធ្វើការងារវិញ ដោះស្រាយសំណងស្របតាមច្បាប់ជូនបុគ្គលិកដែលយល់ព្រមលា​ឈប់ និងលក្ខខណ្ឌផ្សេងៗទៀត។

អ្នកស្រីបន្ថែមថា៖ «ពីព្រោះពួកខ្ញុំត្រូវការសហជីព។ សហជីពបានជួយការពារសិទ្ធិនិងផលប្រយោជន៍ជូនពួកខ្ញុំ​ស្រប​តាម​ច្បាប់ អ៊ីចឹង​ហើយ​បាន​ជាពួកយើង​ទាមទារឱ្យមាន​ការដោះលែងតំណាងសហជីពមកវិញ ហើយ​ឱ្យ​ពួក​គាត់​ជាអ្នកតំណាងចូលតុចរចា​ជាមួយក្រសួងការងារ និងភាគីក្រុមហ៊ុន»។

វីអូឌី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យ​ក្រសួងការងារ លោក ហេង សួរ បាន​ទេ នៅថ្ងៃនេះ។

តំណាងសហភាពសហជីព សហព័ន្ធសហជីព និងសមាគមមួយចំនួន ដែលធ្វើការងារផ្នែកវិស័យការងារនៅកម្ពុជា បានប្រកាសជំហរនៅថ្ងៃសុក្រនេះថា ពួកគេនឹងសាមគ្គីគ្នាចូលរួមគាំទ្រ និងធ្វើយុទ្ធនាការទាម​ទារ​ឱ្យមានការដោះលែងដោយឥតលក្ខខណ្ឌនូវថ្នាក់ដឹកនាំ សកម្មជន នៃសហជីពទ្រទ្រង់​សិទ្ធិ​ការ​ងារ​ប្រចាំក្រុម​ហ៊ុន​ណាហ្គាវើលដ៍ចំនួន៨នាក់ និងជំរុញឱ្យក្រុមហ៊ុនល្បែងមួយនេះ ទទួលយកបុគ្គលិក​៣៦៥នាក់ចូល​ធ្វើការងារ​វិញ​ផង​ដែរ។

អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ យល់ថា​ ការដែល​​ក្រុម​កូដករ​មិន​ព្រម​ទៅ​តាម​ការអំពាវនាវរបស់ក្រសួងការងារនេះ ជារឿងត្រឹមត្រូវ ពីព្រោះក្រុមកូដករ​បានផ្ដល់​សិទ្ធិ​ឱ្យតំណាងសហជីពជាអ្នកដោះស្រាយដែលធ្វើឡើងទៅតាមផ្លូវច្បាប់ត្រឹមត្រូវ។

លោកបន្ថែមថា៖ «អ៊ីចឹង​បើយើងនិយាយពីច្បាប់ គឺពួកគាត់ [តំណាងសហជីពដែលជាប់ឃុំ] មានសិទ្ធិស្រប​ច្បាប់​ក្នុងភាពជាតំណាង ដល់ពេលចាប់ពួកគាត់អ៊ីចឹង​ មិន​ដឹង​មាន​អ្នក​ណា​ជាអ្នកដោះស្រាយនិងមាន​សិទ្ធិ​សម្រេច​ចិត្ត​ដែរ។ ហើយក្រុមអ្នកតវ៉ាក៏គ្មានសិទ្ធិសម្រេចចិត្តដែរ ពីព្រោះគាត់បានផ្ដល់សេចក្ដីទុក​ចិត្ត​ទៅ​តាម​សហជីព ហើយ​អាហ្នឹង​ជានីតិវិធីផ្លូវច្បាប់មួយដែលគេឱ្យអង្គការ​វិជ្ជាជីវៈគាត់​ប្រើប្រាស់សិទ្ធិស្រប​ច្បាប់​ ក្នុងនាមតំណាងឱ្យសមាជិករបស់ខ្លួនហ្នឹងទៅចរចានូវប្រយោជន៍ជាសមូហ​ភាព​ឬ​ក៏​លក្ខខណ្ឌផ្នែកសេដ្ឋកិច្ចហ្នឹង»។

បើតាមលោក ឃុន ថារ៉ូ ការកាត់បន្ថយបុគ្គលិកដែលធ្វើឡើងដោយក្រុមហ៊ុនណាហ្គាវើលដ៍នេះ មិនបានអនុលោមតាមច្បាប់ការងារនិងច្បាប់សហជីពឡើយ។ លោកថា ករណីក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់បុគ្គលិកក្នុងចំនួនច្រើន ដែលមានទាំងថ្នាក់ដឹកនាំសំខាន់ៗ សមាជិកសហជីពសកម្ម និងប្រតិភូបុគ្គលិកនេះ គឺជាការរើសអើងសហជីពយ៉ាងពិតប្រាកដ។

គិតចាប់តាំងពីការធ្វើកូដកម្មនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ មកដល់ពេលនេះ យ៉ាងហោចណាស់ ថ្នាក់ដឹក​នាំ​សហជីព​ និងសមាជិកសរុបជិត៣០​នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះ ៨នាក់ រួមទាំង​កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពផង ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ក្រោមបទចោទ «ញុះញង់ឱ្យ​ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។ 

ក្រុម​អ្នកជំនាញអង្គការសិទ្ធិមនុស្សជាតិនិង​អន្តរជាតិ បានថ្កោលទោសជាបន្តបន្ទាប់ចំពោះការចាប់ខ្លួន និងការឃុំខ្លួនថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ ដោយថា​ ការចាប់ខ្លួនធ្វើឡើងទាំងបំពានច្បាប់ និងរំលោភសិទ្ធិមនុស្ស ហើយពួកគេបានទាមទារឱ្យទម្លាក់ចោលការចោទប្រកាន់ជាបន្ទាន់ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ