រដ្ឋាភិបាល​​កម្ពុជា​​៖ មេ​​រដ្ឋ​​ប្រហារ​​យោធា​​ភូមា​​ពន្យារ​​ពេល​​បទ​ឈប់​បាញ់​​រហូត​​ដល់​​ចុង​​ឆ្នាំ២០២២

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលជួបពិភាក្សាជាមួយ​លោកនាយ​ឧត្តម​សេនីយ៍​ជាន់ខ្ពស់ មីន អ៊ុងឡាំង​ មេដឹកនាំរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា អំពី​បញ្ហា​ទ្វេភាគី​ និង​បញ្ហា​តំបន់​មួយ​ចំនួន​ដែល​ជា​ផលប្រយោជន៍​និង​ជា​ក្តី​កង្វល់​រួម កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ (រូបភាព ហ្វេសប៊ុកនាយករដ្ឋមន្ត្រី ហ៊ុន សែន)

រដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើង​ថា មេរដ្ឋប្រហារ​យោធា​ភូមា​លោក​ មីន អ៊ុងឡាំង បាន​យល់ព្រម​សម្រេច​ពន្យារ​ពេល​បទឈប់បាញ់​រហូត​ដល់​ចុង​ឆ្នាំ២០២២ និង​បាន​អំពាវនាវ​ឱ្យ​គ្រប់​ភាគីពាក់ព័ន្ធ​បញ្ឈប់​អំពើ​ហិង្សា​បន្ត​ទៀត។

ការសម្រេច​របស់​មេរដ្ឋប្រហារ​យោធា​ភូមា​លោក​ មីន អ៊ុងឡាំង នេះ ធ្វើឡើង​ក្នុង​ជំនួប​ទ្វេភាគីជា​មួយ​មេដឹកនាំ​កម្ពុជា​លោក ហ៊ុន សែន ដែល​កំពុង​ទស្សនកិច្ច​នៅប្រទេស​មីយ៉ាន់ម៉ា​ឬ​ភូមានៅថ្ងៃទី​៧ ខែមករា ឆ្នាំ២០២២។

សេចក្តីប្រកាសរួមរវាងកម្ពុជា-មីយ៉ាន់ម៉ា ដែលត្រូវបានផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជានាថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹង ថា រដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសខ្លួនឯងថា នឹងឈប់បាញ់គ្នាជាមួយអង្គការប្រដាប់អាវុធលើជនជាតិភាគតិច ទាំងអស់រយៈពេល ៥ ខែរហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងសម្រេចពន្យារពេលបទឈប់បាញ់គ្នានេះបន្ថែមទៀតរហូតដល់ចុងឆ្នាំ២០២២។

សេចក្តីប្រកាសដដែលថា ​​លោក​ មីន អ៊ុងឡាំង  ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យទទួលអនុវត្តបទឈប់បាញ់គ្នា ដើម្បី​ផលប្រយោជន៍ ប្រទេសជាតិនិងប្រជាជន បញ្ឈប់រាល់អំពើហិង្សា និងប្រកាន់យកភាពអត់ធ្មត់ខ្ពស់បំផុត។

សេចក្ដីប្រកាសបញ្ជាក់ថា ការសម្រេចរបស់មេរដ្ឋប្រហារយោធាភូមា​​លោក​ មីន អ៊ុងឡាំង ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន គាំទ្រដោយថា ដើម្បីកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនា រវាងភាគីពាក់ព័ន្ធទាំងអស់ សំដៅ​ឈានទៅសម្រេច បាននូវសន្តិភាពយូរអង្វែង និងការអភិវឌ្ឍជាតិ។ ទន្ទឹមគ្នានេះ លោក មីន អ៊ុងឡាំង ក៏បានស្វាគមន៍ការចូលរួមរបស់ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពី មីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាអំពីបទឈប់បាញ់ជាមួយអង្គការ ប្រដាប់អាវុធ ជនជាតិភាគតិច។ ជំហានដ៏សំខាន់នេះ ត្រូវបានចែងក្នុងកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។

យ៉ាងណាក៏ដោយស្របពេល​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមទាំងប្រតិភូកម្ពុជា​ ​​កំពុងស្ថិតនៅ​​ក្នុង​​ទឹក​​ដី​​​មីយ៉ាន់ម៉ា ឬភូមានោះ ស្ថាប័នជាតិនិង​អន្តរ​ជាតិ​ធំៗ រួមទាំង​ពលរដ្ឋមីយ៉ាន់​ម៉ា​​ផង ​បន្តថ្កោល​ទោសនិង​រិះគន់​ដំណើរ​បំពេញ​​​ទស្ស​​​ន​​​​កិច្ច​​​របស់លោក ហ៊ុន សែន ​​​នៅប្រទេស​មីយ៉ាន់ម៉ា ​ដើម្បី​​​ស្វែង​​​​​​​រក​សន្តិភាព​​​​សម្រាប់​​​​​ពល​​រដ្ឋ​​​មីយ៉ាន់ម៉ា និង​​ធា​​នា​​ឱ្យមានសន្តិសុខ ព្រម​​ទាំង​​ស្ថិរភាព​នៅ​ក្នុង​តំបន់​អាស៊ាន​ផង។

មិនមែនតែសមាជិកខ្លះនៅក្នុងប្លុកអាស៊ានទេដែលមិនពេញចិត្តការធ្វើរដ្ឋប្រហារដោយយោធានៅ​មីយ៉ាន់ម៉ានេះ កាលពីថ្ងៃទី១៨ ខែ​មិថុនា ឆ្នាំ២០២១​ នៅក្នុងមហាសន្និបាតអង្គការ​សហ​ប្រជា​ជាតិ ក៏​បាន​បោះឆ្នោតនិងចេញ​​សេចក្ដីសម្រេចថ្កោលទោសលោក មីន អ៊ុងឡាំង នេះដែរ។ ប្រតិកម្មពីអន្តរជាតិនេះ នៅបន្ទាប់ពីរបបសឹកយោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល​​ស៊ី​​វិ​ល​​​របស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ