លោក ហ៊ុន សែន បាន​វិល​ត្រលប់​មក​ដល់​កម្ពុជា​វិញ​ហើយ ក្រោយ​ដំណើរ​ទស្សនកិច្ចខ្លី​នៅ​មីយ៉ាន់ម៉ា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃជាមួយមេដឹកនាំរដ្ឋប្រហារយោធាភូមា នៅពេលទស្សនកិច្ចនៅភូមាកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ (រូបថត៖ ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​វិល​ត្រលប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ នៅរសៀល​ថ្ងៃសៅរ៍​នេះ បន្ទាប់​ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​ខ្លី​នៅ​មីយ៉ាន់ម៉ា។

តាមរយៈលទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​រដ្ឋប្រហារ​យោធា​មីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង តែមិន​បាន​ជួប​មេដឹកនាំ​ប្រជាធិបតេយ្យ​លោកស្រី អ៊ុង សានស៊ូជី នោះ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បានថ្លែងក្នុងសន្និសីទកាសែតនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញពី មូលហេតុ​នៃ​ការ​វិល​ត្រលប់មកវិញនេះថា គណៈប្រតិភូកម្ពុជាមិនមានភាពចាំបាច់ក្នុងការបន្តទស្សនកិច្ចនៅមីយ៉ាន់ម៉ាទៀតនោះឡើយ បន្ទាប់ពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបជាមួយលោក មីន អ៊ុងឡាង កាលពីម្សិលមិញ។ យ៉ាងណាក្តីលោកបាន​ចាត់​ទុក​ថា ដំណើរ​ទស្សនកិច្ច​នេះថា គឺ​ជាការ​បើក​ផ្លូវ​ដ៏សំខាន់​មួយ​ដើម្បី​បើក​ឱ្យ​មាន​ការ​ចរចា​ពី​គ្រប់​ភាគី។ ប៉ុន្តែលោក​មិនទាន់​បញ្ជាក់​នៅ​ឡើយ​ទេ​ថា តើ​ការចរចានោះ​នឹង​ធ្វើឡើង​នៅ​ពេល​ណា និងមានការចូលរួមពីភាគីណាខ្លះ​នោះ​ទេ។

យោងតាម​សេចក្តីប្រកាស​រួម​ស្តីពី​លទ្ធផល​នៃ​ជំនួប​ផ្លូវការ​រវាង​កម្ពុជា-មីយ៉ាន់ម៉ា ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​ក្រសួង​ការបរទេស​កម្ពុជា​នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ បាន​ឱ្យ​ដឹង ថា រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​ប្រកាស​បទឈប់បាញ់​គ្នាជា​មួយ​អង្គការ​ប្រដាប់​អាវុធ​លើ​ជនជាតិ​ភាគ​តិច​ទាំង​អស់​រយៈពេល ៥ ខែ​រហូត​ដល់​ចុង​ខែកុម្ភៈ ឆ្នាំ២០២២ និងបាន​សម្រេចពន្យារបទឈប់បាញ់គ្នានេះបន្ថែមទៀត រហូតដល់ចុង​ឆ្នាំ២០២២។

សេចក្តីប្រកាសដដែលថា ​​លោក​ មីន អ៊ុងឡាំង  ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យទទួលអនុវត្តបទឈប់បាញ់គ្នា ដើម្បី​ផលប្រយោជន៍ ប្រទេសជាតិនិងប្រជាជន បញ្ឈប់រាល់អំពើហិង្សា និងប្រកាន់យកភាពអត់ធ្មត់ខ្ពស់បំផុត។

សេចក្ដីប្រកាសបញ្ជាក់ថា ការសម្រេចរបស់មេរដ្ឋប្រហារយោធាភូមា​​លោក​ មីន អ៊ុងឡាំង ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន គាំទ្រដោយថា ដើម្បីកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនា រវាងភាគីពាក់ព័ន្ធទាំងអស់ សំដៅ​ឈានទៅសម្រេច បាននូវសន្តិភាពយូរអង្វែង និងការអភិវឌ្ឍជាតិ។ ទន្ទឹមគ្នានេះ លោក មីន អ៊ុងឡាំង ក៏បានស្វាគមន៍ការចូលរួមរបស់​ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពី មីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាអំពីបទឈប់បាញ់ជាមួយអង្គការ ប្រដាប់អាវុធ ជនជាតិ​ភាគតិច។ ជំហានដ៏សំខាន់នេះ ត្រូវបានចែងក្នុងកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។

ក្រៅពីនេះ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា ជាពិសេសប្រជាជនដែលកំពុងត្រូវការជំនួយបំផុត ថ្នាក់ដឹកនាំទាំងពីរបានគាំទ្រឱ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ រួមមាន ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពី មីយ៉ាន់ម៉ា អគ្គលេខាធិការ​អាស៊ាន តំណាងមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងក្រុមការងារថ្នាក់ជាតិដើម្បីសម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ សង្គមកាកបាទក្រហមមីយ៉ាន់ម៉ា និងភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធ។

យ៉ាងណាក៏ដោយស្របពេល​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមទាំងប្រតិភូកម្ពុជា​ ​​កំពុងស្ថិតនៅ​​ក្នុង​​ទឹក​​ដី​​​មីយ៉ាន់ម៉ា ឬភូមានោះ ស្ថាប័នជាតិ​និង​អន្តរ​ជាតិ​ធំៗ រួមទាំង​ពលរដ្ឋមីយ៉ាន់​ម៉ា​​ផង ​បានបន្តថ្កោល​ទោសនិង​រិះគន់​ដំណើរ​បំពេញ​​​ទស្ស​​​ន​​​​កិច្ច​​​របស់លោក ហ៊ុន សែន ​​​នៅប្រទេស​មីយ៉ាន់ម៉ា ​ដើម្បី​​​ស្វែង​​​​​​​រក​សន្តិភាព​​​​សម្រាប់​​​​​ពល​​រដ្ឋ​​​មីយ៉ាន់ម៉ា និង​​ធា​​នា​​ឱ្យមានសន្តិសុខ ព្រម​​ទាំង​​ស្ថិរភាព​នៅ​ក្នុង​តំបន់​អាស៊ាន​ផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ