លោក​ប្រាក់​សុខុន​៖​ ទស្សនកិច្ច​​លោក​ហ៊ុនសែន​នៅ​​មីយ៉ាន់ម៉ា​​ជា​ជំហាន​​ជឿនលឿន​​មួយ​​លើ​​ការ​​អនុវត្ត​កិច្ច​ព្រមព្រៀង​៥​ចំណុច​របស់​អាស៊ាន​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលវិលត្រលប់មកពីបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២២។ (រូបភាព៖ ទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន)

ប្រមុខ​ការទូត​កម្ពុជា លោក ប្រាក់ សុខុន បាន​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា គឺ​ជាជោគជ័យ​មួយ​ជំហាន ដើម្បី​បើក​ផ្លូវ​ឱ្យមាន​បទឈប់បាញ់ និង​ធានា​ដល់​ការ​ចែកជំនួយ​មនុស្ស​ធម៌​ដល់​ប្រជាជន​មីយ៉ាន់ម៉ា ខណៈ​អ្នក​វិភាគ​មើល​ឃើញ​ថា ទស្សនកិច្ចនេះ​ហាក់​មិន​ទទួល​បាន​លទ្ធផល​អ្វី​ឡើយ។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​បាន​ថ្លែង​នៅ​ក្នុងសន្និសីទ​កាសែត​ក្រោយពី​មក​ដល់​កម្ពុជា​វិញ​នៅ​រសៀល​ថ្ងៃសៅរ៍​នេះ​ថា ដំណើរ​ទស្សនកិច្ចរបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​លទ្ធផល​មួយ​ចំនួន​ដូចជា ការ​បើក​ផ្លូវ​ឱ្យប្រេសិត​ប្រធាន​អាស៊ាន​ទៅ​ទស្សនកិច្ច​និង​ធានាការ​បំពេញ​តួនាទី​ពេញលេញ​នៅប្រទេស​មីយ៉ាន់ម៉ា និង​ជួបចរចា​ជាមួយ​ភាគី​ពាក់ព័ន្ធ ការ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តីពី​បទឈប់បាញ់ ដែល​មេដឹកនាំ​យោធា​ភូមា​បាន​ប្រកាស​ឯកតោភាគី​ថា  នឹង​ពន្យារ​ពេល​អនុវត្ត​រហូតដល់​ចុង​ឆ្នាំ២០២២។ បន្ថែម​ពី​នេះ​មេដឹកនាំ​យោធា​ភូមា​លោក មីន អ៊ុងឡាំង ក៏បាន​សន្យារគោរព​ឱ្យ​បានពេញលេញ​និង​បើកផ្លូវ​ឱ្យមានការ​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ដល់​ប្រជាជន​មីយ៉ាន់ម៉ា​ដែល​ចាំបាច់​ផង​ដែរ។

លោក​រដ្ឋមន្ត្រី​បាន​ចាត់​ទុក​ថា ការបោះជំហាន​ប៉ុណ្ណេះ គឺជា​ការ​បើក​ផ្លូវ​ដ៏សំខាន់​មួយសម្រាប់​ឱ្យ​ប្រទេស​មីយ៉ាន់ម៉ា​ស្វែង​រក​សន្តិភាព និង​ការផ្សះផ្សារ​ជាតិ ហើយ​អ្វី​ដែល​កម្ពុជាខិតខំ​ប្រឹងប្រែង​ធ្វើ​នេះ គឺ​ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យ​មីយ៉ាន់ម៉ា​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​ស៊ីវិល ដូច​ដែល​កម្ពុជា​ធ្លាប់​ជួប​ប្រទះ​កន្លង​មក។

លោកថា៖«បើ​យើង​មើល​សារព័ត៌មាន​ពាក់ព័ន្ធ​ទៅនឹង​ការ​ធ្វើ​បាតុកម្ម​អីហ្នឹង គឺនិយាយឱ្យសាមញ្ញទៅ ចង់ចត់បាយឯណោះ ក៏ប៉ុន្តែនេះ​ជាកាតព្វកិច្ចដែលយើងត្រូវធ្វើ ហើយយើងទទួលបានជោគជ័យប៉ុណ្ណោះ វាមិនទាន់ជោគជ័យពេញលេញទេ វានៅជំហានបន្តទៅទៀត តែនេះគឺជាការបើកផ្លូវមួយដ៏សំខាន់សម្រាប់យើងបោះជំហានទៅមុខទៀត តែ [ជោគជ័យ] ប៉ុណ្ណេះយើងសប្បាយក្នុងចិត្តថា យើងបាន​បំពេញកាតព្វកិច្ចរបស់យើងជារដ្ឋដែលទទួលខុសត្រូវខ្ពស់ចំពោះអាស៊ាន»

យោងតាម​សេចក្តីប្រកាស​រួម​ស្តីពី​លទ្ធផល​នៃ​ជំនួប​ផ្លូវការ​រវាង​កម្ពុជា-មីយ៉ាន់ម៉ា ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​ក្រសួង​ការបរទេស​កម្ពុជា​នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ បាន​ឱ្យ​ដឹង ថា រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​ប្រកាស​បទឈប់បាញ់​គ្នាជា​មួយ​អង្គការ​ប្រដាប់​អាវុធ​លើ​ជនជាតិ​ភាគ​តិច​ទាំង​អស់​រយៈពេល ៥ ខែ​រហូត​ដល់​ចុង​ខែកុម្ភៈ ឆ្នាំ២០២២ និងបាន​សម្រេចពន្យារបទឈប់បាញ់គ្នានេះបន្ថែមទៀត រហូតដល់ចុង​ឆ្នាំ២០២២។

សេចក្តីប្រកាសដដែលថា ​​លោក​ មីន អ៊ុងឡាំង  ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យទទួលអនុវត្តបទឈប់បាញ់គ្នា ដើម្បី​ផលប្រយោជន៍ ប្រទេសជាតិនិងប្រជាជន បញ្ឈប់រាល់អំពើហិង្សា និងប្រកាន់យកភាពអត់ធ្មត់ខ្ពស់បំផុត។

សេចក្ដីប្រកាសបញ្ជាក់ថា ការសម្រេចរបស់មេរដ្ឋប្រហារយោធាភូមា​​លោក​ មីន អ៊ុងឡាំង ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន គាំទ្រដោយថា ដើម្បីកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនា រវាងភាគីពាក់ព័ន្ធទាំងអស់ សំដៅ​ឈានទៅសម្រេចបាននូវសន្តិភាពយូរអង្វែង និងការអភិវឌ្ឍជាតិ។ ទន្ទឹមគ្នានេះ លោក មីន អ៊ុងឡាំង ក៏បានស្វាគមន៍ការចូលរួមរបស់​ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពី មីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាអំពីបទឈប់បាញ់ជាមួយអង្គការ ប្រដាប់អាវុធ ជនជាតិ​ភាគតិច។ ជំហានដ៏សំខាន់នេះ ត្រូវបានចែងក្នុងកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។

ក្រៅពីនេះ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា ជាពិសេសប្រជាជនដែលកំពុងត្រូវការជំនួយបំផុត ថ្នាក់ដឹកនាំទាំងពីរបានគាំទ្រឱ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ រួមមាន ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពី មីយ៉ាន់ម៉ា អគ្គលេខាធិការ​អាស៊ាន តំណាងមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និង​ក្រុម​ការងារថ្នាក់ជាតិដើម្បីសម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និង​គ្រប់គ្រង​គ្រោះមហន្តរាយ សង្គមកាកបាទក្រហមមីយ៉ាន់ម៉ា និងភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធ។

លោក ប្រាក់ សុខុន បានចាត់ទុកអ្នករិះគន់នឹងភាពជឿនលឿននេះថា គឺជាអ្នកដែលស្រលាញ់សង្គ្រាម និងជាអ្នកដែលមិនចង់ឃើញប្រទេស​មីយ៉ាន់ម៉ា​វិល​ត្រលប់​ទៅ​រក​សន្តិភាព​វិញ​ទេ។

តាមរយៈជំនួបកំពូលពិសេសកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ មេដឹកនាំអាស៊ានបានដាក់ចេញនូវគោលការណ៍ចំនួន៥ចំណុច ដើម្បី​ឆ្លើយ​តប​ទៅនឹងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ក្នុងនោះរួមមាន ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយ​គ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ឱ្យ​ដល់កម្រិតខ្ពស់បំផុត, ចាប់ផ្ដើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធ​ទាំង​អស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន, ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹង​សម្រួលដល់ការសម្រុះ​សម្រួល​នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន និងថា អាស៊ានត្រូវផ្ដល់​ជំនួយ​មនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA និង​ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគី​ពាក់ព័ន្ធ​ទាំងអស់។

ប៉ុន្តែដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានជួបជាមួយមេដឹកនាំលទ្ធិប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី នោះទេ។

អ្នកវិភាគនយោបាយលោក គឹម សុខ មានប្រសាសន៍ថា បើមើលនៅក្នុងសេចក្ដីប្រកាសព័ត៌មានរួមរវាងប្រទេសទាំងពីរនេះ ហាក់មិនទទួល​បាន​លទ្ធផលអ្វីឡើយ ដោយថា លោក ហ៊ុន សែន និងមន្ត្រីរបស់លោកគ្រាន់តែទៅស្ដាប់របាយការណ៍ដោះសាររបស់លោក មីន អ៊ុងឡាំង​ប៉ុណ្ណោះ ខណៈមេរបបសឹងភូមារូបនេះ មិនបានសន្យាអ្វីឱ្យច្បាស់លាស់នោះទេ។  ជាមួយគ្នានោះ អ្វីដែលជាការឆ្លើយតបនឹង​លោកនាយក​មន្ត្រី​ហ៊ុន សែន គ្រាន់តែជាការជួយសម្រួលទៅតាមការចង់បានរបស់លោក មីន អ៊ុងឡាំង តែប៉ុណ្ណោះ។ លោកចាត់ទុកការ​សម្រួលនេះថា រដ្ឋាភិបាល​កម្ពុជាកំពុងជួយពង្រឹងអំណាចមេរដ្ឋប្រហារយោធាភូមាបន្តទៀតដែរ។

លោកថា៖ «ចំណុចរឿងធំ ២ ដែលត្រូវយកមកវិភាគ គឺពាក្យបទឈប់បាញ់ និងពាក្យផ្ដល់ជំនួយទៅភូមា។ ចំណុចទី១ អំពីបទឈប់បាញ់​នេះ មិនមានភាពច្បាស់លាស់អំពីសេណារីយោក្នុងការកំណត់ពីរបៀបនៃបទឈប់បាញ់ទេ ហើយទី២ ពាក្យបទឈប់បាញ់នេះ គ្រាន់តែជា​ការ​រាយការណ៍របស់លោក មីន អ៊ុងឡាំង មិនមែនជាការស្នើយ៉ាងម៉ឺងមាត់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយលោក មីន អ៊ុងឡាំង សន្យាធ្វើតាមនោះទេ។ ដូច្នោះមិនដឹងថា បញ្ចប់បទឈប់បាញ់ដោយរបៀបណា?»

លោកបន្តថា៖ «លោក មីន អ៊ុងឡាំង គ្រាន់តែប្រើពាក្យស្វាគមន៍ ជាពាក្យការទូតចំពោះប្រេសិតអាស៊ានឱ្យចូលរួម​ពិភាក្សានូវពាក្យ​បទឈប់​បាញ់ បានមានន័យថា បទឈប់បាញ់ គឺស្ថិតនៅក្រោមផែនការលោក មីន អ៊ុងឡាំង មិនមែនជាយន្តការរបស់អាស៊ានដែលលោក មីន អ៊ុងឡាំង ត្រូវប្រតិបត្តិតាមនោះទេ។ វាផ្ទុយអំពីគោលការណ៍កុងសង់ស៊ីសរបស់អាស៊ាន ចំណុច ទី៣ និងទី៥របស់អាស៊ាន ម្លោះហើយមិន​ដឹង​ទៅបញ្ចប់បទឈប់បាញ់ដោយរបៀបណា។ ទី៥ តើនិយាយអំពីបទឈប់បាញ់យ៉ាងដូចម្ដេច បើសូម្បីតែកិច្ចការសំខាន់បំផុត គឺការជួប​លោកស្រី អ៊ុងសាន ស៊ូជី ដែលជាតំណាងប្រជាពលរដ្ឋភូមាភាគច្រើនលើសលុបនោះ លោក ហ៊ុន សែន មិនទាំងលើកយកមកនិយាយ​ផងហ្នឹង»

លោក គឹមសុខ  ចាត់ទុកការប្រើពាក្យបទឈប់បាញ់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក មីន អ៊ុងឡាំង គ្រាន់តែនិយាយ​ឱ្យពិរោះ​ស្ដាប់តែប៉ុណ្ណោះ ក្នុងគោលដៅ ដើម្បីបន្ថយសម្ពាធរបស់មហាជនភូមាឱ្យឈប់ប្រឆាំងនឹងពួកមេដឹកនាំរដ្ឋប្រហារ ហើយផ្ទុយទៅវិញ វាជាការបើកឱកាសឱ្យលោក មីន អ៊ុងឡាំង បាញ់សម្លាប់ប្រជាជនភូមាដដែល ដោយសារ  អត់មានយន្តការទប់ស្កាត់ ខណៈពលរដ្ឋភូមាជាង ១០០០ នាក់ហើយ ត្រូវបានរបបសឹងភូមា លោក មីន អ៊ុងឡាំង បាញ់សម្លាប់។

នាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ មានប្រសាសន៍ថា ការប្រកាសបទឈប់បាញ់ និងបញ្ឈប់អំពើហិង្សា​ដែលបានលើកឡើងក្នុងសេចក្ដីប្រកាសរវាងរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន និងមេដឹកនាំរបបសឹងយោធាភូមាលោក មីន អ៊ុងឡាំង ហាក់​ពិបាក​ជឿជាក់ ដោយសារ ការប្រកាសនេះ  មិនមានលក្ខណៈស៊ីជម្រៅដែលបង្ហាញគោលដៅច្បាស់លាស់នៅឡើយ។ មួយវិញទៀត លោកថា​ ការប្រកាសបទឈប់បាញ់ និងបញ្ឈប់អំពើហិង្សានៅចុងខែកុម្ភៈ ឬអាចបន្តដល់ចុងឆ្នាំ២០២២នោះ គ្រាន់តែធ្វើឡើង ដើម្បីបំពេញ​មុខមាត់​ឱ្យអាស៊ានកោះហៅមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំនៅអំឡុងខែកុម្ភៈខាងមុខតែប៉ុណ្ណោះ។

ជាងនេះទៀត លោក សុជាតិថា  សេចក្ដីប្រកាសដែលចេញពីបទឈប់បាញ់របស់របបសឹកយោធាភូមាលោក មីន អ៊ុងឡាំង នេះ ធ្វើឡើងជា​ឯកតោភាគី  ខណៈភាគីលោកស្រី អ៊ុងសាន ស៊ូជី និងអង្គការផ្សេងៗទៀត មិនបានដឹងឮ  ឬយល់ស្របនៅឡើយ។

លោកថា៖ «អ៊ីចឹងយើងក៏អត់ទាន់ដឹង បទឈប់បាញ់របស់មីយ៉ាន់ម៉ាដែលដាក់ចេញហ្នឹង វាអាចប្រតិបត្តិ និងអាចដំណើរការបានទៅអត់? យើងក៏អត់ទាន់ឃើញមានការកំណត់ច្បាស់លាស់ថា ខ្លួននឹងឈប់ធ្វើបាប និងធ្វើទុក្ខបុកម្នេញទៅលើពលករ កម្មករ ឬអ្នកតស៊ូមតិដោយ​អហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីទាមទារឱ្យរដ្ឋាភិបាលយោធាភូមា គោរពលទ្ធផលការបោះឆ្នោតកន្លងទៅ គាត់យល់យ៉ាងម៉េចៗ​ហ្នឹង។ យើងឃើញអ្វីដែលខុសប្លែក និងប្រាស់ចាកពីកុងសង់ស៊ីល ៥ ចំណុចហ្នឹង ហើយពេលវេលាមួយជាក់លាក់ក៏មិនបានដាក់ទៅទៀត។ ដូច្នោះធ្វើឱ្យយើងមើលឃើញថា វាហាក់ដូចជាបើកឱកាសឱ្យមីយ៉ាន់ម៉ាអាចចូលរួមកិច្ចប្រជុំអាស៊ាននៅខែកុម្ភៈខាងមុខនោះឯង»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំនះទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីព្រឹកថ្ងៃទី៧ ខែមករា បើទោះបីជារង​ការរិះ​គន់​​​ពី​គ្រប់ទិសក្តី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ