ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួនថ្មី «អូមីក្រុង» មានចំនួន ៣០ករណីបន្ថែមទៀត ដោយករណីនាំចូលពីក្រៅប្រទេសមានចំនួន ២៩ករណី និង១ករណីទៀតជាការរកឃើញឆ្លងប្រភេទបំប្លែងខ្លួនថ្មីនេះចូលក្នុងសហគមន៍។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣០នាក់ថ្មីដែលរកឃើញកាលពីម្សិលមិញ គឺប្រភេទបំប្លែងខ្លួន «អូមីក្រុង» ហើយការនាំចូលពីក្រៅប្រទេសមាន ២៩ករណី និងមួយករណីជាការរកឃើញឆ្លងក្នុងសហគមន៍ ខណៈករណីស្លាប់ថ្មីគ្មាន និងជាសះស្បើយថ្មីមានចំនួន ១១នាក់។
ការប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងនៅថ្ងៃអាទិត្យនេះ បើប្រៀបធៀបទៅនឹងប្រកាសព័ត៌មានរកឃើញជំងឺនេះកាលពីថ្ងៃសៅរ៍ម្សិលមិញមានការកើនឡើង ៣ករណីបន្ថែមទៀត។
គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១២០ ៦២១នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១១៧ ០១៤នាក់ អ្នកស្លាប់កើនដល់ចំនួន៣ ០១៥នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន២០ ០៣៦នាក់៕