ក្រសួងសុខាភិបាលបានប្រកាសថា វីរុសកូវីដ-១៩បំប្លែងថ្មី «អូមីក្រុង» (Omicron) បានឆ្លងចូលដល់ក្នុងសហគមន៍ហើយ បន្ទាប់ពីក្រសួងបានរកឃើញករណីវិជ្ជមានលើបុរសជនជាតិខ្មែរម្នាក់កាលពីថ្ងៃទី៨ ខែមករា ហើយថា បុរសរូបនេះបានធ្វើដំណើរទៅជាច្រើនកន្លែង។
ក្រសួងសុខាភិបាលបានប្រកាសកាលពីយប់មិញថា ក្រសួងបានរកឃើញករណីវិជ្ជមានកូវីដ-១៩បំប្លែងថ្មី ឈ្មោះ អូមីក្រុងនេះ លើបុរសជនជាតិខ្មែរម្នាក់ អាយុ ២៣ ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បុរសរូបនេះ ទំនងជាបានឆ្លងនៅពេលទៅកំដរអ្នកជំងឺដែលជាបងប្អូនជីដូនមួយម្នាក់ដែលទើបធ្វើដំណើរមកពីប្រទេសអូស្ត្រាលី នៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ។
បច្ចុប្បន្នបុរសរូបនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅឯមណ្ឌលព្យាបាលអូឡាំពិករាជធានីភ្នំពេញ។
សេចក្តីប្រកាសដដែលបានគូសបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បុរសជនជាតិខ្មែររូបនេះ បានធ្វើដំណើរទៅកន្លែងជាច្រើន ដូចជា រាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តសៀមរាប និងទៅលេងទីតាំងមួយចំនួននៅតានីទូកមាសខេត្តកំពត ដោយបានធ្វើដំណើរជាមួយបងប្អូនជីដូនមួយមកពីប្រទេសអូស្ត្រាលីនេះកាលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ គាត់បានទៅកំដរអ្នកជំងឺដែលជាបងប្អូនជីដូនមួយគាត់នៅមន្ទីរពេទ្យមួយ ដែលក្រោយមកក៏បានរកឃើញមានវិជ្ជមានវីរុសកូវីដ-១៩ អូមីក្រុង ផងដែរ។
ក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តអនុវត្តវិធានការការពារខ្លួនដោយហ្មត់ចត់ ជាពិសេសពាក់ម៉ាស់ និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។
កាលពីថ្ងៃម្សិលមិញ ក្រសួងក៍បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃចំនួន ២៧ នាក់ ដែលសុទ្ធសឹងជាប្រភេទជំងឺកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ទាំងអស់ និងជាករណីនាំចូលពីក្រៅប្រទេស៕