មនុស្ស៤នាក់ស្លាប់និង២នាក់រងរបួសដោយសារផ្ទុះមីនតោននៅភូមិមួយក្នុងខេត្តព្រះវិហារ

មន្ត្រីនិងក្រុមសង្គ្រោះចុះពិនិត្យទីតាំងផ្ទុះគ្រាប់មីនតោនស្លាប់អ្នកជំនាញដោះមីនចំនួន៣នាក់និងរបួសធ្ងន់ចំនួន២នាក់​ដែលជាបុគ្គលិកនៃ​អង្គការដោះមីនកម្ពុជា​ (Cambodian Self Help Demining) ស្ថិតនៅភូមិសែនតេជៈ​ ឃុំមរកត​ ​ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ នៅថ្ងៃទី១០​ ខែមករា​ ឆ្នាំ​២០២២​។ (CMAC)

យ៉ាងហោចណាស់មនុស្ស៤នាក់ស្លាប់ និងមនុស្ស២នាក់ទៀតរងរបួស ដោយសារផ្ទុះមីនតោនស្ថិតនៅភូមិសែនតេជៈ​ ​ ខេត្តព្រះវិហារ ខណៈពួកគេចុះបំពេញការងារសម្អាតមីន និងដុតសម្អាតដីដំាំដំឡូងរបស់ខ្លួន។​

លោក អ៊ឹម យ៉េប មេឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះថា នៅម៉ោងប្រមាណ​១១ព្រឹក ប្រជាពលរដ្ឋម្នាក់ឈ្មោះ កែវ អាយុ៤៥ឆ្នាំ បានទៅដុតសម្អាតដីដាំដំឡូងនៅភូមិសែនតេជៈ​ ឃុំមរកត​ ស្រាប់តែគ្រាប់មីនតោននៅក្នុងគល់ឈើបានផ្ទុះបណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ចំណែកមន្ត្រីជំនាញដោះមីនតោនរបស់អង្គការដោះមីនកម្ពុជា ចំនួន៣នាក់ទៀតនោះ រួមមាន លោក ស៊ុន វង់ អាយុ២៩ឆ្នាំ ប្រធានក្រុមដោះមីនតោនរបស់អង្គការដោះមីនកម្ពុជា​ (Cambodian Self Help Demining)  អនុប្រធានក្រុម លោក ម៉ា ស៊ីម៉េត អាយុ៣២ឆ្នាំ និងលោក ម៉ន ចក់ អាយុ៣២ឆ្នាំ  ខណៈក្រុមការងារ២នាក់ទៀតរងរបួសចំមុខ ដោយសារកម្ទេចដីនិងឈើខ្ទាតត្រូវ ហើយបច្ចុប្បន្ននេះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

លោកមានប្រសាសន៍ថា៖ «មួយថ្ងៃនេះកើតឡើង២ករណី គឺករណីទី១ គាត់មកស្លាប់នៅក្នុងចម្ការដំឡូង។ [កន្លែងបុគ្គលិកអង្គការដោះមីនស្លាប់និងរបួសប៉ុន្មាននាក់ បង?] ខ្ញុំ! មួយថ្ងៃនេះ ស្លាប់៤នាក់ និងរបួស២នាក់»។

អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) លោក ហេង រតនា មានប្រសាសន៍ថា អ្នកជំនាញដោះមីនដែលរងគ្រោះនោះជាមន្ត្រីអង្គការរដោះមីនកម្ពុជា ពុំមែនជាមន្ត្រីជំនាញរបស់ស៊ីម៉ាក់នោះទេ។

យ៉ាងណា នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហេង រតនា នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា នៅថ្ងៃទី១០​ ខែមករា​ ឆ្នាំ​២០២២​ នៅម៉ោងប្រមាណ១១និង៣០នាទីព្រឹក​ មានករណីផ្ទុះគ្រាប់មីនតោនស្លាប់អ្នកជំនាញដោះមីនចំនួន៣នាក់ និងរបួសធ្ងន់ចំនួន២នាក់​ ដែលជាបុគ្គលិកនៃ​អង្គការដោះមីនកម្ពុជា​ (Cambodian Self Help Demining) នៅភូមិសែនតេជៈ​ ឃុំមរកត​ ​ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ។ 

លោកបន្តថា ​អង្គការដោះមីនកម្ពុជា​ដែលគេស្គាល់ថា​ជា«អង្គការអាគីរ៉ា»​ មានទីតាំងស្នាក់ការនៅខេត្តសៀមរាប។ 

ហ្វេសប៊ុក ហេង រតនា សរសេរថា៖ «​ ជាភាពចៃដន្យបំផុតដែរ នៅមុនគ្រោះថ្នាក់ស្លាប់អ្នកដោះមីននេះ កើតឡើង​​​តែប្រមាណ២០នាទីប៉ុណ្ណោះ​ នៅភូមិនេះ​ក៏មានករណីផ្ទុះគ្រាប់ស្លាប់ប្រជាពលរដ្ឋមួយរូបផងដែរ​ នៅពេលដែលគាត់កំពុងដុតសម្អាតដីដាំដំឡូង។ ខ្ញុំសូមចូលរួមមរណទុក្ខជាមួយគ្រួសារសពនិងសូមវិញ្ញាណក្ខន្ធសពទាំង៤រូប​ [អ្នកជំនាញដោះមីន៣រូប​ និងប្រជាពលរដ្ឋមួយរូប)] បានទៅកាន់ទីបរមសុខកុំបីឃ្លៀងឃ្លាតឡើយ​ និងសូមអ្នករបួសបានជាសះស្បើយឆាប់រហ័ស»។

យោងតាមរបាយការណ៍​របស់អាជ្ញាធរមីនកម្ពុជា កាលពីខែតុលា ឆ្នាំ២០២១ បានឱ្យ​​ដឹង​ថា ក្នុង​រយៈ​ពេល៩ខែ ឆ្នាំ២០២១​នេះ មាន​ជនរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះចំនួន៣៤នាក់។ តួលេខនេះបង្ហាញ​ពី​ការថយ​ចុះ ៣៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានជនរងគ្រោះ​ចំនួន៥៥នាក់។

អគ្គនាយក​មជ្ឈមណ្ឌល​​សកម្មភាព​​កំចាត់មីន​កម្ពុជា ​លោក ហេង រតនា ធ្លាប់​ឱ្យដឹងកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ​​ថាក្នុង​រយៈ​ពេល​១១​ខែ ឆ្នាំ​​២០២១ អាជ្ញាធរបានបោសសម្អាតឬរំដោះផ្ទៃដី ដែលមានគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ទាំងផ្ទៃដីចម្ការមីន និងចម្ការគ្រាប់ សរុបទំហំជិត៩២លានម៉ែត្រក្រឡា (៩១ ៩១៩ ៩៧២) ស្មើនឹងជាង​ ៩២% នៃ​ផែន​ការ។ ជាមួយគ្នានេះ លោកថា​ ស៊ីម៉ាក់ (CMAC) មាន​ផែន​ការ​រំដោះផៃ្ទដីរងការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលសល់ពីសង្គ្រាមជាង១២៥គីឡូម៉ែត្រក្រឡា នៅ​ក្នុង​ឆ្នាំ២០២២។

ឯកសារផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥ បានឱ្យ​ដឹងថា នៅកម្ពុជាអាចមានផ្ទៃដែល​ប៉ះពាល់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជិត២ ០០០គីឡូម៉ែត្រការ៉េ (១ ៩៧០គីឡូម៉ែត្រ​ការ៉េ) ​ក្នុងនោះ ​ជិត១ ០០០ គីឡូម៉ែត្រការ៉េ (៨៧៧គីឡូម៉ែត្រការ៉េ​) ជាដីមានផលប៉ះ​ពាល់ខ្ពស់​ដោយ​សារ​មីន។ ចំណែកផ្ទៃដីជិត៥០០គីឡូម៉ែត្រការ៉េទៀត (៤៩៩គីឡូម៉ែត្រការ៉េ) ជាដីប៉ះពាល់ដោយគ្រាប់​បែកចង្កោម និង ៣៣៣គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម។

ឯកសារដដែលនេះបន្ត​ថា ដើម្បីសម្រេចបាននូវគោលបំណងបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម​ឱ្យអស់​នៅ​ត្រឹម​ឆ្នាំ២០២៥​ខាង​មុខ កម្ពុជាត្រូវការថវិកាប្រមាណ៤០៦លានដុល្លារទៀតដើម្បីធ្វើ​ការ​ងារ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ