កូដករ​កាស៊ីណូ​ណាហ្គាវើលដ៍​ស្នើ​ដល់​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​តំណាង​៨នាក់​របស់​ពួកគេ

កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

កូដករក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) បានអំពាវនាវទៅតុលាការឱ្យទម្លាក់ចោលការចោទប្រកាន់លើតំណាង៨នាក់​របស់​ពួកគេ ដោយថា ការចោទប្រកាន់និងការឃុំខ្លួនថ្នាក់ដឹកនាំសហជីពទាំងនោះជារឿងមិនត្រឹមត្រូវនិងអយុត្តិធម៌។

ការអំពាវនាវនេះធ្វើឡើង ខណៈដែលក្រុមកូដករជិត២០នាក់បានធ្វើសន្និសីទកាសែតនៅមុខទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅព្រឹកថ្ងៃចន្ទនេះ ដើម្បីឆ្លើយតបចំពោះក្រសួងការងារ ដែលតម្រូវឱ្យពួកគេចូលទៅពិនិត្យផ្ទៀងផ្ទាត់ឡើងវិញនូវការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន។

កាលពីថ្ងៃទី៥ ខែមករានេះ ថ្នាក់ដឹកនាំនិងសកម្មជនសហជីពចំនួន៨នាក់ដែលជាតំណាងរបស់ក្រុមកូដករ ក្នុងនោះ​មាន​ប្រធាន​​សហជីព​​ទ្រទ្រង់​​សិទ្ធិ​ការងារ​​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ​ផងនោះ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន និង​ចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។

កូដករក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ម្នាក់​ អ្នកស្រី សៀក បញ្ញា ដែលអះអាងថា បម្រើការងារនៅក្រុមហ៊ុនល្បែងមួយនេះរយៈពេល១០ឆ្នាំមកហើយ ប្រាប់អ្នកសារព័ត៌មានកន្លែងសន្និសីទកាសែតថា ករណីឃុំខ្លួននិងការចោទប្រកាន់តំណាងសហជីព៨នាក់ ជារឿងមិនត្រឹមត្រូវ និងអយុត្តិធម៌បំផុតសម្រាប់ពួកគេ។

អ្នកស្រី​បន្តថា ក្រុមកូដករបានប្រគល់សិទ្ធិឱ្យ​សហជីពធ្វើជាតំណាងរបស់ពួកគេស្របតាមនីតិវិធីច្បាប់ ដើម្បីជួយដោះស្រាយវិវាទការងារ និងការទាមទារលក្ខខណ្ឌការងារមួយចំនួនទៀតនៅក្រុមហ៊ុនល្បែងមួយនេះ ដោយគ្មានការញុះញង់ដូចការចោទប្រកាន់ឡើយ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំសូមឱ្យបញ្ឈប់ការចោទប្រកាន់លើពួកគាត់ ដែលថា ពួកគាត់ជាអ្នកញុះញង់បង្កភាពវឹកវរដល់សង្គម។ បងប្អូនឃើញហើយថា សូម្បីតែចាប់ពួកគាត់ហើយ ពួកខ្ញុំនៅតែបន្តធ្វើកូដកម្មដដែល។ ការធ្វើកូដកម្មរបស់ពួកខ្ញុំនេះ គឺគ្មានការញុះញង់ពីសំណាក់បុគ្គលណាម្នាក់ឡើយ។ ដូចខ្ញុំបានបញ្ជាក់អ៊ីចឹង អ្នកដែលធ្វើកូដករជាង២ ០០០នាក់ចេញមកធ្វើកូដកម្មនេះ គឺ[បុគ្គលិក]ក្រុមហ៊ុនណាហ្គាវើលដ៍»។

កូដករកាស៊ីណូណាហ្គាវើលដ៍ម្នាក់ទៀត អ្នកស្រី ឧក​សុភ័ក្រ មូលីកា និយាយថា កន្លងមក តំណាងសហជីពបានរកឃើញថា ក្រុមហ៊ុនណាហ្គាវើលដ៍ទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជូនបុគ្គលិកមិនត្រឹមត្រូវ​តាម​ច្បាប់ស្ដីពីការងារនោះទេ ប៉ុន្តែក្រសួងការងារមិនមានចំណាត់ការអ្វីទៅលើក្រុមហ៊ុនឡើយ។

អ្នកស្រី​បន្តថា ករណី​ក្រសួងការងារឱ្យក្រុមអ្នកតវ៉ាទៅចូលរួមប្រជុំ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ជាក់ស្ដែងជាមួយអធិការការងារ ពាក់ព័ន្ធការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារនៅពេលនេះ គឺបញ្ជាក់ថា ក្រសួងបាន​ទទួលស្គាល់ថា ក្រុមហ៊ុនពិតជាមានកំហុសមែន។ អ្នកស្រីបន្តថា បើក្រុមហ៊ុនមានកំហុស តំណាង​សហជីព៨នាក់កំពុងជាប់ឃុំត្រូវតែដោះលែងវិញ។

អ្នកស្រីបន្ថែមថា៖ «លិខិតរបស់ក្រសួងក៏បាននិយាយដែរថា ពិតជាបានរកឃើញនូវការគុណលុយហ្នឹងខុសមែន។ ចុះពេលដែលតំណាងទាំង៨រូបរបស់ខ្ញុំទៅចរចា ហេតុអីបានជាក្រសួងមិនចរចាជាមួយពួកគាត់ថាខុសមែនទេ? ដល់ពេលចាប់តំណាងពួកខ្ញុំទៅអស់ហើយ បាន​ក្រសួង​ចេញលិខិតអញ្ជើ​ញ​ថា ណាហ្គាពិតជាគុណ​លុយ​ខុសមែន។ អ៊ីចឹង​អ្វីដែលពួកខ្ញុំត្រូវការនៅពេលនេះ គឺដោះលែងពួកគាត់ឱ្យចូលតុច​រចា មិនមែនឱ្យគុណ​លុយឱ្យត្រូវ ហើយឱ្យពួកខ្ញុំយកលុយហើយដើរចេញចប់ទេ។ ពួកខ្ញុំត្រូវការតំណាងរបស់ពួកខ្ញុំឱ្យចូលធ្វើការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍វិញ»

អនុប្រធានផ្នែកអន្តរាគមន៍ និងដោះស្រាយបាតុកម្មកូដកម្មគ្រប់មុខសញ្ញានៃក្រសួងការងារ លោក អ៊ូ រតនា ដែលចេញមកជួបក្រុមកូដករធ្វើសន្និសីទកាសែត បានថ្លែង​ថា ក្រសួងការងារស្វាគមន៍ចំពោះអ្នកតវ៉ាដែលព្រមចូលតុចរចា ប៉ុន្តែសម្រាប់ការទាមទារឱ្យដោះលែងតំណាងសហជីព៨នាក់នោះ គឺលោកមិននិយាយអ្វីឡើយ។

លោកបន្ថែមថា៖ «ខាងក្រសួងស្វាគមន៍​ក្នុងការដោះស្រាយ បើខាងប្អូនមានបំណង។ ខាងក្រសួងរង់ចាំទទួលប្អូនៗជានិច្ច»

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ការធ្វើបាតុកម្មនិង​ការធ្វើសន្និសីទកាសែត ដើម្បីទាមទារទម្លាក់ចោលការចោទប្រកាន់ គឺ​មិនអាចទៅរួចទេ ពីព្រោះវាមិនមែនជាផ្លូវច្បាប់។ លោកថា ជនជាប់ចោទត្រូវការពារខ្លួនតាមផ្លូវច្បាប់ ដោយបង្ហាញនូវភស្តុតាងឬសក្ខីកម្ម ដើម្បីដោះបន្ទុកទៅនឹងបទចោទនោះ។

លោកបន្ថែមថា៖ «ការធ្វើបាតុកម្ម ការធ្វើសន្និសីទកាសែត ដាក់សម្ពោធតុលាការឱ្យទម្លាក់ចោលបទចោទ វាមិនមែនជាមធ្យោបាយតា​មផ្លូវច្បាប់ទេ មានតែការចូលក្នុងដំណើរការនីតិវិធីតុលាការ ហើយបង្ហាញភស្តុតាងដោះបន្ទុក តតាំងទៅនឹងបទចោទនូវអ្វីដែលសមត្ថកិច្ចមាន។ ប្រសិនយើងមិនមានមូលដ្ឋានហ្នឹងរឹងមាំទេ មិនអាចធ្វើការពារខ្លួនបានទេ។ ការធ្វើបាតុកម្ម ការធ្វើសន្និសីទកាសែត រិះគន់ទិតៀន​នេះជា​រូបភាពសកម្មភាពនយោបាយទេ។ ជាទិដ្ឋភាពផ្លូវច្បាប់ វាអត់មានឥទ្ធិពលផ្នែកច្បាប់ណាមួយក្នុងការការពារខ្លួនបានទេ»

កាលពីថ្ងៃទី៧ ខែមករានេះ អង្គការអន្តរជាតិខាង​ការងារ ហៅកាត់ថា អាយ​ឡូ (ILO) ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស (Switzerland) អំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ដោះលែងថ្នាក់ដឹកនាំនិងសកម្មជនសហជីពណាហ្គាវើលដ៍៨នាក់ឱ្យ​មានសេរីភាពវិញ ដោយទម្លាក់ចោលការចោទប្រកាន់ប្រឆាំងអ្នកទាំងនោះ។

ក្នុងលិខិត​មួយរបស់​លោក ​Guy Ryder ​នាយក​គ្រប់គ្រង​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ ​(ILO) ផ្ញើទៅកាន់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​សរសេរ​​ដោយស្នើ​ដល់នាយករដ្ឋមន្ត្រី​ប្រើប្រាស់​​អំណាច​របស់​ខ្លួន ដើម្បី​ធានា​ឱ្យ​មាន​ការដោះលែង​ជាបន្ទាន់​​នូវ​មេដឹកនាំ​សហជីព ​កម្មករ​ខ្មែរ ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​ព្រមទាំង​ស្នើឱ្យទម្លាក់​ចោល​បទចោទ​ទាំងអស់ប្រឆាំងនឹង​សកម្មភាព​របស់ថ្នាក់ដឹកនាំសហជីពទាំងនោះ។ ប្រភពដដែលអះអាងថា ការ​ចាប់ឃុំខ្លួន​មេដឹកនាំ​សហជីព​ដែល​ដឹកនាំ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី ​គឺជា​ការ​ជ្រៀត​ជ្រែក​យ៉ាងខ្លាំងដល់​ច្បាប់​ស្ដីពី​សេរីភាព​ការងារ​ និង​សិទ្ធិ​សហជីពថែមទៀតផង៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ