អ្នកឆ្លង​ជំងឺ​កូវីដ-១៩​បំប្លែងថ្មី​អូមីក្រុង​ក្នុង​សហគមន៍​បាន​កើន​ដល់​៤​ករណី

រថយន្តប៉ូលិសបើកនាំមុខរថយន្តពេទ្យដឹកអ្នកជំងឺកូវីដ-១៩ និងអ្នកធ្វើចត្តាឡីស័ក ផ្លាស់ប្ដូរពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ទៅសណ្ឋាគារ The Great Duke ធ្វើការព្យាបាលនិងធ្វើចត្តាឡីស័កបន្ត ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហើបថា កម្ពុជាបានរកឃើញករណី​អ្នកឆ្លង​ជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទ អូមីក្រុង នៅក្នុងសហគមន៍បាន​កើនដល់៤ករណីហើយ​​គិតត្រឹមព្រឹក​ថ្ងៃ​ចន្ទនេះ។

ការថ្លែងរបស់នាយករដ្ឋមន្ត្រីនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី៩​ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ​អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣០នាក់ថ្មី ដែលរកឃើញកាលពីថ្ងៃ​ម្សិល​មិញ គឺប្រភេទបំប្លែងខ្លួន «អូមីក្រុង» ​ហើយការនាំចូលពីក្រៅប្រទេសមាន២៩ករណី និងមួយករណីជាការរកឃើញឆ្លងក្នុងសហគមន៍។

ក្រសួង​បន្តថា ករណីរកឃើញនេះ គឺនៅ​លើ​បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់ អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់​​ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្រសួងបញ្ជាក់ទៀតថា ចាប់តាំង​ពី​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បុរស​ជនជាតិ​ខ្មែរ​រូប​នេះបាន​ធ្វើដំណើរ​ទៅកន្លែង​ជាច្រើន ដូចជា រាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តសៀមរាប និង​ទៅលេង​ទីតាំង​មួយ​ចំនួន​នៅ​តានីទូកមាស ខេត្តកំពត ដោយ​បាន​ធ្វើដំណើរ​ជាមួយ​បងប្អូន​ជីដូន​មួយ​មក​ពី​ប្រទេសអូស្ត្រាលី​នេះ​កាល​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ នៅថ្ងៃទី​៥ ខែមករា ឆ្នាំ២០២២​ គាត់​បាន​ទៅ​កំដរ​អ្នកជំងឺ​ដែល​ជា​បងប្អូនជីដូន​មួយ​គាត់​នៅ​មន្ទីរពេទ្យ​មួយ ដែលក្រោយ​មកក៏បាន​រកឃើញ​មាន​វិជ្ជមានវីរុស​កូវីដ-១៩ អូមីក្រុង​ ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ