លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា គិតមកដល់ល្ងាចថ្ងៃចន្ទនេះ អ្នកឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មី«អូមីក្រុង» នៅក្នុងសហគមន៍ បានកើនដល់ ១៤ករណីហើយ ដែលករណីនេះ លោកបានបញ្ជាជាថ្មីទៅអាជ្ញាធររាជធានី-ខេត្ត ពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញជាបន្ទាន់ដល់ប្រជាពលរដ្ឋ។
តាមរយៈសារជាសំឡេងមួយ នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ កម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងចំនួន ៣៤ករណីបន្ថែមទៀត ក្នុងនោះ ២៤ករណី ជាករណីនាំចូលពីក្រៅប្រទេស និង ១០ករណី ជាករណីឆ្លងនៅក្នុងសហគមន៍។
លោកបន្តថា បើគិតចាប់តាំងពីថ្ងៃរកឃើញករណីឆ្លងចូលសហគមន៍ជាលើកដំបូង កាលពីចុងសប្តាហ៍មុន មកដល់ល្ងាចថ្ងៃចន្ទនេះ គឺករណីឆ្លងចូលសហគមន៍ បានកើនដល់ ១៤ករណីហើយ។ លោកបានជំរុញដល់អាជ្ញាធររាជធានី-ខេត្ត និងអាជ្ញាធរនៅតាមមូលដ្ឋាន ពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញដល់ប្រជាពលរដ្ឋជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩បំប្លែងថ្មីនេះនៅក្នុងសហគមន៍។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា៖ «ឥឡូវនេះ មេរោគកូវីដបំប្លែងថ្មី ដែលហៅថា អូមីក្រុង បានចាប់ផ្តើមលុកលុយចូលទៅក្នុងសហគមន៍ទៅហើយ កិច្ចការបន្ទាន់របស់យើងគឺពង្រឹងវិធានការការពារ ដើម្បីកុំឱ្យរីករាលដាលធ្ងន់ធ្ងរ»។
លោកបានសង្កត់ធ្ងន់ថា៖ «គឺយើងមាន ១៤ករណី ដែលចូលក្នុងសហគមន៍រួចទៅហើយ ដូច្នេះជម្រើសដែលល្អជាងគេ គឺជម្រើសនៃការផ្តល់ដូសជំរុញឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន។ ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិនឹងចូលរួមយុទ្ធនាការនេះ ដើម្បីការពារសុខភាពផ្ទាល់ខ្លួន[…] ហើយអាជ្ញាធរត្រូវតែធ្វើកិច្ចការងារនេះបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ដែលវាបន្ទាន់»។
តែយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា លក្ខខណ្ឌដែលត្រូវទទួលវ៉ាក់សាំងដូសទី៣នេះ ត្រូវធ្វើទៅតាមការកំណត់របស់លក្ខខណ្ឌស្តង់ដាផ្នែកសុខាភិបាល គឺមានរយៈពេល៤ខែ បន្ទាប់ពីទទួលដូសទី២រួច។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិ បាល គិតត្រឹមព្រឹកថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០ ៦៣៦នាក់ ក្នុងនោះអ្នកជំងឺព្យាបាលជាសះស្បើយចំនួន ១១៧ ០២៣នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥នាក់៕