សាលាឧទ្ធរណ៍​ឱ្យ​សកម្មជន​បក្សប្រឆាំង​ពីរ​នាក់​ជាប់​ពន្ធនាគារ​១ឆ្នាំ​ដូច​ការ​សម្រេច​តុលាការ​ថ្នាក់ក្រោម

អាជ្ញារដាក់កម្លាំងត្រួតពិនិត្យនៅទីតាំងក្បែរសាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីពេលកន្លងទៅ។ (ជន ចាន់រ៉ែន)

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានសម្រេចកាត់ឱ្យសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយពីរនាក់ជាប់ពន្ធនាគារចំនួន១ឆ្នាំ និងពិន័យប្រាក់៥០០ដុល្លារ ឬស្មើប្រមាណ២លានរៀល ដូចការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយថា ការសម្រេចរបស់តុលាការថ្នាក់ក្រោមជារឿងត្រឹមត្រូវ។

ការសម្រេចនេះធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍បានបើកសវនាការសួរដេញដោលលើបណ្ដឹងសាទុក្ខ លោក ម៉ី សុផុន និងអ្នកស្រី ធន ច័ន្ទថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្រោយពីសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកាត់ទោសឱ្យអ្នកទាំងពីរជាប់ពន្ធនាគារចំនួន១ឆ្នាំ ក្រោមបទចោទប្រកាន់ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថថ្នាក់ដឹកនាំ»

ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានីភ្នំពេញ លោក សេង ស៊ីវុត្ថា នៅថ្ងៃអង្គារនេះ បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល និងទុកសិទ្ធិឱ្យប្ដឹងសាទុក្ខរយៈពេល១ខែ បើសិនជាលោក ម៉ី សុផុន និងអ្នកស្រី ធន ច័ន្ទថា មិនសុខចិត្តចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ពេលនេះ។

វីអូឌី មិនអាចសុំការឆ្លើយតបពីលោក សំ សុគង់ មេធាវីការពារក្ដីឱ្យលោក ម៉ី សុផុន និងអ្នកស្រី ធន ច័ន្ទថា បានទេ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត កត់សម្គាល់ថា កន្លងមក ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងវ៉ាក់សាំង ដោយសារពួកគាត់មិនទាន់ទទួលព័ត៌មានច្បាស់លាស់ ដែលធ្វើឱ្យមានការបញ្ចេញមតិមានការភ័ន្តច្រឡំ។

ករណីនេះ លោកថា ក្រសួងនិងអាជ្ញាធរគួរតែធ្វើការអប់រំ ពន្យល់ និងផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់ច្បាស់លាស់អំពីស្ថានភាពជំងឺកូវីដ-១៩ ហើយនិងរឿងវ៉ាក់សាំង ដើម្បីឱ្យពួកគាត់ធ្វើការសម្រេចចិត្តទទួលយក ជាជាងចាត់វិធានការច្បាប់លើពួកគាត់។

លោកថា៖ «បើមានព័ត៌មានគ្រប់គ្រាន់ ការដែលគាត់បញ្ចេញមតិឬការចែកចាយព័ត៌មាន គាត់អាចថ្លឹងថ្លែងថាព័ត៌មានមួយវាពិត និងព័ត៌មានណាដែលមិនពិត អាហ្នឹងជារឿងសំខាន់ដែរ។ កន្លងមក យើងពិនិត្យឃើញទាំងអស់គ្នា រឿងវាអាចនឹងអ៊ីចឹង។  អ៊ីចឹងហើយខ្ញុំនៅតែយល់ថា បញ្ហាតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ មានន័យថា សាលដីការបស់សាលាឧទ្ធរណ៍អត់មានអីប្រែប្រួលទេពីសាលាដំបូងទេ។ អ៊ីចឹងយើងសោកស្ដាយដែរ ការទទួលព័ត៌មានមិនគ្រប់គ្រាន់របស់ពួកគាត់ ហើយបញ្ចេញមតិនាំឱ្យកន្លែងខ្លះធ្វើឱ្យមានការភ័ន្តច្រឡំ»។

សកម្មជនបក្សប្រឆាំងដែលត្រូវបានតុលាការរំលាយ លោក ម៉ី សុផុន និងអ្នកស្រី ធន ច័ន្ទថា ត្រូវបានកម្លាំងសមត្ថកិច្ចនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យារបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី២៦ និង២៧ ខែកុម្ភៈ ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការសរសេរសារបង្ហោះលើបណ្ដាញសង្គម ក្រោមហេតុផលថា «បំភ្លៃការពិតលើការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដែលផលិតនៅប្រទេសចិន» ខណៈកម្ពុជាកំពុងរីករាលដាលជំងឺជាសកលមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ