ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមានចាត់វិធានការច្បាប់លើជនដែលបង្កឱ្យមានភ្លើងឆេះព្រៃដោយចេតនា ដោយសាររាល់ឆ្នាំភ្លើងឆេះព្រៃបានបង្កវិនាសកម្ម និងខាតបង់ធ្ងន់ធ្ងរដល់បរិស្ថាននិងសេដ្ឋកិច្ចជាតិ។
ក្នុងសេចក្ដីណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបចេញផ្សាយកាលពីថ្ងៃទី១០ ខែមករាម្សិលមិញនេះ ថាជារៀងរាល់ឆ្នាំ ធាតុអាកាសទូទៅនៅកម្ពុជាចាប់ផ្ដើមផ្លាស់ប្ដូរពីរដូវវស្សាចូលដល់រដូវលំហើយ បន្តចូលរដូវប្រាំង ដែលធាតុអាកាសមានសភាពក្ដៅហែង ស្ងួតខ្លាំង ជាកត្តាងាយបង្កនូវភ្លើងឆេះព្រៃ។
ជាក់ស្ដែង ក្រសួងរកឃើញថា កត្តាចម្បងដែលបង្កឱ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង តាមរយៈលំនៅឋានថ្មី ការដុតព្រៃដើម្បីចាប់សត្វ ប្រើភ្លើងដុតយកឃ្មុំ ការបន្សល់ភ្លើងនៅក្នុងព្រៃតាមរយៈការធ្វេសប្រហែសរបស់មនុស្ស ដែលបង្កឱ្យមានបញ្ហាដ៏ធ្ងន់ធ្ងរដល់ការបាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក និងរាលដាលរហូតដល់ឆេះស្រូវ និងភូមិកររបស់ប្រជាពលរដ្ឋ។ មិនតែប៉ុណ្ណោះ ក្រសួងថា បញ្ហានេះបានបង្កវិនាសកម្មនិងការខាតបង់យ៉ាងធ្ងន់ធ្ងរដល់សង្គម សេដ្ឋកិច្ចជនបទ សេដ្ឋកិច្ចជាតិ ធនធានធម្មជាតិ និងបរិស្ថាន ជាដើម។
ករណីនេះ ក្រសួងកសិកម្មព្រមានចាត់វិធានការច្បាប់លើជនដែលបានប្រព្រឹត្ដ ឬបង្កឱ្យមានភ្លើងឆេះព្រៃ ឬឆេះព្រៃលិចទឹកដោយចេតនា ត្រូវផ្ដន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី១ ឬបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ ឬ៣ឆ្នាំទៅ៥ឆ្នាំ។
បន្ថែមពីនេះ ក្រសួងក៏បានណែនាំដល់អង្គភាពជំនាញ មន្ទីរ តាមបណ្ដារាជធានី-ខេត្ដ រដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងសហគមន៍ព្រៃឈើ សហគមន៍នេសាទ និងសហគមន៍កសិកម្ម ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ត្រូវមានករណីយកិច្ចទទួលខុសត្រូវ ថែរក្សា ការពារព្រៃឈើ បង្ការ និងប្រយុទ្ធនឹងភ្លើងឆេះព្រៃ។ ការណែនាំនេះ ដើម្បីចូលរួមថែរក្សាជម្រកមច្ឆជាតិ ការពារបង្ការ និងប្រយុទ្ធនឹងភ្លើងឆេះព្រៃលិចទឹកតាមមូលដ្ឋានរៀងៗខ្លួន ដោយអនុលោមតាមច្បាប់ស្ដីពីព្រៃឈើ និងច្បាប់ស្ដីពីជលផល ទើបទទួលបានផលវិជ្ជមានខ្ពស់។
អតីតស្ថាបនិកមួយរូបនៃចលនាមាតាធម្មជាតិ និងបច្ចុប្បន្នជាមន្ត្រីគម្រោងតស៊ូមតិនៃគម្រោងអ្នកការពារព្រៃឈើនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក សាន់ ម៉ាឡា មានប្រសាសន៍ថា ភ្លើងឆេះព្រៃដែលកើតចេញពីមនុស្សដុតដើម្បីទន្ទ្រានយកដី ឬចាប់សត្វ ឬយកឃ្មុំ ជាដើម ។ ករណីនេះ លោកថា បើក្រសួងកសិកម្មនិងអាជ្ញាធរពាក់ព័ន្ធមិនទប់ស្កាត់ឱ្យបានទាន់ពេលវេលាទេ នឹងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ធនធានធម្មជាតិ រួមទាំងជីវភាពរបស់ពលរដ្ឋផងដែរ ។
លោកមានប្រសាសន៍ថា៖ «បើសិនជាមានការបំផ្លិចបំផ្លាញកាន់តែខ្លាំងទៅៗ ចង់មិនចង់ វាជាផ្នែកមួយដែលរួមឱ្យមានការកើនកម្ដៅផែនដី អាចធ្វើឱ្យអាកាសធាតុមានការប្រែប្រួលមិនទៀងទាត់ ក៏ដូចជាប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់»។
ប្រធានសម្ព័ន្ធប្រជានេសាទកម្ពុជា លោក ឡុង សូចែត សង្កេតឃើញថា ភ្លើងឆេះព្រៃកន្លងមក អាជ្ញាធរពាក់ព័ន្ធហាក់មានវិធានការផ្លូវច្បាប់ទៅលើជនល្មើសនៅមានភាពធូររលុងនៅឡើយ។
ករណីនេះ លោកស្នើទៅក្រសួងកសិកម្មនិងអាជ្ញាធរពាក់ព័ន្ធត្រូវអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងដាក់ទោសទណ្ឌឱ្យធ្ងន់ធ្ងរលើជនល្មើស ដោយមិនប្រកាន់បក្ខពួករវាងអ្នកមាននិងអ្នក្រ ទើបទប់ស្កាត់បញ្ហាប្រឈមទាំងនោះមានប្រសិទ្ធភាពខ្ពស់។
លោកអំពាវនាវដូច្នេះថា៖ «បើអនុវត្តច្បាប់ ត្រូវអនុវត្តទាំងអស់គ្នា មិនថាអ្នកឯងមានតួនាអ្វីក៏ដោយ អ្នកឯងមានឋានៈអ្វីក៏ដោយ អំណាចអ្វីក៏ដោយ បើអ្នកឯងប្រព្រឹត្តបទល្មើសហ្នឹង ត្រូវទទួលទោសដូចគ្នា បានមានប្រសិទ្ធភាព! បើធ្វើទៅពលរដ្ឋអ្នកក្រីក្រ ស្រាប់តែមានបញ្ហាប៉ះពាល់ យកគ្នាទៅដាក់ទោស ប៉ុន្តែសម្រាប់គេអ្នកមានលុយ គេអាចយកលុយទៅបិទបាំង គេអាចរួចខ្លួន វាធ្វើឱ្យមានភាពលម្អៀង ថ្ងៃក្រោយគ្មាននរណាសូវគិតគូរគោរពច្បាប់»។
កាលពីខែឧសភា ឆ្នាំ២០២១ មានភ្លើងឆេះព្រៃលិចទឹកជិត១សប្ដាហ៍ ស្ថិតនៅតំបន់អភិរក្សធនធានជីវចម្រុះ «បឹងពារាំង» លើផ្ទៃដីជាង១០ហិកតា ក្នុងភូមិសាស្រ្តមួយផ្នែកធំនៃសង្កាត់ជ្រាវ ហើយរាលដាលដល់ផ្នែកខ្លះនៃសង្កាត់សៀមរាប និងចុងឃ្នៀស ខេត្តសៀមរាប។
ករណីនេះ ប្រធានសហគមន៍នៃសមាគមទេសចរណ៍វប្បធម៌ធម្មជាតិ «បឹងពារាំង» លោក គង់ មង្គល សន្និដ្ឋានពេលនោះថា ការឆេះព្រៃអភិរក្សនេះ គឺផ្ដើមចេញពីការដុតព្រៃរានយកដីធ្វើចម្ការ។
ផ្អែកតាមរូបភាពផ្កាយរណបរបស់អង្គការអភិរក្សព្រៃឈើដែលមានឈ្មោះថា Global Forest Watch កាលពីឆ្នាំ២០២០ បានប៉ាន់ប្រមាណថា ប្រទេសកម្ពុជាបានបាត់បង់ព្រៃឈើជាង២លានហិកតា (២,១៧) ចាប់ពីចន្លោះឆ្នាំ២០០១ ដល់ឆ្នាំ២០១៨ គឺស្មើនឹង ១ភាគ៤ នៃការបាត់បង់គម្របព្រៃឈើចាប់តាំងពីឆ្នាំ២០០០ ហើយបានបញ្ចេញសារធាតុកាបូនប្រមាណ៩១៤ម៉េហ្គាតោន (megaton) ឬស្មើនឹង៩១៤លានតោនទៅក្នុងបរិយាកាស។
ប្រភពដដែលបន្តថា ដោយឡែក តំបន់ការពារបឹងទន្លេសាប ត្រូវបានកត់ត្រាថាបាត់បង់ព្រៃឈើប្រមាណ១៦ ៨០០ហិកតា ចាប់ពីចន្លោះឆ្នាំ២០០១ និងឆ្នាំ២០០៨៕