ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួនបានលើកឡើងពីក្ដីព្រួយបារម្ភចំពោះការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សនិងសេរីភាពនៃការបញ្ចេញមតិ ទៅកាន់រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ីរបស់ចក្រភពអង់គ្លេស លោកស្រី Amanda Milling និងចង់ឃើញប្រទេសលោកសេរីមួយនេះមានវិធានការជាក់ស្ដែងដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។
ការលើកឡើងនេះបានធ្វើឡើងនៅក្នុងជំនួបមួយកាលពីថ្ងៃទី១០ ខែមករា រវាងតំណាងក្រុមអង្គការសង្គមស៊ីវិល ជាមួយរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ីរបស់ចក្រភពអង់គ្លេស លោកស្រី Amanda Milling ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា និងស្របពេលអង់គ្លេសអះអាងពីការគាំទ្រសេរីភាពបញ្ចេញមតិនិងសារព័ត៌មាននៅកម្ពុជាផងដែរ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ដែលចូលរួមនៅក្នុងកិច្ចប្រជុំនេះ បានឱ្យដឹងថា នៅក្នុងជំនួបនេះ ក្រុមអង្គការសង្គមស៊ីវិលបានលើកឡើងពីការធ្លាក់ចុះនៃស្ថានសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ បន្ថែមលើនេះ បញ្ហាកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ និងការចាប់ខ្លួនថ្នាក់ដឹកនាំរបស់ពួកគេចំនួន៨នាក់ក៏ត្រូវបានលើកឡើងនៅក្នុងជំនួបនេះផងដែរ។
លោកមានប្រសាសន៍ថា៖ «យើងបានលើកឡើងពីស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាយើងជាច្រើនចំណុចដែរ ដើម្បីជាព័ត៌មានទៅខាងរដ្ឋមន្ត្រីអង់គ្លេស លោកស្រី [Amanda Milling] ដែលគាត់មកហ្នឹង។ ហើយយើងបានលើកនូវអ្វីដែលជាកង្វល់របស់យើង ជាការព្រួយបារម្ភរបស់យើង នៅក្នុងនាមជាសង្គមស៊ីវិលដែលធ្វើការងារខាងផ្នែកសិទ្ធិមនុស្ស ផ្នែកតស៊ូមតិ និងគោលនយោបាយផ្សេងៗ គឺយើងបានលើកឡើងពីបញ្ហាទាំងអស់ហ្នឹង។ ហើយយើងក៏ទទូចឱ្យខាងអង់គ្លេសហ្នឹង ឱ្យគាត់លើកនូវអ្វីទាំងអស់នេះទៅថ្នាក់រដ្ឋាភិបាលដែលគាត់នឹងជួប ដើម្បីធ្វើការពិភាក្សាគ្នានិងរកដំណោះស្រាយពីបញ្ហាទាំងអស់ហ្នឹង»។
ក្រោយពីជំនួបនេះភ្លាមៗ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ីរបស់ចក្រភពអង់គ្លេស លោកស្រី Amanda Milling បានសរសេរនៅលើទំព័រ Twitter ផ្ទាល់ខ្លួនរបស់លោកស្រីថា ចក្រភពអង់គ្លេសតែងតែគាំទ្រសេរីភាពនៃការបញ្ចេញមតិនិងសេរីភាពនៃសារព័ត៌មាននៅកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
ចំណែកស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា ក៏បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីម្សិលមិញដែរថា ចក្រភពអង់គ្លេសបានចាត់ទុកសិទ្ធិមនុស្សជាគោលការណ៍ស្នូលនៃកិច្ចការដែលអង់គ្លេសត្រូវធ្វើ។
ស្ថានទូតបានសរសេរថា៖ «លោកជំទាវរដ្ឋមន្ត្រី Milling បានពិភាក្សាជាមួយអង្គការសិទ្ធិមនុស្សមួយចំនួនរបស់កម្ពុជាក្នុងអំឡុងពេលទស្សនកិច្ចនេះ។ លោកជំទាវបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការការពារសិទ្ធិមនុស្ស និងការគាំទ្ររបស់ចក្រភពអង់គ្លេសចំពោះសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍»។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ដែលមានវត្តមាននៅក្នុងជំនួបនេះដែរ បានមានប្រសាសន៍ថា បន្ថែមលើការគូសបញ្ជាក់របស់អង់គ្លេសនេះ លោកស្រីក៏ចង់ឃើញអង់គ្លេសនិងប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យផ្សេងទៀតធ្វើសកម្មភាពជាក់ស្ដែង និងត្រូវមានយន្តការតាមដានពិនិត្យលើការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
លោកស្រីមានប្រសាសន៍ថា៖ «ចាស៎! ក្នុងជំនួបហ្នឹង លោកស្រី អាមិនដា [Amanda] បានគូសបញ្ជាក់ពីគោលជំហរបស់ចក្រភពអង់គ្លេស ដែលបានចាត់ទុកសិទ្ធិមនុស្សជាគោលការណ៍ស្នូលនៅក្នុងកិច្ចការងាររបស់ចក្រភពអង់គ្លេសហ្នឹង ហើយក៏បានគូសបញ្ជាក់អំពីការឱ្យតម្លៃទៅលើការការពារសិទ្ធិមនុស្សនិងការគាំទ្ររបស់ចក្រភពអង់គ្លេសទៅលើសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន មិនមែនតែនៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ»។
លោកស្រីបន្តថា៖ «អ៊ីចឹងនេះគឺជាការគូសបញ្ជាក់ ហើយយើងក៏ដឹងដែរថា ចក្រភពអង់គ្លេសកន្លងមកក៏ធ្វើការយកចិត្តទុកដាក់ទៅលើស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជានិងប្រទេសមួយចំនួនដែរ ប៉ុន្តែយើងក៏ចង់ឃើញថា ការគូសបញ្ជាក់នេះត្រូវតែជាការអនុវត្តជាក់ស្ដែង រាប់ទាំងទំនាក់ទំនងទ្វេភាគីឬពហុភាគីអីហ្នឹង គឺត្រូវតម្កល់នូវគោលការណ៍ស្នូលនៃសិទ្ធិមនុស្សនៅក្នុងកិច្ចការងាររបស់ខ្លួនហ្នឹង»។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អ៊ន បានថ្លែងថា ការគូសបញ្ជាក់ពីជំហររបស់ចក្រភពអង់គ្លេសនឹងមិនជះឥទ្ធិពលនយោបាយអ្វីមកលើកម្ពុជានោះទេ ព្រោះកម្ពុជាមានទំនាក់ទំនងការទូតល្អជាមួយអង់គ្លេស ពិសេសនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ និងនៅក្រោយពេលដែលអង់គ្លេសចាកចេញពីសមាជិកសហភាពអឺរ៉ុប។
លោកមានប្រសាសន៍ថា៖ «តាំងពីដើមទីមក អង់គ្លេសមិនដែលធ្វើអ្វីដែលខុសពីជំហរលទ្ធិប្រជាធិបតេយ្យនោះទេ ហើយកម្ពុជាគឺជាប្រទេសដែលអនុវត្តត្រឹមត្រូវតាមលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដែលមានចែងនៅក្នុងកតិកាសញ្ញានិងអនុសញ្ញាអន្តរជាតិ ក៏ដូចជារដ្ឋធម្មនុញ្ញកម្ពុជា។ ដូច្នេះ ពុំមានអ្វីដែលជាកង្វល់ឬការព្រួយបារម្ភនោះទេ។ ផ្ទុយទៅវិញ យើងសម្ដែងកិច្ចស្វាគមន៍និងការជួយគ្នាទៅវិញទៅមកលើគ្រប់វិស័យ និងការពង្រឹងទំនាក់ទំនងល្អរវាងកម្ពុជានិងអង់គ្លេស»។
យោងតាមការប្រកាសរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា នេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូងហើយរបស់លោកស្រី Amanda Milling រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកកិច្ចការអាស៊ីមកកាន់កម្ពុជា ចាប់តាំងពីចក្រភពអង់គ្លេសបានក្លាយជាដៃគូសន្ទនាអាស៊ានមក។ ក្នុងរយៈពេលបីថ្ងៃនៃដំណើរទស្សនកិច្ចនេះ លោកស្រី Amanda Milling បានជួបជាមួយដៃគូកម្ពុជាជាច្រើនក្នុងជួររដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិល ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់ ការជំរុញពាណិជ្ជកម្ម ការដោះស្រាយវិបត្តិកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងតួនាទីរបស់ចក្រភពអង់គ្លេសក្នុងនាមជាដៃគូសន្ទនា ជាដើម។
នៅថ្ងៃនេះ លោកស្រីក៏បានជួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ដែលផ្ដោតលើបញ្ហាសិទ្ធិមនុស្ស ការប្រែប្រួលអាកាសធាតុ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើបញ្ហាប្រឈមរួមគ្នា ខណៈដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២។ លោកស្រីក៏បានជួបជាមួយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ ដែលផ្ដោតលើទស្សនៈរបស់លោក កឹម សុខា ជុំវិញស្ថានភាពនានានៅកម្ពុជាក្នុងបរិបទឆ្នាំ២០២២ និងឆ្នាំ២០២៣ និងដំណើរការសំណុំរឿងក្ដីរបស់លោក កឹម សុខា នៅតុលាការផងដែរ៕