អង់គ្លេស​បន្ត​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​លើ​ដំណើរ​ការ​សវនាការ​និង​សេរីភាព​ ​លោក​ កឹម​ ​សុខា

លោក កឹម សុខា (រូបខាងស្តាំ) និងរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តរជាតិ ខូមិនវែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេសលោកស្រី Amanda Milling (រូបខាងឆ្វេង) បានជួបពិភាក្សារការងារជាមួយគ្នានាថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ។ (ហ្វេសប៊ុក កឹម សុខា)

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ លោក កឹម សុខា បានអះអាងថា មន្ត្រីជាន់ខ្ពស់របស់ចក្រភពអង់គ្លេស នឹងបន្តតាមដានដោយចិត្តទុកដាក់អំពីដំណើរការ និងលទ្ធផលនៃសវនាការនារឿងក្តីរបស់លោក ដើម្បីរួមចំណែកក្នុងដំណើរការប្រជាធិបតេយ្យនៅកម្ពុជានាពេលខាងមុខ។

សំណុំរឿង លោក កឹម សុខា ត្រូវបានតុលាការរាជធានីភ្នំពេញបញ្ជាក់ថា នឹងបន្តបើកសវនាការឡើងវិញនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ ក្រោយពីផ្អាកដំណើរការជិត ២ឆ្នាំ ក្រោមហេតុផលបង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ទំព័រហ្វេសប៊ុកផ្លូវការ របស់លោក កឹម សុខា នៅថ្ងៃអង្គារទី១១ ខែមករា​ បានលើកឡើងថា នៅថ្ងៃនេះលោកបានជួបពិភាក្សាការងារផ្ទាល់​ជាមួយរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តរជាតិ ខូមិនវែល និងអភិវឌ្ឍន៍(Minister of State for Foreign, Commonwealth and Development Affairs)នៃចក្រភពអង់គ្លេស លោកស្រី Amanda Milling ដែល​មកបំពេញទស្សនៈកិច្ចផ្លូវការនៅ​កម្ពុជា។

លោក កឹម សុខា អះអាងថា ក្នុងជំនួបដែលរៀបចំដោយស្ថានទូតចក្រភពអង់គ្លេសប្រចាំ​កម្ពុជានេះ លោកស្រី Amanda Milling ​ចង់ដឹងពីទស្សនៈរបស់លោក ជុំវិញស្ថានភាពនានានៅកម្ពុជាក្នុងបរិបទឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខនេះ ហើយលោកស្រីក៏បានបង្ហាញការយកចិត្តទុកដាក់លើរឿងក្តី និងសេរីភាពរបស់លោកផងដែរ។

ហ្វេសប៊ុកលោក កឹម សុខា ៖ «ក្នុងឱកាសនេះដែរ លោកជំទាវរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់យ៉ាងច្បាស់ថា លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាព គឺជាគុណតម្លៃ និងក៏ជាគោលកាណ៍ស្នូលនៃគោលនយោបាយបរទេសដែលចក្រភពអង់គ្លេសត្រូវធ្វើនិងផ្សាភ្ជាប់ជាមួយ។ លោកជំទាវរដ្ឋមន្រ្តីក៏បានបញ្ជាក់ថា ចក្រភពអង់គ្លេសនឹងបន្តតាមដានដោយយកចិត្តទុកដាក់អំពីដំណើរការ និងលទ្ធផលនៃសវនាការនាពេលខាងមុខ ដែលពាក់ពន្ធ័នឹងសេរីភាពរបស់ខ្ញុំ ក្នុងការចូលរួមដំណើរការប្រជាធិបតេយ្យនៅកម្ពុជានាពេលខាងមុខ ផងដែរ»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន មានប្រសាសន៍ថា ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ចក្រភពអង់គ្លេសជារឿងធម្មតា ដោយថាបុគ្គលគ្រប់រូបមានសិទ្ធិតាមដាន និងសង្កេតទៅលើដំណើរនីតិវិធីរបស់តុលាការ ដោយគ្មានការរារាំង។

លើសពីនេះ លោកថា ការប្រកាសបន្តតាមដានលើរឿងក្តីលោក កឹម សុខា ពីសំណាក់មន្ត្រីជាន់ខ្ពស់ចក្រភពអង់គ្លេស ក៏ជារឿងស្របទៅនឹងគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋផងដែរ។

លោកមានប្រសាសន៍ថា៖ «​វិធានាការច្បាប់ ដែលច្បាប់ចាត់ទុកថាជាអំពើនៃបទល្មើស ហើយតាមរយៈនីតិវិធីរបស់តុលាការ អាហ្នឹងជាដំណើរការយន្តការផ្លូវច្បាប់ជាធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយសង្គមប្រជាធិបតេយ្យណាក៏គេធ្វើអីចឹងដែរ។ អីចឹងអានេះជាការលើកស្ទួយប្រជាធិបតេយ្យ នីតិរដ្ឋ មិនមែនជាការបន្ទុចបង្អាក់ ឬការរារាំងដល់ដំណើរការប្រជាធិបតេយ្យនោះទេ»។

យ៉ាងណា តាមរយៈបណ្តាញទ្វីធ័រ​(Twitter)របស់រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តរជាតិ ខូមិនវែល និងអភិវឌ្ឍន៍​អង់គ្លេស លោកស្រី Amanda Milling នៅថ្ងៃទី១១ ខែមករា បានឱ្យដឹងថា លោកស្រីពិតជារីករាយដែលបានជួប លោក កឹម សុខា ដើម្បីនិយាយអំពីស្ថានភាពនយោបាយបច្ចុប្បន្ន។

មន្ត្រីជាន់ខ្ពស់ចក្រភពរូបនេះបញ្ជាក់ថា ទាំងលោកស្រី និងប្រធានបក្សប្រឆាំងដែលតុលាការកំពូលរំលាយ ចង់ឃើញប្រទេសកម្ពុជាមានសន្តិភាព វិបុលភាព និងប្រជាធិបតេយ្យ។

បណ្តាញទ្វីធ័រ(Twitter)របស់រដ្ឋមន្ត្រី សរសេរថា៖ «យើងបានពិភាក្សាអំពីតម្រូវការដើម្បីឱ្យមានការគោរពសិទ្ធិមនុស្ស និងវិធីដែលនាំឱ្យប្រជាជនកម្ពុជាជំនាន់ក្រោយមានការផ្លាស់ប្តូរ​»។

សម្រាប់អ្នកវិភាគនយោបាយដែលមានមូលដ្ឋាននៅក្រៅប្រទេសលោក គឹម សុខ លើកឡើងថា តាមពិត សហគមន៍អន្តរជាតិដឹងច្បាស់ថា  លោក ហ៊ុន សែន សម្លាប់ប្រជាធិបតេយ្យ និងនៅតែបង្កឧបសគ្គ ធ្វើឲ្យរាំងស្ទះដំណើរការស្ដារប្រជាធិបតេយ្យឡើងវិញ។ លោកថា កាលៈទេសៈនេះ ក្នុងក្រសែភ្នែកអន្តរជាតិសេរីប្រជាធិបតេយ្យ ទាំងរដ្ឋមន្ត្រីអង់គ្លេស ទំនងជាបង្ហាញនូវសេចក្ដីសង្ឃឹមខ្ពស់លើលោក កឹម សុខា  ជាងអ្នកណាទាំងអស់ ក្នុងការជ្រោមជ្រែងកសាងប្រជាធិបតេយ្យកម្ពុជាឡើងវិញ។

អ្នកវិភាគរូបនេះថា សាររបស់រដ្ឋមន្ត្រីអង់គ្លេស ក៏ជាការលើកទឹកចិត្តលោក កឹម សុខា ឲ្យរក្សាស្មារតីតស៊ូប្រឹងប្រែងកុំរាថយ ប៉ុន្តែលោកនៅពុំទាន់មើលឃើញដំណោះស្រាយសមរម្យណាមួយសម្រាប់មេបក្សប្រឆាំងដែលត្រូវបានតុលាការរំលាយរូបនេះឡើយ បើទោះបីជាថ្ងៃបើកសវនាការឡើងវិញជិតមកដល់ក្តី។

លោក គឹម សុខ បន្ថែមថា៖ «ខ្ញុំយល់ថា លោកស្រីរដ្ឋមន្ត្រី[លោកស្រី Amanda Milling] ក៏ដូចជាបង្ហាញនូវបំណង ចង់ឃើញវត្តមានលោក កឹម សុខ ចូលរួមដឹកនាំនយោបាយបោះឆ្នោតនៅឆ្នាំ២០២២ និង២០២៣ដែរ ព្រោះការបោះឆ្នោតជារបៀបវារៈមួយដ៏សំខាន់ក្នុងដំណើរការស្ដារប្រជាធិបតេយ្យ។ យ៉ាងណា ខ្ញុំគិតថា ពុំមានដំណោះស្រាយសមរម្យសម្រាប់លោក កឹម សុខា ទេ ហើយសវនាការថ្ងៃ១៩ មករា ខាងមុខនេះ ពុំមានសេចក្ដីសម្រេចអ្វីធំដុំឡើយ និងគ្រាន់តែជាការវិវត្តតាមល្បែងនៃល្បិចអូសបន្លាយពេល បន្តខ្ទប់សិទ្ធិនយោបាយរបស់លោក កឹម សុខា ប៉ុណ្ណោះ»។

លោក កឹម សុខា ត្រូវបានតុលាការដកសិទ្ធិធ្វើនយោបាយទាំងស្រុងជាង ៤ឆ្នាំមកហើយ ដោយគិតចាប់ពីថ្ងៃ​ដែល​សមត្ថកិច្ចប្រដាប់​ដោយអាវុធឆ្មក់ចូល​ចាប់​ខ្លួនទាំងយប់កាល​ពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​គេហដ្ឋានរបស់លោក ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។

មកទល់ពេលបច្ចុប្បន្ន បើទោះបីប្រធានគណបក្សដែលតុលាការកំពូលរំលាយមួយនេះ មានសេរីភាពដើរហើ និងធ្វើបុណ្យទានបានខ្លះក្តី ក៏ប៉ុន្តែសិទ្ធិសេរីភាពធ្វើនយោបាយ និងសិទ្ធិចេញទៅក្រៅប្រទេស ត្រូវបានតុលាការហាមឃាត់ទាំងស្រុង។  

បើទោះបីជាយ៉ាងនេះក្តី ក្នុងសារជូនពរជនរួមជាតិនាឱកាសបុណ្យឆ្លងឆ្នាំសកលឈានចូលឆ្នាំ២០២២ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ​ លោក កឹម សុខា បានបួងសួងឱ្យមានការបង្រួបបង្រួមជាតិ ដែលជាកត្តានាំមកនូវឯករាជ្យ អធិបតេយ្យភាព និងកិត្យានុភាពជាតិ ហើយថា យុត្តិធម៌សង្គម​និង​ការគោរពសិទ្ធិមនុស្សជាមូលដ្ឋានគ្រឹះនៃសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពជាតិរឹងមាំ។

បន្ថែមពីនេះ លោកថា ​បរិយាកាសសង្គមជាតិប្រកបដោយសមធម៌ សីលធម៌ និងគុណធម៌ គឺ​ជាពន្លឺសម្រាប់​បង្ហាញផ្លូវដ៏ត្រឹមត្រូវនៃអនាគត​កូនចៅជំនាន់ក្រោយ ឱ្យ​​ទទួលបាននូវសុខដុមរមនា ដោយមិនគុំគួនសងសឹកគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ