កិច្ចព្រមព្រៀង​បន្ថែម​ស្ដីពី​ការត្រៀម​បញ្ចប់​ការងារ​របស់​សាលាក្ដី​ខ្មែរក្រហម​ចូល​ជា​ធរមាន

ថ្ងៃសាវនាការសាលាដំបូងនៃសាលាក្តីខ្មែរក្រហម លើលោក នួន ជា និងលោក ខៀវ សំផន ក្នុងសំណុំរឿង០០២ ផ្នែកទី២ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

កិច្ចព្រមព្រៀងបន្ថែមស្ដីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្ដីកាត់ទោសមេដឹកនាំខ្មែរក្រហម) បានចូលជាធរមានហើយ បន្ទាប់ពីភាគីកម្ពុជានិងអង្គការសហប្រជាជាតិបានចុះហត្ថលេខា។

សេចក្ដីប្រកាសព័ត៌មានរបស់សាលាក្ដីខ្មែរក្រហមនៅថ្ងៃទី១២ ខែមករា ឱ្យដឹងថា កិច្ចព្រមព្រៀងបន្ថែមដែលមានចំណងជើងទាំងមូលថា «កិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ស្ដីពី ការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា» បានចូលជាធរមាន បន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន​ ឈិន តំណាងភាគីកម្ពុជា និងលោក មីហ្គែល ឌឺស៊ីប៉ា សូអារ៉េស អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការច្បាប់ បានចុះហត្ថលេខារួចមក។

កិច្ចព្រមព្រៀងបន្ថែមនេះ រួមមាន ការគ្រប់គ្រងការអនុវត្តទោសរបស់ទណ្ឌិត ការការពារសាក្សី និងជនរងគ្រោះ ការថែទាំ ការរក្សាទុក និងការគ្រប់គ្រងបណ្ណសាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) និងការងារផ្សព្វផ្សាយព័ត៌មានដល់សាធារណជន ព្រមទាំងការត្រួតពិនិត្យមើលការអនុវត្តការផ្ដល់សំណងដែលបានផ្ដល់ឱ្យដើមបណ្ដឹងរដ្ឋប្បវេណីទៅតាមករណីចាំបាច់ រួមជាមួយនឹងមុខងារផ្សេងៗទៀត។

បើតាមកិច្ចព្រមព្រៀងនេះ មុខងារដែលនៅសេសសល់នឹងចាប់ផ្ដើមក្រោយពេលបញ្ចប់កិច្ចដំណើរការនីតិវិធីតាមផ្លូវតុលាការ សម្រាប់រយៈពេលបីឆ្នាំដំបូង។

គួររម្លឹកជូនថា រដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពី ការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៣។ នៅពេលចាប់ផ្ដើមនៅអំឡុងឆ្នាំ២០០៦មកដល់បច្ចុប្បន្ននេះ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបាននាំខ្លួនអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមចំនួន៤រូប រួមមាន លោក នួន ជា, ខៀវ សំផន, អៀង សារី និងលោកស្រី អៀង ធីរិទ្ធ និងអ្នកទទួលខុសត្រូវខ្ពស់បំផុត កាំង ហ្គេចអ៊ាង ហៅ ឌុច មេគុកទួលស្លែង មកកាត់ទោសជាបន្តបន្ទាប់។

ក្រៅពីនេះ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាក៏បានបន្តចោទប្រកាន់លើអ្នកទទួលខុសត្រូវខ្ពស់បំផុតផ្សេងទៀត ដូចជា លោកស្រី អ៊ឹម ចែម, លោក មាស មុត, លោក យឹម ទិត្យ និងលោក អោ អាន ជាដើម។ ប៉ុន្តែសំណុំរឿងក្រោយៗនេះបានជាប់គាំងដោយសារការខ្វែងគំនិតគ្នាស្ទើរគ្រប់ដំណាក់កាលរវាងភាគីជាតិនិងភាគីអន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ