ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួនថ្មី «អូមីក្រុង» មានចំនួន១៤ករណីបន្ថែមទៀត ក្នុងនោះករណីនាំចូលពីក្រៅប្រទេសមាន១២ករណី និងឆ្លងក្នុងសហគមន៍២ករណី។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៤នាក់ថ្មីដែលរកឃើញកាលពីម្សិលមិញ គឺប្រភេទបំប្លែងខ្លួន «អូមីក្រុង» ទាំងអស់ ហើយករណីនាំចូលពីក្រៅប្រទេសមាន១២ករណី និង២ករណីឆ្លងចូលក្នុងសហគមន៍។
សេចក្ដីប្រកាសដដែលឱ្យដឹងដែរថា នៅថ្ងៃនេះមានអ្នកជាសះស្បើយចំនួន៩នាក់ និងមិនមានករណីអ្នកស្លាប់នោះទេ។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១២០ ៦៨៤នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១១៧ ០៤៣នាក់ អ្នកស្លាប់ចំនួន៣ ០១៥ នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន២០ ០៨៤នាក់។
ឆ្លើយតបនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩បំប្លែងថ្មី អូមីក្រុង រដ្ឋាភិបាលកម្ពុជាទើបចេញសារាចរមួយស្ដីពីការជំរុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលាតាមបណ្ដារាជធានី-ខេត្ត ហើយយកចិត្តទុកដាក់ក្នុងការអប់រំ ផ្សព្វផ្សាយឱ្យទូលំទូលាយបន្ថែមទៀត អំពីភាពចាំបាច់នៃការចាក់វ៉ាសាំងកូវីដ-១៩ ព្រមទាំងចាត់វិធានការពង្រឹងនិងជំរុញការអនុវត្តវិធានការសុខាភិបាល៕