បុគ្គលិក​ណាហ្គាវើលដ៍​មួយចំនួន​មិនមាន​ឈ្មោះ​បញ្ឈប់ ធ្វើ​យុទ្ធនាការ​ទាមទារ​ដោះលែង​សហជីព​៨នាក់

ក្រុមកូដករណាហ្គាវើលដ៍ជិត២០នាក់ធ្វើសន្និសីទកាសែតនៅមុខទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាមទារដោះលែងសហជីព ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ (ហ៊ី ឆាយ)

បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍មួយចំនួនដែលពុំមានឈ្មោះបញ្ឈប់ពីការងារ បាននាំគ្នាធ្វើយុទ្ធនាការតាមបណ្ដាញសង្គម ដើម្បីទាមទារដោះលែងតំណាងសហជីព៨នាក់ដែលកំពុងជាប់ឃុំដោយសារទាមទារសិទ្ធិនិងលក្ខខណ្ឌការងារ។

កាលពីថ្ងៃទី៥ ខែមករានេះ ថ្នាក់ដឹកនាំនិងសកម្មជនសហជីពចំនួន៨នាក់ ក្នុងនោះ​មាន​ប្រធាន​​សហជីព​​ទ្រទ្រង់​​សិទ្ធិ​ការងារ​​បុគ្គលិក​កម្មករ​ខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ​ផង ត្រូវបានតុលាការឃុំខ្លួនបណ្ដោះអាសន្ន និង​ចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។

បុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ម្នាក់ កញ្ញា ផុន ណារី ដែលអះអាងថាខ្លួនមិនមានឈ្មោះបញ្ឈប់ពីការងារ បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់នាង ដោយទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ដោះលែងថ្នាក់ដឹកនាំនិងសកម្មជនសហជីពទាំង៨រូបជាបន្ទាន់ រួមទាំងទទួលយកបុគ្គលិក៣៦៥នាក់ចូលធ្វើការវិញ។

កញ្ញា ផុន ណារី យល់ថា ការឃុំខ្លួននិងការចោទប្រកាន់តំណាងសហជីពជារឿងមិនត្រឹមត្រូវ និងអយុត្តិធម៌ ហើយថា ករណីក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់ថ្នាក់ដឹកនាំសហជីពនិងបុគ្គលិកក្នុងចំនួនច្រើននោះជាការរើសអើងសហជីព។

កញ្ញាថា៖ «ក្នុងនាមខ្ញុំជាបុគ្គលិកណាហ្គាវើលដ៍ ខ្ញុំអត់ព្រមទទួលយកដែលក្រុមហ៊ុនកៀបសង្កត់លើពួកខ្ញុំ ហើយចង់បំបិទសហជីពអ៊ីចឹង ព្រោះខ្ញុំអត់ព្រមមានបែបហ្នឹងទេ ព្រោះបើអត់មានសហជីព ក្រុមហ៊ុននឹងកៀបសង្កត់ធ្ងន់ធ្ងរជាងហ្នឹងទៀត ព្រោះអ្វីដែលពួកខ្ញុំអាចទទួលយកបាន គឺដោយសារមានសហជីពហ្នឹង រាល់ថ្ងៃហ្នឹង»។

បុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ដែលមិនមានឈ្មោះបញ្ឈប់ពីការងារម្នាក់ទៀត កញ្ញា មូលីកា បានបង្ហោះសារលើហ្វេសប៊ុករបស់ខ្លួនដោយលើកឡើងថា កញ្ញាស្ម័គ្រចិត្តដើរចេញពីក្រុមហ៊ុន ដើម្បីចូលរួមធ្វើកូដកម្មអហិង្សាជាមួយក្រុមកូដករផ្សេងទៀត ដោយគ្មានការបង្ខិតបង្ខំនិងភ័យខ្លាចឡើយ ក្នុងការទាមទារឱ្យដោះលែងថ្នាក់ដឹកនាំនិងសកម្មជនសហជីពឱ្យមានសេរីភាពវិញ។

កញ្ញា មូលីកា បន្តថា រូបនាងនិងក្រុមកូដករត្រូវបានតំណាងសហជីពនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ចូលតុចរចានិងជួយដោះស្រាយរាល់ការរំលោភសិទ្ធិការងារផ្សេងៗពីសំណាក់ក្រុមហ៊ុន និងការរំលោភបំពានពីភ្ញៀវ ជាដើម។

កញ្ញាថា៖ «ដោយសារតែយើងធ្វើការ យើងអត់ដឹងពេលណាគេបញ្ឈប់យើងទេ ព្រោះសូម្បីតែពួកគាត់ជាប្រធានសហជីពហ្នឹងក៏គាត់អាចយកលេសកូវីដ[ដើម្បីបញ្ឈប់បុគ្គលិក] ទាំងដែលក្រុមហ៊ុនគេចំណេញច្រើន។ ហើយគាត់ឆ្លៀតវិបត្តិកូវីដហ្នឹងមកធ្វើការកែប្រែហេដ្ឋារចនាសម្ព័ន្ធរបស់គាត់ហើយ ហើយគាត់ចង់គាស់រំលើងសហជីពពីក្រុមហ៊ុនរបស់ពួកគាត់ទៀត»

បុគ្គលិក​មិនមានឈ្មោះបញ្ឈប់ម្នាក់ទៀត កញ្ញា មៀច ស្រីអូន អះអាងថា បច្ចុប្បន្នបុគ្គលិកដែលមិនមានឈ្មោះបញ្ឈប់ពីការងារជាង២ពាន់នាក់ បាននិងកំពុងចូលរួមធ្វើយុទ្ធនាការទាមទារឱ្យមានការដោះលែងថ្នាក់ដឹកនាំសហជីព។ លើសពីនេះ ពួកគេទាមទារឱ្យក្រសួងការងារដោះស្រាយវិវាទរវាងបុគ្គលិកជាមួយក្រុមហ៊ុន ដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ និងតម្លាភាព។

កញ្ញា មៀច ស្រីអូន បន្តថា ក្រុមកូដករក៏ស្នើដល់អាជ្ញាធរឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញនិងលាបពណ៌ទៅលើក្រុមអ្នកតវ៉ាផងដែរ ដោយថា ការធ្វើយុទ្ធនាការទាមទារនិងការតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍នេះ ជារឿងវិវាទការងាររវាងភាគីបុគ្គលិកនិងក្រុមហ៊ុនល្បែងមួយនេះតែប៉ុណ្ណោះ។

កញ្ញាថា៖ «ស្នើសុំកុំឱ្យអាជ្ញាធរស្លៀកពាក់ស៊ីវិលតាមដានសកម្មភាពពួកខ្ញុំនៅដល់កន្លែង​ពួកខ្ញុំផ្ទាល់និងដល់ផ្ទះ ព្រោះវាជាចេតនាមួយអត់ល្អទេ ព្រោះគាត់ជាអ្នកការពារពួកខ្ញុំ ប៉ុន្តែរាល់សកម្មភាពដែលគាត់ចេញមកដូចជាអត់ឱ្យប្រជាជនឱ្យតម្លៃទៅពួកគាត់»

អ្នកនាំពាក្យ​ក្រសួងការងារ​ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ ប្រាប់ វីអូឌី តាមតេឡេក្រាមកាលពីថ្ងៃទី១១ ខែមករា ថាលោកមិនមានយោបល់អ្វីឡើយចំពោះការធ្វើយុទ្ធនាការតាមបណ្ដាញសង្គមរបស់ក្រុមបុគ្គលិកណាហ្គាវើលដ៍នេះ​ ពីព្រោះ​ជាសិទ្ធិរបស់ពួកគេ ប៉ុន្តែក្រសួងការងារនៅតែរក្សាជំហរដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុនល្បែងមួយនេះ។

លោកថា៖ «មិនមានយោបល់លើអ្វីដែលជាសិទ្ធិបុគ្គលនោះទេ។ ក្រសួងបន្តសម្របសម្រួលដូចដែលក្រសួងបានអំពាវនាវឱ្យមកចូលប្រជុំ និងឱ្យគោរពនូវនីតិវិធីនិងវិធាននៃការដោះស្រាយវិវាទការងាររួម»។

នាយក​ប្រតិបត្តិមជ្ឈមណ្ឌល​សម្ព័នភាពការងារ​ និង​សិទ្ធ​​មនុស្ស​ លោក​ មឿន តុលា មានប្រសាសន៍ថា វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍អាចដោះស្រាយទៅបាន គឺវាអាស្រ័យលើអាជ្ញាធរយកគោលការណ៍ច្បាប់មកដោះស្រាយ ដែលលោកថា ​រឿង​រ៉ាវ​ណាហ្គាវើលដ៍នេះ​គួរតែត្រូវ​បានដោះស្រាយ​ចេញតាំងពីយូរមកហើយ។

យ៉ាងណា លោកថា ប្រសិនបើក្រុមកូដករមានភាពអត់ធ្មត់និងមានភាពសាមគ្គីគ្នា​នោះ ថ្ងៃណាមួយពួកគេនឹងទទួលបានយុត្តិធម៌មិនខាន។

លោកថា​៖ «​ចំពោះ​ប្រទេស​មួយដែល​មាន​ប្រព័ន្ធ​យុត្តិ​ធម៌ទន់​ខ្សោយ​ឬទទួល​ឥទ្ធិពល​ពី​អ្នកនយោបាយ​​ពី​អំពើ​ពុករលួយ វាជា​រឿង​មួយ​ចាំ​បាច់​ណាស់​ដែល​​សាមគ្គី​ភាព​ក្នុង​ចំណោម​អ្នកដែល​រងគ្រោះ​គ្នា​ឯង​ហ្នឹង​ ជា​ពិសេស​បុគ្គលិក​ណាហ្គាវើល​ដ៍ដែល​គាត់​រងគ្រោះ​ដោយ​សារ​ការ​កៀប​​សង្កត់​ឬក៏​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពល​កម្មរបស់​គាត់ ​រំលោភសិទ្ធិរបស់​គាត់​ហ្នឹង​»

លោក មឿន តុលា បន្ថែម​ថា ដើម្បីដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ដែលទទួលបានទាំងអស់គ្នា លុះត្រាតែមានការដោះលែងតំណាងសហជីព៨នាក់ ដើម្បីឱ្យពួកគេមានភាពជាតំណាងក្នុងការចរចារកដំណោះស្រាយ។

លោកបន្ថែមថា ការ​​ចាប់​តំណាង​ណា​ហ្គាវើល​ដ៍ ហើយហៅកូដករទៅ​ចរចានោះ ជា​រឿងមួយដែល​មាន​លក្ខណៈប្រជាភិថុត​ឬបោកប្រាស់បុគ្គលិក ដែល​ជា​រឿងមិនត្រឹមត្រូវឡើយ។

គិតចាប់តាំងពីការធ្វើកូដកម្មនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ មកដល់ពេលនេះ មានរយៈពេលជិត១ខែហើយដែលក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍បានធ្វើកូដកម្មដោយអហិង្សាដើម្បីទាមទារលក្ខខណ្ឌ៩ចំណុច។

​ការតវ៉ានេះ​បណ្ដាលឱ្យមានថ្នាក់ដឹកនាំសហជីនិងសមាជិកយ៉ាងហោចណាស់​ជិត៣០នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះ៨នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នក្រោមបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ ខណៈមនុស្សផ្សេងទៀតត្រូវបានសមត្ថកិច្ចដោះលែងឱ្យត្រលប់ទៅផ្ទះវិញ ជាថ្នូរនឹងការធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពកូដកម្មបន្តទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ