ក្រសួងសុខាភិបាលបានប្រកាសពីការបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ «អូមីក្រុង» ចំនួន៣៤ករណីបន្ថែមទៀត ក្នុងនោះមានករណីឆ្លងក្នុងសហគមន៍មានចំនួន១២ករណី។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣៤នាក់ថ្មីដែលរកឃើញកាលពីម្សិលមិញ គឺប្រភេទបំប្លែងខ្លួនថ្មី «អូមីក្រុង» ទាំងអស់ ហើយករណីនាំចូលពីក្រៅប្រទេសមាន២២ករណី និង១២ករណីឆ្លងចូលក្នុងសហគមន៍។
សេចក្ដីប្រកាសដដែលឱ្យដឹងដែរថា នៅថ្ងៃនេះមានអ្នកជាសះស្បើយចំនួន១៤នាក់ និងមិនមានករណីអ្នកស្លាប់នោះទេ។
បើប្រៀបធៀបនឹងថ្ងៃម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មីកើនឡើង២០ករណី។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១២០ ៧១៨នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១១៧ ០៥៧នាក់ អ្នកស្លាប់ចំនួន៣ ០១៥ នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន២០ ១០៦នាក់៕