មន្ត្រី​ថា​កម្ពុជា​នៅតែ​ទាមទារ​ប្រេង​ឆៅ​ជិត​៤៧​លាន​លីត្រ​មក​វិញ ​​តែ​ពុំ​ទាន់​បង្ហាញ​នីតីវិធី​ច្បាស់​លាស់

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

មន្ត្រីជាន់ខ្ពស់អះអាងថា រដ្ឋាភិបាល​នៅតែមានឆន្ទៈទាមទារប្រេងឆៅជិត ៣០ម៉ឺនបារ៉ែល ឬស្មើជិត ៤៧លានលីត្រ ​ដែល​ត្រូវបានគេលួចដឹកចេញពីកម្ពុជាកាលពីពាក់កណ្តាលឆ្នាំមុន ​យកត្រលប់មកវិញ ប៉ុន្តែមន្ត្រីរូបនេះនៅមិនទាន់​បង្ហាញពីនីតិវិធីណាមួយច្បាស់លាស់នោះទេ។

ការថ្លែងយ៉ាងដូច្នេះ ក្រោយពេលប្រេងឆៅប្រមាណ ៣០ម៉ឺនបារ៉ែល(២៩៥ ០០០) ដែលស្មើជិត ៤៧លានលីត្រ ហើយបើគិតជាតម្លៃប្រេងឆៅបច្ចុប្បន្នអាចមានតម្លៃទឹកប្រាក់ប្រមាណ ២០លានដុល្លារអាមេរិក បានបាត់ពីកម្ពុជា​ ប៉ុន្តែបន្ទាប់មកត្រូវបានរកឃើញវិញនៅក្នុងដែនសមុទ្ររបស់ប្រទេសឥណ្ឌូនេស៊ី។

អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន មានប្រសាសន៍ប្រាប់វីអូឌីនៅថ្ងៃទី១៣ ខែមករានេះថា រដ្ឋាភិបាល​កម្ពុជានៅតែប្រកាន់ឆន្ទៈ​ទាមទារយកប្រេង​ឆៅទាំងនោះ​ត្រលប់​មកវិញ។ យ៉ាងណា លោកថា​ពុំទាន់មានព័ត៌មានទេ ថាតើនីតិវិធីនៃការនាំប្រេងឆៅមកវិញនឹងធ្វើឡើងតាមរបៀបណានោះ ខណៈមានតែក្រសួងរ៉ែ និងថាមពលទេ ដែលជាស្ថាប័នសាមី ទើបដឹងរឿងនេះ។

លោក ផៃ ស៊ីផាន ប្រាប់ថា «ហ្នឹងជារបស់ជាតិត្រូវតែទាមទារ! អត់មានបណ្តែតបណ្តោយទុកឱ្យទៅ​អ្នកណាអ្នកណីទេ ពីព្រោះទាល់តែទាមទារមកវិញ បានគេចែកផលលាភទៅអ្នកណាប៉ុន្មានៗ។ បើអត់ទាមទារមកវិញ យើងមិនដឹងចែកផលលាភយ៉ាងម៉េច។ បំណុលរបស់ម្ចាស់ផលិតប្រេងហ្នឹងគឺ ទី១ ជួលអានាវាហ្នឹង ទី២ ជំពាក់លុយកម្មករ ទី៣ មានរឿងអីផ្សេងៗទៀត។ យើងអត់ដឹង អាហ្នឹង​វា​​ជំពាក់ជំពិនគ្នាខ្លាំងណាស់»។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា​លោក កុយ គួង បដិសេធក្នុងការផ្ដល់​​​ព័ត៌​មានលម្អិត​​​អំពី​​នី​​តិវិធី និងដំណើរ​ប្រព្រឹត្តទៅចំពោះលទ្ធភាព​​នៃការនាំប្រេងឆៅ​​ត្រលប់​​មក​​វិញ។ យ៉ាងណា លោកប្រាប់​ឱ្យអ្នកសារព័ត៌មានទាក់ទងទៅក្រសួងរ៉ែ និងថាមពល។

លោកថា «សូមសួទៅក្រសួងរ៉ែ និងថាមពល»។

ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានបដិសេធ​ក្នុងការផ្ដល់ព័ត៌មានលម្អិតទៅលើ​នីតិវិធី និងការចរចាផ្នែកផ្លូវច្បាប់អំពីរឿងនេះ។ លោកបញ្ជាក់តាម​សារតេឡេក្រាម​ថា មាន​តែ​ក្រសួងរ៉ែ និងថាមពលទេ ទើប​ជាអ្នកទទួលខុសត្រូវរួមលើបញ្ហានេះ។

លោក ម៉ាលីន ថា «ទាក់ទងក្រសួងសាមីដែលគ្រប់គ្រងការងារនេះ»។

វីអូឌីមិនអាចសុំការឆ្លើយតបពីអគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល​លោក ជៀប សួរ បានទេ​នៅថ្ងៃទី១៣ ខែមករានេះ។

​នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ប៉ិច ពិសី ថ្លែងថា ដើម្បីធានានូវទំនុកចិត្តរបស់ពលរដ្ឋដែលតាមដានរឿងប្រេងនេះ ​ រដ្ឋាភិបាលត្រូវជំរុញនីតិវិធីដោះស្រាយវិវាទ និងនាំយកប្រេងត្រលប់មកវិញឱ្យបានលឿន ដោយសារកម្ពុជាក៏បានចំណាយពេលយូរណាស់ហើយលើបញ្ហានេះ។

លោក ប៉ិច ពិសី ថា «យើងគួរតែចាប់ផ្តើមធ្វើកិច្ចការផ្ទាល់ជាមួយក្រុមហ៊ុនៗ ដែលមានវិវាទ​ជាមួយ​យើង ដើម្បីដោះ​ស្រាយបញ្ហាហ្នឹងដោយការបញ្ជូនអ្នកច្បាប់ អ្នកជំនាញហ្នឹងដើម្បីទៅ​ធ្វើការជា​មួយគេ ដើម្បីឱ្យយើង​មានលទ្ធភាពយកប្រេងមកវិញសិន។ បើទោះវិវាទរដ្ឋប្បវេណី ឬក៏ព្រហ្មទណ្ឌដទៃ​ទៀត​ជាប់​គាំង ក៏សំខាន់​យើងអាចយកទ្រព្យសម្បត្តិ​ជាតិហ្នឹងមកវិញសិន រឿងផ្សេងចាំ​យើង​អាចដោះស្រាយ​ក្រោយ»។

កាល​ពី​​ខែ​មិថុនា ឆ្នាំ​២០២១កន្លង​ទៅ​នេះ ក្រុមហ៊ុន គ្រីស អែនណឺជី ដែល​មាន​ទីតាំងនៅ​ប្រទេស​​​សិង្ហបុរី បាន​ប្រកាសពីការ​ក្ស័យធនរបស់ខ្លួនដោយសារជាប់បំណុល និងថាប្រេងដែលបូមបាន​​​នៅប្លុកអេ(A)នេះមានចំនួនតិចតួចមិនគ្រប់គ្រាន់ដូចការរំពឹងទុក។

នៅខែមិថុនាដដែលនោះ ប្រេងឆៅជិត៣០ម៉ឺនបារ៉ែលនោះ ក៏បាត់ដំណឹងពីកម្ពុជា។ ក្រោយមកនៅខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានប្រកាសថា  ​ខ្លួនបានរឹបអូស​នាវាដឹកប្រេងមួយគ្រឿងឈ្មោះ MT Strovolos ​ដែលមានផ្ទុកប្រេងឆៅជិត ៣០ម៉ឺនបារ៉ែល និងមាននាវិកនៅលើកប៉ាល់នោះជាង ១០នាក់ផងដែរ។

កាលពីថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីប្រកាសព័ត៌មាន មួយជុំវិញបច្ចុប្បន្នភាព​នាវា MT Strovolos និងក្រុមនាវិក ដែលត្រូវបានចាប់ខ្លួន ពាក់ព័ន្ធករណីដែលរដ្ឋាភិបាលចោទថា​បានលួចប្រេងឆៅរបស់កម្ពុជា។

ក្រសួងរ៉ែ អះអាងថា ប្រេងឆៅទាំងអស់នោះ គឺជាទ្រព្យសម្បត្តិរបស់​កម្ពុជា គ្រប់ពេលវេលាទាំងអស់ ហើយការលួច ឬ ការរំលោភបំពានកម្មសិទ្ធិ លើប្រេងឆៅដោយម្ចាស់នាវា អ្នកគ្រប់គ្រង និងក្រុមនាវិកនៃនាវា MT Strovolos និងបក្ខពួករបស់គេ គឺជាបទល្មើសក្រោមច្បាប់កម្ពុជា។

យ៉ាងណា ក្រុមអង្គការមិនមែនរដ្ឋាភិបាលដែលតាមដានរឿងនេះ យល់ឃើញថា បញ្ហាបាត់ប្រេងពីកម្ពុជាស្ងាត់ៗនេះ នឹង​នាំឱ្យមានការសង្ស័យទៅលើការគ្រប់គ្រងរបស់អាជ្ញាធរកម្ពុជា ឬមានជាប់ពាក់ព័ន្ធក្នុងហេតុផលអ្វីមួយ ដែលនាំឱ្យនាវានោះអាចដឹកប្រេងចេញពីកម្ពុជា​បាន​​។

ពួកគេថា ប្រសិនបើបញ្ហានេះកើតចេញ​ពីការធ្វេស​ប្រហែស​ ឬធូររលុងនៃការគ្រប់គ្រង អាច​​នឹង​​​ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់មុខមាត់របស់កម្ពុជាថែមទៀតផង៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ