ជនជាតិដើមភាគតិចគួយ អាយុ ៣៤ឆ្នាំមួយរូបលោក ថៃ ហុន កំពុងតែធ្វើដំណើរចូលទៅកាន់តំបន់ភាគអាគ្នេយ៍នៃដែនជម្រកសត្វព្រៃព្រះរកា ដែលមានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីទីរួមខេត្ត។
ជនជាតិដើមភាគតិចគួយរូបនេះ បានធំដឹងក្ដីឡើងនៅក្បែរតំបន់ព្រៃទាំងនេះ ដែលបានធ្វើឱ្យរូបលោកអាចស្គាល់យ៉ាងច្បាស់នូវរាល់ផ្លូវតូចៗ ដែលឆ្លងកាត់តំបន់ភាគអាគ្នេយ៍នៃព្រៃការពារមួយនេះក្នុងការតាមដានសកម្មភាពកាប់បំផ្លាញព្រៃឈើ។
លោក ថៃ ហុន បានថ្លែងឱ្យដឹងដោយចង្អុលបង្ហាញទៅកាន់តំបន់ដែលរងការឈូសឆាយជាបន្តបន្ទាប់ថា៖ «ទីតាំងនេះត្រូវបានកាប់បំផ្លាញកាលពីឆ្នាំមុន ហើយទីតាំងនោះត្រូវបានកាប់កាលពីពេលថ្មីៗនេះ»។
ទីតាំងដែលត្រូវបានឈូសឆាយកាលពីពេលកន្លងទៅ ត្រូវបានប្រើប្រាស់សម្រាប់ដាំដំណាំរួមមានដូចជា ចេក ដំឡូងមី និងគ្រាប់ស្វាយចន្ទី ហើយតាមរយៈដើមស្វាយចន្ទីដែលមានកម្ពស់ពី ២ទៅ ៣ ម៉ែត្រនេះ ប្រជាពលរដ្ឋ និងអ្នកចុះល្បាតទាំងឡាយអាចប៉ាន់ប្រមាណពីរយៈពេលនៃការឈូសឆាយបាន។
លោក ថៃ ហុន បន្តថា៖ «បច្ចុប្បន្ននេះ យើងមិនបានដើរល្បាតនោះទេ។ «គេមិនអនុញ្ញាតឱ្យយើងធ្វើសកម្មភាពនេះ ដោយសារតែយើងអាចចាប់ជនល្មើសបាន»។
យោងតាមរូបភាពថតពីលើអាកាសបានបង្ហាញឱ្យឃើញថា តំបន់ការពារព្រៃព្រះរកាផ្នែកខាងត្បូងគឺជាតំបន់មួយដែលរងការឈូសឆាយ ហើយតាមរយៈការដើរចូលទៅក្នុងព្រៃជម្រៅប្រមាណជា ៣ ទៅ ៤គីឡូម៉ែត្រ អ្នកសារព័ត៌មានវីអូឌីបានរកឃើញថា ការឈូសឆាយភាគច្រើនគឺត្រូវបានប្រើប្រាស់សម្រាប់ការដាំដុះ និងមួយចំនួនទៀតត្រូវបានទុកចោលមិនប្រើប្រាស់។
យោងតាមទិន្នន័យរបស់អង្គការឃ្លាំមើលព្រៃឈើសកល (Global Forest Watch) កាលពីឆ្នាំមុនបង្ហាញថា ព្រៃព្រះរកាបានបាត់បង់គម្របព្រៃឈើចំនួន ៦១២ហិកតា ក្នុងឆ្នាំ២០២០ ពោលគឺកើនឡើង ២០ភាគរយបើធៀបនឹងការបាត់បង់ព្រៃឈើក្នុងឆ្នាំ ២០១៩។
ប្រទេសកម្ពុជា ក៏បានបាត់បង់គម្របព្រៃឈើចំនួន ៤៧ ៦៣៩ហិកតាក្នុងឆ្នាំ ២០២០ កើនឡើងតិចតួចធៀបនឹងការបាត់បង់ព្រៃឈើក្នុងឆ្នាំ២០១៩ ។
ជាមួយគ្នានេះ អ្នកស្ម័គ្រចិត្តមកពីសមាគមបណ្ដាញយុវជនកម្ពុជា(CYN) បានឱ្យដឹងផងដែរថា ពួកគេបានរកឃើញករណីកាប់បំផ្លាញព្រៃឈើចំនួន ១០០ករណីនៅតំបន់ព្រៃព្រះរកា ក្នុងអំឡុងពេលដើរល្បាតត្រឹមរយៈពេលបីថ្ងៃកាលពីខែមីនាឆ្នាំមុន។
ប្រជាសហគមន៍ជនជាតិដើមភាគតិច ក៏បានរកឃើញបទល្មើសព្រៃឈើក្នុងចំនួនប្រហាក់ប្រហែលគ្នានេះនៅភាគខាងត្បូងក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ ខណៈពួកគេលើកឡើងថាអាជ្ញាធរហាក់ប្រងើយកន្តើយលើករណីនេះ។
ប្រជាពលរដ្ឋ និងសកម្មជនទាំងឡាយបានឱ្យដឹងថា ពលរដ្ឋក្នុងតំបន់ មន្ត្រីមូលដ្ឋាន និងកងកម្លាំងសន្តិសុខសុទ្ធតែពាក់ព័ន្ធក្នុងការកាប់ឈើទាំងនេះ។
កសិករជាជនជាតិដើមភាគតិចមួយរូប ដែលត្រូវបានបណ្ដេញចេញដោយបង្ខំកាលពីពេលកន្លងទៅពីក្រុមហ៊ុនចម្ការអំពៅ រ៉ូយ ហ្វេង (Rui Feng) ក៏បានលើកឡើងថា ពួកគេបានឈូសឆាយដីព្រៃក្នុងទំហំ២ ទៅ៣ហិកតាដើម្បីដាំដុះដំណាំផងដែរ។
នៅពេលដែលលោក ថៃ ហុន ដើរចូលទៅក្នុងព្រៃកាន់តែជ្រៅ លោកបានឮសំឡេងគ្រឿងចក្រ ប៉ុន្តែលោកមិនអាចដឹងច្បាស់ថាវាជាសំឡេងរណាយន្ត ឬម៉ូតូនោះទេ។ បន្ទាប់មកទៀត លោកក៏បានប្រទះឃើញបុរសបីនាក់ជិះគោយន្តមួយធ្វើដំណើរចូលទៅកាន់ផ្លូវតូចមួយក្នុងតំបន់ព្រៃការពារ។
លោក ថៃ ហុន បានបន្តដំណើររបស់ខ្លួនក្នុងចម្ងាយ ២០០ ទៅ ៣០០ម៉ែត្រទៀត មុនពេលរូបលោកចាកចេញដើម្បីពិនិត្យស្វែងរកមើលគល់ឈើដែលទើបនឹងកាត់ថ្មីៗ។ នៅពេលនោះ លោកបានប្រទះឃើញគល់ឈើមួយចំនួន ដែលលោកអាចដឹងបានថា ឈើទាំងនោះត្រូវបានគេកាប់មិនលើសពីរយៈពេល២ ទៅ ៣ ថ្ងៃនោះទេ។
ក្នុងចម្ងាយប្រមាណជា ១០០ម៉ែត្រទៀត លោកក៏បានរកឃើញទីតាំងមួយដែលមើលទៅហាក់ដូចជាត្រូវបានឈូសឆាយក្នុងទ្រង់ទ្រាយធំសម្រាប់ការដាំដុះដំណាំ។ ទីតាំងនេះ គឺជាទីតាំងមួយក្នុងចំណោមការឈូសឆាយមួយចំនួនដែលលោកបានចង្អុលបង្ហាញ។
លោក ថៃ ហុន ថា៖ «នេះគ្រាន់តែជាជ្រុងមួយនៃឃុំប្រមេរប៉ុណ្ណោះ។ ដូច្នេះ អ្នកអាចស្រមៃមើលបានហើយពីទំហំនៅក្នុងឃុំ ឬស្រុកផ្សេងទៀត»។
ទាក់ទិននឹងករណីនេះ មេឃុំប្រមេរលោក ធាន ហេង មានប្រសាសន៍ថា នៅក្នុងតំបន់ព្រៃព្រះរកា ពិតជាមានការកាប់ឈើមួយចំនួនមែន ប៉ុន្តែអ្នកទាំងនោះកាប់តែឈើប្រភេទលេខ២ និងលេខ៣ ប៉ុណ្ណោះ ខណៈដែលវាកើតឡើងក្នុងចំនួនតិចតួច និងមិនធ្ងន់ធ្ងរនោះទេ។
មេឃុំដដែលបន្ថែមថា ប្រជាពលរដ្ឋនៅតំបន់នោះបានឈូសឆាយដីស្រែចម្ការតូចៗនៅតាមជាយនៃតំបន់ការពារ ហើយមន្ត្រីក៏ធានាឱ្យបានថា មិនមានករណីឈូសឆាយ និងកាប់ព្រៃឈើក្នុងតំបន់កណ្តាលនៃដែនជម្រកសត្វព្រៃមួយនេះទេ។
លោក ធាន ហេង បន្ថែមថា៖ «ករណីកាប់ឆ្ការ គឺកើតមានឡើងនៅក្នុងស្រុកជាំក្សាន្ត ស្រុកឆែប ស្រុកត្បែងមានជ័យ មិនមែនតែឃុំប្រមេរមួយនោះទេ។ វាកើតឡើងស្ទើរតែគ្រប់ស្រុក ហើយរីករាលដាលតាមគ្នាពីមួយទៅមួយ»។
លោកក៏បានអះអាងឱ្យដឹងផងដែរថា ការកាប់ឈើទាំងនេះគឺត្រូវបានធ្វើឡើងដោយប្រជាពលរដ្ឋដែលបានចំណាកស្រុកចេញពីខេត្តកំពត ឬកំពង់ចាម ឬប្រជាពលរដ្ឋដែលជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ហើយក្នុងករណីខ្លះទៀត អ្នកកាប់ឈើក៏បាននិងកំពុងប្រើប្រាក់កម្ចីខ្នាតតូច ដើម្បីទិញឧបករណ៍សម្រាប់កាប់ដើមឈើផងដែរ។
លោកបន្ថែមថា៖ «អ្នកខ្លះខ្ចីប្រាក់ [ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ] ហើយចំណាយលើទំនិញប្រើប្រាស់ បន្ទាប់មកពួកគេទៅកាប់ដើមឈើនៅក្នុងព្រៃ។ ពួកគេលក់ដីស្រែចាស់ៗ របស់ពួកគេ ហើយទៅកាប់ឆ្ការលើដីថ្មីបន្ថែមទៀត»។
ជាមួយគ្នានេះលោក ធាន ហេង ក៏បានបញ្ជាក់ឱ្យដឹងដែរថា អ្នកស្រុកស្ទើរតែគ្រប់គ្នាទៅហើយក្នុងឃុំរបស់លោកដែលជាប់បំណុលគេ។
ទាក់ទិននឹងករណីនេះ ក្រុមសិទ្ធិមនុស្សនានាបានអះអាងថា កសិករទាំងឡាយកំពុងតែប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងពីស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងប្រទេស ការលក់ដីស្រែចម្ការរបស់ពួកគេដើម្បីទូទាត់សងប្រាក់ទៅស្ថាប័នទាំងនោះក៏កើតមានកាន់តែច្រើន។
ពួកគេបន្តថា ប្រជាពលរដ្ឋដែលភាគច្រើននៅជនបទត្រូវបានផ្តល់ប្រាក់កម្ចីដែលពួកគេមិនអាចមានលទ្ធភាពសងត្រឡប់ទៅវិញបាននោះទេ ហើយត្រូវបានបង្ខិតបង្ខំឱ្យលក់ដីរបស់ពួកគេ ដែលជាទ្រព្យសម្បត្តិតែមួយគត់របស់គ្រួសារ។
ត្រឡប់មកកាន់ព្រៃព្រះរកាវិញ អ្នកឃុំប្រមេរដែលទើបតែចេញពីព្រៃតំបន់ការពារគឺលោកស្រី នឿង គឿន លោកស្រី ហុក ម៉ៅ និងស្វាមីរបស់ពួកគេ បានរៀបរាប់ពីដំណើររឿងប្រាប់អ្នកសារព័ត៌មាន ខណៈដែលពួកគេសុទ្ធតែជាអ្នកដែលបានបាត់បង់ដីនៅក្បែរតំបន់ក្រុមហ៊ុនចម្ការអំពៅ រ៉ូយ ហ្វេង ដែលធ្វើឱ្យពួកគេត្រូវឈូសឆាយដីព្រៃព្រះរកាក្នុងទំហំ២ ទៅ ៣ហិកតា ដើម្បីមានដីសម្រាប់ដាំដុះដំណាំ។
លោកស្រី នឿង គឿន អាយុ ៤០ ឆ្នាំ បានលើកឡើងថា គ្រួសាររបស់លោកស្រីដាំដំឡូងមី ស្រូវ និងស្វាយចន្ទីលើដីទំហំដី ៥ហិកតាក្នុងព្រៃ។ លោកស្រីបន្ថែមថា អ្នកកាប់រានដីព្រៃភាគច្រើនមិនមែនជាជនជាតិដើមភាគតិចនោះទេ ប៉ុន្តែគឺជាអ្នកដែលមកពីខាងក្រៅតំបន់។
លោកស្រីថា អ្នកស្រុកត្រូវបានអាជ្ញាធរមូលដ្ឋានហាមឃាត់ ឬចាប់ខ្លួនប្រសិនបើពួកគេកាប់ឆ្ការព្រៃ ប៉ុន្តែចំពោះអ្នកក្រៅតំបន់វិញ គឺមិនត្រូវបានបញ្ឈប់ពីការកាប់ឈើនោះទេ។
ចំណែកឯលោកស្រី ហុក ម៉ៅ ដែលមានអាយុ ៥៥ឆ្នាំវិញ បានលើកឡើងថា លោកស្រីមានដីប្រមាណ ១៥ហិកតានៅក្នុងចម្ការអំពៅដែលលែងដំណើរការ ហើយគាត់ក៏បានឈូសឆាយដីប្រមាណ ៥ ហិកតានៅក្នុងព្រៃដើម្បីដាំដំណាំបន្តទៀត។
លោកស្រីបន្តថា គ្រួសាររបស់លោកស្រីបានប្រើប្រាស់ឧបករណ៍តាមបែបប្រពៃណី ដើម្បីកាប់ដើមឈើ និងដាំបន្លែ ខណៈដែលលោកស្រីមើលឃើញថា មនុស្សមួយចំនួនទៀតដែលលោកស្រីចាត់ថាជាអ្នកចំណូលថ្មីបានប្រើប្រាស់ឧបករណ៍ទំនើបជាងនេះដើម្បីកាប់ដើមឈើទាំងនោះ។
លោកស្រីថា៖ «ពួកគេបានប្រើប្រាស់ម៉ាស៊ីន ដែលក្នុងរយៈពេលត្រឹមតែ២ ទៅ៣ថ្ងៃ ពួកគេអាចកាប់ឆ្ការបានពី ២ ទៅ ៣ហិកតា។ ពួកគេអាចកាប់ឆ្ការបានយ៉ាងឆាប់រហ័ស»។
លោកស្រី ហុក ម៉ៅ បន្ថែមថា គ្រួសារភាគច្រើនបានឈូសឆាយដី២ ទៅ៣ហិកតាដែលនៅកៀកៗគ្នា ប៉ុន្តែក៏មានការកាប់ឆ្ការទ្រង់ទ្រាយធំនៅក្នុងព្រៃការពារផងដែរ។ ការកាប់ឆ្ការព្រៃឈើនេះក៏បានបង្កជាផលប៉ះពាល់ដល់សកម្មភាពរបស់អ្នកស្រុកក្នុងការរកជ័រពីដើមឈើ និងរកចំណូលបន្ថែមពីការលក់ផលអនុផលព្រៃឈើ រួមទាំងផ្លែឈើផងដែរ។
លោកស្រីថា៖ «ពីមុន យើងអាចលក់វត្ថុដែលរកបានទាំងនោះដើម្បីផ្គត់ផ្គង់ដល់ជីវភាពរបស់យើង។ ប៉ុន្តែបច្ចុប្បន្ននេះ យើងជួបប្រទះការលំបាកដោយសារតែពួកគេបានកាប់ដើមឈើទាំងនោះចោលអស់ហើយ»។
ស្របពេលដែលប្រជាពលរដ្ឋខាងលើថ្លែងរៀបរាប់ពីដំណើររឿង យើងក៏សង្កេតឃើញមានគោយន្តដឹកមនុស្សចេញពីក្នុងព្រៃ ខណៈដែលអ្នកបើកបរមួយចំនួនហាក់មើលទៅមានអារម្មណ៍ភ័យខ្លាចនៅពេលដែលពួកគេឃើញអ្នកយកព័ត៌មាន។ ពួកគេភាគច្រើនត្រូវបានមើលឃើញថា កំពុងតែដឹកឈើប្រណិតចេញពីដែនជម្រកសត្វព្រៃតាមរយៈគោយន្ត៕
បកប្រែនិងសម្រួលពីអត្ថបទដើមជាភាសាអង់គ្លេសដោយលោក ភុន ច័ន្ទឧសភា