ព្រះសង្ឃមួយអង្គដែលភៀសព្រះកាយចេញពីប្រទេសថៃកាលពីខែមុន ព្រះនាម បូរ បេត ដែលតែងតែរិះគន់រដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ប្រពៃណីនៃការតស៊ូមតិនិងការតវ៉ាក្នុងចំណោមព្រះសង្ឃ គឺមានតាំងពីយូរលង់ណាស់មកហើយ។
ជាក់ស្ដែង សម្ដេចព្រះសង្ឃរាជ ជួន ណាត ដែលប្រសូតក្នុងឆ្នាំ១៨៨៣ ហើយត្រូវបានស្គាល់តាមរយៈវចនានុក្រមជាភាសាខ្មែរ និងរូបសំណាកនៅឯមហាវិថីព្រះសីហនុ ក្នុងរាជធានីភ្នំពេញ គឺជាមនុស្សដំបូងគេដែលបានបណ្ដុះគំនិតជាតិនិយមខ្មែរក្នុងការប្រឈមមុខនឹងអាណានិគមនិយមបារាំង។ ហើយនៅពេលនោះ សិស្សរបស់ព្រះអង្គម្នាក់គឺ លោកអាចារ្យ ហែម ចៀវ ក៏បានក្លាយជានិមិត្តរូបអមតៈនៃចលនាឯករាជ្យផងដែរ។
តាមរយៈសារចែករំលែកនៅទូទាំងប្រទេស លោកអាចារ្យ ហែម ចៀវ បានថ្លែងដាស់តឿនប្រជាជនថា៖ «ភ្ញាក់ខ្លួនឡើង យើងមិនមែនកូនក្មេងទេ។ ចូរកំណត់ជោគវាសនារបស់អ្នក តស៊ូ និងមានគំនិតជឿនលឿនឡើង»។ នេះបើតាមប្រវត្តិវិទូបារាំង ហង់រី ឡូកាដ (Henri Locard) ដែលបានប្រាប់កាសែត Cambodia Daily ក្នុងឆ្នាំ២០១៣។
ការចាប់ខ្លួនលោកគ្រូ ហែម ចៀវ និងបង្ខំឱ្យព្រះអង្គដោះស្បង់ចីពរចេញក្នុងឆ្នាំ១៩៤២ដោយបារាំង បានធ្វើឱ្យមានបាតុកម្មជាទ្រង់ទ្រាយធំប្រឆាំងនឹងការគ្រប់គ្រងរបស់បារាំងនៅក្នុងប្រទេសកម្ពុជា ដែលនៅពេលនោះ មនុស្សប្រមាណ១ ០០០នាក់ ក្នុងនោះមានព្រះសង្ឃប្រហែល៥០០អង្គ បាននិមន្តនិងដើរដង្ហែក្បួននៅតាមដងវិថីនានាក្នុងទីក្រុងភ្នំពេញ ដែលបានបង្កឱ្យមានជាអំពើហិង្សាកើតឡើង។
ព្រះតេជព្រះគុណ បូរ បេត បានថ្លែងរំឭកពីសម្ដេចព្រះសង្ឃរាជ ជួន ណាត និងលោកអាចារ្យ ហែម ចៀវ ខណៈដែលព្រះអង្គបានរិះគន់សេចក្ដីព្រាងច្បាប់ស្ដីពីសាសនានៅកម្ពុជា ដែលបច្ចុប្បន្នកំពុងរៀបចំឡើងដោយក្រសួងធម្មការ និងសាសនា។
នៅក្នុងមាត្រាមួយនៃសេចក្ដីព្រាងច្បាប់នេះចែងថា ព្រះសង្ឃព្រះពុទ្ធសាសនាដែលមានចេតនាចូលរួមធ្វើបាតុកម្ម កូដកម្ម កុបកម្ម ដើម្បីប្រឆាំងឬប្រឆាំងនឹងគណបក្សនយោបាយណាមួយ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំដល់១៥ឆ្នាំ។ មាត្រាមួយផ្សេងទៀតក៏បានផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែដល់៥ឆ្នាំ ចំពោះព្រះសង្ឃដែលប្រព្រឹត្តផ្ទុយនឹងការសម្រេចរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ផងដែរ។
គួរបញ្ជាក់ថា សកម្មជនជាព្រះសង្ឃនានានៅកម្ពុជាបានធ្វើការតស៊ូជាយូរណាស់មកហើយ ប្រកបដោយភាពតានតឹងទាក់ទងទៅនឹងនយោបាយ អាជ្ញាធរ និងច្បាប់ ខណៈដែលសេចក្ដីព្រាងច្បាប់ថ្មីមួយក្នុងការរឹតត្បិតសកម្មភាពរបស់ព្រះសង្ឃនេះ ត្រូវបានរៀបចំឡើងស្របពេលដែលព្រះសង្ឃសកម្មមួយចំនួនត្រូវបានបង្ខំឱ្យនិរទេសទៅក្រៅប្រទេស មួយចំនួនទៀតត្រូវបានបំបិទសំឡេង និងចូលរួមដើម្បីលុបបំបាត់វប្បធម៌នៃការតស៊ូមតិ។
ព្រះតេជព្រះគុណ បូរ បេត បានថ្លែងថា មុនពេលភៀសព្រះកាយចេញពីប្រទេសកម្ពុជា និងក្រោយមកប្រទេសថៃ ព្រះអង្គធ្លាប់បានចូលរួមក្នុងការតស៊ូមតិដើម្បីបរិស្ថាន រួមទាំងការតវ៉ាប្រឆាំងនឹងសកម្មភាពនៃការបូមខ្សាច់ផងដែរ។
ក្នុងនាមជាជនភៀសខ្លួនមួយរូប ដែលបច្ចុប្បន្នស្ថិតនៅក្នុងប្រទេសស្វីស ព្រះតេជព្រះគុណបានបន្ថែមថា សេចក្ដីព្រាងច្បាប់នេះមានគោលបំណងដើម្បីលុបបំបាត់សកម្មភាពសង្គមក្នុងចំណោមព្រះសង្ឃ។
ព្រះតេជព្រះគុណ បូរ បេត អះអាងថា វាជាផ្នែកមួយនៃការទទួលខុសត្រូវរបស់ព្រះសង្ឃក្នុងការអប់រំមនុស្សអំពីមនុស្សអាក្រក់ និងមេដឹកនាំអាក្រក់។
ព្រះតេជព្រះគុណថ្លែងថា៖ «ដូច្នេះ សកម្មភាពនេះមិនមែនជាការបំពានលើវិន័យនិងច្បាប់របស់ព្រះពុទ្ធសាសនាទេ»។
ព្រះតេជព្រះគុណ បូរ បេត បន្ថែមថា៖ «សេចក្ដីព្រាងច្បាប់នេះ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមួយ ជាពិសេសការរំលោភលើសិទ្ធិព្រះសង្ឃដែលធ្វើការងារក្នុងសង្គម ឬការពារធនធានធម្មជាតិ និងតាមឃ្លាំមើលការវិវត្តនយោបាយនៅកម្ពុជា»។
ព្រះអង្គបន្តថា៖ «ដោយគ្រាន់តែចូលរួមការពារព្រៃឈើឬតវ៉ាករណីផ្សេងទៀតដែលប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា ពួកគេនឹងផ្ដន្ទាទោសយើងដាក់ពន្ធនាគារពី៧ឆ្នាំដល់១៥ឆ្នាំ»។
ព្រះតេជព្រះគុណបន្ថែមថា គណៈសង្ឃកំពូលៗនៅកម្ពុជាហាក់សម្ដែងការគាំទ្រគណបក្សកាន់អំណាចដោយបើកចំហ ដែលក្នុងនោះ សម្ដេចសង្ឃ បួរ គ្រី ដែលជាសម្ដេចព្រះសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ កាលពីខែមុន ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតផងដែរ។
ព្រះតេជព្រះគុណ លួន សុវ៉ាត ដែលជាជ័យលាភីពានរង្វាន់សិទ្ធិមនុស្ស Martin Ennals កាលពីឆ្នាំ២០១២ សម្រាប់អ្នកការពារសិទិ្ធមនុស្សត្រូវបានគេស្គាល់ថាជាព្រះសង្ឃដ៏សកម្មមួយអង្គដែលបានដឹកនាំយុទ្ធនាការប្រឆាំងនឹងការបណ្ដេញចេញពីដីធ្លីអស់រយៈពេលជាងមួយទសវត្សរ៍។
ព្រះអង្គបានថ្លែងឱ្យដឹងកាលពីខែមុនថា សេចក្ដីព្រាងច្បាប់ថ្មីនេះត្រូវបានរៀបចំឡើងក្រោមហេតុផលនយោបាយ។
ព្រះតេជព្រះគុណ លួន សុវ៉ាត បន្តថា ជាទូទៅ ព្រះសង្ឃបានដើរតួយ៉ាងសំខាន់នៅក្នុងប្រទេស ដែលមិនមែនត្រឹមតែសម្រាប់ព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់សង្គមផងដែរ តាមរយៈការប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការបញ្ចេញមតិ ដើម្បីការពារសន្តិភាព ក៏ដូចជាសិទ្ធិនិងសេរីភាពរបស់អ្នកដទៃ ដែលនេះជាកាតព្វកិច្ចរបស់ព្រះសង្ឃ។
ព្រះអង្គបន្ថែមថា៖ «ច្បាប់នេះគឺជាអាវុធមួយដើម្បីគំរាមកំហែង បំភិតបំភ័យ និងបំបិទសំឡេង»។
ព្រះអង្គមានថេរដីកាបន្តថា ការគំរាមកំហែងនិងការបំភិតបំភ័យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ បានបង្កឱ្យមានជាការបំបិទសំឡេងសកម្មជនជាព្រះសង្ឃជាច្រើនអង្គរួចមកហើយ ខណៈដែលព្រះសង្ឃជាច្រើនបានភៀសព្រះកាយចេញពីប្រទេស ឬត្រូវបានចាប់ផ្សឹក និងដាក់ពន្ធធនាគារ ហើយព្រះសង្ឃបច្ចុប្បន្នក៏ស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងពីអាជ្ញាធររដ្ឋផងដែរ។
ព្រះតេជគុណដដែលបន្ថែមថា៖ «យើងពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះព្រះពុទ្ធសាសនានៅកម្ពុជាដែលបានជួយការពារទឹកដី ព្រៃឈើ និងធនធានធម្មជាតិ។ សកម្មភាពរឹតត្បិតទាំងនេះនឹងបង្ខំឱ្យព្រះសង្ឃទាំងឡាយបោះបង់សកម្មភាពសង្គមទាំងនោះចោល ដែលវានឹងបង្កឱ្យមានជាការបញ្ហាផ្សេងៗក្នុងប្រទេសកម្ពុជា។ ព្រះសង្ឃនឹងមិនហ៊ានបញ្ចេញទស្សនៈ និងផ្សព្វផ្សាយអំពីសិទ្ធិមនុស្ស ហើយក៏មិនហ៊ាននិយាយពីបញ្ហាប្រទេសដែរ ព្រោះតែខ្លាចត្រូវបានគេផ្សឹក។ តម្លៃពុទ្ធសាសនានឹងថយចុះ ដែលបច្ចុប្បន្នកំពុងតែដើរថយក្រោយឆ្ងាយពីតួនាទីរបស់ព្រះពុទ្ធសាសនា»។
ព្រះអង្គបន្ថែមថា៖ «ច្បាប់ដដែលនេះក៏មានគោលបំណងបំផ្លាញនិងលុបបំបាត់តួនាទីរបស់ព្រះសង្ឃក្នុងព្រះពុទ្ធសាសនាផងដែរ»។
ឆ្លើយតបនឹងករណីនេះ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី ថ្លែងថា មន្ត្រីនានាបានឮពីការរិះគន់ទាំងនេះរួចមកហើយ ខណៈដែលមាត្រាក្នុងសេចក្ដីព្រាងច្បាប់ប្រឆាំងនឹងបាតុកម្មកំពុងតែត្រូវបានដកចេញ ដោយសារតែវាមានចែងរួចទៅហើយនៅក្នុងក្រមព្រហ្មទណ្ឌ។
លោកបន្តថា៖ «ច្បាប់នេះនៅមិនទាន់បញ្ចប់នៅឡើយទេ ហើយវាអាចនឹងមានការប្រែប្រួលជានិច្ច។ រដ្ឋមន្ត្រីក៏ទទួលយកមតិយោបល់ពីសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងមេដឹកនាំសាសនាផ្សេងទៀតផងដែរទាក់ទងនឹងច្បាប់នេះ»។
ជាមួយគ្នានេះ លោកបន្ថែមថា សេចក្ដីព្រាងច្បាប់ស្ដីពីសាសនានៅកម្ពុជា មិនមានគោលបំណងបម្រើដល់គណបក្សនយោបាយណាមួយនោះទេ។ ច្បាប់នេះ គឺទាក់ទងនឹងសាសនា ដែលក្នុងនោះ មាត្រាមួយក៏មានការផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែដល់៣ឆ្នាំ ចំពោះបុគ្គលដែលបង្ខិតបង្ខំឱ្យអ្នកដទៃជឿឬមិនឱ្យជឿលើសាសនាណាមួយផងដែរ។
ទោះជាយ៉ាងណា លោក សេង សុមុនី បន្ថែមថា៖ «យើងត្រូវតែបង្កើតច្បាប់មួយដើម្បីធានាឱ្យបានថាសន្តិភាពនៅស្ថិតស្ថិរជានិរន្តរ៍»។
លោកថា៖ «ដូចពាក្យចាស់លោកពោលថា កុំចាំទាល់តែគោស៊ីស្រូវអស់ទើបធ្វើរបង។ ដូច្នេះហើយ យើងត្រូវតែសាងសង់របង មុនពេលដែលគោមកស៊ីស្រូវយើងអស់»។
លោកបានបន្ថែមថា ក្រសួងក៏បានពិនិត្យផងដែរ ថាតើការបង្ហាញការគាំទ្រគណបក្សពីសំណាក់ព្រះសង្ឃ គឺជារឿងស្របច្បាប់ឬយ៉ាងណា។
លោក សេង សុមុនី បន្ថែមថា៖ «ច្បាប់ហាមព្រះសង្ឃមិនឱ្យជេរប្រមាថអ្នកដទៃ និងបង្កភាពចលាចល។ ព្រះសង្ឃមួយចំនួនប្រើអំពើហិង្សា ដុតបំផ្លាញរថយន្តសមត្ថកិច្ចឬមន្រ្តីយោធា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរដ្ឋ ដែលជាអំពើខុសច្បាប់។ ដូច្នេះ នេះគឺជារឿងខុសច្បាប់។ យើងមិនកាន់ជើងខាងណានោះទេ»។
ទោះជាយ៉ាងណា សកម្មជនព្រះសង្ឃ ព្រះតេជព្រះគុណ ផន ស៊ីភាង មិនយល់ស្របទាក់ទងនឹងការលើកឡើងនេះនោះទេ។ ព្រះអង្គលើកឡើងថា ច្បាប់នឹងដាក់កំហិតចំពោះតែព្រះសង្ឃទាំងឡាយណាដែលគាំទ្របក្សប្រឆាំងប៉ុណ្ណោះ ខណៈអ្នកដែលគាំទ្របក្សកាន់អំណាចនឹងមិនមានបញ្ហាអ្វីនោះឡើយ។
ទាក់ទិននឹងករណីនេះ ព្រះអង្គក៏រំពឹងផងដែរថា ច្បាប់នេះនឹងត្រូវដាក់ឱ្យប្រើនៅមុនការបោះឆ្នោតខាងមុខ អាចនៅឆ្នាំនេះ ឬឆ្នាំក្រោយ។
ព្រះអង្គមានសង្ឃដីកាបន្តថា៖ «នៅពេលដែលព្រះសង្ឃរិះគន់ក្នុងន័យស្ថាបនាដើម្បីផ្សព្វផ្សាយនិងជួយដល់សង្គម វាមិនគួរជាបទឧក្រិដ្ឋនោះទេ។ នៅពេលដែលច្បាប់នេះចេញមក វានឹងបម្រើផលប្រយោជន៍សម្រាប់តែមនុស្សមួយក្រុមតូចប៉ុណ្ណោះ»។
ជាមួយគ្នានេះ ព្រះសង្ឃគង់នៅវត្តចាស់ ក្នុងរាជធានីភ្នំពេញ ព្រះតេជព្រះគុណ នុត វន្នី មានថេរដីកាថា ព្រះអង្គជឿថាយុត្តិធម៌សង្គមគឺជាផ្នែកមួយនៃកិច្ចការរបស់ព្រះសង្ឃ។
ព្រះអង្គបន្តថា៖ «ដូចដែលយើងបានដឹងស្រាប់ហើយថា បច្ចុប្បន្ន អ្នកដែលមានលុយតែងតែឈ្នះ។ បើគ្មានព្រះសង្ឃជួយផ្សព្វផ្សាយអំពីសិទ្ធិមនុស្សនិងបញ្ហាផ្សេងៗនោះទេ សង្គមនឹងកាន់តែធ្លាក់ដុនដាបទៅៗ។ នៅពេលដែលពួកគេប្រើក្រមព្រហ្មទណ្ឌ [ប្រឆាំងនឹងព្រះសង្ឃ] វាមើលទៅហាក់ដូចជាមិនល្អនោះទេសម្រាប់សាធារណជន។ ដូច្នេះហើយ ពួកគេបានបង្កើតច្បាប់នេះឡើង ដើម្បីឱ្យសកម្មភាពរបស់ពួកគេគឺស្របច្បាប់។ [ជាមួយនឹងសេចក្ដីព្រាងច្បាប់ថ្មីនេះ] វានឹងបង្កជាការលំបាកក្នុងការតវ៉ា និងទាមទារយុត្តិធម៌ ដោយសារតែនៅពេលដែលយើងធ្វើសកម្មភាពទាំងនេះ វានឹងខុសច្បាប់។ ដូច្នេះហើយ សម្រាប់អាត្មា គឺមិនគាំទ្រច្បាប់នេះនោះទេ»៕
បកប្រែនិងសម្រួលពីអត្ថបទដើមជាភាសាអង់គ្លេសដោយលោក ភុន ច័ន្ទឧសភា