លោក កឹម សុខា បន្ត​ជួប​អ្នកការទូត​បរទេស​មុន​ពេល​សវនាការ​កាត់ទោស​លោក​នៅ​សប្ដាហ៍​ក្រោយ

លោក កឹម សុខា ជួបពិភាក្សានិងផ្លាស់ប្ដូរទស្សនៈគ្នាជាមួយលោក Masahiro Mikami ឯកអគ្គរាជទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅស្ថានទូតជប៉ុន រាជធានីភ្នំពេញ នារសៀលថ្ងៃពុធ ទី៥ ខែមករា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ Kem Sokha)

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយកាលពីចុងឆ្នាំ២០១៧ បានបន្តជួបអ្នកការទូតប្រទេសលោកសេរីជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ខណៈសវនាការកាត់ទោសលោកនឹងត្រូវបើកធ្វើជាថ្មីនៅសប្ដាហ៍ក្រោយ។

លោក កឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា រាល់ជំនួបជាមួយអ្នកការទូតតំណាងឱ្យប្រទេសជាមិត្តរបស់កម្ពុជាជាបន្តបន្ទាប់មកនេះ មិនមែនត្រឹមតែជាការស្វែងយល់ពីទស្សនៈនិងទទួលស្គាល់នូវគុណតម្លៃនៃការតស៊ូដោយអហិង្សារបស់លោកប៉ុណ្ណោះទេ ក៏ប៉ុន្តែវាបញ្ជាក់ថា បើលោកមិនបានធ្វើអ្វីខុសនោះ គឺលោកមិននៅឯកោឡើយ។

លោកបានសរសេរថា៖ «ការដែលយើងមិនបានធ្វើអ្វីខុស មិនបង្កការឈឺចាប់ដល់អ្នកដទៃ និងដោយយើងប្រកាន់យកនូវគោលការណ៍ដ៏ត្រឹមត្រូវនោះ យើងមិននៅឯកោឡើយ»

ទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កឹម សុខា កាលពីថ្ងៃពុធ បានឱ្យដឹងថា លោកបានអញ្ជើញទៅបរិភោគអាហារថ្ងៃត្រង់នៅក្នុងស្ថានទូតបារាំងប្រចាំនៅទីក្រុងភ្នំពេញ តាមការអញ្ជើញរបស់ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំនៅកម្ពុជា លោក Jacques PELLET

ក្នុងការទទួលទានអាហារពេលនោះ លោក កឹម សុខា បានចាត់ទុកថាមានសារៈសំខាន់ខ្លាំង ដោយមានការចូលរួមពីសំណាក់ឯកអគ្គរដ្ឋទូតសំខាន់ៗនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប ដូចជា ឯកអគ្គរដ្ឋទូតបារាំង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆេក ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ និងឯកអគ្គរដ្ឋទូតស្ដីទីនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ជាដើម។

ប្រភពដដែលបន្តថា នៅក្នុងខែមករាដើមឆ្នាំថ្មី២០២២នេះ លោក កឹម សុខា ក៏បានជួបជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក Masahiro Mikami និងលោកស្រី Amanda Milling រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ីនៃចក្រភពអង់គ្លេស កាលពីថ្ងៃទី១១ ខែមករា កន្លងទៅនេះ។

លោក កឹម សុខា គូសបញ្ជាក់ថា បណ្ដាប្រទេសទាំងនោះចង់ឃើញកម្ពុជាមានដំណោះស្រាយនយោបាយដោយអហិង្សា ការបង្រួបបង្រួមជាតិ និងការផ្សះផ្សាជាតិ ដើម្បីពង្រឹងសាមគ្គីភាព ឯកភាព អធិបតេយ្យភាព ឯករាជ្យ សន្តិភាព ស្ថិរភាព វិបុលភាព ប្រជាធិតេយ្យ ការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។

ការបន្តជួបអ្នកការទូតបរទេសឥតដាច់របស់លោក កឹម សុខា ពេលនេះ ធ្វើឡើងស្របពេលដែលតុលាការរាជធានីភ្នំពេញ បានប្រកាសបើកសវនាការកាត់ទោសលោកជាថ្មីនៅថ្ងៃទី១៩ ខែមករា សប្ដាហ៍ក្រោយនេះ ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ក្រោយតុលាការសម្រេចផ្អាកសវនាការជិត២ឆ្នាំ ក្រោមហេតុផលបង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា លើកឡើងថា តាមរយៈជំនួបជាមួយអ្នកការទូតបរទេសដែលជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យជាបន្តបន្ទាប់នេះ មានន័យថា ពួកគេបានឱ្យតម្លៃទៅលើសេរីភាពនៃការបញ្ចេញមតិ ហើយថា ការលើកឡើងរបស់លោក កឹម សុខា គ្រាន់តែជាការបញ្ចេញមតិឬទស្សនៈមួយនៅក្នុងសង្គមប្រជាធិបតេយ្យតែប៉ុណ្ណោះ។

បើតាមលោក ឯម សុវណ្ណរ៉ា តុលាការត្រូវបង្ហាញភស្តុតាងរឹងមាំនៅក្នុងការកាត់សេចក្ដីលើលោក កឹម សុខា។ បើមិនដូច្នេះទេ រដ្ឋាភិបាលនិងតុលាការកម្ពុជា នឹងរងការរិះគន់ពីសហគមន៍អន្តរជាតិ។

លោកថា៖ «ទស្សនៈខ្ញុំបានន័យថា បណ្ដាប្រទេសជាទូទៅដែលមកជួបលោក កឹម សុខា ហ្នឹងសុទ្ធតែបណ្ដាប្រទេសប្រជាធិបតេយ្យ។ ដូច្នេះគេលើកតម្កើងលទ្ធិប្រជាធិបតេយ្យ ហើយគេឱ្យតម្លៃថា ការជជែក ការលើកឡើងរបស់លោក កឹម សុខា គ្រាន់តែជាការបញ្ចេញមតិទស្សនៈមួយនៅក្នុងសង្គមប្រជាធិបតេយ្យទេ»។

លោកស្រី ម៉េង សុភារី មេធាវីការពារក្ដីលោក កឹម សុខា បានថ្លែងថា ក្រុមមេធាវី​បានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីតតាំងក្ដីនៅចំពោះមុខអង្គជំនុំជម្រះនៅសប្ដាហ៍ក្រោយនេះ។

លោកស្រីថា៖ «អត់ទាន់ដឹងថាប្លែកឬមិនប្លែកនោះទេ ចាំមើលការសាកសួរដេញដោលថ្ងៃចាប់ផ្ដើមដំបូងហ្នឹង។ គ្រាន់តែថាអង្គហេតុដែលយើងត [បន្ត] ហ្នឹង គឺយើងតលើអង្គហេតុមុនដែលយើងផ្អាកហ្នឹង គឺអង្គហេតុទាក់ទងនឹងការបង្កើតគណបក្សសង្គ្រោះជាតិ»។

សម្រាប់សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន មិនជឿថាជំនួបអ្នកការទូតជាមួយលោក កឹម សុខា មានឥទ្ធិពលទៅលើសវនាការកាត់ទោសមេបក្សប្រឆាំងដែលតុលាការកំពូលរំលាយនៅសប្ដាហ៍ក្រោយនោះទេ។

ទោះបីជាយ៉ាងនេះក្ដី លោកស្រី Amanda Milling រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តរជាតិនៃចក្រភពអង់គ្លេស បានប្រាប់លោក កឹម សុខា នៅក្នុងជំនួបមួយកាលពីថ្ងៃទី១១ ខែមករា ថាអង់គ្លេសនឹងបន្តតាមដានដោយយកចិត្តទុកដាក់ពីដំណើរការនិងលទ្ធផលនៃសវនាការនាពេលខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ