រដ្ឋមន្ត្រី​អប់រំ​ថា​ការ​កើន​ឡើង​និទ្ទេស​ឆ្នាំនេះ​ដោយសារ​សិស្ស​ខំ​រៀន ខណៈ​ក្រសួង​បន្ធូរ​កម្រិត​វិញ្ញាសា​២០ភាគរយ

រាជធានីភ្នំពេញ៖ សកម្មភាពនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យព្រះស៊ីសវត្ថិ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ (គួយ ឡង់ឌី)

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា មូលហេតុនៃការកើនឡើងនិទ្ទេស (A, B, C) របស់បេក្ខជនប្រលងបាក់ឌុបឆ្នាំ២០២១ ដោយសារសិស្សខិតខំរៀនសូត្រ ខណៈក្រសួងបានបន្ធូរកម្រិតលំបាកនៃវិញ្ញាសាប្រលងប្រមាណជា២០ភាគរយ។

នៅក្នុងរបាយការណ៍ផ្ញើទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែមករា លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់បន្ថែមថា ក្រៅពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សហើយនោះ ក្រសួងនិងអ្នកពាក់ព័ន្ធដទៃទៀតក៏បានខិតខំផ្ដល់ឱកាសនិងការគាំទ្រតាមគ្រប់រូបភាព ដើម្បីឱ្យសិស្សបានរៀនសូត្រផងដែរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃសុក្រនេះ បានឱ្យដឹងថា ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនប្រលងជាប់ចំនួន៧២ ០១៦នាក់ ក្នុងចំណោមបេក្ខជនសរុប១១៤ ១៨៧នាក់ បើគិតជាភាគរយមានចំនួន ៦៥,៦៥%។ ចំនួននេះបានកើនឡើងបើធៀបជាមួយឆ្នាំ២០១៩ ខណៈចំនួនអ្នកប្រលងជាប់បាននិទ្ទេស A, B, និងC ក៏បានកើនឡើងដែរ បើធៀបជាមួយឆ្នាំ២០១៩។

ក្នុងនោះ បេក្ខជនដែលប្រលងជាប់និទ្ទេស A ចំនួន១ ៧៥៣នាក់ កើនឡើងបើធៀបនឹង៤៤៣នាក់នៅឆ្នាំ២០១៩, និទ្ទេស B មានចំនួន៥ ២១៥នាក់ កើនឡើងបើធៀបនឹង២ ៤៣០នាក់នៅឆ្នាំ២០១៩ និងនិទ្ទេស C មានចំនួន១១ ៦៣៤នាក់ កើនឡើងបើធៀបនឹង៥ ៨៤៧នាក់នៅឆ្នាំ២០១៩។

សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលនៅរសៀលថ្ងៃទី១៤ ខែមករានេះ សម្រាប់បេក្ខជនប្រលងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល រីឯលទ្ធផលសម្រាប់ខេត្តដទៃទៀតនឹងត្រូវប្រកាសនៅព្រឹកថ្ងៃទី១៥ ខែមករា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ