លោក សម រង្ស៊ី ចង់​ចូល​សវនាការ​ជំនួស​លោក កឹម សុខា ដើម្បី​បាន​វិល​ចូល​ស្រុក​វិញ

លោក​ កឹម​ សុខា​ និង​លោក​ សម​ រង្ស៊ី​ ចូលរួម​ជាមួយ​អ្នកគាំទ្ររាប់ម៉ឺននាក់ ​តវ៉ា​ចំពោះ​លទ្ធផល​បោះឆ្នោត​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ខែកញ្ញា​ ឆ្នាំ២០១៣។​ (រូបភាព​៖ ស្រី​ សុ​ភ័ក្រ្ត)

សហស្ថាបនិកគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ លោក សម រង្ស៊ី បានដាក់លក្ខខណ្ឌទៅមេដឹកនាំបក្សកាន់អំណាចជាថ្នូរបើកផ្លូវឱ្យលោកបានតតាំងក្ដីនៅតុលាការក្នុងប្រទេសកម្ពុជា ជំ​​នួសលោក កឹម សុខា។

តាមគម្រោង សាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការជំនុំជម្រះក្ដីសំណុំរឿងចោទប្រកាន់ដ៏ចម្រូង​ចម្រា​ស​ទៅលើលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ នៅថ្ងៃទី១៩ ខែមករា សប្ដាហ៍ក្រោយនេះ។

ក្នុងវីដេអូជិត៤នាទីបង្ហោះលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ លោក សម រង្ស៊ី បានលើកឡើងថា លោក កឹម សុខា មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ទេ។

លោក សម រង្ស៊ី បានគូសបញ្ជាក់ថា ការណ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរទម្លាក់ចោលបទចោទប្រកាន់ទៅលើលោក កឹម សុខា ហើយលោកសុខចិត្តចូលខ្លួនដើម្បីតតាំងក្ដីនេះនៅតុលាការជំនួសលោក កឹម សុខា ប្រសិនបើមេដឹកនាំបក្សកាន់អំណាចព្រម​បើក​ផ្លូវ​ឡើងវិញឱ្យលោកបានចូលមកកម្ពុជានោះ។

លោកថា៖ «ទម្លាក់ចោលទៅ! ការកាត់ទោសលោក កឹម សុខា ឬទុកលោក កឹម សុខា មួយអន្លើទៅ! ​ព្យួរសិនទៅ ការកាត់ទោសលោក កឹម សុខា។ ឥលូវកាត់ទោសខ្ញុំ សម រង្ស៊ី វិញ ហើយខ្ញុំនឹងទៅទីក្រុងភ្នំពេញ បើលោក ហ៊ុន សែន ឯងឈប់ហាមក្រុមហ៊ុនអាកាសចរណ៍មិនឱ្យដឹកខ្ញុំ។ ខ្ញុំសន្យាអត់មានអំ​​ពាវនាវឱ្យប្រជាពលរដ្ឋអីបះបោរទេ។ ខ្ញុំទៅៗ! ត្រឹមតែតុលាការទេ ដើម្បីឱ្យកាត់ទោសខ្ញុំ ពីអ្វីដែលលោក ហ៊ុន សែន ឯងហ្នឹងចោទលោក កឹម សុខា»

បន្ថែមពីនេះ លោក សម រង្ស៊ី សម្អាងថា ការចោទប្រកាន់លោក កឹម សុខា មិនត្រឹមត្រូវទេ ដោយហេតុថា ពេលនោះលោកជាប្រធានគណបក្សសង្គ្រោះជាតិ ជាអ្នកទទួលខុសត្រូវបញ្ហានេះ មិនមែនលោក កឹម សុខា ជាអនុប្រធាននោះទេ ហើយថាក្នុងការធ្វើនយោបាយរបស់លោកជាង២៥ឆ្នាំមកនេះ លោកបានជួបប្រទេសលោកសេរីជាច្រើន ក្នុងនោះរួមទាំងសហរដ្ឋអាមេរិកផង ដើម្បីពង្រឹងប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជានេះ។

ប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ី​ផាន ហាក់មិនចាប់អារម្មណ៍ទៅនឹងសាររបស់លោក សម រង្ស៊ី នេះទេ ហើយថាមិនមានទម្ងន់អ្វីសម្រាប់រដ្ឋាភិបាលក្នុងការពិចារណានោះដែរ។

លោកថា៖ «ខ្ញុំមិនយកចិត្តទុកដាក់អ្វីដែលគាត់លើកឡើង ដើម្បីឱ្យគេចាប់អារម្មណ៍ ជាយុទ្ធសាស្ត្រព័ត៌មាន ប៉ុន្តែរដ្ឋាភិបាលអត់មានការងារ អត់មានអ្វីពាក់ព័ន្ធនឹងគាត់ [សម រង្ស៊ី] ផង»

សហមេធាវីការពារក្ដី លោក កឹម សុខា គឺលោក ផែង ហេង មិនអាចសុំអត្ថាធិប្បាយបានទេ ដោយអះអាងថាជាប់រវល់ ខណៈមេធាវីការក្ដីមួយរូបទៀត គឺលោកស្រី ម៉េង សុភារី មិនលើកទូរសព្ទ។

ប៉ុន្តែលោក មុត ចន្ថា អតីតមន្ត្រីស្និទ្ធជាមួយលោក កឹម សុខា បានចាត់ទុកសាររបស់លោក ​សម រង្ស៊ី នេះថា ជាការបំភ័ន្តមតិសាធារណជាតិនិងអន្តរជាតិ ក្នុងគោលបំណងបម្រើឱ្យមហិច្ឆតានយោបាយរបស់ខ្លួន បើទោះបីលោក កឹម សុខា ធ្លាប់បដិសេធរាល់ការភ្ជាប់ឈ្មោះគាត់ទៅនឹងសកម្មភាពនយោ​បា​​យក៏ដោយ។

លោកថា៖ «តាមពិត! លោក សម រង្ស៉ី ត្រូវបានតុលាការកាត់ទោសជាច្រើនបទឧក្រិដ្ឋ ដែលត្រូវប្រឈមនឹងការជាប់ពន្ធនាគារជាង៤០ឆ្នាំ ក្នុងរយៈពេល៤ឆ្នាំមកនេះ ប៉ុន្តែគាត់មិនដែលមានភាពក្លាហានសុំចូលខ្លួនឱ្យតុលាការកាត់ទោសដោយផ្ទាល់ម្ដងណាឡើយ»

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក​ នី សុខា លើកឡើងថា ជាស្មារតីច្បាប់ មនុស្សម្នាក់មិ​​ន​​​​អា​ចទៅប្រឈមមុខនឹងបទចោទមនុស្សម្នាក់ផ្សេងទៀតបានទេ តែលោកថា ជាភាសានយោបាយ គេអាចនិ​យាយបាន ដើម្បីបង្ហាញថា ពួកគេមានការឈឺឆ្អាលនឹងរឿងអំពើអយុត្តិធម៌ណាមួយដែលបានកើតឡើង។

បន្ថែមពីនេះ លោក នី សុខា មើលឃើញថា ការចោទប្រកាន់លោក កឹម សុខា ត្រូវបានសហគមន៍អន្តរជាតិមើលឃើញថាជារឿងនយោបាយ ដែលការណ៍នេះ លោកថា ដើម្បីស្ដារស្ថានការណ៍ឡើងវិញ គណបក្សកាន់អំណាចត្រូវមានឆន្ទៈខ្ពស់ក្នុងការវិលទៅរកគន្លងប្រជាធិបតេយ្យវិញ ក្រោយមានចំណាត់ការរំលាយឆន្ទៈពលរដ្ឋច្រើនលាននាក់​ អំឡុងចុងឆ្នាំ២០១៧ រួចមកនោះ។

លោកថា៖ «ដូច្នេះ អ្នកនយោបាយត្រូវតែមានភាពក្លាហាន មានចិត្តសឿងនៅក្នុងការប្រកួតប្រជែងគ្នានៅក្នុងការបោះឆ្នោតដោយត្រឹមត្រូវ អានេះជារឿងមួយដែលអ្នកណាឈ្នះអ្នកណាចាញ់វាជារឿងធម្មតា ទុកឱ្យពលរដ្ឋជាអ្នកសម្រេចទៅ»

លោក កឹម សុខា ត្រូវបានតុលាការដកសិទ្ធិធ្វើនយោបាយជាង៤ឆ្នាំមកហើយ ក្រោយពីសមត្ថកិច្ចប្រ​ដា​​ប់ដោយអាវុធបានឆ្មក់ចូលនាំខ្លួនលោក កាលពីយប់រំលងអធ្រាត្រចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋា​នរ​បស់លោ​ក ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ចោទថា «គុបគិតជាមួយសហរដ្ឋអាមេរិក»។ បច្ចុ​ប្បន្ន មេបក្សប្រឆាំងរូបនេះត្រូវបានតុលាការ​ដាក់ឱ្យនៅក្រោមការឃ្លាំមើល ដោយអាចធ្វើដំណើរក្នុង​​​ប្រទេសបាន តែហាមចេញ​ទៅ​ក្រៅប្រទេស និងហាមឃាត់សិទ្ធិធ្វើសកម្មភាព​​នយោបាយ។

តុលាការក្រុងភ្នំពេញគ្រោងនឹងបើកសវនាការកាត់ទោសលោក កឹម សុខា បន្តនៅថ្ងៃទី១៩ ខែមករា សប្ដាហ៍ក្រោយនេះ បន្ទាប់ពីខកខានអស់រយៈពេលជិតពីរឆ្នាំ ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ