មន្រ្តី​យោធា​២នាក់​ស្លាប់​ក្នុង​ហេតុការណ៍​សមយុទ្ធ​បាញ់​គ្រាប់ពិត​នៅ​ខេត្តស្ទឹងត្រែង

លោក យួម សុផានិត ពេលរៀបចំទៅធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅខេត្តស្ទឹងត្រែង។ (ផ្ដល់ឱ្យ)

មន្រ្តីយោធានៃបញ្ជាការវរសេនាតូចកងកាំភ្លើងធំយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង បញ្ជាក់​​ថា ​​មន្រ្តី​​​​​យោធា២រូបបានស្លាប់បាត់បង់​​ជីវិត ខណៈមានមនុស្សមួយចំនួនទៀត​​រងបួស នៅក្នុង​​ព្រឹត្តិ​​កា​រណ៍​​​សមយុទ្ធបាញ់គ្រាប់ពិត នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។

ថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ មន្រ្តីទទួល​បន្ទុកស្ថិតិផ្នែកបុគ្គលិក នៃវរសេនាតូច​​កង​កាំ​ភ្លើង​ធំ បានប្រាប់វីអូឌីនៅ​​​សុក្រ​​​​​​​នេះថា ពិតជាមានមន្រ្តីយោធាស្លាប់មែននៅក្នុងព្រឹត្តិការណ៍​​សម​យុទ្ធ​​បាញ់គ្រាប់ពិត នៅថ្ងៃ​​នេះ​​។ ក្រៅពីនេះ ក៏មានអ្នករងរបួសដែរ ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់​​ពី​​ចំនួនបាននៅឡើយទេ។

លោកបន្តថា បញ្ហាកើតឡើងដោយសារទាក់​​ទងនឹងកំហុស​​បច្ចេក​​ទេសក្នុងការ​​បាញ់​​គ្រាប់​​ពិត ហើ​​យ​​សាកសពទាំង២នាក់ដែលស្លាប់ក្នុងសមយុទ្ធនេះកំពុង​​រៀ​បចំបញ្ជូនទៅ​​ឱ្យក្រុម​​គ្រួ​​សារ​​ធ្វើ​​បុណ្យ​​​តាមប្រពៃណី។ ហេតុការណ៍នេះកើតឡើងស្ថិត​​​​នៅទីតាំងក្បែរជ្រោះសុភមិត្ត ខេត្តស្ទឹង​​ត្រែង កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ​​២០​​​២២។

ប្រភពដដែលបញ្ជាក់ទៀតថា មន្រ្តីយោធាដែលស្លាប់នៅ​ក្នុងព្រឹត្តិការណ៍សមយុទ្ធ​​បាញ់គ្រាប់ពិត​​នេះមាន​ឈ្មោះ យួម សុផានិត ភេទប្រុស អាយុប្រមាណ៣០ឆ្នាំ មានស្រុកកំណើតនៅស្រុកម៉ោង​​ឫស្សី ខេត្ត​​បាត់​​ដំបង និង​​ម្នាក់​​​​​ទៀតជា​​អ្នក​​នៅភ្នំពេញ ប៉ុន្តែមិនទាន់ដឹងអត្តសញ្ញាណនៅឡើយ។ អ្នកស្រី យួម សារ៉ាត់ ដែលត្រូវជាបងស្រីរបស់សពឈ្មោះ យួន សុផានិត អះអាងថា អ្នកស្រីទើប​​ទទួល​​​បានដំណឹងពីមរណភាពប្អូន​ប្រុសនៅថ្ងៃនេះ។ អ្នកស្រីបន្តថា សពមិនទាន់​​បាន​​បញ្ជូ​ន​​​​​​​មក​​​​ដល់​​ស្រុកកំណើតនៅឡើយទេ ដោយត្រូវរង់ចាំរៀបចំពិធីនៅនឹងទីបញ្ជាការយោធា​សិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ