មន្ត្រីថា របាយការណ៍ HRW មាន​ចេតនា​នយោបាយ​និង​រិះគន់​ក្នុង​ន័យ​ស្អប់​ខ្ពើម​រដ្ឋាភិបាល​កម្ពុជា

អតីតមន្ត្រីគណបក្សប្រឆាំងនៅខេត្តស្វាយរៀង លោក គង់ ម៉ាស់ ក្នុងរថយន្តពន្ធនាគារមកចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទ «ប្រមាថ និងញុះញង់ប្រព្រឹត្តិបទល្មើសជាអាទិ៍» កាលពីឆ្នាំ២០១៩។ (ឃុន វ៉ាន់ដា)

មន្ត្រី​ជាន់ខ្ពស់​​គណៈកម្មាធិការ​​សិទ្ធិមនុស្ស​​រដ្ឋាភិបាល ចាត់ទុក​របាយការណ៍​អង្គការ​​ឃ្លាំមើល​​សិទ្ធិមនុស្ស​​អន្តរជាតិ​ថា ​ធ្វើ​ឡើង​ក្នុង​ចេតនា​នយោបាយ​ និង​រិះគន់​បន្តុបង្អាប់​ក្នុង​ន័យ​ស្អប់​ខ្ពើម​រដ្ឋាភិបាល​កម្ពុជា។  

អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្សរបស់​​រដ្ឋាភិបាល និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ចាត់ទុក​របាយការណ៍​របស់​អង្គការ​​ឃ្លាំមើល​​សិទ្ធិមនុស្ស​​អន្តរជាតិ ដែលបាន​ចេញ​នាពេលថ្មីៗនេះ មិនមានអ្វីចម្លែកឡើយ ដោយសារតែ រិះគន់របស់​អង្គការ​អន្តរជាតិ​មួយ​នេះ លោក​ថា ធ្វើឡើងក្នុងចេតនានយោបាយ ក្នុងន័យគំនុំគួន និងការស្អប់ខ្ពើមរដ្ឋាភិបាល។ 

បន្ថែមពីលើនេះ ការលើកឡើងថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា បន្ត​ធ្លាក់​ចុះ​ធ្ងន់ធ្ងរនោះ ដោយសារ ការអនុវត្តច្បាប់លើ​អ្នក​នយោបាយ​គណបក្ស​​ប្រឆាំង សកម្មជន​សង្គម និង​បរិស្ថាន នាពេលកន្លងមក និងថ្មីៗនេះ ថាជារឿងមិនត្រឹមត្រូវ។

លោកថា៖ «របាយការណ៍នោះ​មិនបានពិនិត្យមើលសកម្មជនទាំងនោះធ្វើសកម្មភាពជាការបំពានច្បាប់ ដែរឬអត់? ហើយសមត្ថកិច្ច​គេមាន​មូលដ្ឋាន​​ក្នុងការចោទប្រកាន់ និងដំណើរការនីតិវិធីតាមផ្លូវតុលាការ គឺគេអត់ខ្វល់។ អ៊ីចឹងរបាយការណ៍មិនមានមូលដ្ឋាន​ច្បាប់ច្បាស់លាស់​ទេ​ ហើយពាក់ព័ន្ធនឹង​យន្តការច្បាប់ក្នុងស្ថានភាពកូវីដនេះ ​ការចោទប្រកាន់ក៏អត់ត្រឹមត្រូវ​ទៀត ហើយមានស្តង់ដារពី​ ដោយសារបណ្ដា​ប្រទេស​ប្រជាធិបតេយ្យធំៗមួយចំនួនគេអនុវត្តតឹងរឹង​ជាងកម្ពុជា ហើយគេអនុវត្តអ្វីដូចកម្ពុជាអ៊ីចឹងដែរ ក៏ប៉ុន្តែមិនរិះគន់ បែរជាមករិះគន់​កម្ពុជា។ អ៊ីចឹងរបាយការណ៍ក្នុងចេតនា​នយោបាយ មានស្ដង់ដារពី ក្នុងគោលដៅមួយរិះគន់បន្តុបង្អាប់ ក្នុងន័យគំគួន និងការស្អប់ខ្ពើម​តែ​ប៉ុណ្ណោះ»

ប្រតិកម្មរបស់មន្ត្រីសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជានេះ បានធ្វើឡើងនៅពីរថ្ងៃក្រោយអង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បានបង្ហាញរបាយការណ៍ប្រចាំឆ្នាំ២០២១​ចេញផ្សាយនៅថ្ងៃ១៣ ខែមករា (World Report 2022)ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជាបានបន្ត​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ ដោយសាររដ្ឋាភិបាល​បាន​បង្ក្រាប​លើ​អ្នក​នយោបាយ​ប្រឆាំង សកម្មជន​សង្គម ​បរិស្ថាន រួមទាំងបញ្ហា​អំពើ​និណ្ឌភាព​ និងការ​បង្កើត​ច្បាប់​រឹតត្បិត​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​ជាដើមនាពេលកន្លងមក និងថ្មីៗនេះ។

របាយការណ៍ដដែលបន្តចោទប្រកាន់ថា នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ និង​បោះ​ឆ្នោត​​ឆ្នាំ២០២២-ឆ្នាំ២០២៣ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ​បាន​ឆ្លៀត​ប្រើ​វិធានការ​ទប់​ស្កាត់​វិបត្តិ​កូវីដ-១៩ ដើម្បី​គ្រប់គ្រង​តាម​បែប​ផ្ដាច់ការ ដោយ​រឹតត្បិត​បន្ថែម​ទៀត​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ សិទ្ធិ​នយោបាយ​ ដោយការ​ចេញ​អនុក្រឹត្យពាក់ព័ន្ធ​នឹង​កូវីដ​រួមទាំងការ​អនុម័ត​ច្បាប់​ថ្មីៗផ្សេងទៀតជាដើម។

មួយវិញទៀត រដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ប្រព័ន្ធ​តុលាការ​ ដើម្បីបំបិទសំឡេងរិះគន់នៅកម្ពុជា ដោយមានការ​​បើក​សវនា​ការ​ទ្រង់ទ្រាយ​ធំ​​ប្រឆាំង​សកម្មជន​នយោបាយ​គណបក្ស​ប្រឆាំង​ជាង​១០០នាក់​  ដែលត្រូវបានតុលាការរំលាយ រួមទាំង​អ្នកការពារ​សិទ្ធិមនុស្ស បើទោះបីជា​ពួកគេ​បាន​អនុវត្ត​សិទ្ធិ​បញ្ចេញ​មតិ​ និង​ជួប​ប្រជុំ​ដោយ​សន្តិវិធីក៏ដោយ។

អង្គការ​អន្តរជាតិ​ដដែល​នេះបញ្ជាក់​ថា ក្នុង​ពេល​ខ្លួនកំពុងសរសេរ​របាយ​ការណ៍​នេះ កម្ពុជាមាន​អ្នកទោស​​នយោបាយ​ជាង ៦០ នាក់​ទៀត កំពុង​​ជាប់​ឃុំ ខណៈ​អ្នកសារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ រួម​ទាំង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គមដើម្បី​រិះគន់​នោះ  ក៏​នៅតែ​ប្រឈម​នឹង​ការ​​គំរាមកំហែង និង​រង​ការ​វាយ​ប្រហារ​ពី​សំណាក់​រដ្ឋាភិបាល​ផងដែរ។

នាយក​រង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បានលើក​ឡើងក្នុងរបាយការណ៍​ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើវិធីដូច​មេ​ដឹក​នាំ​ផ្ដាច់ការ​ជា​ច្រើន​ទៀត ដើម្បី​រឹត​បន្តឹង​ការ​គ្រប់គ្រង​បែប​គាប​សង្កត់​ ដោយយកលេសរឿងវិបត្តិជំងឺកូវីដ-១៩។

​បើតាមរបាយការណ៍ដដែលថា ​ អំពើ​និទណ្ឌភាព ​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​អ្នកវិភាគ​នយោបាយ​ ​បណ្ឌិត កែម ឡី ​និង​ការចាប់​ពង្រត់​សកម្មជន​នយោបាយ​ថៃ​ម្នាក់ គឺលោក វ៉ាន់ ឆាឡឺម សាត់ស័ក្តិសិទ្ធិ  ដែលករណី​ទាំង​ពីរ​នេះ រដ្ឋាភិបាលកម្ពុជា​មិន​ទាន់​ផ្តល់​យុត្តិធម៌ ហើយ​មិនទាន់​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ និង​តម្លាភាព​ដើម្បី​លាត​ត្រដាង​ការ​ពិត​នោះ​ទេ ទោះ​បី​ជា​មាន​ភស្តុតាង និង​សក្ខីកម្ម​របស់​សាក្សី​ជាច្រើន​ក៏ដោយ។

របាយការណ៍​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បាន​បង្ហាញ​ទៀតថា រដ្ឋាភិបាល​កម្ពុជា ​បាន​បន្ត​ពង្រីក​ទំនាក់ទំនង​ជាមួយរដ្ឋាភិបាល​ចិន​កាន់តែ​ខ្លាំង ​ក្នុងអំឡុង​ពេល​មាន​វិបត្តិ​កូវីដ-១៩  បើទោះបីសហភាព​អឺរ៉ុប បានដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ឬ EBA ២០ភាគ​រយ ដោយសារតែ​ការរំលោភ​សិទ្ធិមនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យនៅកម្ពុជាក៏ដោយ។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី សុខា មានប្រសាសន៍ថា អ្វីដែលសង្គមស៊ីវិល  និងអង្គការអន្តរជាតិបានមើលឃើញ ហើយកំពុងកើតឡើងនៅកម្ពុជានាពេលបច្ចុប្បន្ននេះ  គឺការចាប់ខ្លួនសកម្មជនសង្គមជាបន្តបន្ទាប់ ដោយសារតែពួកគាត់អនុវត្តសិទ្ធិ ដោយការ​បង្ហាញក្ដីកង្វល់ និងទាមទារឱ្យរដ្ឋាភិបាលដោះស្រាយ ប៉ុន្តែការដោះស្រាយក៏មិនមាន ហើយចាប់ពួកគាត់ទៅវិញ។

ករណីនេះហើយ  លោកថា ធ្វើឱ្យអង្គការសង្គមស៊ីវិល និងប្រទេសលោកសេរីជាច្រើនទៀត បានចាត់ទុកការគំរាមកំហែង ការចាប់ខ្លួន​និង​ចោទលើសកម្មជន​ ជាការរំលោភសិទ្ធិសេរីភាព ដោយពួកគាត់ទាំងអស់គ្នា មិនបានធ្វើខុសផ្នែកច្បាប់ឡើយ ដោយគ្រាន់តែអនុវត្តសិទ្ធិ ដែល​សិទ្ធិនេះ ច្បាប់ជាតិ និងអន្តរជាតិ។

លោកថា៖ «អ្វីដែលយើងបានលើកឡើង មិនមែនចេះតែលើកឡើង ក្នុងន័យមួយការកំណត់នេះ ចេះតែបបួលគ្នាកំណត់ ​ឬចេះតែបបួលគ្នា ធ្វើការសន្និដ្ឋានទេ ​ដោយគ្មានមូលដ្ឋានទេ។ អ្វីដែលជាមូលដ្ឋាន​របស់យើងធំបំផុត និងគោលការណ៍សិទ្ធិមនុស្សជាសកល គេបានកំណត់​ និងចែងរឿងទាំងអស់ហ្នឹង ហើយរដ្ឋធម្មនុញ្ញកម្ពុជាក៏បានធានាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ក្នុងការចូលរួមសកម្មខាង​នយោបាយ​របស់​ប្រជាពលរដ្ឋដែរ។ ដូច្នេះ ​​យើងក៏មិនច្បាស់រដ្ឋាភិបាលលោកចេះតែបដិសេធទាំងអស់ហ្នឹង ហើយលោកចេះតែនិយាយ​អំពីការ​អនុវត្ត​ច្បាប់​ៗ។ អ្វីដែលខ្ញុំមើលឃើញរដ្ឋាភិបាលជាទូទៅ​លោកយកមាត្រាច្បាប់ទៅដាក់ទោសទណ្ឌដែលលោកយល់ថា ជាអ្នកប្រព្រឹត្តខុសហ្នឹង»

លោក នី សុខា បន្តថា អង្គហេតុ និងភស្តុតាងដែលរដ្ឋាភិបាលយកទៅចោទប្រកាន់ និងចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស រួមទាំងអ្នកនយោបាយ នាពេលកន្លងមក មិនមែនជាការប្រព្រឹត្តបទល្មើស ឬខុសច្បាប់ឡើយ ប៉ុន្តែវាជាសិទ្ធិក្នុងការសម្ដែងមតិ រួមទាំងសកម្មភាពសង្គម ដែលធានា​ដោយច្បាប់ ខណៈរដ្ឋាភិបាលបែរជាចោទថា ខុសច្បាប់ទៅវិញ។  

ជាដំណោះស្រាយ លោក នី សុខា ថា  ប្រសិនបើកម្ពុជា អនុវត្តគោលការណ៍នីតិរដ្ឋពិតប្រាកដមែននោះ រដ្ឋាភិបាល និងប្រជាពលរដ្ឋ ត្រូវ​គោរពច្បាប់កម្ពុជាផង ហើយច្បាប់អន្តរជាតិផងដែរ ​ដោយសារតែកម្ពុជា ក៏ជាសមាជិកហត្ថលេខីនៃកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និង​នយោបាយ​ ក្នុងនោះ រដ្ឋាភិបាលកម្ពុជាត្រូវគោរពគោលការណ៍សិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញ​របស់អង្គការសហប្រជាជាតិជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ